ក្នុងសម័យកាលសកលភាវូបនីយកម្មនៃបច្ចេកវិទ្យាព័ត៌មានដូចពេលបច្ចុប្បន្ន មធ្យោបាយនៃការផ្តល់ ចែកចាយ និងទទួលព័ត៌មាន គឺមានភាពងាយស្រួល និងលឿនរហ័សខ្លាំងណាស់។ គ្រាន់តែអ្នកមានទូរស័ព្ទស្មាតហ្វូន (Smartphone) មួយនៅក្នុងដៃ រឿងរ៉ាវទាំងឡាយដែលកើតឡើងនៅជុំវិញពិភពលោកហាក់នៅក្នុងកណ្ដាប់ដៃរបស់អ្នកអ៊ីចឹង បើសិនជាអ្នកឧស្សាហ៍ស្រាវជ្រាវអានវា។
ប៉ុន្តែក្នុងពេលជាមួយគ្នា ភាពសម្បូរបែបនៃព័ត៌មាន ក៏កំពុងបង្កនូវបញ្ហាជាច្រើនដែរដល់ប្រជាជននៅលើពិភពលោក ប្រសិនបើពួកគេមិនអាចបែងចែកឱ្យបានច្បាស់លាស់ថាព័ត៌មានណាជាព័ត៌មានពិត និងព័ត៌មានណាជាព័ត៌មានក្លែងក្លាយ ជាពិសេសនៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះការវាយលុកដោយជំងឺឆ្លងកូវីដ១៩នៅពេលនេះ។
តើអ្វីជាព័ត៌មានក្លែងក្លាយ?
គេអាចនិយាយដោយខ្លីថា ព័ត៌មានក្លែងក្លាយគឺជាប្រភេទព័ត៌មានដែលមិនមានភស្តុតាងបញ្ជាក់ច្បាស់លាស់ គ្មានប្រភពជាក់លាក់ ឬផ្លូវការគួរឱ្យទុកចិត្តបាន មិនមានហេតុផលសមរម្យគួរឱ្យទុកចិត្ត និងមិនអាចធ្វើការផ្ទៀងផ្ទាត់បាន។
ចាប់តាំងពីមានផ្ទុះជំងឺកូវីដ១៩មក មានព័ត៌មានជាច្រើនត្រូវបានគេផ្សព្វផ្សាយ ប៉ុន្តែខ្លះមិនមានប្រភព ឬភស្តុតាងបញ្ជាក់ច្បាស់លាស់នៅឡើយ។ ព័ត៌មានប្រភេទនេះហើយដែលគេអាចចាត់បញ្ចូលថាជាប្រភេទព័ត៌មានក្លែងក្លាយ ឬគ្រាន់តែជាការនិទានប៉ុណ្ណោះ។
ព័ត៌មានដែលមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់លាស់មានដូចជា៖
- ការលើកឡើងថាមេរោគកូរ៉ូណាត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍
- ដូចជាថាជំងឺកូវីដ១៩មិនឆ្លងដល់ប្រជាជនរស់នៅក្នុងទ្វីបអាហ្រ្វិក និងប្រទេសមានអាកាសធាតុក្តៅ
- ការបាញ់ទឹកអាល់កុល ឬសារធាតុក្លរីន (Chlorine) ពាសពេញរាងកាយនឹងសម្លាប់មេរោគកូរ៉ូណាចេញអស់ពីក្នុងខ្លួន
- ការផឹកទឹកតែនៅពេលព្រឹកអាចកម្ចាត់មេរោគកូរ៉ូណា
- ការហុតទឹកសម្ល ឬស៊ុបដែលដាក់ម្រេចច្រើនលាយនឹងទឹកក្រូចឆ្មារ អាចសម្លាប់មេរោគអស់ពីខ្លួន
- ការលេបវីតាមីនសេ (C) ច្រើនអាចបង្ការមិនឱ្យឆ្លងជំងឺកូវីដ១៩
- ការចាក់វ៉ាក់សំាងជំងឺផ្ដាសាយអាចការពារមិនឱ្យឆ្លងជំងឺកូវីដ១៩
- ការផឹកស្រាដែលមានកម្រិតអាល់កុលខ្លាំងអាចកម្ចាត់មេរោគចេញពីក្នុងខ្លួន
- និងថាប្រទេសដែលមានប្រជាជនធ្លាប់កើត និងប្រើថ្នាំជំងឺគ្រុនចាញ់ច្រើនមានហានិភ័យទាបក្នុងការឆ្លងជំងឺកូវីដ១៩។ល។
ចំណែកនៅក្នុងប្រទេសកម្ពុជាវិញធ្លាប់មានអ្នកផ្សព្វផ្សាយថាបរិភោគពងមាន់អាចព្យាបាលជំងឺកូវីដ១៩ ដែលបានធ្វើឱ្យហាងឆេងពងមាន់ហក់ឡើងមួយរយៈពេលខ្លី។ លើសពីនេះ ពលរដ្ឋខ្មែរខ្លះនៅតាមតំបន់ជនបទដាក់ទីងមោងនៅមុខផ្ទះ ឬតាមរបងផ្ទះដោយមានជំនឿថាអាចបណ្តេញមេរោគកូរ៉ូណាកុំឱ្យមកក្បែរបាន។ នេះជាជំនឿដែលពលរដ្ឋខ្មែរខ្លះមាន ប៉ុន្តែវាមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា ទីងមោងជាគ្រូកម្ចាត់រោគកូរ៉ូណានោះទេ។ មានអ្នកខ្លះទៀតរហូតដល់ទៅរកព្រះសង្ឃនៅតាមវត្តដើម្បីសុំខ្សែកថាមកពាក់ការពារខ្លួន ខណៈដែលព្រះសង្ឃខ្លួនឯងក៏ពឹងលើម៉ាស់ ទឹកអាល់កុល ឬទឹកលាងដៃដែរនោះ។ ក្រៅពីនេះ មានការនិយាយដែរថាការបរិភោគខ្ទឹមសក៏អាចសម្លាប់មេរោគកូរ៉ូណាបានដែរ។
កន្លងទៅដោយមើលឃើញថាព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ១៩ បានបង្កនូវហានិភ័យ ភាពភ័យខ្លាច ភាពស្លន់ស្លោ និងភាពរើសអើងនៅលើពិភពលោកផងនោះ ក្រុមហ៊ុនបណ្ដាញព័ត៌មានសង្គមរួមមាន ហ្វេសប៊ុក (Facebook) Google និង Twitter បានអនុវត្តវិធានការរាំងខ្ទប់ (Block) ព័ត៌មានរបស់អ្នកប្រើប្រាស់មួយចំនួនដែលពួកគេគិតថាជាព័ត៌មានក្លែងក្លាយ។
តើគេអាចសម្គាល់ថាព័ត៌មានមួយជាព័ត៌មានក្លែងក្លាយពីជំងឺកូវីដ១៩របៀបណា?
ព័ត៌មានក្លែងក្លាយច្រើនតែជាព័ត៌មានដែលសរសេរក្នុងគោលបំណងបម្រើផលប្រយោជន៍ដល់ក្រុមជាក់លាក់ណាមួយ គ្មានប្រភពត្រឹមត្រូវ មិនមានស្លាកសញ្ញា (Logo) របស់ស្ថាប័នព័ត៌មានវិជ្ជាជីវៈច្បាស់លាស់ សរសេរខុសអក្ខរាវិរុទ្ធច្រើនដែលមើលទៅអ្នកសរសេរហាក់មិនមែនជាអ្នកសារព័ត៌មាន ឬមិនមានការពិនិត្យត្រឹមត្រូវពីការីនិពន្ធ ឬនិពន្ធនាយក ឬជាប្រភេទព័ត៌មានដែលច្រើនតែមានចំណងជើងគួរជាទីទាក់ទាញខ្លាំង តែខ្លឹមសារនៅខាងក្នុងក្បត់នឹងចំណងជើង និងមានប្រើប្រាស់ពាក្យពេចន៍ក្នុងចេតនាព្យាយាមជំរុញឱ្យមានការជួយចែករំលែកព័ត៌មានបន្ត ដើម្បីឱ្យអ្នកសរសេរទទួលបានផលប្រយោជន៍ពីការចែករំលែកនោះ។
ដើម្បីទទួលបានព័ត៌មានពិតអំពីជំងឺកូវីដ១៩ អ្នកជំនាញផ្នែកព័ត៌មាន និងផ្នែកសុខាភិបាលតែងលើកទឹកចិត្តឱ្យពលរដ្ឋតាមដានព័ត៌មានដែលផ្សព្វផ្សាយដោយស្ថាប័នវិជ្ជាជីវៈ មានគេស្គាល់ ដឹងឮច្រើន និងមានប្រភពច្បាស់លាស់។ ក្រៅពីនោះ ពលរដ្ឋក៏អាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រសួង-ស្ថាប័នជំនាញផ្នែកសុខាភិបាលដូចជា គេហទំព័ររបស់ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក (WHO) ឬក៏អាចទូរស័ព្ទទៅកាន់លេខ ១១៥ ដើម្បីសាកសួរព័ត៌មានអំពីជំងឺកូវីដ១៩ នៅពេលមានការសង្ស័យ ឬមានចម្ងល់ពីបញ្ហាអ្វីមួយ៕
This post is also available in:
EN