ក្នុងពេលដែលប្រទេសកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ថ្មីតិចតួច ពលរដ្ឋមួយចំនួនហាក់ហ៊ានធ្វើពិធីបុណ្យ ឬពិធីជប់លៀងដែលមានមនុស្សចូលរួមច្រើន។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលនៅតែបន្តស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺដ៏កាចសាហាវនេះ។

កាលពីពេលដែលជំងឺកូវីដ១៩ មានការរីករាលដាលខ្លាំង អ្នកដែលមានគម្រោងរៀបចំធ្វើពិធីជួបជុំធំៗ ដូចជាពិធីអាពាហ៍ពិពាហ៍ បានប្រកាសផ្អាក ឬលុបចោលពិធីរបស់ពួកគេទៅវិញ ដោយសារបារម្ភខ្លាចមិនមានភ្ញៀវទៅចូលរួមឱ្យបានច្រើនកុះករដូចដែលខ្លួនចង់បាន ខណៈដែលអ្នកផ្សេងទៀតផ្អាកព្រោះចង់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ប៉ុន្តែនៅពេលដែលព័ត៌មានអំពីជំងឺកូវីដ១៩មានភាពប្រសើរច្រើនជាងមុន ប្រជាជនកម្ពុជាភាគច្រើនមើលទៅហាក់ពុំសូវមានការបារម្ភខ្លាំងពីការឆ្លងជំងឺកូវីដ១៩ ដូចពេលដែលជំងឺនេះកំពុងផ្ទុះ និងរីករាលដាលខ្លាំងនោះទេ។
គេអាចមើលឃើញទិដ្ឋភាពជាក់ស្តែង៖
- ពេលឃើញដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញមានភាពកុះករកកស្ទះឡើងវិញ
- មនុស្សម្នាចាប់ផ្តើមចេញក្រៅផ្ទះញឹកញាប់ជាងមុន
- ទៅផ្សារទិញម្ហូបចំណី សម្ភារប្រើប្រាស់
- ទៅអង្គុយជួបជុំមិត្តភក្ដិនៅតាមហាងកាហ្វេ ហាងលក់ម្ហូបអាហារ
- ជួបជុំមិត្តភក្ដិនៅកន្លែងផឹកស៊ី ភោជនីយដ្ឋាន
- និងគ្រួសារខ្លះទៀតរហូតដល់ធ្វើពិធីរៀបអាពាហ៍ពិពាហ៍ឱ្យកូនចៅរបស់ខ្លួនក៏មាន។
ជាងនេះទៀតនោះ ពលរដ្ឋហាក់ពុំសូវមានការប្រុងប្រយ័ត្នខ្លាំងដូចមុននោះទេ។ ការពាក់ម៉ាស់ដែលជាមធ្យោបាយមួយដើម្បីកាត់បន្ថយការចម្លងជំងឺ ក៏ពុំសូវត្រូវបានប្រជាជនអនុវត្តដូចមុនឡើយ។ ការប្រើប្រាស់ទឹកអាល់កុលបាញ់សម្លាប់មេរោគដែលពីមុនកន្លែងលក់អីវ៉ាន់ស្ទើរគ្រប់កន្លែងដាក់ឱ្យអតិថិជនបាញ់ ពេលនេះកន្លែងខ្លះមិនឃើញមានដាក់ឡើយ ខណៈដែលអ្នកខ្លះមិនមានទឹកអាល់កុលយកតាមខ្លួនសម្រាប់បាញ់នោះទេ។ លើសពីនេះ ការរក្សាគម្លាតសង្គមដែលគេត្រូវបន្តអនុវត្តដើម្បីទប់ស្កាត់ជំងឺ ក៏ពុំសូវឃើញមានការអនុវត្តឱ្យបានល្អដែរ។ អ្នកខ្លះអង្គុយជិតគ្នា និយាយគ្នាដោយមិនមានពាក់ម៉ាស់នោះឡើយ។

ព័ត៌មានអំពីករណីអ្នកឆ្លងថ្មីតិចតួច គឺជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជា និងប្រជាជននៃប្រទេសនេះ ប៉ុន្តែតើការធ្វេសប្រហែសរបស់ប្រជាជនខ្មែរមួយចំនួននៅពេលនេះ អាចចាត់ទុកថាជាសញ្ញាមិនសូវល្អសម្រាប់ប្រទេសកម្ពុជាដែរឬទេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩?
អ្នកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍កាលពីថ្ងៃទី១៩ ឧសភា ថា ប្រជាជនកម្ពុជាត្រូវចូលរួមទប់ស្កាត់រលកទីពីរនៃការវាយលុករបស់ជំងឺកូវីដ១៩។ អ្នកស្រីថាការរៀបចំពិធីធំៗដែលមានមនុស្សម្នាចូលរួមច្រើនកុះករ គឺក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យពលរដ្ឋជៀសវាង។
អ្នកស្រីពន្យល់ថា៖ «ប្រសិនបើមានតែមួយករណីដែលគាត់មានផ្ទុក ហើយគាត់នៅក្នុងពិធីនោះ មួយពិធីហ្នឹងគឺទៅ (ឆ្លង) ទាំងអស់តែម្តង ដូច្នេះត្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ឱ្យបានមែនទែន»។
អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់បន្ថែមថា៖ «មិនមែនថាឥឡូវកម្ពុជាគ្មានអ្នកឆ្លងថ្មី មិនមានអ្នកនៅព្យាបាល ហើយមិនមានអ្នកស្លាប់នោះ វាជាសញ្ញាបង្ហាញថាវីរុសកូវីដ១៩បានចាកចេញផុតពីព្រះរាជាណាចក្រកម្ពុជាយើងនោះទេ ហានិភ័យរបស់យើងគឺនៅតែមាននៅឡើយទេ»។
រហូតមកទល់ពេលនេះ ក្រសួងសុខាភិបាល មិនទាន់លើកបម្រាមការជួបជុំធ្វើពិធីបុណ្យសាសនាធំៗ ការប្រគំតន្ត្រី បើករង្គសាល ក្លឹប បៀរហ្គាឌិន ខារ៉ាអូខេនៅឡើយ។ ចំណែកក្រសួងអប់រំ ក៏មិនទាន់លើកបម្រាមការបិទទ្វារសាលារៀនជាបណ្ដោះអាសន្ននោះដែរ ព្រោះនៅមានការបារម្ភពីរលកទីពីរនៃជំងឺនេះ។
អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ប្រសិនបើមានការវាយលុកចូលក្នុងសហគមន៍ យើងនឹងពិបាកគ្រប់គ្រងហើយ កន្លែងនេះសូមបងប្អូនមេត្តាជ្រាប យើងឃើញហើយគ្រាន់តែកន្លងមក ១២២ករណីផង យើងឃើញហើយថាស្ថានភាពយ៉ាងម៉េចខ្លះ ហើយមានផលប៉ះពាល់បែបណាខ្លះ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្នកុំឱ្យមានករណីឆ្លងមាននៅក្នុងសហគមន៍យើង និងកុំឱ្យមានករណីឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងទៀត ដែលយើងហៅថាជារលកទីពីរនោះ»៕
This post is also available in:
EN