និស្សិតកម្ពុជាដែលរំពឹងថានឹងបានចេញទៅបន្តការសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីអាហារូបករណ៍ ត្រូវជួបភាពរអាក់រអួលដោយសារតែជំងឺកូវីដ១៩។ តើភាពអាក់ខាន ឬពន្យារពេលទាំងអស់នេះ ធ្វើឱ្យប៉ះពាល់យ៉ាងដូចម្តេចខ្លះដល់សតិអារម្មណ៍របស់និស្សិតទាំងនោះ?
អ្នកស្រី អ៊ុយ សុវណ្ណឡងឌី ដែលជាប់អាហារូបករណ៍ក្នុងកម្មវិធី Civil Society and Leadership Awards សិក្សាជំនាញ Practice and Theory of Human Rights នៅសាកលវិទ្យាល័យ Essex (University of Essex) ប្រទេសអង់គ្លេស កាលពីខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា អ្នកស្រីត្រូវចាកចេញទៅសិក្សានៅក្នុងប្រទេសអង់គ្លេសនៅដើមខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ប៉ុន្តែម្ចាស់កម្មវិធីអាហារូបករណ៍បានជូនដំណឹងថាត្រូវពន្យារពេលរហូតដល់ខែកញ្ញា ឬតុលា ឆ្នាំ២០២១ ទើបចាប់ផ្តើមការសិក្សា។
អ្នកស្រី ឡងឌី និយាយថា មុននឹងឈានដល់ការចាកចេញទៅប្រទេសអង់គ្លេស ម្ចាស់កម្មវិធីអាហារូបករណ៍តម្រូវឱ្យអ្នកជាប់អាហារូបករណ៍ទាំងអស់សិក្សាវគ្គត្រៀម (Preparation Course) ដែលមានរយៈពេល ១ខែនៅក្នុងប្រទេសទី៣ណាមួយ។ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩ អ្នកទទួលអាហារូបករណ៍ត្រូវសិក្សាតាមប្រព័ន្ធអនឡាញវិញសម្រាប់វគ្គសិក្សាត្រៀមនេះ។
អ្នកស្រី ឡងឌី និយាយថា៖ «ការពន្យារ (ពេល) វាប៉ះពាល់ដល់ផែនការការងារ និងអាជីពផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំមានគោលដៅរបស់ខ្ញុំ។ ខ្ញុំថាទៅរៀននៅអង់គ្លេសរយៈពេល ១ឆ្នាំ ពេលមកវិញខ្ញុំចង់ធ្វើការក្នុងស្ថាប័នស្រាវជ្រាវ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំ ប៉ុន្តែនៅពេលពន្យាររយៈពេល ១ឆ្នាំអ៊ីចឹង ត្រូវនៅធ្វើការកន្លែងចាស់ដដែល វារាងខាតពេល ព្រោះយើងបានដៅគោលដៅច្បាស់លាស់ យើងតម្រង់ទិសសម្រាប់អនាគតការងារក្នុងក្តីស្រមៃរបស់យើង អ៊ីចឹងខ្ញុំត្រូវផ្លាស់ប្ដូរផែនការ (ជីវិត) ឡើងវិញ»។
បន្ថែមពីលើនេះ អ្នកស្រីថាការសិក្សាវគ្គត្រៀមតាមប្រព័ន្ធអនឡាញវាមិនដូចនឹងការសិក្សាក្នុងថ្នាក់ផ្ទាល់នោះទេ។ ម្យ៉ាងទៀត គម្លាតរវាងវគ្គសិក្សាត្រៀម និងការសិក្សាជាក់ស្តែងមានរយៈពេលវែងពេកបន្ទាប់ពីសាលាពន្យារពេលរហូតដល់ចុងឆ្នាំបន្ទាប់ទៀតនោះ។
អ្នកស្រីបន្តថា៖ «ការទៅរៀនផ្ទាល់ ទី១ វាអាចជួយគុណភាពខ្ញុំខ្លួនឯងផ្ទាល់។ ទី២ វាទាក់ទងនឹងទំនាក់ទំនងដែរ។ ទី៣ វាទាក់ទងការស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅបានច្រើនជាងមុន បើសិនជានៅអង់គ្លេស កូវីដនៅសេសសល់តិចតួច ខ្ញុំគិតថាវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ ទោះជាមានការព្រួយបារម្ភបន្តិចមែន ប៉ុន្តែខ្ញុំគិតថាវាមិនមែនជាឧបសគ្គសម្រាប់ខ្ញុំក្នុងការបន្តនូវការសិក្សា ក៏ដូចជាបន្តនូវក្តីស្រមៃខ្ញុំទេ សំខាន់ខ្ញុំចេះថែទាំខ្លួនឱ្យបានល្អ»។
អ្នកស្រី ឡងឌី រៀបរាប់ទៀតថា អ្នកទទួលអាហារូបករណ៍ក្នុងជំនាន់ជាមួយអ្នកស្រីមានចំនួន ១២៥នាក់មកពីទ្វីបអាហ្វ្រិក អាស៊ី តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុបអាស៊ី (Eurasia)។ នេះសឱ្យឃើញថា ជំងឺកូវីដនេះកំពុងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារបស់និស្សិតជាច្រើនដែលបានទទួលអាហារូបករណ៍សិក្សានៅក្រៅប្រទេសក្នុងរដូវកាលនេះ។ ទោះជាយ៉ាងណា អ្នកស្រី ឡងឌី មិនដឹងថានិស្សិតមកពីកម្ពុជាប៉ុន្មាននាក់ដែលបានទទួលអាហារូបករណ៍ជាមួយអ្នកស្រីនោះទេ ព្រោះខាងសាលាមិនឱ្យដឹងដោយសារហេតុផលឯកជន។
អ្នកស្រី ឡងឌី ថាដោយសារតែជំងឺកូវីដ១៩ កម្មវិធីអាហារូបករណ៍ Civil Society and Leadership Awards ដែលអ្នកស្រីបានជាប់រួចហើយនេះ នឹងមិនបើកឱ្យអ្នកថ្មីដាក់ពាក្យស្នើសុំទៀតនោះទេ រហូតដល់ខែឧសភា ឆ្នាំ២០២១ ទើបបើកឡើងវិញ។ ទោះជាយ៉ាងណា អ្នកស្រី ឡងឌី ផ្តល់យោបល់ដល់អ្នកដែលមានបំណងដាក់អាហារូបករណ៍ថា គួរយកពេលវេលានេះឈ្វេងយល់ពីកម្មវិធីអាហារូបករណ៍ និងពង្រឹងសមត្ថភាពត្រង់ចំណុចដែលខ្លួនយល់ថាខ្វះខាត។
អ្នកស្រី ឡងឌី បន្ថែមថា៖ «នៅក្នុងឆ្នាំនេះ ទោះបីជាអត់បើកការដែលបំប៉នខ្លួនឯងគឺល្អបំផុត ទៅបំពេញចំណុចខ្វះខាត សិក្សាពីលក្ខខណ្ឌ (criteria) របស់គេ វាអាចមានភាសាអង់គ្លេស បទពិសោធន៍ការងារសង្គម និងចុងក្រោយមួយទៀតសំខាន់ដែរ គឺគួរមានអ្នកប្រឹក្សាយោបល់ (Mentor)។ មុនដាក់អាហារូបករណ៍ខ្ញុំស្គាល់ (Platform) ឈ្មោះ សួរ១ គឺមានការណាត់ជួប Mentor ដែលធ្លាប់ជាប់អាហារូបករណ៍ពីមុន ហើយខ្ញុំបានណាត់ចំនួន ២នាក់នៅក្នុងហ្នឹង»។
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញថា ប្រទេសកម្ពុជាមានសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងរដ្ឋ និងឯកជនសរុបចំនួន ១២០ និងមាននិស្សិតថ្នាក់ឧត្ដមសិក្សាប្រមាណ ២១ម៉ឺននាក់ក្នុងឆ្នាំសិក្សា២០១៧-២០១៨។
ស្រដៀងគ្នានេះដែរ និស្សិត ឆុំ ឆ័យវឌ្ឍនៈ ដែលបានប្រឡងជាប់ក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សាវគ្គខ្លីនៅបរទេសតែក៏មិនបានចាកចេញទៅសិក្សានោះទេ ដោយសារតែជំងឺកូវីដ១៩។
វឌ្ឍនៈ ដែលជានិស្សិតឆ្នាំទី៤ សិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឱ្យដឹងថា លោកត្រូវទៅសិក្សានៅប្រទេសសិង្ហបុរី តាំងពីខែមីនា ម៉្លេះ។ លោកថាអាចមាននិស្សិតពីបួនទៅប្រាំនាក់ពីស្រុកខ្មែរដែលត្រូវទៅចូលរួមវគ្គសិក្សានេះ ប៉ុន្តែត្រូវលើកពេលរហូតដល់ខែមីនា ឆ្នាំ២០២១។ ទោះជាយ៉ាងណា វឌ្ឍនៈ ថានៅតែរង់ចាំទៅចូលរួមវគ្គសិក្សានេះ ដោយសារតែលោកបានខិតខំប្រឡង ដូច្នេះមិនចង់បាត់បង់ឱកាសសិក្សានេះឡើយ។
វឌ្ឍនៈ និយាយបន្តថា៖ «ដោយសារតែជំងឺកូវីដ១៩ ផែនការរបស់ខ្ញុំត្រូវផ្អាក ខ្ញុំត្រូវប្រឡងចេញ និងរកការងារធ្វើ តែឥឡូវវាគាំងទាំងអស់ គាំងទាំងរឿងរកការងារធ្វើ រឿងចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សា និងប្រឡងបញ្ចប់ (ការសិក្សា) ហើយគម្រោងដែលត្រៀមប្រឡងអាហារូបករណ៍ទៅស្រុកក្រៅក៏ចប់ផងដែរ»។
ទោះជាយ៉ាងណា វឌ្ឍនៈ ថានឹងយកពេលវេលាដែលខ្លួនមិនទាន់អាចធ្វើអ្វីបានក្នុងអំឡុងពេលកូវីដ១៩នេះ បំប៉នចំណេះដឹងបន្ថែមសម្រាប់ត្រៀមប្រឡងយកអាហារូបករណ៍ក្នុងពេលខាងមុខទៀត។
ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀននៅទូទាំងប្រទេសទាំងរដ្ឋ និងឯកជនជាបណ្ដោះអាសន្នរហូតដល់ពេលស្ថានភាពជំងឺធូរស្រាលដែលតាមក្រសួង គឺអាចរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា សិស្សនិស្សិតកម្ពុជាទាំងអស់ត្រូវរក្សាតម្លៃជីវិតរបស់ខ្លួនជាធំនៅពេលនេះ។ លោកទទូចឱ្យសិស្សនិស្សិតទាំងអស់យកចិត្តទុកដាក់ទៅលើវិធានការសុខាភិបាល ដើម្បីថែទាំសុខុមាលភាពជាធំក្នុងអំឡុងពេលនៃជំងឺកូវីដនេះ។
ទាក់ទងនឹងឱកាសអាហារូបករណ៍សម្រាប់និស្សិតខ្មែរទៅសិក្សានៅក្រៅប្រទេសវិញ លោកថាគឺនៅមានដំណើរការដូចធម្មតា។
លោកបញ្ជាក់ថា៖ «បើយើងមើលទិដ្ឋភាពទូទៅ កម្រិតពិភពលោកគឺដូចគេដូចឯងលើការផ្តល់ឱកាសជូននិស្សិតកម្ពុជា»៕
This post is also available in:
EN