ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស និងពលករដែលបានវិលត្រឡប់មកភូមិកំណើតវិញ អនុវត្តតាមវិធានការសុខភាពនានាដាក់ចេញដោយអាជ្ញាធរ។
សេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា លើកឡើងថា គោលបំណងនៃការណែនាំនេះ គឺដើម្បីការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់ពលករខ្មែរដែលកំពុងធ្វើការនៅបរទេសក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាពលករខ្មែរដែលបានវិលត្រឡប់មកដល់ប្រទេសកម្ពុជា រួចហើយ។
ចំពោះពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ក្រសួងការងារណែនាំឱ្យអនុវត្តតាមច្បាប់ បទបញ្ជា និងវិធានការសុខភាពនានាដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនោះ អនុវត្តតាមការណែនាំ ឬសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសនោះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និងនិយោជករបស់ខ្លួន ព្រមទាំងត្រូវទាក់ទងទៅស្ថានឯកអគ្គរាជទូត ឬអគ្គកុងស៊ុលកម្ពុជា ជាបន្ទាន់ក្នុងករណីមានបញ្ហា។
ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងការងារ ក៏បានណែនាំដល់ពលករខ្មែរដែលបានវិលត្រឡប់មកកម្ពុជា វិញ ឱ្យអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនគោក និងអាកាស ដើម្បីត្រួតពិនិត្យសុខភាព និងនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) ចំនួន ១៤ថ្ងៃ នៅពេលទៅដល់ស្រុកកំណើតវិញ ស្របតាមនីតិវិធីដែលកំណត់ដោយក្រសួងសុខាភិបាល និងក្រុមការងាររាជធានី–ខេត្ត នៃក្រសួងមហាផ្ទៃ។ ក្រសួងការងារ បានណែនាំបន្ថែមថា ក្នុងករណីពលករណាមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ត្រូវទាក់ទងអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានសេវាអន្តរាគមន៍ ហើយក្នុងករណីមានបំណងស្វែងរកការងារថ្មីធ្វើ ត្រូវទាក់ទងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលការងាររាជធានី–ខេត្ត ដើម្បីទទួលបានព័ត៌មានពីការងារ។
បន្ថែមពីលើនេះទៀត ក្រសួងការងារក៏ស្នើដល់ពលករដែលបានមកដល់ភូមិកំណើតវិញ ចូលរួមជួយក្រុមគ្រួសារដើម្បីធ្វើស្រែចម្ការ ដាំដុះ និងរបរកសិកម្មផ្សេងទៀត ក្នុងអំឡុងពេលរង់ចាំស្វែងរកការងារថ្មីធ្វើនៅក្នុងស្រុក ឬចង់វិលត្រឡប់ទៅក្រៅប្រទេសវិញ៕
This post is also available in:
EN