ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ជំនួយចំនួន២លានអឺរ៉ូតាមរយៈ ECOMORE II (គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ការផ្លាស់ប្តូរប្រព័ន្ធអូកូឡូស៊ី និងការវាយតម្លៃហានិភ័យនៃជំងឺឆ្លង លេចឡើងថ្មីៗ) ដើម្បីពង្រឹងសមត្ថភាពមន្ទីរពិសោធន៍នៅប្រទេសកម្ពុជា និងប្រទេសចំនួន៤ ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ រួមមានប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និង វៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បញ្ចាក់ថា អនុវត្តដោយវិទ្យាស្ថានប៉ាស្ទ័រ គម្រោងនេះមានគោលដៅពង្រឹងយន្តការតាមដាន ធ្វើរោគវិនិច្ឆ័យ និងឆ្លើយតបចំពោះជំងឺរបស់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ AFD បង្ហាញក្តីសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍ជួរមុខនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ប្រធាន AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Yazid Benzaid បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “យើងចាំបាច់ត្រូវទប់ស្កាត់ការផ្ទុះឡើងជំងឺនេះ ដោយផ្តល់ការគាំទ្រដល់ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសដៃគូ តាមរយៈការពង្រឹងសមត្ថភាពរបស់មន្ទីរពិសោធន៍”។
AFD ឱ្យដឹងថា ជាមួយជំនួយនេះ មន្ទីរពិសោធន៍ចំនួន៧នៅក្នុងប្រទេសទាំងនេះ ក្នុងនោះមានមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងមានលទ្ធភាពទិញឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យបន្ថែម ទិញឧបករណ៍ការពារសម្រាប់បុគ្គលិក ពង្រឹងធនធានមនុស្ស បណ្តុះបណ្តាល និងផ្ទេរចំណេះដឹង ព្រមទាំងពង្រីកការធ្វើរោគវិនិច្ឆ័យទ្រង់ទ្រាយធំបន្ថែមលើការធ្វើរោគវិនិច្ឆ័យតាមម៉ូលេគុលក្នុងពេលបច្ចុប្បន្ន និងផ្លាស់ប្តូរទិន្នន័យជាមួយវិទ្យាស្ថានស្រាវជ្រាវបារាំងសម្រាប់ការអភិវឌ្ឍដើម្បីតាមដាន ការវិវត្តនៃជំងឺនេះ។
លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង់ បារីល (Laurence Baril) នាយិកាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងជាមន្រ្តីជំនាញបច្ចេកទេសអន្តរជាតិ នៃក្រសួងការបរទេសបារំាង មានប្រសាសន៍ថា៖ “ការផ្តល់ហិរញ្ញប្បទាននេះ មានសារសំខាន់ក្នុងការជួយជ្រោមជ្រែងមន្ទីរពិសោធន៍ផ្នែក វីរុសសាស្រ្តនានា និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយក្នុងផ្នែកសុខភាពសាធារណៈនៅតាម ប្រទេសដៃគូទាំង៥នៃគម្រោង ECOMORE នៅចំពោះមុខនៃវិបត្តិសុខាភិបាលបង្កឡើងដោយ ជំងឺកូវីដ១៩ ។ ជាមួយបណ្តាញក្នុងតំបន់ យើងអាចផ្លាស់ប្តូរបទពិសោធន៍គ្នា និងអភិវឌ្ឍ វិធីសាស្រ្តរបស់យើងក្នុងការគ្រប់គ្រងជំងឺនេះ”។
លោកស្រី វេជ្ជបណ្ឌិត ឡូរ៉ង់ បារីល បញ្ជាក់បន្ថែមថា៖ “មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថិតក្នុងចំណោមមន្ទីរពិសោធន៍ឈានមុខទាំង៧របស់អង្គការសុខភាពពិភពលោក ហើយ ជំនាញបច្ចេកទេសរបស់យើង នឹងត្រូវចែករម្លែកជាមួយមន្ទីរពិសោធន៍ពាក់ព័ន្ធទាំងអស់”។
ចំណែកលោកសាស្រ្តាចារ្យ ព្យែរ ម៉ារី ហ្ស៉ីរ៉ា នាយកបណ្តាញអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា គម្រោង ECOMORE II ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី បេសកកម្មដ៏សំខាន់របស់បណ្តាញអន្តរជាតិនៃវិទ្យាស្ថានប៉ាស្ទ័រទាំងអស់ ដែលតាមរយៈអ្នក ស្រាវជ្រាវរបស់ខ្លួននៅជុំវិញពិភពលោក កំពុងខិតខំប្រឹងប្រែងចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងថ្មីៗ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ៕
This post is also available in:
EN