អ្វីជាធានារ៉ាប់រង? ហេតុអ្វីមនុស្សត្រូវយល់ពីវា?
ធានារ៉ាប់រងសំដៅដល់ការធ្វើកិច្ចសន្យាដែលក្នុងនោះអ្នកត្រូវបានធានារ៉ាប់រង ត្រូវបង់បុព្វលាភធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុនធានារ៉ាប់រងត្រូវធ្វើសំណងដល់ការខូចខាត ឬការបាត់បង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយហេតុការណ៍គ្រោះថ្នាក់ ឬក៏ធ្វើសំណងនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងស្លាប់ របួស ពិការ មានជំងឺ ឬនៅពេលដែលបុគ្គលនោះឈានដល់កាលកំណត់ណាមួយដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង។
ប្រភេទក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា
ប្រទេសកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ២៨ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ (General Insurance) មានចំនួន១៥ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (Life Insurance) មានចំនួន៩ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច (Micro Insurance) ចំនួន៤។
នៅក្នុងផ្នែកធានារ៉ាប់រងទូទៅរួមមាន ធានារ៉ាប់រងយានយន្ត (Auto Insurance) ធានារ៉ាប់រងទ្រព្យសម្បត្តិ (Property Insurance) ធានារ៉ាប់រងសុខភាព (Medical Insurance) ធានារ៉ាប់រងដឹកជញ្ជូនទំនិញ (MAT-Marine, Aviation Transport-Insurance) ធានារ៉ាប់រងវិស្វកម្ម (Engineering Insurance) ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល (Personal Accident Insurance) និងធានារ៉ាប់រងមួយចំនួនផ្សេងទៀតដូចជា ធានារ៉ាប់រងការទទួលខុសត្រូវជាសាធារណៈ ធានារ៉ាប់រងការទទួលខុសត្រូវភាគីតតិយជនទូទៅ ធានារ៉ាប់រងការទទួលខុសត្រូវលើផលិតផល ធានារ៉ាប់រងលើរូបិយវត្ថុ ធានារ៉ាប់រងអំពើចោរកម្ម ធានារ៉ាប់រងការក្លែងបន្លំរបស់និយោជិត ធានារ៉ាប់រងគ្រោះថ្នាក់ចំពោះកម្មនិយោជិត និងធានារ៉ាប់រងសំណងវិជ្ជាជីវៈ។ល។
ចំណែកនៅក្នុងធានារ៉ាប់រងអាយុជីវិតចែកចេញជា ៤ផ្នែកគឺការធានារ៉ាប់រងមួយជីវិតកាល (Whole life insurance) ការធានារ៉ាប់រងមានកាលកំណត់ (Term life insurance) ការធានារ៉ាប់រងធនលាភ (Group Products Insurance) និងការធានារ៉ាប់រងទាយជ្ជទាន (Endowment Insurance)។
ឈ្វេងយល់ពីប្រភេទធានារ៉ាប់រងសំខាន់ៗនៅកម្ពុជា
ការធានារ៉ាប់រងទូទៅ (General Insurance)៖ ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាហានិភ័យលើទ្រព្យសម្បត្តិ ភារៈទទួលខុសត្រូវ និងសុខភាព។
ការធានារ៉ាប់រងខ្នាតតូច (Micro Insurance)៖ ជាការផ្តល់កិច្ចសន្យាធានារ៉ាប់រងដល់ប្រជាពលរដ្ឋដែលមានចំណូលទាប ដូចជាការធានារ៉ាប់រងខ្នាតតូចលើទ្រព្យសម្បត្តិ អាយុជីវិត និងលើរូបរាងកាយ។
ការធានារ៉ាប់រងយានយន្ត (Auto/Vehicle Insurance)៖ គឺជាធានារ៉ាប់រងដែលធានាលើរថយន្តឯកជន រថយន្តដឹកទំនិញ ទោចក្រយានយន្ត និងយានយន្តផ្សេងៗដែលដំណើរការលើផ្លូវសាធារណៈ។ ការធានារ៉ាប់រងនេះផ្តល់ការការពារផ្នែកហិរញ្ញវត្ថុលើការខូចខាតទ្រព្យសម្បត្តិ ឬរបួសលើរាងកាយចំពោះភាគីតតិយជនដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍តាមរយៈការប្រើប្រាស់យានយន្ត។ ធានារ៉ាប់រងយានយន្តក៏ផ្តល់ការធានាលើការបាត់បង់ និងការខូចខាតយានយន្តដោយហេតុការណ៍ផ្សេងៗទៀតក្រៅពីគ្រោះថ្នាក់ចរាចរណ៍។
ការធានារ៉ាប់រងទ្រព្យសម្បត្តិ (Property Insurance)៖ ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើសំណងដល់អ្នកត្រូវបានធានារ៉ាប់រងនៅពេលដែលទ្រព្យសម្បតិ្តរបស់បុគ្គលនោះបានខូចខាត បាត់បង់ ឬអន្តរាយដោយសារហានិភ័យដែលត្រូវបានធានា។ ការធានារ៉ាប់រងទ្រព្យសម្បត្តិអាចរួមមានការធានារ៉ាប់រងអគ្គិភ័យ និងការធានារ៉ាប់រងហានិភ័យនៃទ្រព្យសម្បត្តិ ដូចជាអគារ នាវា ជាដើម។
ការធានារ៉ាប់រងសុខភាព (Medical Insurance)៖ ជាកិច្ចសន្យាធានារ៉ាប់រងលើការចំណាយសម្រាប់ការព្យាបាលរបួស ជំងឺ ឬការចំណាយផ្សេងៗដូចជាការចំណាយសម្រាប់ថែរក្សាអ្នកជំងឺក្នុងរយៈពេលវែងជាដើម ដល់អ្នកត្រូវបានធានារ៉ាប់រងដែលទទួលរងគ្រោះបណ្តាលមកពីគ្រោះថ្នាក់ទាំងឡាយដល់រូបរាងកាយ ឬជំងឺផ្សេងៗ។
ការធានារ៉ាប់រងដឹកជញ្ជូនទំនិញ (MAT Insurance)៖ ជាការធានារ៉ាប់រងទៅលើទំនិញដែលដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស លើយានយន្តដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូន និងសំណងទៅលើការខូចខាតផ្សេងៗដែលបង្កដោយយានយន្តដឹកជញ្ជូនទាំងនោះ។
ការធានារ៉ាប់រងវិស្វកម្ម (Engineering Insurance)៖ សំដៅដល់ការធានារ៉ាប់រងដែលផ្តល់ជូននូវសុវត្ថិភាពផ្នែកហិរញ្ញវត្ថុចំពោះហានិភ័យដែលបានប្រឈមតាមរយៈគម្រោងសាងសង់ ការដំឡើង គ្រឿងម៉ាស៊ីន និងឧបករណ៍ដែលប្រើប្រាស់ក្នុងគម្រោងសាងសង់។ ការធានារ៉ាប់រងវិស្វកម្មមានដូចជាការធានារ៉ាប់រងការដ្ឋានសាងសង់ ការដំឡើងសម្ភារសំណង់ ការធានារ៉ាប់រងគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនក្នុងការដ្ឋានសាងសង់ ការធានារ៉ាប់រងខូចខាតគ្រឿងម៉ាស៊ីន ការធានារ៉ាប់រងឧបករណ៍អគ្គិសនី។ល។
ការធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល (Personal accident insurance)៖ គឺជាការផ្តល់សំណងដល់អ្នកត្រូវធានារ៉ាប់រងនៅពេលមានរបួសដោយសារគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់ជីវិត ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ឬដោយឡែក។
ការធានារ៉ាប់រងអាយុជីវិត (Life Insurance)៖ ជាកិច្ចសន្យាធានារ៉ាប់រងដែលធ្វើឡើងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងដែលក្នុងនោះការបង់បុព្វលាភធានារ៉ាប់រងត្រូវធ្វើឡើងដើម្បីធានាទៅលើការស្លាប់ ឬការរស់រានមានជីវិតដោយអាចរួមបញ្ចូលការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល ជំងឺធ្ងន់ធ្ងរ ឬជំងឺទូទៅ។
- ការធានារ៉ាប់រងមួយជីវិតកាល៖ ជាកិច្ចសន្យាធានារ៉ាប់រងដែលធានាលើការស្លាប់របស់អ្នកត្រូវបានធានារ៉ាប់រង ហើយបុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់សម្រាប់រយៈពេលច្បាស់លាស់ ឬមួយជីវិត។ ក្នុងការធានារ៉ាប់រងមួយជីវិតកាល គេអាចកំណត់ចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ក្នុងចំនួនស្មើគ្នាជារៀងរាល់ឆ្នាំក្នុងអំឡុងពេលដែលអ្នកត្រូវបានធានារ៉ាប់រងនៅមានជីវិត។ ក្រុមហ៊ុនធានារ៉ាប់រងត្រូវផ្តល់ផលប្រយោជន៍ទៅឱ្យក្រុមគ្រួសាររបស់អ្នកស្លាប់ ឬទៅឱ្យអ្នកទទួលផលណាម្នាក់ដែលមានសិទ្ធិទទួល នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាព។
- ការធានារ៉ាប់រងមានកាលកំណត់៖ ជាការធានារ៉ាប់រងអាយុជីវិតនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានស្លាប់នៅក្នុងរយៈពេលដែលបានកំណត់ជាក់លាក់ណាមួយ ដូចជា ៥ឆ្នាំ ឬ ១០ឆ្នាំ ឬស្លាប់នៅមុនអាយុដែលបានកំណត់ទុកដោយផ្តល់ផលប្រយោជន៍ទៅឱ្យអ្នកទទួលផលដូចបានកំណត់ក្នុងកិច្ចសន្យានោះ។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនៅមានជីវិតបន្ទាប់ពីរយៈពេលដែលបានកំណត់ទុកក្នុងកិច្ចសន្យានោះ អ្នកទទួលផលពុំអាចទទួលផលប្រយោជន៍ពីការធានារ៉ាប់រងនេះឡើយ។
- ការធានារ៉ាប់រងទាយជ្ជទាន៖ ជាការធានារ៉ាប់រងអាយុជីវិតដែលផលប្រយោជន៍បានមកពីការធានារ៉ាប់រងអាចត្រូវផ្តល់ទៅឱ្យអ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងនោះនៅរស់រានមានជីវិតក្នុងអំឡុងពេលដែលត្រូវបានធានាដូចបានកំណត់ក្នុងកិច្ចសន្យា។ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងបានស្លាប់មុនកាលបរិច្ឆេទដែលបានកំណត់ក្នុងកិច្ចសន្យានោះ ផលប្រយោជន៍ត្រូវផ្តល់ទៅឱ្យអ្នកទទួលផលវិញ។
- ការធានារ៉ាប់រងធនលាភ៖ ជាកិច្ចសន្យាធានារ៉ាប់រងដែលផ្តល់ប្រាក់ចំណូលដល់អ្នកត្រូវបានធានារ៉ាប់រងសម្រាប់អាយុកាលចូលនិវត្តន៍។
បើតាមច្បាប់ស្ដីពីការធានារ៉ាប់រងរបស់កម្ពុជាឆ្នាំ២០១៤ មាត្រា២៨ ចែងថា ការធានារ៉ាប់រងអាយុជីវិតត្រូវបានហាមឃាត់ចំពោះជនដែលមានវិបត្តិផ្នែកបញ្ញាស្មារតី និងជនដែលកំពុងព្យាបាលជំងឺវិកលចរិត។
ចំណែកមាត្រា៣០ និង ៣១ ចែងថា អ្នកទទួលផលមិនអាចទទួលផលប្រយោជន៍ពីការធានារ៉ាប់រងអាយុជីវិតបានទេ ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងធ្វើអត្តឃាត ហើយអ្នកទទួលផលក៏មិនអាចទទួលផលប្រយោជន៍ពីការធានារ៉ាប់រងអាយុជីវិតទេ ប្រសិនបើអ្នកទទួលផលនោះជាចារី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតក្នុងការប្រព្រឹត្តបទឃាតកម្មទៅលើអ្នកត្រូវបានធានារ៉ាប់រង។
ស្ថិតិចុងក្រោយអំពីវិស័យធានារ៉ាប់រងនៅកម្ពុជា
របាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា បង្ហាញថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ បុព្វលាភក្នុងផ្នែកធានារ៉ាប់រងទូទៅមានការកើនឡើងចំនួន ២១,៤% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៩។ កំណើននេះទាញឡើងដោយសារការកើនឡើងខ្លាំងក្នុងផ្នែកធានារ៉ាប់រងវិស្វកម្ម ដែលកើន ៧០% បន្តពីក្រោយដោយធានារ៉ាប់រងសុខភាពចំនួន ៣៦,៤% ធានារ៉ាប់រងយានយន្ត ២១% និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងធានារ៉ាប់រងផ្សេងៗទៀត ៣៨%។ រីឯការធានារ៉ាប់រងទ្រព្យសម្បត្តិបានកើនឡើងចំនួន ៤,៧%។
ចំណែកការធានារ៉ាប់រងអាយុជីវិតវិញ របាយការណ៍បង្ហាញថាមានការកើនឡើងចំនួន ១៨,៤% ខណៈដែលការធានារ៉ាប់រងខ្នាតតូចបានធ្លាក់ចុះចំនួន ១៣,៥%។ ផ្នែកធានារ៉ាប់រងខ្នាតតូចក៏មានរាប់បញ្ចូលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលផងដែរ។
ការប្រមើលមើលរបស់អ្នកសេដ្ឋកិច្ច
នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ ពលរដ្ឋមានប្រាក់ចំណូលច្រើន ការរស់នៅមានលក្ខណៈសម្បូរសប្បាយ វិស័យធានារ៉ាប់រងក៏មានភាពលូតលាស់ខ្លាំងនៅក្នុងសង្គមទាំងនោះដែរ។ ពួកគេទិញធានារ៉ាប់រងស្ទើរគ្រប់ផ្នែកទាំងអស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដោយឡែកសម្រាប់ពលរដ្ឋនៅក្នុងប្រទេសក្រីក្រវិញ ចំណេះដឹងអំពីការធានារ៉ាប់រងភាគច្រើននៅមានកម្រិត បូកផ្សំជាមួយចំណូលទាបទៀតនោះ ពលរដ្ឋហាក់ញញើតក្នុងការប្រថុយដកលុយទិញធានារ៉ាប់រង។ ម្យ៉ាងទៀត ពលរដ្ឋអាចមិនទាន់មានទំនុកចិត្តខ្លាំងនៅឡើយទៅលើវិស័យនេះ។ ដូច្នេះការរក្សាប្រាក់ទុកក្នុងហោប៉ៅសម្រាប់ដោះស្រាយនៅពេលមានបញ្ហា គឺជាឥរិយាបថដែលពលរដ្ឋភាគច្រើនប្រកាន់យក។
ទោះជាយ៉ាងណាក៏ដោយ លោក ង៉ែត ជូ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច មើលឃើញពីការវិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយសារពលរដ្ឋមានការជ្រួតជ្រាបច្រើនជាងមុន មានការយល់ដឹង មានបណ្ដាញ មានការលក់ច្រើន និងផ្សព្វផ្សាយទូលំទូលាយ។
សម្រាប់អ្នកស្រាវជ្រាវសេដ្ឋកិច្ចរូបនេះ ការទិញធានារ៉ាប់រងគឺជារឿងល្អសម្រាប់ពលរដ្ឋ បើទោះជាមានលទ្ធភាពតិចតួចក្តី។
លោកមានប្រសាសន៍ថា៖ «មនុស្សទូទៅបើសិនជាគាត់អត់ចេះចាត់ចែង ឬចំណេះដឹងនៃការចាត់ចែងវិនិយោគមានតិចតួច គឺគាត់ត្រូវរកសំណាញ់សុវត្ថិភាព គឺធានារ៉ាប់រងនេះហើយ នៅពេលដែលមានហានិភ័យដូចជាគ្រោះថ្នាក់ចរាចរណ៍ ដូចជាបញ្ហាសុខភាពត្រូវទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ បញ្ហាគ្រោះអគ្គិភ័យឬឆេះផ្ទះ គឺមានសំណងផ្នែកហិរញ្ញវត្ថុដែលអាចទប់ទល់ជីវភាពបាន»។
បញ្ហាដែលពលរដ្ឋធ្លាប់លើកឡើងអំពីការធានារ៉ាប់រងនេះ គឺការផ្តល់សំណងមកពួកគាត់វិញយឺត ធ្វើឡើងមិនទាន់ចិត្តនៅពេលដែលពួកគាត់ត្រូវការ ពេលខ្លះទៀតដំណើរការធ្វើឯកសារសំណងមានភាពស្មុគស្មាញ ដូច្នេះពួកគាត់មានការរារែកនៅក្នុងការចំណាយបន្ថែមទៅលើការទិញធានារ៉ាប់រង។
បែបនេះក្តី លោក ង៉ែត ជូ យល់ឃើញថា នៅពេលដែលប្រព័ន្ធគាំពារសង្គមរបស់កម្ពុជានៅមានកម្រិតនៅឡើយនោះ វត្តមាននៃការធានារ៉ាប់រងអាចជួយបំពេញបន្ថែមត្រង់ចំណុចខ្វះខាតដល់រដ្ឋ អាចផ្តល់ជូនពលរដ្ឋបាន។ លោកថាបញ្ហាដែលអ្នកប្រើប្រាស់ធ្លាប់ជួបប្រទះ អាចត្រូវបានកាត់បន្ថយដោយសារតែកំណើននៃការប្រកួតប្រជែងរបស់ក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើឱ្យតម្លៃធានារ៉ាប់រងកាន់តែថោក ហើយប្រសិទ្ធភាពនៃការឆ្លើយតបកាន់តែប្រសើរ។
លោក ង៉ែត ជូ បន្ថែមថា៖ «នៅកម្ពុជាមានអ្នកប្រកបអាជីវកម្មខ្នាតតូចច្រើនមែនទែន ហើយអ្នកធ្វើការក៏មានច្រើន ពួកគាត់គួរតែទិញធានារ៉ាប់រង លើកលែងតែមួយចំនួនតូចដែលមានសមត្ថភាពមានចំណេះដឹង គេអាចក្លាយទៅជាអ្នកវិនិយោគធំៗ ជាអ្នកជំនួញធំៗ ធានារ៉ាប់រងដូចជាមិនសូវសំខាន់ទេ ពីព្រោះគេមានទ្រព្យធនជាសំណាញ់ការពារហើយ នៅពេលដែលមានបញ្ហាអី គេអាចទូទាត់លក់ឡាយឡុងអីជាដើម ការអល់អែករបស់ប្រជាពលរដ្ឋពេលគាត់មិនទាន់ជួបបញ្ហា គាត់មិនទាន់យល់ពីផលប្រយោជន៍នេះ (ធានារ៉ាប់រង) ច្រើនទេ»៕
This post is also available in:
EN