ជនជាតិបរទេសដែលមានគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅក្នុងរដូវកាលកូវីដ១៩ គួរឈ្វេងយល់ពីការណែនាំរបស់រដ្ឋាភិបាលកម្ពុជា មុននឹងធ្វើដំណើរមកកាន់ទីនេះ។

កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០ នៅពេលដែលចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩មានការកើនឡើងនៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសផ្អាកមិនឱ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ធ្វើដំណើរចូលមកប្រទេសកម្ពុជាឡើយ។
ការផ្អាកនេះ ត្រូវបានលើកចេញវិញកាលពីថ្ងៃទី២០ ខែឧសភា នៅពេលដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩មានភាពប្រសើរឡើង។ ទោះជាយ៉ាងណា ការលើកការផ្អាកនេះក៏មានភ្ជាប់នូវលក្ខខណ្ឌមួយចំនួនផងដែរ។
លក្ខខណ្ឌទាំងនោះរួមមាន គ្រប់អ្នកដំណើរទាំងអស់ទាំងខ្មែរនិងបរទេសត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថាគ្មានជំងឺកូវីដ១៩ក្នុងរយៈពេល ៧២ម៉ោង។ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិកក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនោះ អ្នកដំណើរទាំងខ្មែរនិងបរទេសដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគជំងឺកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅពេលរកឃើញថាមានអ្នកដំណើរណាម្នាក់ផ្ទុកមេរោគកូវីដ១៩។
ប៉ុន្តែនៅថ្ងៃទី២៧ ខែឧសភា ក្រសួងសុខាភិបាលបានប្រកាសលើកលែងវិញ្ញាបនបត្របញ្ជាក់សុខភាពសម្រាប់អ្នកដំណើរជាជនជាតិខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ប៉ុន្តែលក្ខខណ្ឌធ្វើចត្តាឡីស័កនៅតែត្រូវបន្តអនុវត្តដដែល។
បន្ថែមពីលើនេះ នៅថ្ងៃទី១៧ ខែមិថុនា ក្រសួងសុខាភិបាលបានប្រកាសលើកលែងការតម្រូវឱ្យមានការធានារ៉ាប់រងសុខភាព និងការតម្កល់ប្រាក់ចំនួន ៣.០០០ដុល្លារសម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេសដែលមានទិដ្ឋាការពិសេស (Visa K) ចូលមកកម្ពុជា ប៉ុន្តែតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពដែលមានសុពលភាពរយៈពេល ៧២ម៉ោង។
សម្រាប់អ្នកដំណើរជាជនជាតិបរទេសវិញ បន្ថែមទៅលើតម្រូវការឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាពចំនួន ៥ម៉ឺនដុល្លារ ក្រសួងសុខាភិបាលនៅថ្ងៃទី៨ ខែមិថុនា បានចេញសេចក្តីណែនាំដល់ជនបរទេសនូវចំនួនទឹកប្រាក់កំណត់ដែលត្រូវបង់នៅពេលធ្វើដំណើរមកដល់ប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាលមកដល់ព្រលានយន្តហោះរហូតដល់ដំណាក់កាលចេញវិញ្ញាបនបត្របញ្ជាក់សុខភាព។
ដំណាក់កាលទាំងនោះរួមមាន៖
- ពេលមកដល់ព្រលានយន្តហោះ អ្នកដំណើរបរទេសត្រូវបង់ថ្លៃដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលរង់ចាំចំនួន ៥ដុល្លារ ថ្លៃធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ ចំនួន ១០០ដុល្លារ ថ្លៃស្នាក់នៅដើម្បីរង់ចាំលទ្ធផលតេស្ដចំនួន ៣០ដុល្លារសម្រាប់រយៈពេល១ថ្ងៃ និងថ្លៃសម្រាប់អាហារ ៣ពេលក្នុងមួយថ្ងៃចំនួន ៣០ដុល្លារ។
- ប្រសិនបើមានអ្នកដំណើរណាម្នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន អ្នកដំណើរបរទេសត្រូវបង់ថ្លៃស្នាក់នៅក្នុងសណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័កចំនួន ៨៤ដុល្លារក្នុងមួយថ្ងៃសម្រាប់រយៈពេល ១៤ថ្ងៃ និង ១០០ដុល្លារសម្រាប់ថ្លៃធ្វើតេស្ដ (យ៉ាងហោចណាស់ក៏ម្តងដែរ) នៅមុនពេល ១៤ថ្ងៃ។
- ក្នុងករណីមានអ្នកដំណើរបរទេសផ្ទុកមេរោគជំងឺកូវីដ១៩ អ្នកជំងឺបរទេសនោះត្រូវបង់ថ្លៃស្នាក់នៅមន្ទីរពេទ្យសម្រាប់ព្យាបាល និងធ្វើចត្តាឡីស័កចំនួន ២២៥ដុល្លារក្នុងមួយថ្ងៃសម្រាប់រយៈពេល ១៤ថ្ងៃ និងថ្លៃធ្វើតេស្ដរកមេរោគក្នុងអំឡុងពេលនៃការព្យាបាលម្តងចំនួន ១០០ដុល្លារ (យ៉ាងហោចណាស់ក៏ ៤ដងដែរ)។
- ក្នុងករណីមានអ្នកដំណើរបរទេសណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ ថ្លៃសម្រាប់ការបូជាសពគឺចំនួន ១.៥០០ដុល្លារ។
- ក្នុងករណីអ្នកដំណើរបរទេសណាម្នាក់ចង់ធ្វើតេស្តជំងឺកូវីដ១៩ និងត្រូវការចេញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ ត្រូវបង់ថ្លៃសម្រាប់ធ្វើតេស្តចំនួន ១០០ដុល្លារ និងថ្លៃចេញវិញ្ញាបនបត្រចំនួន ៣០ដុល្លារ។
ចាប់តាំងពីថ្ងៃទី២១ ខែឧសភា មក ករណីវិជ្ជមានកូវីដ១៩ថ្មីនៅកម្ពុជាសុទ្ធសឹងតែជាករណីនាំចូលពីបរទេសទាំងនៅលើជនជាតិខ្មែរដែលធ្វើដំណើរមកពីបរទេស និងជនជាតិបរទេស។
ព្រោះតែកត្តានេះហើយ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ Focus នៅថ្ងៃទី១៨ ខែមិថុនា ថា វិធានការកំណត់ឱ្យជនបរទេសបង់ថ្លៃទៅលើសេវាផ្សេងៗនេះ គឺដើម្បីទប់ស្កាត់ការនាំចូលករណីកូវីដ១៩ថ្មីមកកម្ពុជា។
អ្នកស្រីថាប្រើប្រៀបធៀបជាមួយប្រទេសមួយចំនួន ទឹកប្រាក់ដែលកម្ពុជាតម្រូវឱ្យអ្នកដំណើរបរទេសបង់ គឺមិនច្រើននោះទេ។
អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «ការធ្វើចត្តាឡីស័កនៅប្រទេសមួយចំនួនថ្លៃជាងយើងច្រើនមែនទែន ស្រុកយើងនេះគឺថោកហើយ កន្លែងនេះខ្ញុំគិតថាវាជាកិច្ចការចាំបាច់យើងត្រូវតែចូលរួមធ្វើទាំងអស់គ្នា»។
ដោយសារជំងឺកូវីដ១៩ ភ្ញៀវទេសចរបរទេស និងជនបរទេសដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងដែលធ្វើឱ្យប្រាក់ចំណូលជាតិក្នុងវិស័យទេសចរណ៍ក៏មានការធ្លាក់ចុះផងដែរ។
ការដាក់ចេញនូវវិធានការឱ្យជនបរទេសត្រូវបង់ថ្លៃសម្រាប់ចំណាយទៅលើសេវាកម្មផ្សេងៗនៅពេលមកដល់ប្រទេសកម្ពុជា បានធ្វើឱ្យមានការបារម្ភថា នឹងរឹតតែធ្វើឱ្យចំនួនអ្នកដំណើរជនជាតិបរទេសមកកាន់ប្រទេសកម្ពុជាថយចុះកាន់តែខ្លាំងថែមទៀត។
ត្រង់ចំណុចនេះ អ្នកស្រី ឱ វណ្ណឌីន លើកឡើងថា អ្នកស្រីមិនទាន់អាចនិយាយបាននៅឡើយទេ ថាតើវិធានការនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ ដោយសំអាងថាការរាតត្បាតនៅលើពិភពលោកនៅមានចំនួនច្រើននៅឡើយ។
អ្នកស្រី ឱ វណ្ណឌីន ឱ្យដឹងថា រហូតមកទល់ពេលនេះមានអ្នកដំណើរមកពីបរទេសជាង ២០០នាក់កំពុងដាក់ក្នុងចត្តាឡីស័ក។
នៅពេលសួរថាតើអ្នកដំណើរបរទេសដែលមកកម្ពុជាសុទ្ធតែដឹងអំពីវិធានការនេះឬយ៉ាងណា អ្នកស្រី ឱ វណ្ណឌីន ឆ្លើយតបថា៖ «ខ្ញុំជឿជាក់ថាស្ថានទូតកម្ពុជានៅតាមបណ្តាប្រទេសនៅលើសកលលោកធ្វើការបានយ៉ាងល្អ។ លោកបានចែកចាយព័ត៌មាននេះទៅដល់បងប្អូនប្រជាពលរដ្ឋនៅទីនោះនៅតាមប្រទេសនីមួយៗ ហើយក្រសួងសុខាភិបាលក៏បានដាក់លើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួននូវព័ត៌មានដែលបានចេញផ្សាយ។ អ៊ីចឹងបងប្អូនយើងទទួលបានព័ត៌មានគ្រប់ពេលវេលាទាំងអស់»៕
This post is also available in:
EN