«ឥណទានជាអាវុធមុខពីរ។ ប្រសិនបើយើងប្រើប្រាស់ឥណទានឱ្យចំគោលដៅ គឺវាអាចផ្តល់អត្ថប្រយោជន៍បន្ថែមឱ្យយើង។ វាអាចធ្វើឱ្យជីវភាពរបស់យើងរីកចម្រើន។ ប៉ុន្តែបើសិនជាយើងប្រើប្រាស់ខុសគោលដៅ...វាជាបន្ទុករបស់យើងវិញ»។

នៅកម្ពុជា ស្ថាប័នហិរញ្ញវត្ថុដែលធនាគារជាតិនៃកម្ពុជាផ្តល់អាជ្ញាប័ណ្ណក្នុងការផ្តល់ប្រាក់កម្ចីដល់សាធារណជនមាន ៥ប្រភេទ គឺធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២០ នៃធនាគារជាតិកម្ពុជា ផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា ឱ្យដឹងថា កម្ពុជាមានធនាគារពាណិជ្ជ ៥១ ធនាគារឯកទេស ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៦ គ្រឹះស្ថានឥណទានជនបទ ២៤៦ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៥។ ចំណែកទីស្នាក់ការកណ្តាល និងសាខានៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសមានចំនួន ២.៤៦៥។
របាយការណ៍ដដែលបង្ហាញថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមាន ៥៤,១ពាន់លានដុល្លារ ក្នុងនោះឥណទានអតិថិជនមាន ៣៤,៤ពាន់លានដុល្លារ ប្រាក់បញ្ញើអតិថិជនមាន ៣០,៥ពាន់លានដុល្លារ និងដើមទុនមាន ៦ពាន់លានដុល្លារ។ របាយការណ៍បន្ថែមថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានគណនីប្រាក់បញ្ញើអតិថិជនចំនួន ៨,២លានគណនី និងគណនីឥណទានអតិថិជន ៣,២លានគណនី។
ដើម្បីឈ្វេងយល់ពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាពិសេសពីប្រាក់កម្ចី Focus បានសម្ភាសលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា [Credit Bureau Cambodia (CBC)]។ លោក សុធារ័ត្ន មានបទពិសោធន៍ជិត ១៥ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ។ នៅឆ្នាំ២០១៣ លោកបានប្រឡូកការងារនៅការិយាល័យឥណទានកម្ពុជាក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរហូតដល់ក្លាយជាអ្នកចាត់ការទូទៅក្នុងពេលបច្ចុប្បន្ន។
ការិយាល័យឥណទានកម្ពុជា (CBC) គឺជាក្រុមហ៊ុនឯកជនដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ មានបេសកកម្មប្រមូលផ្តុំរាល់ព័ត៌មានឥណទាននៅក្នុងប្រទេសកម្ពុជា។ CBC ដើរតួនាទីចម្បងជាអន្តរការីនៅក្នុងការប្រមូលផ្តុំរាល់ព័ត៌មានឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ រួចចែករំលែកព័ត៌មានទាំងនោះទៅកាន់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញក្នុងទម្រង់ជារបាយការណ៍ឥណទាន។ គោលបំណងសំខាន់ គឺចង់ឱ្យគ្រឹះស្ថានទាំងអស់នេះដឹងពីអតិថិជនកាន់តែច្បាស់ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តផ្តល់ឥណទាន។

តើសាធារណជនត្រូវដឹង និងត្រូវឈ្វេងយល់ពីអ្វីខ្លះមុននឹងស្នើប្រាក់កម្ចី?
អតិថិជនត្រូវដឹងរឿងសំខាន់ៗមួយចំនួន។ ត្រូវដឹងពីលក្ខណៈសម្បត្តិនៃឥណទាន និងគោលបំណងនៃឥណទាន ថាតើយើងយកឥណទានហ្នឹងទៅធ្វើអី? យកទៅពង្រីកអាជីវកម្ម ឬទិញសម្ភារប្រើប្រាស់។ ដើម្បីប្រាកដថាឥណទានដែលយើងយក វាអាចផ្តល់អត្ថប្រយោជន៍ ឬជាប្រភពចំណូលបន្ថែមទៀតដល់យើងឬអត់?
រឿងសំខាន់មួយទៀត យើងត្រូវដឹងពីស្ថាប័នប្រាក់កម្ចី។ ខ្ញុំជឿថាមកដល់ពេលនេះ គ្រឹះស្ថានដែលផ្តល់ប្រាក់កម្ចី គឺជាគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដែលមានធនាគារពាណិជ្ជ ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន។ ខ្ញុំជឿថាក្រៅពីនេះ មានស្ថាប័នផ្សេងមួយចំនួនទៀតដែលអត់ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ ប៉ុន្តែគាត់អាចប្រតិបត្តិការក្នុងទម្រង់មិនស្របច្បាប់។
ចំណុចមួយទៀត ត្រូវដឹងពីលក្ខខណ្ឌឥណទាន។ មុននឹងទទួលប្រាក់កម្ចី ត្រូវដឹងថាគេគិតយើងរបៀបម៉េច? គេគិតការប្រាក់របៀបម៉េច ហើយគិតទៅលើស្អីគេខ្លះ? មានយកកម្រៃសេវាអ្វីផ្សេងទៀតអត់? ព្រោះពេលខ្លះគេថាគេយកការប្រាក់តិច តែគេយកកម្រៃសេវាច្រើន។ ត្រូវដឹងរយៈពេលនៃការបង់សងយ៉ាងម៉េចដែរ បើសិនជាយើងចង់បង់ផ្តាច់មុន តើគេមានពិន័យយើងអត់?
ចំណុចសំខាន់បំផុតនោះ គឺលទ្ធភាពក្នុងការបង់សង ថាតើយើងមានលទ្ធភាពបង់សងទៅគេវិញអត់? មុននឹងធនាគារផ្តល់ប្រាក់កម្ចី គេតែងឆែកប្រវត្តិរបស់យើង ចង់ដឹងថាតើយើងជាមនុស្សរបៀបណា យើងមានខ្ចីឥណទានកន្លែងណាខ្លះ ការបង់សងរបស់យើងរបៀបម៉េចដែរ? ក្រៅពីនោះ គេមើលទៅលើចំណូលចំណាយរបស់អតិថិជន។
តើកម្ចីមានប៉ុន្មានប្រភេទ?
ជាទូទៅ កម្ចីចែកចេញជា ២ប្រភេទធំៗ គឺកម្ចីឯកត្តបុគ្គល (Consumer/individual Loan) និងកម្ចីនីតិបុគ្គល (Commercial Loan) គឺក្រុមហ៊ុនទៅខ្ចីឥណទាន។ ប៉ុន្តែបើយើងមើលពីការប្រើ ប្រាស់ឥណទាន គឺវាមានភាពខុសៗគ្នាទៀត។ កម្ចីមួយចំនួនគាត់យកទៅពង្រីកអាជីវកម្ម (Small Business Loan) កម្ចីគេហដ្ឋាន (Housing Loan) កម្ចីបុគ្គល (Personal Loan) កម្ចីជាក្រុម (Group Loan) និងកម្ចីជា Credit Card។
នៅកម្ពុជា ក្រៅពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់ប្រាក់កម្ចីដល់សាធារណជន តើមានតួអង្គណាផ្សេងទៀតដែលផ្តល់ប្រាក់កម្ចីដែរ?
ខ្ញុំជឿថាវាពិតជាមានមែនដែលយើងហៅថា Money Lenders (អ្នកឱ្យគេខ្ចីលុយ) អាចថាជាបុគ្គលដែលមានធនធាននៅតាមសហគមន៍ ហើយអាចផ្តល់ប្រាក់កម្ចីទៅឱ្យពលរដ្ឋផ្ទាល់។ តែទម្រង់បែបហ្នឹងយើងហៅថា Informal Lending (ការឱ្យខ្ចីក្រៅផ្លូវការ)។ អ៊ីចឹងវាអាចមានទម្រង់កម្ចីជា Formal Lending (ការឱ្យខ្ចីផ្លូវការ) ដែលផ្តល់អាជ្ញាប័ណ្ណដោយធនាគារជាតិ និង Informal Lending ដែលជួនកាលគាត់ប្រមូលគ្នាជាក្រុមឬឯកជនក្នុងការផ្តល់ប្រាក់កម្ចី។
រវាងការឱ្យខ្ចីក្រៅផ្លូវការ (Informal Lending) និងការឱ្យខ្ចីផ្លូវការ (Formal Lending) តើមួយណាមានហានិភ័យជាងមួយណា?
ជាទូទៅ ខ្ញុំជឿថាបើយើងក្រឡេកមើលអ្នកឋិតក្រោមឱវាទធនាគារជាតិនៃកម្ពុជា គឺគាត់ត្រូវតែអនុលោមទៅតាមគោលការណ៍ និងលក្ខន្តិកៈចេញដោយធនាគារជាតិនៃកម្ពុជា ហើយគាត់ត្រូវតែផ្តល់របាយការណ៍ដល់ធនាគារជាតិ ហើយធនាគារជាតិមានសិទ្ធិទៅត្រួតពិនិត្យដល់ទីកន្លែង។
Formal Lending មើលទៅវាមានរូបភាពទូលំទូលាយ និងអាចថាអនុវត្តតាមច្បាប់គតិយុត្តិច្រើនជាង។ Informal Lending គឺជារឿងដ៏ពិបាក។ ខ្ញុំជឿថារាល់ថ្ងៃបញ្ហាដែលយើងជួបប្រទះ គឺកម្ចីមកពី Informal Lending ព្រោះអត់មានខាងស្ថាប័នណាអាចគ្រប់គ្រងបាន។ យើងអត់ដឹងថាទំហំវាធំប៉ុនណា ហើយនៅពេលដែលមានបញ្ហា អត់មានសមត្ថកិច្ចណាដែលគាត់អាចទៅត្រួតពិនិត្យ ឬចាត់ចែងទៅលើ Informal Lending បាន។
ជាទស្សនទាន យើងជំរុញឱ្យអតិថិជនគួរតែទៅរកស្ថាប័ន Formal Lending។
តើជាទូទៅ ពលរដ្ឋទៅរកកម្ចីពីប្រភពណាច្រើនជាងគេ ពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រភពកម្ចីក្រៅផ្លូវការ?
ដោយសារតែកម្ចីក្រៅផ្លូវការ (Informal) យើងអត់មានទិន្នន័យនៅក្នុងដៃ វាពិបាកក្នុងការវាយតម្លៃថាទំហំរបស់វាមានប៉ុនណា។
ប៉ុន្តែបើក្រឡេកមើល Formal Sector (វិស័យផ្លូវការ) វិញ មកដល់ពេលនេះ អតិថិជនដែលប្រើប្រាស់ឥណទានមានប្រហែលជាង ៣លាននាក់នៅកម្ពុជា ហើយសឹងតែ ៦៥% គឺគាត់ទៅទទួលប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយសារខ្ញុំជឿថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានវិសាលភាពធំទូទាំងប្រទេស អ៊ីចឹងទៅដល់ជនបទចុងកាត់មាត់ញកណាក៏គាត់ទៅដល់ដែរ នៅពេលដែលវិស័យធនាគារមានខ្ទង់ ៣០% ប៉ុណ្ណោះ។ ៥% ទៀតប្រហែលជាទៅ Leasing Company (ក្រុមហ៊ុនជួល) និងគ្រឹះស្ថានឥណទានជនបទ។ ប៉ុន្តែបើយើងមើលទំហំប្រាក់កម្ចីវិញ គឺវិស័យធនាគារផ្តល់បានច្រើនជាង។
មកដល់ពេលនេះ នៅក្នុងទីផ្សារស្រុកខ្មែរទាំងមូលទាក់ទង Consumer Loan ឬឥណទានទៅដល់ឯកត្តជន ទំហំប្រាក់កម្ចីសរុបមានប្រហែល ២៨ពាន់លានដុល្លារ។ អ៊ីចឹងក្នុងចំណោម ២៨ពាន់លានដុល្លារ ធនាគារមានប្រហែល ៧៤% នៅពេលដែលវិស័យមីក្រូហិរញ្ញវត្ថុមានប្រហែល ២៥% នៃទំហំប្រាក់កម្ចីសរុប។
តាមរយៈទិន្នន័យនេះ តើយើងអាចនិយាយបានថា ធនាគារភាគច្រើនផ្តល់កម្ចីឱ្យអ្នករកស៊ីធំៗ ខណៈមីក្រូហិរញ្ញវត្ថុឱ្យកម្ចីដល់អ្នករកស៊ីលំដាប់មធ្យម ឬអ្នកទាបជាងនេះ?
ខ្ញុំជឿថានេះជានិន្នាការ ដោយសារទី១ យើងត្រូវតែមើលទាក់ទងនឹងតំបន់។ ធនាគារគឺជាស្ថាប័នដែលធំ ជាទូទៅគាត់ប្រតិបត្តិនៅតែរាជធានីភ្នំពេញ និងខេត្តសំខាន់ៗមួយចំនួន នៅពេលដែលវិស័យមីក្រូហិរញ្ញវត្ថុ កម្ចីគាត់តូចៗ អ៊ីចឹងប្រតិបត្តិការរបស់គាត់ត្រូវតែរុករកទៅដល់ជនបទ។ ធនាគារអាចថាគាត់ផ្ដោតទៅលើអតិថិជនធំៗ អាច SME Loan (កម្ចីសហគ្រាសខ្នាតតូច និងមធ្យម) ឬ Commercial Loan (កម្ចីនីតិបុគ្គល) នៅពេលដែលមីក្រូហិរញ្ញវត្ថុផ្ដោតទៅលើអតិថិជនរាងតូចជាងនេះបន្តិច។
បើសិនយើងមើលលើទំហំឥណទានក៏ខុសគ្នាដែរ។ នៅក្នុងវិស័យធនាគារ ទំហំឥណទានជាមធ្យមជាង ២ម៉ឺនដុល្លារ នៅពេលដែលវិស័យមីក្រូហិរញ្ញវត្ថុទំហំឥណទានជាមធ្យមខ្ទង់ ២ពាន់ទៅ ៣ពាន់ដុល្លារ។
វិស័យមីក្រូហិរញ្ញវត្ថុមានអតិថិជនច្រើន តែលុយតិច។ វិស័យធនាគារមានអតិថិជនតិច តែលុយច្រើន។
តើរវាងកម្ចីដែលសាធារណជនខ្ចីទៅដើម្បីធ្វើអាជីវកម្ម ឬពង្រីកអាជីវកម្ម និងកម្ចីសម្រាប់ប្រើប្រាស់ ឬទិញសម្ភារប្រើប្រាស់ផ្សេងៗដែលមិនបង្កើតប្រភពចំណូល តើកម្ចីមួយណាដែលពួកគាត់ងាយទទួលជាង?
បើសិនជាយើងសិក្សាថាតើមួយណាងាយស្រួលជាង វាអាស្រ័យទៅលើលក្ខខណ្ឌនៅក្នុងស្ថាប័ននីមួយៗ។ បើសិនជាឥណទានជាហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ឬឥណទានដែលយកទៅប្រើប្រាស់ផ្ទាល់ខ្លួនដែលអត់អាចបង្កើតប្រាក់ចំណូល ជាទូទៅស្ថាប័នមួយៗគឺគេរឹតត្បិតឥណទានប្រភេទហ្នឹង។
បើយើងមើលផលប័ត្រឥណទាននៅក្នុងស្ថាប័នទាំងមូល ជាទូទៅស្ថាប័ននីមួយៗគាត់ត្រូវរឹតត្បិត ថាតើគាត់អនុញ្ញាតឱ្យមានផលប័ត្រឥណទានសរុបចំនួនប៉ុន្មានសម្រាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance)?
ឧទាហរណ៍ថាស្ថាប័នមួយមានផលប័ត្រឥណទាន ១០០លានដុល្លារ ហើយកំណត់ថាគាត់ត្រូវតែមាន Personal Finance Loan តែ ២០% ទេ ហើយ ៨០% ទៀតសម្រាប់ Small Business Loan។ បើវាអ៊ីចឹង ចង់មិនចង់គឺវាទៅអ៊ីចឹងហើយ។
បើសិនជាយើងមើលទីផ្សាររាល់ថ្ងៃក៏យើងមើលឃើញភាពស្រដៀងគ្នានេះដែរ។ ផលប័ត្រឥណទានក្នុងទីផ្សារប្រទេសកម្ពុជាមានរហូតដល់ ២៨ពាន់លាន (ដុល្លារ) ប្រហែលជិត ៧០% នៃផលប័ត្រឥណទាននេះគឺទៅលើអាជីវកម្ម (Small Business) នៅពេលទាក់ទង (Personal Finance) មានខ្ទង់ ១៥% នៃផលប័ត្រឥណទានសរុប។ អ៊ីចឹងទាក់ទង Small Business វាមានជម្រើសសំបូរបែបច្រើនជាង។
ការដែលសាធារណជនខ្ចីលុយដើម្បីប្រើប្រាស់ ឬទិញសម្ភារប្រើប្រាស់ដោយមិនមានបង្កើតប្រាក់ចំណូលចេញពីកម្ចីនោះ តើជារឿងគួរលើកទឹកចិត្តឬទេ?
តាមពិត យើងដឹងច្បាស់ថាឥណទានជាអាវុធមុខពីរ។ ប្រសិនបើយើងប្រើប្រាស់ឥណទានឱ្យចំគោលដៅ គឺវាអាចផ្តល់អត្ថប្រយោជន៍បន្ថែមឱ្យយើង។ វាអាចធ្វើឱ្យជីវភាពរបស់យើងរីកចម្រើន។ ប៉ុន្តែបើសិនជាយើងប្រើប្រាស់ខុសគោលដៅ ខ្ញុំជឿថាវាពិបាកដោយសារវាជាបន្ទុករបស់យើងវិញ។ អ៊ីចឹងយើងតោងថ្លឹងថ្លែងថាតើយើងយកឥណទានទៅធ្វើអី? បើសិនជាឥណទានយកទៅប្រើប្រាស់ផ្ទាល់ខ្លួនទេ យើងប្រហែលជាឱ្យគាត់គិតពិចារណាឡើងវិញ ថាតើវាមានសារសំខាន់ឬទេក្នុងការយក។
សរុបឱ្យខ្លី ជាទូទៅគេពុំសូវលើកទឹកចិត្តនោះទេទាក់ទងនឹងឥណទានដែលមិនបង្កើតប្រាក់ចំណូល។ គេជំរុញឱ្យផ្តល់ឥណទានតែឥណទានណាដែលបង្កើតប្រាក់ចំណូលជារឿងល្អបំផុត។
តើជាទូទៅ ធនាគារផ្តល់ជំនួយអ្វីខ្លះដល់អ្នកខ្ចីសម្រាប់អាជីវកម្មដើម្បីធានាថាពួកគាត់មានភាពជោគជ័យក្នុងអាជីវកម្ម អាចបង្កើតប្រាក់ចំណូលដើម្បីមានលទ្ធភាពសងធនាគារវិញ?
មកដល់ពេលហ្នឹង ខ្ញុំអត់ទាន់ឃើញមានធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាដែលគាត់មានសេវាប្រឹក្សាយោបល់ (Consultancy) ទៅលើអាជីវកម្ម។ អ៊ីចឹងអ្វីដែលគាត់ក្រឡេកទៅមើលអតិថិជន គាត់គ្រាន់តែចង់មើលថាតើអាជីវកម្មរបស់អតិថិជនលូតលាស់របៀបម៉េចដែរ? បើសិនជាជួនកាលវាអាចឈានដល់ស្ថានភាពមួយដែលគាត់ (អតិថិជន) ប្រាប់ថាគាត់អត់អាចមានលទ្ធភាពបង់សងទៀតទេ អ៊ីចឹងនេះជាកន្លែងដែលធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវតែទៅមើលថាតើ បើសិនជាអាជីវកម្មរបស់អតិថិជនមិនជោគជ័យ ហើយគាត់អត់មានលទ្ធភាពបង់សងទេ តើគេគួរចាត់ចែងរបៀបម៉េចវិញ ប្រហែលជាត្រូវមានការចរចាគ្នារវាងអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ថាតើត្រូវមានការរៀបចំឥណទានឡើងវិញ (Restructure Loan) ឬយ៉ាងណា?
បើយើងនិយាយពីបរិបទរាល់ថ្ងៃ វាស៊ីគ្នាដែរ។ រាល់ថ្ងៃដែលយើងមានបញ្ហាទាក់ទងជំងឺកូវីដ១៩ នៅពេលមានការរៀបចំឥណទានឡើងវិញ អតិថិជនមួយចំនួនអាចថាគាត់បង់ការប្រាក់ អតិថិជនមួយចំនួនអាចថាបង់ដើម អតិថិជនខ្លះថាគាត់អត់អាចបង់បានក្នុងរយៈពេល ៣ ទៅ ៦ខែ គឺគេធ្វើទៅតាមហ្នឹង។
ក្នុងពេលដែលពលរដ្ឋកម្ពុជាមួយចំនួនកំពុងជួបវិបត្តិអត់ការងារ ឬចំណូលធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩ និងស្របពេលដែលពលរដ្ឋមួយចំនួនទៀតក៏កំពុងតែមានបញ្ហាក្នុងការសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុផងនោះ តើលោកលើកទឹកចិត្តឱ្យពលរដ្ឋបន្តស្វែងរកប្រាក់កម្ចីឬទេនៅក្នុងពេលកូវីដនេះ?
នៅពេលហ្នឹង គឺគេអត់បិទឥណទានទេ ឥណទាននៅចេញជាធម្មតា។ ខ្ញុំអាចនិយាយបានថានៅក្នុងខែមេសា ជាពេលដែលការស្នើសុំប្រាក់កម្ចីមានការថយចុះខ្លាំងមែនទែន ប៉ុន្តែអ្វីដែលយើងឃើញនៅក្នុងខែឧសភា មិថុនា ការស្នើសុំ ការស្នើឥណទានមានការកើនឡើងវិញ។
អ៊ីចឹងយើងអាចនិយាយបានថាគេអត់បិទទេឥណទាន ប៉ុន្តែអតិថិជនខ្លួនឯងត្រូវមើលថាតើយកទៅធ្វើអីគេ។ បើសិនជាគាត់យកទៅបង្កើតប្រាក់ចំណូលថ្មី ប្រហែលជាគេអាចសិក្សាថាវាអាចបង្កើតប្រាក់ចំណូលបន្ថែមអត់។ បើសិនជាគាត់យកទៅប្រើប្រាស់សមរម្យ ខ្ញុំជឿថាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តផ្តល់ឱ្យនៅឡើយ។
នេះជាតំណភ្ជាប់ដើម្បីអានអំពី ចំណុចត្រូវដឹង មុននឹងសម្រេចទទួលប្រាក់កម្ចី៕
This post is also available in:
EN