ដំណឹងនៃការបើកឱ្យដំណើរការសាលារៀនឡើងវិញទៅតាមដំណាក់កាលនីមួយៗតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា បានទទួលការសាទរផង បារម្ភផង និងមិនសប្បាយចិត្តផងពីសំណាក់អាណាព្យាបាលសិស្ស។
អ្នកខ្លះសាទរព្រោះពួកគេមានទំនុកចិត្តលើប្រព័ន្ធការពារសុវត្ថិភាពសុខភាពរបស់សាលា។ អ្នកខ្លះបារម្ភព្រោះនៅតែឃើញចំនួនករណីឆ្លងជំងឺកូវីដ១៩នៅតែកើតមាន ខណៈអ្នកមិនសប្បាយចិត្តដោយសារតែយល់ឃើញថា ឱកាសនៃការបើកសាលាឡើងវិញមិនមានភាពស្មើគ្នា។
ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែកក្កដា បានប្រកាសថារដ្ឋាភិបាលយល់ព្រមឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដារខ្ពស់ចំនួន២០ ដែលមានទីតាំងឋិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តទៅតាមគោលការណ៍របស់ក្រសួងអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។
ដោយឡែកនៅថ្ងៃទី១០ ខែសីហា ក្រសួងអប់រំបានប្រកាសថា រដ្ឋាភិបាលអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈចូលរៀននៅក្នុងអំឡុងខែកញ្ញា ក្នុងទ្រង់ទ្រាយតូច ១៥នាក់ក្នុងមួយថ្នាក់។ ក្រសួងក៏នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខែធ្នូ ដោយមានសិស្សពីគ្រឹះស្ថានសិក្សាឯកជនចូលរួមប្រឡងផងដែរ។ ចំពោះការរៀបចំការសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈសម្រាប់សិស្សថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំសេចក្តីណែនាំតាមក្រោយ។
គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដារខ្ពស់ចំនួន២០ ដែលរដ្ឋាភិបាលយល់ព្រមឱ្យក្រសួងអប់រំសាកល្បងបើកដំណើរការរួមមាន៖
- Southbridge International School
- Northbridge International School
- CIA First International School
- Footprint International School
- Paragon International School
- ICS International School
- Learning Jungle International School
- Westview Cambodia International School
- Singapore Cambodia International Academy
- British International School of Phnom Penh
- International School of Phnom Penh
- Australian International School of Phnom Penh
- CIESF School
- LOGOS International School
- Japanese School of Phnom Penh
- Canadian International School
- Asian Hope International School
- Hope International School
- Ican British International School
- និងសាលាបារាំង Institut Francais du Cambodge។
អ្នកស្រី ខ្លឹម សុផាណារី (Klem Sophanary) ដែលមានកូនចំនួន ២នាក់រៀននៅសាលាឯកជនមួយក្នុងចំណោមសាលាទាំង ២០ នេះ និយាយថា ចាប់តាំងពីសាលាបិទ អ្នកស្រីត្រូវចំណាយពេលវេលាច្រើននៅក្បែរកូនរហូតដល់យកកូនមកកន្លែងធ្វើការក៏មាន។ អ្នកស្រីថាដំបូងឡើយសប្បាយចិត្តនៅពេលឮថាក្រសួងឱ្យសាលាកូនអ្នកស្រីរៀនបើកឡើងវិញ តែក្នុងស្ថានភាពដែលជំងឺកូវីដនៅមិនទាន់ថមថយ អ្នកស្រីមិនទាន់ចង់ឱ្យសាលាបើកឡើងវិញនោះទេ។ អ្នកស្រីមើលឃើញមានករណីស្លាប់ និងឆ្លងកើនឡើងច្រើននៅប្រទេសវៀតណាម ដែលនៅក្បែរខាងកម្ពុជា ករណីឆ្លងនាំចូលកម្ពុជាចេះតែបន្តមាន។ ក្នុងពេលជាមួយគ្នា ជំងឺឈីកក៏កំពុងតែវាយលុកមកលើប្រជាជនខ្មែរបន្ថែមទៀត។ អ្នកស្រីចង់ឱ្យពន្យាររហូតដល់ស្ថានភាពជំងឺកូវីដស្រាកស្រាន្តជាងនេះ។
អ្នកស្រីបន្តថា៖ «ជំងឺនេះដូចជារាតត្បាតលឿន ហើយយើងមើលអត់ដឹងថាអ្នកណាកើត អ្នកណាមិនកើតទេឥឡូវហ្នឹង។ បើសិនជាគាត់ទៅរៀន យើងក៏មានការបារម្ភខ្លាំងដោយសារតែប្រទេសជិតខាងកំពុងតែ Lockdown (បិទការចេញពីផ្ទះ) តែយើងផ្ទុយទៅវិញអនុញ្ញាតឱ្យសិស្សចូលរៀន ហើយបើសិនជាមានបញ្ហាអ្វីកើតឡើង ខ្ញុំគិតថាក្មេងៗគឺពិបាកមែនទែនក្នុងការការពារ។ ឃើញថាសាលាគាត់ព្យាយាមក្នុងការកំណត់គោលការណ៍ដូចជាការរក្សាគម្លាត (សុវត្ថិភាព) ប៉ុន្តែក្មេងខ្ញុំជឿថាដូចកូនខ្ញុំ K3 អី ទៅមិនរួចទេ គឺគាត់អត់យល់ពីរក្សាគម្លាត ហើយអត់ឱ្យគាត់លេងជុំគ្នា ខ្ញុំគិតថាមានការលំបាកសម្រាប់ក្មេង។ ផ្ទុយទៅវិញ ពេលទៅរៀន ឃាំងគាត់ គូសបន្ទាត់ឱ្យគាត់ដើរ ខ្ញុំគិតថាគាត់ Stress (តានតឹងផ្លូវចិត្ត) ជាងនៅផ្ទះទៀត»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់ Focus នៅថ្ងៃទី៦ ខែសីហា ថា កាលបរិច្ឆេទចូលរៀនសម្រាប់ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅតាមប្រតិទិនរបស់គ្រឹះស្ថានសិក្សាឯកជនទាំង២០ នៅក្នុងអំឡុងខែសីហា។

អ្នកស្រី សុផាណារី បញ្ជាក់ថា ប្រសិនបើផែនការបើកសាលានៅតែមាន អ្នកស្រីនឹងសម្រេចចិត្តថា តើនឹងឱ្យកូនចូលរៀន ឬក៏ត្រូវរង់ចាំ។ ប៉ុន្តែអ្នកស្រីថាប្រសិនបើស្ថានភាពឆ្លងជំងឺកូវីដនៅតែបន្តកើនឡើង អ្នកស្រីនឹងមិនឱ្យកូនទៅរៀននោះទេ។
ត្រង់ចំណុចនេះ លោក រស់ សុវាចា បញ្ជាក់ថា ការបញ្ជូនកូនចូលរៀនក្នុងដំណាក់កាលទី១ គ្រឹះស្ថានសិក្សាទាំង២០ ត្រូវពិភាក្សាទ្វេភាគីដើម្បីទទួលបានការស្ម័គ្រចិត្តយល់ព្រមពីសំណាក់មាតាបិតារបស់សិស្សានុសិស្ស ជាពិសេសលើករណីធ្វើតេស្តរកមេរោគជំងឺកូវីដ១៩ តាមប្រវត្តិនៃការធ្វើដំណើរដែលមាន ២ករណី៖
- ទី១ ករណីសិស្សានុសិស្ស មាតាបិតា បុគ្គលិកគ្រឹះស្ថានសិក្សាឯកជនទាំង២០ បានត្រឡប់ពីក្រៅប្រទេសចូលប្រទេសកម្ពុជាវិញមុនដើមខែមិថុនា ឬមិនបានធ្វើដំណើរចេញពីប្រទេសកម្ពុជា គឺមិនត្រូវធ្វើតេស្តកូវីដ១៩ឡើយ។
- ទី២ ករណីសិស្សានុសិស្ស មាតាបិតា បុគ្គលិកគ្រឹះស្ថានសិក្សាឯកជនទាំង២០ បានត្រឡប់ពីក្រៅប្រទេសចូលប្រទេសកម្ពុជាវិញក្រោយដើមខែមិថុនា គឺត្រូវធ្វើតេស្តរកកូវីដ១៩។
ផ្ទុយពីអ្នកស្រី សុផាណារី លោក Simon Johnson ដែលមានកូន ២នាក់រៀនកម្រិតបឋមសិក្សានៅក្នុងសាលាឯកជនមួយក្នុងចំណោមសាលាទាំង២០ មិនមានការរារែកក្នុងការបញ្ជូនកូនចូលសាលាឡើងវិញឡើយ។ លោកថាកូនលោកមានឱកាសសិក្សាពីចម្ងាយ ប៉ុន្តែលោកជឿជាក់ថាវាមិនដូចការសិក្សាផ្ទាល់នៅសាលានោះទេ។ ម្យ៉ាងទៀត បុរសជនជាតិអង់គ្លេសរូបនេះហាក់មានទំនុកចិត្តខ្លាំងលើប្រព័ន្ធការពារសុវត្ថិភាពសុខភាពក្នុងសាលាដែលកូនលោករៀន។
លោកបញ្ជាក់ថា៖ «ខ្ញុំមានទំនុកចិត្តលើប្រព័ន្ធការពាររបស់សាលារៀនកូនៗខ្ញុំសម្រាប់ការត្រួតពិនិត្យ និងការសម្របសម្រួលលើការជួយរក្សាគម្លាត។ យើងដឹងហើយថាសាលានេះពិតជាមានការប្រុងប្រយ័ត្នខ្ពស់ ហើយសាលារៀនក៏ចង់ឱ្យក្រសួងអប់រំដឹងថាពួកគេធ្វើអ្វីគ្រប់យ៉ាងប្រកបដោយលក្ខណៈត្រឹមត្រូវ និងសុវត្ថិភាព។ ដូច្នេះហើយខាងសាលារៀនពិតជាសង្កត់ធ្ងន់ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវ»។
កាលពីថ្ងៃទី៤ ខែសីហា ក្រសួងអប់រំ បានផ្សព្វផ្សាយគោលការណ៍ប្រតិបត្តិស្តង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញដោយបានដាក់ចេញគោលការណ៍មួយចំនួនដែលគ្រឹះស្ថានសិក្សាត្រូវអនុវត្តតាម ដើម្បីធានាសុវត្ថិភាពសុខភាពរបស់សិស្សដោយរួមមាន៖
- ត្រូវពិនិត្យលទ្ធភាពរៀបចំបន្ទប់សុខភាព និងចាត់តាំងឱ្យមានគ្រូទទួលបន្ទុកសុខភាពសម្រាប់ការសង្គ្រោះបឋម។
- ពិនិត្យសុខភាពជូនអ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀតដែលបម្រើការក្នុងគ្រឹះស្ថានសិក្សា។
- ត្រូវណែនាំឱ្យអ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀតបំពេញព័ត៌មានសុខភាព និងប្រវត្តិធ្វើដំណើរមកពីក្រៅប្រទេស។
- ត្រូវណែនាំមាតាបិតា អ្នកអាណាព្យាបាលសិស្ស ផ្តល់ព័ត៌មានអំពីសុខភាព និងប្រវត្តិការធ្វើដំណើរក្នុង និងក្រៅប្រទេស និងការជួបជុំដែលអាចបង្កើតហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
- ត្រូវចាត់វិធានការវាស់កម្តៅអ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀតជាប្រចាំ មុនពេលចូលបរិវេណគ្រឹះស្ថានសិក្សា។ ករណីរកឃើញមានកម្តៅចាប់ពី ៣៧,៥អង្សាឡើងទៅ មិនត្រូវអនុញ្ញាតឱ្យចូលគ្រឹះស្ថានសិក្សាឡើយ ហើយត្រូវណែនាំ និងអនុញ្ញាតឱ្យសម្រាកនៅផ្ទះ ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។
- ត្រូវអនុញ្ញាតឱ្យអ្នកសិក្សា បុគ្គលិកអប់រំ និងបុគ្គលិកផ្សេងទៀតឈប់សម្រាកក្នុងករណីពួកគេមានអាការណាមួយដូចជាក្តៅខ្លួនចាប់ពី ៣៧,៥អង្សាឡើងទៅ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម មានជំងឺផ្លូវដង្ហើម មានរោគសញ្ញាផ្សេងៗទៀតនៃជំងឺឆ្លង ឬមានជំងឺឆ្លងរាតត្បាតនានា ឬអ្នកដែលមានប្រវត្តិធ្វើដំណើរមកពីក្រៅប្រទេស ឬអ្នកធ្លាប់ប៉ះពាល់អ្នកជំងឺកូវីដ១៩ ដែលមិនទាន់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
ក្រៅពីនេះក៏នៅមានគោលការណ៍មួយចំនួនទៀតដែលគ្រឹះស្ថានសិក្សាត្រូវអនុវត្តតាមដូចជា៖
- ការរក្សាសីតុណ្ហភាពបន្ទប់រៀនមិនទាបជាង ២៤អង្សាសេ។
- ការរម្ងាប់មេរោគក្នុងបន្ទប់រៀន បណ្ណាល័យ បន្ទប់ពិសោធន៍ អាហារដ្ឋាន បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ អគារ សួនកម្សាន្តរបស់កុមារ ផ្ទៃនៃវត្ថុដែលប៉ះពាល់ញឹកញាប់ ដូចជាដៃទ្វារ តុ កៅអី។
- ការទុកដាក់សំរាមត្រឹមត្រូវ។
- ការរក្សាគម្លាតក្នុងថ្នាក់រៀន ការកំណត់ចំនួនសិស្សមិនលើសពី ២០ ដល់ ២៥នាក់ក្នុង ១ថ្នាក់។
- ត្រូវបើកច្រកទ្វារចេញចូលទាំងអស់ដើម្បីកាត់បន្ថយការកកកុញតាមច្រកចេញចូល។
- បែងចែកសិស្សឱ្យនៅក្នុងថ្នាក់ និងនៅក្រៅថ្នាក់នៅពេលចេញលេង។
- រៀបចំការគោរពទង់ជាតិក្នុងទ្រង់ទ្រាយតូច។
- រៀបចំកាលវិភាគថ្នាក់ពេលចេញទៅផ្ទះមិនឱ្យចេញក្នុងពេលតែមួយ។
- ត្រូវគូសសញ្ញាសម្គាល់ធានាគម្លាតសុវត្ថិភាពនៅកន្លែងហាត់ប្រាណ។
- ត្រូវផ្អាកដំណើរការបណ្ណាល័យ មិនត្រូវឱ្យមានការខ្ចីសៀវភៅគ្នាទៅវិញទៅមក ផ្អាកកន្លែងកម្សាន្ត ឬទីលានកីឡាដែលមានលក្ខណៈប្រមូលផ្តុំ។
- មិនត្រូវរៀបចំព្រឹត្តិការណ៍សហគមន៍ ឬការជួបជុំនៅក្នុងគ្រឹះស្ថានសិក្សា។
- អ្នកសិក្សា បុគ្គលិកអប់រំ គួរយកចំណីអាហារពីផ្ទះមកបរិភោគនៅគ្រឹះស្ថានសិក្សា។
- រៀបចំកន្លែងទទួលទានអាហារឱ្យមានអនាម័យ រក្សាគម្លាតពេលបរិភោគ មិនត្រូវបរិភោគអាហាររួមគ្នា ឬចែករំលែកចំណីអាហារគ្នា ឬអង្គុយបរិភោគអាហារកកកុញក្បែរគ្នា។
- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវកម្មវិធីអាហារពេលព្រឹក អាហារថ្ងៃត្រង់ កម្មវិធីស្បៀងអាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍រហូតមានការណែនាំថ្មី។
- ត្រូវហាមឃាត់ការលក់ចំណីអាហារនៅក្នុង និងក្រៅជាប់របងគ្រឹះស្ថានសិក្សា។
- ត្រូវផ្គត់ផ្គង់ទឹកស្អាត និងបរិក្ខារអនាម័យ ដូចជាសាប៊ូ ទឹកអាល់កុល ទឹកជែលលាងសម្អាតដៃ។
ចាប់តាំងពីក្រសួងបានប្រកាសបិទសាលារៀននៅទូទាំងប្រទេសជាបណ្ដោះអាសន្នកាលពីខែមីនា មក សិស្សរៀននៅសាលាឯកជនធំៗមួយចំនួនអាចមានឱកាសរៀនតាមអនឡាញ (Online) ឬរៀនពីចម្ងាយដោយមានគ្រូឆ្លើយឆ្លង។ ប៉ុន្តែសម្រាប់សិស្សជាច្រើនផ្សេងទៀតដូចជាសិស្សរៀននៅសាលារដ្ឋ ជាពិសេសសិស្សនៅតាមតំបន់ជនបទដែលឪពុកម្តាយពុំសូវមានលទ្ធភាពទិញទូរស័ព្ទដៃទំនើប ឬពុំសូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា ពួកគេអាចគ្មានឱកាសរៀនបន្តឡើយ បើទោះជាក្រសួងអប់រំបានចាត់វិធានការមួយចំនួនដូចជារៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនពីចម្ងាយដល់សិស្សក៏ដោយ។
ទាំងអ្នកស្រី សុផាណារី និងលោក Simon Johnson ដែលមានកូនរៀននៅសាលាឯកជនក្តី ប៉ុន្តែចង់ឃើញសាលារដ្ឋអាចដំណើរការឡើងវិញបានដូចសាលាឯកជនមួយចំនួនផងដែរ។
លោក Simon Johnson និយាយថា៖ «បញ្ហាចម្បងបំផុតនោះ គឺសិស្សានុសិស្សពុំអាចទទួលបានការសិក្សានៅសាលារៀន ហើយហានិភ័យកាន់តែខ្ពស់ឡើងនៅពេលដែលជំងឺកូវីដ១៩នេះកាន់តែបន្តបន្លាយពេលទៅមុខថែមទៀត ហើយក្មេងកាន់តែមានភាពលំបាកក្នុងការវិលត្រឡប់ទៅសាលារដ្ឋវិញ… ខ្ញុំគិតថាពួកគេ (ក្រសួងអប់រំ) គួរតែព្យាយាមរៀបចំប្រព័ន្ធការពារ និងការសិក្សាឱ្យបានឆាប់រហ័សដើម្បីឱ្យសិស្សានុសិស្សអាចត្រឡប់មកសាលាវិញបានឆាប់រហ័ស។ វាពិតជាមានការលំបាកណាស់ ពីព្រោះចំនួនសិស្សនៅសាលារដ្ឋមានចំនួនច្រើន… តែខ្ញុំគិតថាយ៉ាងហោចណាស់ក៏មានការសង្កត់ធ្ងន់ និងគោលការណ៍ដើម្បីបើកសាលារដ្ឋឱ្យបានឆាប់ និងមានសុវត្ថិភាពផងដែរ»។
លោក សឺន ជុំជួន ដែលមានកូនរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យរដ្ឋក្នុងក្រុងភ្នំពេញ និយាយថា បើក្រសួងសម្រេចឱ្យបើកសាលាឯកជន លោកក៏ចង់ឃើញសាលារដ្ឋបើកឡើងវិញដូចគ្នា ដើម្បីកុំឱ្យសិស្សសាលារដ្ឋខាតពេលវេលាសិក្សា។ ទោះបច្ចុប្បន្នលោកទទួលស្គាល់ថាសិស្សមួយចំនួនអាចសិក្សាតាមប្រព័ន្ធអនឡាញ តែវាហាក់នៅមានការពិបាកច្រើនក្នុងការសិក្សា។
លោកកត់សម្គាល់ថា៖ «យើងដឹងស្រាប់ហើយថាគ្រួសារខ្លះមានជីវភាពក្រីក្រ ការភ្ជាប់បណ្ដាញអ៊ីនធឺណិត ឬការប្រើប្រាស់ទូរស័ព្ទទំនើបៗ វាជាការពិបាក។ សូម្បីតែយើងមានជីវភាពគួរសមដែលអាចឱ្យកូនរៀនតាមប្រព័ន្ធអនឡាញក៏ដោយ ប៉ុន្តែការរៀនមិនជាប់លាប់ឡើយ»។
ឆ្លើយតបចំពោះរឿងនេះ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បញ្ជាក់ថា ក្រសួងនឹងរង់ចាំមើលការអនុវត្តដំណើរការបើកសាលារៀនឡើងវិញនៅក្នុងដំណាក់កាលទី១។ លោកថាផ្អែកតាមបទពិសោធន៍ និងការវាយតម្លៃការអនុវត្តក្នុងដំណាក់កាលទី១នេះ ក្រសួងអប់រំនឹងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចសម្រាប់ដំណើរការដំណាក់កាលជាបន្តបន្ទាប់ទៀត៕
This post is also available in:
EN