លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា [Credit Bureau Cambodia (CBC)] បានណែនាំពីចំណុចសំខាន់ៗដែលអ្នកត្រូវពិនិត្យមើល មុននឹងចុះកិច្ចសន្យាទទួលប្រាក់កម្ចីពីគ្រឹះស្ថានផ្តល់ប្រាក់កម្ចី។
- ត្រូវដឹងពីអត្រាការប្រាក់៖ ខ្ញុំជឿថាហ្នឹងជាចំណុចសំខាន់ ថាតើអត្រាការប្រាក់របៀបម៉េចដែរ? ខ្ញុំជឿថានៅប្រទេសកម្ពុជាគេអត់គិតអត្រាការប្រាក់ថេរ (Flat Rate) ទេ។ នៅពេលយើងនិយាយថា Flat Rate ឧទាហរណ៍អតិថិជនខ្ចី ១ពាន់ដុល្លារ ហើយជាទូទៅនៅរៀងរាល់ខែ អតិថិជនគឺគាត់បង់សងការផង ដើមផង អ៊ីចឹងអាដើមវាថយចុះរហូត អ៊ីចឹង ១ពាន់ដុល្លារគាត់សង ១២ខែ ការចុះរហូត។
រាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជាយើងគេគិតអត្រាការប្រាក់ទៅលើឥណទានដែលនៅសល់ គេអត់ដែលគិតអត្រាការប្រាក់ទៅលើឥណទានដើមដែលខ្ចីទេ។ អ៊ីចឹងយើងបញ្ជាក់ (Confirm) ថាស្ថាប័នទាំងអស់គឺគាត់អត់ដែលយក Flat Rate ទេ។ ហ្នឹងជាអ្វីដែលអតិថិជនគាត់ត្រូវមើលថា តើគេគិតអត្រាការប្រាក់របៀបម៉េចដែរ? គេគិតប៉ុន្មានហើយរបៀបម៉េច?
- ប្រហែលជាគាត់ត្រូវមើលទាក់ទងនឹង Loan Fee (ថ្លៃបង់ទៅលើសេវាខ្ចីប្រាក់)៖ ថាតើក្រៅពីការប្រាក់ គេបាន Charge (គិតថ្លៃ) ទាក់ទងរឿងកម្រៃសេវាអ្វីខ្លះ ថាតើកម្រៃសេវាចំនួនប៉ុន្មាន ហើយកម្រៃសេវាគេយកប៉ុន្មានដង គេយកតែម្តងទេ ឬគេយករៀងរាល់ខែរបៀបម៉េច ហ្នឹងជាចំណុចដែលគាត់ត្រូវដឹង។
គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺគេតែងតែយកកម្រៃសេវា ថាតើទាក់ទងកម្រៃសេវារដ្ឋបាល សេវាផ្សេងៗដែលគេបូកបញ្ចូលគ្នាទាំងអស់។ ស្ថាប័នមួយចំនួនគាត់ប្រាប់ថាមានសេវាអីខ្លះ ឧទាហរណ៍ថាមានសេវាមេធាវី ឬសេវាអីផ្សេងទៀត តែស្ថាប័នមួយចំនួនគឺគាត់មានបូកបញ្ចូលគ្នាទាំងអស់ ហើយសេវាហ្នឹងគាត់ Charge (គិតថ្លៃ) តែម្តងទេ ឬ Charge (គិតថ្លៃ) ប៉ុន្មានដង។
- យើងគួរតែមើលទាក់ទងនឹង Loan Term (រយៈពេលនៃកម្ចី)៖ ថាតើរយៈពេលនៃការខ្ចីឥណទានរយៈពេលប៉ុន្មានដែរ។ ឧទាហរណ៍ថាឥណទានគាត់ខ្ចីរយៈពេល ៣ឆ្នាំ ត្រូវតែមើលឱ្យច្បាស់ ហើយភ្ជាប់នឹង Loan Term គាត់គួរតែមើលលក្ខខណ្ឌក្នុងការបង់ផ្តាច់ឥណទានហ្នឹង។
ជាទូទៅ ខ្ញុំសង្កេតឃើញថាវាជួបប្រទះនូវបញ្ហានៅពេលដែលអតិថិជនអត់បានមើលថាតើរយៈពេលក្នុងការបង់ផ្តាច់គេគិតយ៉ាងម៉េចដែរ ហើយខ្ញុំអាចនិយាយថាស្ថាប័នមួយៗមានគោលការណ៍ខុសៗគ្នា។ ជាទូទៅ ឧទាហរណ៍ថាយើងខ្ចីឥណទានគេ ៣ឆ្នាំ បើសិនជាយើងខ្ចីបានតែមួយខែ យើងទៅសងគេវិញ គេនឹងពិន័យយើងជាទូទៅ។
អ៊ីចឹង លក្ខន្តិកៈក្នុងការពិន័យគេចងក្រងនៅក្នុងហ្នឹង។ ស្ថាប័នមួយចំនួនប្រាប់ថានៅពេលដែលអ្នកឯងខ្ចីពីខ្ញុំ យ៉ាងហោចណាស់អ្នកត្រូវប្រើប្រាស់ឱ្យបានពាក់កណ្តាលនៃកិច្ចសន្យា។ ៣ឆ្នាំ អ្នកឯងប្រើប្រាស់យ៉ាងហោចណាស់ឱ្យបាន ១ឆ្នាំកន្លះ។ ស្ថាប័នមួយចំនួនគេប្រាប់ថាយ៉ាងហោចណាស់អ្នកឯងប្រើប្រាស់ ៣ខែ ៦ខែ ឬ ១ឆ្នាំ ទើបអ្នកឯងអាចបង់ផ្តាច់បាន។
យើងមើលហើយ បើសិនយើងចង់បង់ផ្តាច់មុនរយៈពេលហ្នឹង យើងត្រូវទទួល Penalty (ការពិន័យ) ពីគេ។ ប៉ុន្តែបើសិនជាឆ្លងកាត់រយៈពេលហ្នឹងហើយ យើងអត់ទទួល Penalty ទេ បានន័យថាយើងជំពាក់គេប៉ុន្មានគឺយើងបង់តែដើមឱ្យគេទាំងអស់។
ខ្ញុំជឿថាហ្នឹងជាលក្ខខណ្ឌសំខាន់ៗដែលគាត់ត្រូវមើលក្នុងកិច្ចសន្យា ព្រោះបើមិនអ៊ីចឹងទេ ចុងក្រោយវាតែងតែអត់ត្រូវគ្នា ឬក៏ឈ្លោះគ្នារឿងហ្នឹង។
ដើម្បីអានបទសម្ភាសន៍ទាំងស្រុងរវាង Focus ជាមួយលោក អឿ សុធារ័ត្ន អំពីប្រាក់កម្ចី សូមចុចត្រង់នេះ៕
This post is also available in:
EN