ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ គេសង្កេតឃើញថាមិនមែនមានតែពលរដ្ឋទូទៅទេដែលរងផលប៉ះពាល់ដល់ជីវភាពដោយសារការបាត់បង់ការងារ ឬប្រាក់ចំណូលធ្លាក់ចុះ សូម្បីតែព្រះសង្ឃក៏ទទួលរងនូវផលប៉ះពាល់ដែរ ដោយហេតុតែពុំសូវមានពុទ្ធបរិស័ទមកធ្វើបុណ្យនៅតាមវត្ត និងពុំសូវមានពិធីបុណ្យផ្សេងៗនៅតាមផ្ទះ។

ព្រះសង្ឃខ្មែរមួយអង្គគង់នៅវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ព្រះនាម នៅ ណែន បានមានព្រះថេរដីកាប្រាប់ Focus នៅថ្ងៃទី២៨ ខែមេសា ថាកាលពីពេលចូលឆ្នាំខ្មែរមុនៗ វត្តមានពុទ្ធបរិស័ទមកច្រើន មានចង្ហាន់ និងទេយ្យទានច្រើន ប៉ុន្តែឆ្នាំនេះខ្សត់។ ព្រះអង្គថាក្រោយពេលចូលឆ្នាំ នៅថ្ងៃសីលធម្មតាក៏ពុំសូវមានពុទ្ធបរិស័ទមកច្រើនដូចមុននោះដែរ។
ព្រះតេជគុណ នៅ ណែន មានថេរដីកាថា៖ «អាត្មារស់បានដោយសារពួកគាត់ (ពុទ្ធបរិស័ទ) ដែរ នៅពេលពួកគាត់អត់ការងារអត់សេដ្ឋកិច្ច ក៏ប៉ះពាល់ដល់អាត្មាដែរ ហើយនៅវត្តហ្នឹងពិធីបុណ្យ ដូចគាត់ធ្លាប់រៀបចំនៅវត្តដូចបុណ្យបច្ច័យ៤ បុណ្យរម្លឹកគុណ បុណ្យសង្ឃទាន គាត់ធ្លាប់ធ្វើពីមុនៗមកអត់មានធ្វើទេមួយរយៈនេះ»។
ទោះជាយ៉ាងណា ព្រះសង្ឃដែលកំពុងគង់នៅក្នុងទឹកដីអង្គរដែលជាអតីតរាជធានីរបស់ប្រទេសកម្ពុជាអង្គនេះបញ្ជាក់ថា ទោះខ្សត់ជាងមុនក្តី តែព្រះសង្ឃក្នុងវត្តមិនទាន់ខ្វះខាតរហូតដល់ដាច់ចង្ហាន់នោះឡើយ ព្រោះនៅមានពុទ្ធបរិស័ទដែលស្គាល់ជិតស្និទ្ធយកអង្ករមកប្រគេនខ្លះៗដែរទុកឱ្យដាំចង្ហាន់។
ព្រះអង្គបន្តថា៖ «ពីមុនៗធ្លាប់ទៅបុណ្យ (សូត្រមន្ត) ធ្លាប់ទៅជួបភ្ញៀវបានខ្លះៗអ៊ីចឹងអាចរស់ ប៉ុន្តែឥឡូវនេះគឺដាច់ (មិនបានទៅបុណ្យ) សម្រាប់អង្ករដាំចង្ហាន់ពេលព្រឹកគឺយកមកពីផ្ទះដាំខ្លួនឯងពេលព្រឹក ពេលថ្ងៃឡើងឆាន់ជុំគ្រប់ព្រះអង្គនៅលើសាលាឆាន់»។
នៅប្រទេសកម្ពុជា ព្រះសង្ឃរស់នៅដោយពឹងផ្អែកមួយផ្នែកធំទៅលើការផ្គត់ផ្គង់របស់ពុទ្ធបរិស័ទ និងសប្បុរសជនដែលមកវត្តនៅថ្ងៃសីល ថ្ងៃបុណ្យ ចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និងការដង្ហែអង្គកឋិនទាន។ ក្រៅពីនោះ ព្រះសង្ឃក៏អាចរកបច្ច័យបានខ្លះដែរតាមរយៈការនិមន្តរបស់ពុទ្ធបរិស័ទទៅសូត្រមន្តផ្តល់ធម្មទេសនា ឬសម្ដែងធម៌នៅក្នុងពិធីបុណ្យប្រពៃណីផ្សេងៗនៅតាមផ្ទះ មានដូចជា បុណ្យបច្ច័យបួន បុណ្យផ្កា ពិធីសូត្រមន្តរំដោះគ្រោះ ពិធីឡើងគេហដ្ឋានថ្មី ពិធីអាពាហ៍ពិពាហ៍។ល។
លោក យឿង តារា ដែលស្នាក់នៅជាមួយព្រះសង្ឃនៅក្នុងវត្តបទុមវតី រាជធានីភ្នំពេញបានឱ្យដឹងថា ចាប់តាំងពីមានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មក លោកពុំសូវឃើញព្រះសង្ឃនិមន្តចេញទៅសូត្រមន្តក្រៅវត្តដូចមុនទេ។ ប្រការនេះលោកយល់ថា វាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចព្រះសង្ឃខ្លះដែរ។
ព្រះសង្ឃព្រះនាម ពក សុខឺយ គង់នៅវត្តដំរីស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានថេរដីកាថា ចំនួនពុទ្ធបរិស័ទមកធ្វើបុណ្យនៅតាមវត្តអារាមនៅក្នុងក្រុងបាត់ដំបង មានការធ្លាក់ចុះច្រើន។ ព្រះអង្គសង្កេតឃើញថា វត្តដំរីស ដែលពីមុនពេលមានជំងឺកូវីដ១៩ មានពុទ្ធបរិស័ទប្រហែល ៤០នាក់មកវត្តនៅរៀងរាល់ថ្ងៃសីល បច្ចុប្បន្នមានប្រហែល ១០នាក់ប៉ុណ្ណោះដែលជាហេតុធ្វើឱ្យព្រះសង្ឃខ្សត់ខ្សោយទៅតាមនោះដែរ។
ព្រះសង្ឃដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ខេត្តបាត់ដំបង រៀបរាប់ពីការរស់នៅរបស់ព្រះអង្គថា៖ «សម្រាប់អាត្មាបានថវិកាខ្លះកាលពីបង្សុកូល កាលពីចូលឆ្នាំទុកសម្រាប់ទិញម្ហូប សម្រាប់អង្ករគឺសុំពីវត្តនៅស្រុកកំណើតខ្លះ»។
ក្នុងពេលជាមួយគ្នា ព្រះតេជគុណ សុខឺយ ក៏មើលឃើញពីការលំបាករបស់ប្រជាពុទ្ធបរិស័ទយ៉ាងដូច្នេះថា៖ «ព្រះសង្ឃរស់ដោយសារប្រជាពលរដ្ឋជាអ្នកឧបត្ថម្ភជាអ្នកទំនុកបម្រុង ប៉ុន្តែនៅពេលប្រជាពលរដ្ឋមានការខ្វះខាតដូច្នេះ ការទំនុកបម្រុងដល់ព្រះសង្ឃក៏មានការធ្លាក់ចុះតាមហ្នឹងដែរ»។
ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា បានណែនាំឱ្យបិទជាបណ្ដោះអាសន្ននូវការជួបជុំបែបសាសនាសម្រាប់គ្រប់សាសនាទាំងអស់ទាំងសាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ដ និងសាសនាផ្សេងៗទៀតរហូតដល់ពេលជំងឺកូវីដ១៩បានធូរស្រាល។ រហូតមកទល់ពេលនេះ បម្រាមនេះមិនទាន់ត្រូវបានក្រសួងសុខាភិបាលលើកចេញនៅឡើយទេ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បញ្ជាក់ថា ចំពោះពិធីបុណ្យផ្សេងៗនៅតាមវត្តអារាម ដូចជាបុណ្យផ្កា បុណ្យសង្ឃទាន ការនិមន្តព្រះសង្ឃឆាន់ និងថ្ងៃសីលជាដើមនោះមិនមានការហាមឃាត់ទេ គ្រាន់តែមិនអនុញ្ញាតឱ្យជួបជុំមនុស្សម្នាច្រើន ត្រូវធ្វើនៅទីវាល ឬទីកន្លែងមានទីធ្លាធំមានព្រះសង្ឃនិមន្តចូលរួមតិច មានការរក្សាអនាម័យ មានទឹកអាល់កុលលាងដៃ អង្គុយរក្សាគម្លាតសុវត្ថិភាពពីគ្នា ឬពាក់ម៉ាស់។
លោក សេង សុមុនី ឱ្យដឹងបន្ថែមថា ក្រសួងក៏មិនបានហាមឃាត់ការនិមន្តចេញបិណ្ឌបាតរបស់ព្រះសង្ឃតាមគេហដ្ឋានពុទ្ធបរិស័ទនោះឡើយ វៀរលែងតែពិធីបិណ្ឌបាតធំៗដែលមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមច្រើន គឺមិនអនុញ្ញាតឡើយ។
ទាក់ទងនឹងការខ្វះខាតរបស់ព្រះសង្ឃវិញ អ្នកនាំពាក្យរូបនេះសង្កេតឃើញថា វាមិនទាន់មានភាពធ្ងន់ធ្ងររហូតដល់ព្រះសង្ឃដាច់ចង្ហាន់នោះទេ។ លោកបញ្ជាក់ថា៖ «ការរស់នៅរបស់ព្រះសង្ឃក្នុងសម័យកូវីដនេះ ព្រះសង្ឃរស់នៅជាប្រក្រតីទេ ចំពោះចង្ហាន់តែងតែមានវិធីដោះស្រាយជាមួយថ្នាក់ដឹកនាំសង្ឃប្រចាំវត្ត ពុទ្ធបរិស័ទ មានអាចារ្យគណៈកម្មការដែលត្រូវដោះស្រាយការលំបាកនៅក្នុងវត្ត ដោយជូនដំណឹងដល់មន្ត្រីសង្ឃ អាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមចំណែកដោះស្រាយទាំងអស់គ្នា»។
ប្រទេសកម្ពុជា មានវត្តពុទ្ធសាសនាសរុបជិត ៥ពាន់ និងមានព្រះសង្ឃជាង ៧ម៉ឺនអង្គ។ គួរកត់សម្គាល់ថា រហូតមកទល់ពេលនេះមិនមានសេចក្តីរាយការណ៍ពីក្រសួងសុខាភិបាល ថាជំងឺកូវីដ១៩ បានឆ្លងដល់ព្រះសង្ឃនោះឡើយ។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ថា ចំនួនពុទ្ធបរិស័ទមកវត្តមានការធ្លាក់ចុះក្នុងពេលមានជំងឺកូវីដ១៩។ ទោះជាយ៉ាងណា ព្រះអង្គបញ្ជាក់ថាមិនទាន់មានវត្តណាមួយខ្វះខាតរហូតដល់ព្រះសង្ឃដាច់ចង្ហាន់នោះទេ។
ព្រះអង្គមានថេរដីកាបន្តថា៖ «អាត្មាបានទាក់ទងទៅខាងព្រះមេគណព្រះអនុគណថា តើមានព្រះសង្ឃវត្តណាដែលមានការខ្វះខាត ឱ្យលោកជួយធ្វើរបាយការណ៍មក ហើយគណៈសង្ឃក៏បានជួយឧបត្ថម្ភតាមលទ្ធភាពដែលអាចធ្វើបាន ព្រោះថាគណៈសង្ឃនាយកក៏មានមូលនិធិតម្កល់ទុកតិចតួចសម្រាប់ជួយព្រះសង្ឃក្នុងពេលមានអាសន្ន»។
ប្រសិនបើព្រះសង្ឃជួបការខ្វះខាតខ្លាំង ហើយគណៈសង្ឃនាយកមិនអាចមានលទ្ធភាពជួយបាន ព្រះតេជគុណ ឃឹម សន មានថេរដីកាថា៖ «យើងមានតែធ្វើលិខិតរួមគ្នាជាមួយក្រសួងធម្មការ ហើយឱ្យក្រសួងស្នើទៅខាងរដ្ឋាភិបាល»៕
This post is also available in:
EN