ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមក រលកនៃការជួយដោះទុក្ខលំបាកគ្នាក៏ឃើញកើតមានជាហូរហែ។ ការចូលរួមដោះស្រាយទុក្ខលំបាកមានចាប់ពីមន្ត្រីបរិច្ចាគប្រាក់ខែទៅឱ្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ការផ្តល់វិភាគទានដោយសប្បុរសជនដល់រដ្ឋាភិបាលដើម្បីចាត់ចែងលើការចំណាយលើសម្ភារសម្រាប់ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ការផ្តល់ចំណីអាហារ (អង្ករ មី ត្រី សាច់ ទឹកត្រី ទឹកស៊ីអ៊ីវ) និងសម្ភារប្រើប្រាស់ (ម៉ាស់បិទមុខ ទឹកលាងដៃ ទឹកអាល់កុល សាប៊ូ) ពីអ្នកមានលទ្ធភាពដល់អ្នកខ្វះខាត និងការអនុគ្រោះដោយម្ចាស់ផ្ទះបញ្ចុះថ្លៃជួលផ្ទះ។ល។

លោក សំរិទ្ធិ កែវ ដែលជាអ្នករត់កង់បី (PassApp) ម្នាក់នៅក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងពេលដែលមានជំងឺកូវីដនេះ មិត្តភក្ដិរបស់លោកមួយចំនួនដែលមានលទ្ធភាព បានប្រមូលធនធានគ្នាទិញអង្ករ ត្រីខកំប៉ុង មី ទឹកស៊ីអ៊ីវ និងនាំយកថវិកាខ្លះៗផ្តល់ជូនលោក និងក្រុមគ្រួសារសម្រាប់ដោះទាល់មួយគ្រាៗ ខណៈដែលចំណូលបានមកពីការរត់កង់បីរបស់លោកធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។ លោកថាមុនពេលមានកូវីដ លោកអាចរកចំណូលបានពី ៦ ទៅ ៧ម៉ឺនរៀល (ប្រមាណជាង ១៥ដុល្លារ) ក្នុងមួយថ្ងៃ តែនៅពេលមានជំងឺកូវីដ លោករកបានប្រហែល ២ ទៅ ៣ម៉ឺនរៀល (ជាង ៥ដុល្លារ) ប៉ុណ្ណោះ ហើយថ្ងៃខ្លះទៀតបានត្រឹមតែអាចទូទាត់ការចំណាយទៅលើថ្លៃហ្គាស៍ (Gas) ចាក់កង់បីក៏មាន។
លោក សំរិទ្ធិ កែវ សង្កេតឃើញជារួមថា ក្នុងកាលៈទេសៈនេះមានអ្នកខ្លះចេះជួយគ្នា តែអ្នកខ្លះទៀតក៏មិនបានជួយអ្នកដទៃនោះទេ ដោយសារតែគេត្រូវត្រៀមសម្រាប់គ្រួសារគេដែរក្នុងពេលដែលរបររកស៊ីមានការពិបាក ការងារមិនឋិតឋេរ និងចំណូលធ្លាក់ចុះបែបនេះ។
លោក ថើស ចន្រ្ទា ជាពលរដ្ឋម្នាក់រស់នៅក្នុងរាជធានីភ្នំពេញ និងដែលបានចូលរួមចំណែកផ្តល់ធនធានខ្លះៗជួយដល់ក្រុមគ្រួសារលោក សំរិទ្ធិ កែវ ដែរនោះ មានប្រសាសន៍ថា ការចេះជួយគ្នាក្នុងកាលៈទេសៈមានអាសន្នជារឿងមនុស្សធម៌ដែលមនុស្សត្រូវធ្វើតិច ឬច្រើនទៅតាមលទ្ធភាពដែលខ្លួនមាន។
ពលរដ្ឋរូបនេះយល់ថា អ្នកខ្វះខាតគឺជាក្រុមមនុស្សដែលមានឱកាសឆ្លងជំងឺកូវីដច្រើនជាងគេ ព្រោះពួកគេត្រូវប្រថុយចេញក្រៅផ្ទះដើម្បីរកចំណូលដើម្បីរស់។ លោកមានប្រសាសន៍បន្ថែមថា៖ «ម្នាក់ៗពិបាកគ្រប់គ្នា ក៏ប៉ុន្តែបើសិនយើងមិនពិបាកខ្លាំងទេ យើងគួរជួយអ្នកពិបាកខ្លាំង ហើយបើប្រទេសគេរដ្ឋាភិបាលជួយប្រជាជនគេនៅពេលបាត់បង់ការងារ បាត់បង់ប្រាក់ខែ អ៊ីចឹងគ្រាន់តែជួយជាអង្ករ ជួយជាម៉ាស់ ជួយជាទឹកលាង វាជារឿងតិចតួចដែលយើងគួរតែជួយគ្នាចាំបាច់»។
លោក សំរិទ្ធិ កែវ ដែលមានកូន ៣នាក់នៅក្នុងបន្ទុក រៀបរាប់ថា ក្រៅតែពីរកចំណូលពុំសូវបាន លោកក៏ត្រូវរកលុយបង់រំលស់ធនាគារជារៀងរាល់ខែទៀត ព្រោះលោកបានខ្ចីលុយធនាគារដើម្បីសង់ផ្ទះ។ លោកថាបានស្នើទៅកាន់ធនាគារឱ្យមានការអនុគ្រោះដែរ ហើយខាងធនាគារក៏កំពុងសិក្សា និងពិនិត្យមើលស្ថានភាពជីវភាពរបស់លោក តែនៅមិនទាន់មានការសម្រេចបែបណានៅឡើយទេ។
ទោះជាយ៉ាងណា លោក កែវ បានបង្ហាញពីបទពិសោធន៍ប្អូនស្រីរបស់លោកដែលជំពាក់លុយធនាគារដែរ តែត្រូវបានធនាគារអនុគ្រោះព្រោះតែអាជីវកម្មប្អូនស្រីលោកត្រូវបិទទ្វារទាំងស្រុងដោយសារជំងឺកូវីដ១៩។
លោក កែវ បញ្ជាក់ថា៖ «ជាក់ស្តែងប្អូនស្រីបង្កើតខ្ញុំ គាត់អត់មានលុយបង់ពីរខែ ដោយសារតែកន្លែងអាជីវកម្មរបស់គាត់ត្រូវបានបិទ អ៊ីចឹងគាត់ (ធនាគារ) ទៅមើលឃើញភាពជាក់ស្តែងថាបិទមែន ស្ថាប័នមួយពន្យារឱ្យបួនខែ ហើយស្ថាប័នមួយទៀតដូចជា ៣ខែ»។
កន្លងទៅ ធនាគារជាតិនៃកម្ពុជា បានស្នើទៅកាន់គ្រឹះស្ថានធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារតែជំងឺកូវីដ១៩។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី១៣ ខែឧសភា ក៏បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែឧសភា អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួនជិត ១៤ម៉ឺននាក់បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះអតិថិជនជិត ៩០% បានទទួលការរៀបចំឥណទានឡើងវិញដែលមានទំហំឥណទានសរុបជិត ៥០០លានដុល្លារ (៤៨៨)។
ទោះជាយ៉ាងណាក៏ដោយ លោក សំរិទ្ធិ កែវ នៅតែទទូចឱ្យរដ្ឋាភិបាលនិយាយជាមួយខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យបានជាក់លាក់ជាងនេះ ដើម្បីធានាថាគ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួនដែលកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចពិតប្រាកដ។
លោកសំណូមពរថា៖ «គាត់ (រដ្ឋាភិបាល) គួរតែប្រកាសតែម្តងថាធនាគារត្រូវតែផ្អាកមិនឱ្យអតិថិជនបង់ចំនួន ៣ខែ ឬ ៤ខែ ឬក៏រៀបចំឯកសារបង់ឱ្យតិចជាងមុន តែបន្លាយពេលវេលាបង់ឱ្យបានវែងក៏បាន រដ្ឋាភិបាលគួរយកចិត្តទុកដាក់បែបហ្នឹងវិញ សូម្បីតែគ្មានកូវីដនៅពិបាកទៅហើយ ទម្រាំឥឡូវមានកូវីដទៀត»។
ក្នុងពេលកន្លងទៅ គេសង្កេតឃើញដែរថាក៏មានអ្នកឆ្លៀតឱកាសនៃការរីករាលដាលជំងឺកូវីដ១៩នេះ ដើម្បីធ្វើមានធ្វើបានខ្វះក្រមសីលធម៌ និងធ្វើអំពើខុសច្បាប់ ដោយមិនគិតគូរដល់សុខភាព និងទុក្ខលំបាករបស់អ្នកដទៃ។ អ្នកខ្លះឆ្លៀតលក់ទំនិញឡើងថ្លៃកប់ពពក ខ្លះលក់ផលិតផលដែលមិនមានគុណភាពច្បាស់លាស់ ខ្លះឆ្លៀតផលិតទឹកលាងដៃមិនគោរពទៅតាមបទដ្ឋានសុខាភិបាល រហូតដល់មានអ្នកខ្លះទទួលនូវវិធានការផ្លូវច្បាប់ពីសមត្ថកិច្ច និងតុលាការផងក៏មានដោយសារតែទង្វើអសីលធម៌ និងខុសច្បាប់របស់ខ្លួន។
លើសពីនេះ ឥរិយាបថនៃភាពអមនុស្សធម៌មួយចំនួនក៏បានកើតមាននៅក្នុងសង្គមខ្មែរ នៅពេលដែលគេឃើញមនុស្សម្នាមិនរវីរវល់ និងព្យាយាមឋិតនៅឱ្យឆ្ងាយពីមនុស្សដែលដួលសន្លប់ ឬស្លាប់នៅតាមទីសាធារណៈ ដោយសារពួកគេមិនហ៊ានទៅក្បែរអ្នកដួលសន្លប់នោះ ព្រោះតែខ្លាចឆ្លងជំងឺកូវីដ១៩ដល់ខ្លួន។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) កត់សម្គាល់ឃើញថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមក លោកឃើញមានក្រុមហ៊ុនមួយចំនួនបានចែកម៉ាស់ ទឹកលាងដៃ អាល់កុល ដល់ប្រជាពលរដ្ឋដែរ ប៉ុន្តែលោកថាវាមិនមែនជាការចែកជាប្រចាំ ឬច្រើនដែលអាចឱ្យពលរដ្ឋប្រើប្រាស់ក្នុងរយៈពេលវែងនោះឡើយ។ លោកថាពលរដ្ឋនៅតែត្រូវទិញសម្ភារទាំងនោះមកប្រើប្រាស់ដោយខ្លួនឯងដដែល។
ទាក់ទងទៅនឹងការសាមគ្គីគ្នា ឬការជួយរំលែកទុក្ខលំបាកគ្នានៅក្នុងពេលមានកូវីដវិញ លោក វន់ ពៅ មើលឃើញថា មានអ្នកមានមួយចំនួនតូចប៉ុណ្ណោះដែលបានជួយដល់អ្នកក្រីក្រ។ ក្រៅពីនោះ លោកថាទាល់តែពលរដ្ឋក្រីក្រមានលុយខ្លួនឯងទើបអាចទិញសម្ភារប្រើប្រាស់បាន។ លោកថា សូម្បីតែថ្លៃភ្លើង បើពលរដ្ឋខកបង់មួយថ្ងៃ ឬពីរថ្ងៃ ក្រុមហ៊ុនអាចនឹងផ្តាច់មិនឱ្យប្រើក៏មាន។
លោក វន់ ពៅ ទទូចថា៖ «ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ពីថ្នាក់លើដល់ថ្នាក់ក្រោម គួរមានសាមគ្គីភាពគ្នា កុំឱ្យយកឱកាសកូវីដ១៩ជាការបង្កើតជាមុខរបរជំនួញដើម្បីលាភសក្ការៈ ដោយមិនបានគិតពីអ្នកដែលកំពុងតែក្រីក្រ កំពុងតែខ្វះខាតធនធាន គួរមានការចែករំលែកគ្នានូវសម្ភារការពារសុវត្ថិភាពកូវីដ១៩ ក៏ដូចជាអ្នកមានធនធានច្រើនជួយជាសម្ភារឧបភោគ បរិភោគ អង្ករ ត្រី សាច់ ជាដើម ជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកដែលងាយរងគ្រោះមួយចំនួន»៕
This post is also available in:
EN