សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association) បង្ហាញការស្វាគមន៍ចំពោះការអំពាវនាវរបស់ធនាគារជាតិនៃកម្ពុជា ដែលបានស្នើឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ផ្តល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួនក្នុងពេលដែលពលរដ្ឋកម្ពុជាកំពុងប្រឈមទៅនឹងជំងឺកូវីដ១៩។
កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីអំពាវនាវជាថ្មីដោយស្នើឱ្យគ្រឹះស្ថានធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុ ជួយសម្រាលបន្ទុកដល់អតិថិជនរបស់ខ្លួនដោយបន្ធូរបន្ថយសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន របស់ខ្លួនចាប់ពីពេលនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖ «ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជាស្នើការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគេមួយកម្រិតទៀតក្នុងគ្រាលំបាកនេះ»។
ធនាគារជាតិនៃកម្ពុជា បានផ្តើមវិធានការសម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុស្ដីពីការការពារផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី៥ ខែមីនា។ នៅថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជា បានចេញសារាចរបន្ថែមដើម្បីជួយពង្រឹងបន្ថែមនូវគោលនយោបាយ និងនីតិវិធីឥណទានរៀបចំឡើងវិញ ព្រមទាំងកំណត់ច្បាស់លាស់នូវព្រំដែននៃប្រភេទអតិថិជនក្នុងវិស័យអាទិភាព ក្នុងការគាំពារអតិថិជនដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩។
ឆ្លើយតបចំពោះការអំពាវនាវជាថ្មីរបស់ធនាគារជាតិនៃកម្ពុជានៅពេលនេះ លោក ផល វ៉ានឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យ Focus ដឹងនៅថ្ងៃទី២៧ ខែមេសា ថា កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកឱ្យជួយសម្រួល និងមានភាពទន់ភ្លន់ជាមួយអតិថិជនតាមស្ថានភាពជាក់ស្តែងចំពោះអតិថិជនដែលរងផលប៉ះពាល់ខ្លាំង និងពិតប្រាកដ។ ទន្ទឹមនឹងនេះ សមាគមក៏បានធ្វើការប្រជុំផ្សព្វផ្សាយដល់សមាជិកឱ្យអនុវត្តនូវវិធានការ ព្រមទាំងសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហារបស់អតិថិជន និងគាំទ្រសមាជិកក្នុងការធានាឱ្យបាននូវផែនការបន្តអាជីវកម្មរបស់ខ្លួន រួមទាំងពិនិត្យទៅលើវិធានការនានាក្នុងការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតដែលអាចកើតមានលើវិស័យហិរញ្ញវត្ថុ។
លោក ផល វ៉ានឌី បញ្ជាក់បន្ថែមថា៖ «សមាជិកភាគច្រើនសុទ្ធតែបានចូលរួមយ៉ាងសកម្មក្នុងការបន្ធូរបន្ថយ និងរៀបចំឥណទានឡើងវិញជូនដល់អតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ១៩ លើកលែងតែសមាជិកមួយចំនួនតូចដែលអតិថិជនគាត់មិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយមិនបានស្នើសុំការសម្របសម្រួល»។
ទិន្នន័យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទានជាង ៧ប៊ីលាន (Billion) ដុល្លារ ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជាង ២លាន ២សែននាក់ ក្នុងនោះមានស្ត្រីប្រមាណ ៨០%។
ចំណែកឥណទានតាមវិស័យនីមួយៗរួមមាន៖
- ឥណទានគ្រួសារ ៣៥%
- ឥណទានកសិកម្ម ២០%
- ឥណទានពាណិជ្ជកម្ម ១៨%
- ឥណទានសេវាកម្ម ១៤%
- ដឹកជញ្ជូន ៦%
- សំណង់ ៣%
- និងវិស័យផ្សេងៗទៀត ៤%។
ទិន្នន័យដដែលបង្ហាញបន្ថែមថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើសរុបប្រមាណ ៣,៦ប៊ីលាន (Billion) ដុល្លារពីអ្នកបញ្ញើសរុបប្រមាណ ២លាន ៧សែននាក់ តាមរយៈការិយាល័យតំណាងចំនួនប្រមាណ ១.៤០០កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ៣៤.០០០នាក់នៅទូទាំង ២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា។
ស្រដៀងទៅនឹងទិន្នន័យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងឆ្នាំ២០១៩ បានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ២លាននាក់កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ហើយពួកគេអាចធ្វើការសន្សំប្រាក់ និងប្រកបអាជីវកម្មផ្សេងៗនៅពេលអនាគត។
ទាក់ទងទៅនឹងការប៉ាន់ប្រមាណអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ថាអាចនឹងរងផលប៉ះពាល់ ឬបាត់បង់ប្រាក់ចំណូលយ៉ាងណានោះ លោក ផល វ៉ានឌី ថ្លែងកត់សម្គាល់ថា៖ «ក្នុងដំណាក់កាលនេះ យើងនៅមិនទាន់អាចវាយតម្លៃផលប៉ះពាល់រួមមកលើវិស័យទាំងមូលបានឡើយ។ កូវីដ១៩ គឺជាបញ្ហាសកល ហើយកម្ពុជា រួមទាំងវិស័យមីក្រូហិរញ្ញវត្ថុ ក៏មិនអាចចៀសផុតពីផលប៉ះពាល់នេះបានដែរ ប៉ុន្តែសមាគមបានប៉ាន់ប្រមាណថា ផលប៉ះពាល់នឹងស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុនៅមានស្ថានភាពធម្មតានៅឡើយ។ ការស្នើសុំប្រាក់កម្ចី ក៏ដូចជាការដាក់ប្រាក់បញ្ញើនៅមានចរន្តជាធម្មតា»។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុលើកលែងការប្រាក់ ឬពន្យារពេលសងសម្រាប់អតិថិជនរបស់ខ្លួន ជាពិសេសគឺកម្មកររោងចក្រកាត់ដេរដែលត្រូវបានរោងចក្រព្យួរការងារដោយសារការប៉ះពាល់ដោយសារជំងឺកូវីដ១៩។ លោកនាយករដ្ឋមន្ត្រីក៏ស្នើដល់អ្នកលក់ផ្ទះពន្យារពេលបង់រំលស់ដល់កម្មករ ឬអ្នកធ្វើការនៅតាមសណ្ឋាគារ និងក្នុងវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការព្យួរការងារដោយសារជំងឺកូវីដ១៩នេះ៕
This post is also available in:
EN