ថ្ងៃទី៣១ ឧសភា គឺជាទិវាពិភពលោកគ្មានថ្នាំជក់។ ជារៀងរាល់ឆ្នាំ អង្គការសុខភាពពិភពលោក (WHO) តែងលើកឡើងនូវប្រធានបទផ្សេងៗដើម្បីធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅលើពិភពលោកអំពីផលប៉ះពាល់នៃថ្នាំជក់។ ចុះចំណែកនៅកម្ពុជាវិញ តើថ្នាំជក់មានផលប៉ះពាល់បែបណាដល់សុខភាពប្រជាជន និងសេដ្ឋកិច្ច?
ទិវាពិភពលោកគ្មានថ្នាំជក់ ត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក កាលពីឆ្នាំ១៩៨៧ ក្នុងគោលបំណងរំលឹកប្រាប់ដល់ប្រជាជននៅលើពិភពលោកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ អំពីស្ថានភាពនៃការផលិតថ្នាំជក់នៅលើពិភពលោក អំពីការប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធនឹងការប្រើប្រាស់ថ្នាំជក់ដែលត្រូវបានគេចាត់ទុកថាជាជំងឺឆ្លងមួយ និងដើម្បីផ្តល់ឱកាសឱ្យប្រជាជននៅលើពិភពលោកអាចសម្ដែងទស្សនៈប្រឆាំងនឹងថ្នាំជក់ ព្រមទាំងទាមទារនូវសិទ្ធិសេរីភាពក្នុងការទទួលបានសុខភាពល្អសម្រាប់ពួកគេ និងកូនចៅរបស់ពួកគេ។
កន្លងទៅ គេឃើញមានប្រធានបទដូចជាថ្នាំជក់និងសុខភាពសួត ថ្នាំជក់និងជំងឺបេះដូង ថ្នាំជក់និងការគំរាមកំហែងដល់ការអភិវឌ្ឍ ឬការបង្កើនពន្ធលើថ្នាំជក់ ជាដើម។ ដោយឡែកសម្រាប់ប្រធានបទនៅឆ្នាំ២០២០ នេះ គឺនិយាយអំពី «ការការពារយុវជនពីការបោកបញ្ឆោតរបស់ក្រុមហ៊ុនផលិតថ្នាំជក់ និងបង្ការកុំឱ្យពួកគេប្រើប្រាស់ថ្នាំជក់»។
របាយការណ៍របស់អង្គការសុខភាពពិភពលោក បង្ហាញថា ចំនួនមនុស្សស្លាប់នៅលើពិភពលោកដោយសារការប្រើប្រាស់ថ្នាំជក់មានប្រមាណ ៨លាននាក់ក្នុងមួយឆ្នាំៗ ក្នុងចំណោមនោះមនុស្សប្រហែល ១លាន ២សែននាក់ដែលមិនមែនជាអ្នកជក់តែបានស្លាប់ដោយសារតែទទួលផ្សែងពីអ្នកជក់។
សម្រាប់ប្រទេសកម្ពុជា របាយការណ៍របស់អង្គការសុខភាពពិភពលោកក៏ដូចជារបាយការណ៍អង្កេតថ្នាក់ជាតិរបស់វិទ្យាស្ថានស្ថិតិជាតិនៃក្រសួងផែនការថាចំនួនអ្នកប្រើប្រាស់ថ្នាំជក់មានជាង ២លាននាក់ ក្នុងនោះចំនួនអ្នកប្រើប្រាស់អាយុចាប់ពី ១៥ឆ្នាំឡើងទៅមានការកើនឡើងច្រើន ហើយអ្នកប្រើប្រាស់អាយុចន្លោះពី ៤៥ ដល់ ៦៤ឆ្នាំក៏មានការកើនឡើងច្រើនដែរ ជាពិសេសសម្រាប់អ្នករស់នៅតំបន់ជនបទ និងអ្នកមានកម្រិតអប់រំទាប។
របាយការណ៍អង្កេតថ្នាក់ជាតិដែលត្រូវបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុឱ្យស្រាវជ្រាវដោយសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (Southeast Asia Tobacco Control Alliance) និងអង្គការសុខភាពពិភពលោកនេះរកឃើញថា មូលហេតុនៃការកើនឡើងចំនួនអ្នកប្រើប្រាស់ថ្នាំជក់នៅកម្ពុជា គឺដោយសារតែតម្លៃថ្នាំជក់នៅទាបនៅឡើយ ដែលយុវវ័យអាចមានលទ្ធភាពទិញយកមកជក់។ បន្ថែមពីលើនេះ របាយការណ៍ក៏រកឃើញពីការកើនឡើងនៃអ្នកដែលរងផលប៉ះពាល់ដោយផ្សែងថ្នាំជក់ពីអ្នកដទៃ ដែលភាគច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន សេវាដឹកជញ្ជូនសាធារណៈ។ល។
របាយការណ៍ថាបើទោះជាមានការផ្សព្វផ្សាយទូលំទូលាយពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ក្តី ក៏ប៉ុន្តែបំណងនៃការឈប់ប្រើប្រាស់ថ្នាំជក់នៅទាបនៅឡើយ។
អង្គការចលនាដើម្បីសុខភាពកម្ពុជា (Cambodian Movement for Health) បានផ្សព្វផ្សាយកាលពីខែសីហា ឆ្នាំ២០១៩ ដោយស្រង់លទ្ធផលស្រាវជ្រាវចេញពីរបាយការណ៍សិក្សារបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Program) អង្គការសុខភាពពិភពលោក (World Health Organization) និងលេខាធិការដ្ឋាននៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ (Convention on Tobacco Control Secretariat) បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១ម៉ឺន ៥ពាន់នាក់បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ មានន័យថាក្នុងមួយថ្ងៃៗមានពលរដ្ឋខ្មែរស្លាប់ប្រមាណ ៤០នាក់។ របាយការណ៍បញ្ជាក់ថា ៣៣% នៃអ្នកស្លាប់ទាំងអស់កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។
ជំងឺដែលរបាយការណ៍រកឃើញកើតមានលើប្រជាជនខ្មែរដោយសារការប្រើប្រាស់ថ្នាំជក់មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។
បើនិយាយពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវិញ របាយការណ៍ថាការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យកម្ពុជាខាតបង់ប្រាក់ជិត ៦៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងនោះប្រមាណ ៥៨៤លានដុល្លារបណ្តាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ចដោយសារតែមរណភាពមុនអាយុកំណត់ ផលិតភាពការងារថយចុះដោយសារការសម្រាកជក់បារី និងអវត្តមានពីការងារ។ល។ ក្រៅពីនេះ រដ្ឋក៏ត្រូវខាតបង់ប្រមាណ ៥៨៤លានដុល្លារទៀតទៅលើការចំណាយសម្រាប់ការព្យាបាលជំងឺ ដែលបង្កដោយការជក់បារី។
អង្គការចលនាដើម្បីសុខភាពកម្ពុជា ថានេះជាបន្ទុកដ៏ធ្ងន់មួយរបស់រដ្ឋាភិបាលក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេស។
កម្ពុជាបានបង្កើតច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់កាលពីឆ្នាំ២០១៥។ ច្បាប់នេះមានគោលបំណងការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថានដែលបណ្តាលមកពីផលិតផលថ្នាំជក់។
អង្គការចលនាដើម្បីសុខភាពកម្ពុជា លើកឡើងថា ប្រសិនបើកម្ពុជាអនុវត្តវិធានការត្រួតពិនិត្យថ្នាំជក់មួយចំនួនឱ្យបានម៉ឺងម៉ាត់ចាប់ពីឥឡូវនេះ កម្ពុជានឹងសង្គ្រោះជីវិតពលរដ្ឋប្រមាណ ៥ម៉ឺន ៧ពាន់នាក់ពីការស្លាប់មុនអាយុ និងបង្ការកុំឱ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាលប្រមាណជិត ២ពាន់ (១.៨៩៩) លានដុល្លារនៅឆ្នាំ២០៣៣។
វិធានការត្រួតពិនិត្យថ្នាំជក់ទាំងនោះគឺ៖
- ដំឡើងពន្ធលើផលិតផលថ្នាំជក់៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា ថាការដំឡើងពន្ធ គឺជាវិធានការដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងការខាតបង់សេដ្ឋកិច្ចបណ្តាលមកពីថ្នាំជក់។ អង្គការនេះថាប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី៤ នៅក្នុងពិភពលោកដែលហូតពន្ធលើថ្នាំជក់ទាបបំផុត និងថាបើប្រទេសកម្ពុជាដំឡើងពន្ធរហូតដល់ ៧៥% នៃតម្លៃបារីលក់រាយតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភពលោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែមប្រមាណ ២៣៥លានដុល្លារក្នុងរយៈពេល ៥ឆ្នាំខាងមុខ និង ៩៣៣លានដុល្លារក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។
- ហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ដល់សាធារណជននៅតាមទីកន្លែងសាធារណៈ ដូចជាកម្មវិធីប្រគំតន្ត្រី ឬកម្មវិធីកីឡា និងកម្មវិធីផ្សេងៗមួយចំនួនទៀត រួមទាំងការលើកកម្ពស់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ដល់អតិថិជនដោយផ្ទាល់ ឬប្រយោលតាមរយៈភ្នាក់ងារក្រុមហ៊ុនផលិតថ្នាំជក់។
- ដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់
- ពង្រឹងការហាមជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈដើម្បីការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ដែលបង្កឱ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងបរិស្ថាន។ អង្គការនេះថាក្នុងចំណោមប្រទេសអាស៊ានទាំង១០ កម្ពុជាជាប្រទេសដែលមានអត្រាស្រូបផ្សែងបារីខ្ពស់ជាងគេនៅភោជនីយដ្ឋាន។ អ្នកដែលរងផលប៉ះពាល់ភាគច្រើនគឺកុមារ និងស្ត្រី។ វិធានការហាមជក់បារីនៅកន្លែងធ្វើការ ឬកន្លែងសាធារណៈមិនត្រឹមតែជួយអ្នកមិនជក់ពីការស្រូបផ្សែងបារីពីគេទេ ថែមទាំងជួយអ្នកជក់ឱ្យកាត់បន្ថយ និងឈានទៅផ្តាច់បារីទៀតផង។
- ធ្វើយុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីផ្តល់ការយល់ដឹងដល់សាធារណជនដែលជាមធ្យោបាយដ៏សំខាន់ក្នុងការនាំមកនូវការផ្លាស់ប្ដូរសង្គមនៅក្នុងទម្លាប់ និងឥរិយាបថជុំវិញការប្រើប្រាស់ថ្នាំជក់ និងគ្រោះថ្នាក់នៃផ្សែងថ្នាំជក់ ដើម្បីបង្ការ កាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រោះថ្នាក់នៃផ្សែងផលិតផលថ្នាំជក់។
Focus មិនអាចសុំការបញ្ជាក់បន្ថែមពីក្រសួងសុខាភិបាលបានទេចំពោះបញ្ហានេះ៕
This post is also available in:
EN