ក្នុងពេលដែលការរីករាលដាលជំងឺកូវីដ១៩កំពុងកើតមាន និងនៅពេលដែលស្ថានភាពនៃការឆ្លងជំងឺនេះមានភាពស្រាកស្រាន្តនៅក្នុងប្រទេសមួយចំនួននោះ ពាក្យ «ភាពធម្មតារបៀបថ្មី» ឬជាភាសាអង់គ្លេសថា «New Normal» ត្រូវបានអ្នកជំនាញផ្នែកវេជ្ជសាស្ត្រលើកឡើងប្រើប្រាស់ដើម្បីឱ្យពលរដ្ឋចេះរស់នៅក្នុងរបៀបមួយដែលអាចការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។

តាមពិតពាក្យថា «New Normal» ឬ «ភាពធម្មតារបៀបថ្មី» មិនមែនត្រូវបានប្រើប្រាស់ទើបតែនៅពេលដែលពិភពលោកមានជំងឺកូវីដ១៩ក្នុងពេលបច្ចុប្បន្ននេះនោះទេ ពាក្យនេះក៏ធ្លាប់ត្រូវបានអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រើប្រាស់ផងដែរក្រោយពេលដែលពិភពលោកទើបងើបចាកចេញពីវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៧-២០០៨ ដែលនៅពេលនោះគេសំដៅដល់លក្ខខណ្ឌ ឬស្ថានភាពហិរញ្ញវត្ថុក្រោយពេលវិបត្តិ។
ចុះ «ភាពធម្មតារបៀបថ្មី» ក្នុងរដូវកាលកូវីដ១៩នៅពេលនេះវិញសំដៅទៅលើអ្វីដែរ?
អ្នកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់ថា ភាពធម្មតារបៀបថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គឺសំដៅដល់ការរស់នៅធម្មតាតាមបែបគន្លងថ្មី។ មានន័យថា ពលរដ្ឋខ្មែររស់នៅធម្មតាដូចដែលធ្លាប់រស់នៅមុនពេលដែលជំងឺកូវីដ១៩មិនទាន់កើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីខែមករា ប៉ុន្តែគ្រាន់តែបន្ថែមនូវឥរិយាបថមួយចំនួនដែលពលរដ្ឋខ្មែរត្រូវតែប្រកាន់យកដើម្បីការពារខ្លួនកុំឱ្យមានការចម្លងជំងឺកូវីដ១៩។
អ្នកស្រីបញ្ជាក់ថា ឥរិយាបថសម្រាប់ការរស់នៅតាមបែបគន្លងថ្មីដែលត្រូវបំពេញបន្ថែមនោះ គឺពលរដ្ឋត្រូវអនុវត្តនូវអនាម័យខ្លួនប្រាណ ជាពិសេសគឺអនាម័យដៃស្អាត ការប្រើប្រាស់ម៉ាស់នៅក្នុងករណីចាំបាច់ ឬពេលក្អក កណ្ដាស់ ត្រូវប្រើកន្សែង ក្រមា ឬក្រដាសខ្ទប់មាត់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម ឬគម្លាតសុវត្ថិភាពបុគ្គល។
អ្នកស្រីទទួលស្គាល់ថា ការអនុវត្តនូវឥរិយាបថ ឬទម្លាប់ថ្មីមួយចំនួនសម្រាប់ការរស់នៅតាមគន្លងថ្មីនេះអាចមានការលំបាក ដោយសារតែមនុស្សមិនមានទម្លាប់អនុវត្តពីមុន ប៉ុន្តែពលរដ្ឋត្រូវតែដឹងថា ពេលនេះពិភពលោកកំពុងតែឋិតក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩។ ដូច្នេះ ពលរដ្ឋត្រូវរំលឹកខ្លួនឯងពីការអនុវត្តទម្លាប់ថ្មីជាប្រចាំ។
អ្នកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «ជាការចាំបាច់ណាស់ដែលយើងត្រូវតែរួមគ្នាដើម្បីកែទម្លាប់ ឧទាហរណ៍ថាទម្លាប់ធម្មតារបស់យើងទៅពិសាបាយនៅភោជនីយដ្ឋាន ពីមុនយើងទៅដល់យើងចូលអង្គុយនៅតុតែម្តង ប៉ុន្តែលើកនេះយើងទៅដែរគឺធម្មតា ប៉ុន្តែយើងត្រូវគិតថានៅពេលដែលយើងទៅដល់ យើងត្រូវតែទៅរកបន្ទប់ទឹកមុនដើម្បីលាងដៃ ហើយការអង្គុយទៀតត្រូវដាក់កៅអីឱ្យមានគម្លាតគ្នា ហើយអ្នកបម្រើចាំបាច់ត្រូវតែប្រើម៉ាស់ ពីព្រោះពួកគាត់ត្រូវមកសួរអតិថិជន»។
ចំណែកតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា វេជ្ជបណ្ឌិត លី អាយឡាន (Li Ailan) បានផ្សព្វផ្សាយអត្ថបទរបស់អ្នកស្រីមួយកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា «ទប់ទល់នឹងជំងឺកូវីដ១៩ ជាមួយភាពធម្មតារបៀបថ្មី ដើម្បីសុវត្ថិភាពនិងសុខភាពកាន់តែប្រសើរនៅកម្ពុជា»។
អ្នកស្រីថ្លែងកត់សម្គាល់នៅក្នុងអត្ថបទថា បច្ចុប្បន្ននេះពលរដ្ឋខ្មែរជាច្រើនជឿជាក់ថាការគំរាមកំហែងដោយសារជំងឺកូវីដ១៩កំពុងរសាត់ឆ្ងាយ ហើយការប្រព្រឹត្តទៅនៃការរស់នៅប្រចាំថ្ងៃក៏បានត្រឡប់មកដូចដើមវិញដែរ។ ទោះជាយ៉ាងណា អ្នកស្រីថាក្នុងអំឡុងពេលនេះ ពលរដ្ឋខ្មែរមិនទាន់អាចវិលត្រឡប់មករស់នៅធម្មតាដូចពីមុនពេលមានជំងឺកូវីដនោះទេ ព្រោះថាការប្រយុទ្ធនឹងមេរោគថ្មីនេះត្រូវការពេលវេលាយូរទៀត។ អ្នកស្រីនៅតែទទូចឱ្យពលរដ្ឋចូលរួមប្រយុទ្ធតទល់នឹងមេរោគនេះបន្តទៀត។
អ្នកស្រីលើកឡើងថា សម្រាប់ការរស់នៅធម្មតាក្នុងគន្លងថ្មីនេះ ការរក្សាអនាម័យដៃស្អាត ការក្អក ឬកណ្ដាស់ដោយមានក្រណាត់ខ្ទប់ ការរក្សាគម្លាតសង្គម ការមិនទៅកន្លែងដែលមានមនុស្សច្រើន ការស្នាក់នៅផ្ទះ ឬនៅឱ្យឆ្ងាយពីអ្នកដទៃនៅពេលឈឺ គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ អ្នកស្រីទទូចឱ្យពលរដ្ឋខ្មែរគ្រប់រូបត្រូវការពារខ្លួនឯង គ្រួសារ និងសហគមន៍តាមរបៀបរស់នៅថ្មីនេះទាំងពេលនៅក្នុងផ្ទះ នៅសាលារៀន និងនៅកន្លែងការងារ។
អ្នកស្រីណែនាំថា ក្រុមហ៊ុនឬអាជីវកម្មនានាត្រូវអនុវត្តរបៀបធ្វើការងារថ្មីដោយរិះរកមធ្យោបាយដើម្បីដំណើរការការងារ ដូចជាធ្វើការងារពីផ្ទះតាមប្រព័ន្ធអេឡិចត្រូនិក និងចាត់វិធានការនានាដើម្បីបង្ការការឆ្លងជំងឺនៅកន្លែងធ្វើការ។
ចំណែកសាលារៀនវិញ ក៏ត្រូវរៀបចំនូវរបៀបធ្វើការងារបែបថ្មីដែរ ដើម្បីការពារសិស្សនិងបុគ្គលិកពីការឆ្លងជំងឺ។ គ្រប់វិធានការបង្ការត្រូវតែមាន។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះបញ្ជាក់ថា៖ «ការរស់នៅធម្មតាតាមបែបគន្លងថ្មី នឹងមានន័យថាយើងអាចវាយតម្លៃបានជានិច្ចនូវហានិភ័យ និងសកម្មភាពរបស់យើងក្នុងអំឡុងពេលនៃដំណើរការវិវឌ្ឍការរាតត្បាតជំងឺកូវីដ១៩។ ដូច្នេះ យើងត្រូវចូលរួមសហការសាមគ្គីគ្នាដោយភាពប្រុងប្រយ័ត្ន និងភាពអត់ធ្មត់»៕
This post is also available in:
EN