«ប្រសិនការបិទសាលានៅមានរយៈពេលយូរ ហើយចំណូលរបស់សាលាដែលបានមកពីការបង្រៀនតាមអនឡាញលែងសូវទទួលបានទៀតនោះ សាលារៀននឹងមិនអាចរស់ដល់ចុងឆ្នាំ២០២០ នោះទេ»។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានមានប្រសាសន៍កាលពីខែឧសភា ថា ក្រសួងពិចារណាបើកគ្រឹះស្ថានសិក្សាឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២០ ប្រសិនបើជំងឺកូវីដ១៩ មិនរីករាលដាលបន្តទៀត។ លោកថា ក្រសួងអាចពិចារណាឱ្យបើកមុនគេសម្រាប់ថ្នាក់ទី៩ និងទី១២ ព្រោះសិស្សត្រូវត្រៀមប្រឡង។
ប៉ុន្តែកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់សារព័ត៌មានថា ក្រសួងនឹងស្នើទៅកាន់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីសុំការអនុញ្ញាតឱ្យដំណើរការសាកល្បងដំណាក់កាលទី១ សាលាស្តង់ដារសុវត្ថិភាពមួយចំនួននៅក្នុងអំឡុងខែសីហា។
បើតាមលោក រស់ សុវាចា សាលារៀនអាចនឹងបើកឱ្យដំណើរការឡើងវិញក្នុង៣ដំណាក់កាល។ ដំណាក់កាលទី១ គឺសម្រាប់សាលារៀនដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សម្រាប់សាលារៀនដែលមានស្តង់ដារសុវត្ថិភាពមធ្យម និងដំណាក់កាលទី៣ សម្រាប់សាលារៀនដែលមានកម្រិតស្តង់ដារសុវត្ថិភាពអប្បបរមា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៤ ខែកក្កដា ពីខេត្តព្រៃវែង យល់ស្របជាមួយក្រសួងអប់រំក្នុងការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សានៅក្នុងខែសីហា តែលោកចង់ឃើញការបើកសម្រាប់ថ្នាក់ឧត្ដមសិក្សាមុន ដោយសារតែវាមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ទោះជាយ៉ាងណា ក្រោយការថ្លែងរបស់លោក ហ៊ុន សែន អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានប្រាប់ Focus នៅថ្ងៃដដែលនោះថា ក្រសួងនៅមិនទាន់មានព័ត៌មានអ្វីថ្មីនៅឡើយទេជុំវិញផែនការបើកឱ្យដំណើរការគ្រឹះស្ថានសិក្សាដែលក្រសួងបានស្នើសុំការសម្រេចពីប្រមុខរដ្ឋាភិបាល។
បែបនេះក្តី នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនកាលពីថ្ងៃទី៨ ខែកក្កដា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាឯកជនជាសមាជិកចំនួន ១១៤ ក្នុងនោះ គ្រឹះស្ថានឧត្ដមសិក្សា ឬសាកលវិទ្យាល័យចំនួន ៤៥ និងគ្រឹះស្ថានសិក្សាពីកម្រិតមត្តេយ្យដល់មធ្យមសិក្សាចំនួន ៦៩ បានគាំទ្រក្រសួងអប់រំលើការបើកសាលារៀនឡើងវិញជា ៣ដំណាក់កាលនេះ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា លោក ហេង វ៉ាន់ដា បានថ្លែងប្រាប់ Focus នៅថ្ងៃទី១៥ ខែកក្កដា ថា ការបិទសាលាដោយសារជំងឺកូវីដ១៩ ពិតជាបានធ្វើឱ្យសាលារៀនឯកជនជួបវិបត្តិហិរញ្ញវត្ថុ។ ម្យ៉ាងទៀត លោកសង្កេតឃើញថាសាលាមួយចំនួនបានផ្លាស់ប្ដូរទីតាំង ខ្លះលើកស្លាកដាក់ជួល ឬលក់ក៏មាន។
ទោះជាយ៉ាងណា លោកថារហូតដល់ពេលនេះ សមាគមមិនមានតួលេខជាក់លាក់ចំនួនសាលាដែលក្ស័យធន ឬនឹងត្រូវបិទទ្វារជារៀងរហូតនោះទេ។
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា គិតត្រឹមឆ្នាំសិក្សា២០១៨-២០១៩ ប្រទេសកម្ពុជាមានសាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យសាធារណៈនិងឯកជនសរុបចំនួន ១៤.៩០៥ ដែលមានសិស្សសរុបចំនួនជាង ៣លាន ៤សែន (៣.៤០៧.៥២៩) នាក់។ ក្នុងពេលជាមួយគ្នាគិតត្រឹមឆ្នាំសិក្សា២០១៧-២០១៨ គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈមានចំនួន ៤៤ គ្រឹះស្ថានឧត្ដមសិក្សាឯកជនចំនួន ៧៧ និងគ្រឹះស្ថានក្រោយឧត្ដមសិក្សាចំនួន ៣៨ ដែលមាននិស្សិតសរុបជាង ២សែន ៣ម៉ឺន (២៣២.៩៧៨) នាក់។ ក្រៅពីនោះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជនមានចំនួន ១១១ គិតត្រឹមឆ្នាំសិក្សា២០១៥-២០១៦ ដែលមាននិស្សិតជាង ៤ម៉ឺន ៧ពាន់ (៤៦.៦៩៥) នាក់។
ចាប់ពីខែមីនា មក ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យផ្អាកដំណើរការជាបណ្ដោះអាសន្នគ្រប់គ្រឹះស្ថានអប់រំទាំងអស់នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រហូតដល់មានការជូនដំណឹងជាថ្មីទៀត។
លោក ហេង វ៉ាន់ដា យល់ឃើញថា ប្រសិនការបិទសាលានៅមានរយៈពេលយូរ ហើយចំណូលរបស់សាលាដែលបានមកពីការបង្រៀនតាមអនឡាញលែងសូវទទួលបានទៀតនោះ សាលារៀននឹងមិនអាចរស់ដល់ចុងឆ្នាំ២០២០ នោះទេ។ លោកថាបញ្ហាហិរញ្ញវត្ថុនេះ សាលាពិតជាពិបាកទប់ទល់ លុះត្រាតែម្ចាស់សាលាមានទ្រព្យសម្បត្តិលក់យកមកទប់ទល់ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិក ឬសងធនាគារ។ល។
លោកបន្តថា ប្រសិនបើការបើកសាលាឡើងវិញនៅតែមានភាពមិនច្បាស់លាស់ ឬគ្មានផែនការច្បាស់លាស់ទេនោះ ជីវិតសាលាឯកជននឹងមិនអាចបន្តបានយូរឡើយ។
លោកបញ្ជាក់ថា៖ «គ្មាននរណាមួយសុខចិត្តយកលុយទៅចំណាយចោលទៅលើបុគ្គលិករាល់ខែរាប់សិបម៉ឺនដុល្លារនោះទេ មិនអាចទ្រាំទ្របានទេ បើការបើកឡើងវិញមិនមានភាពប្រាកដប្រជា»។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៨ ខែកក្កដា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ក៏បានសំណូមពរគ្រឹះស្ថានធនាគារពន្យារការបង់ប្រាក់ដើម និងការប្រាក់រយៈពេល ១ឆ្នាំ បន្ថយអត្រាការប្រាក់ សុំខ្ចីប្រាក់បន្ថែមដោយមិនចាំបាច់មានវត្ថុបញ្ចាំ និងសុំកុំទម្លាក់ក្រេឌីត (Credit) របស់ពួកគេ។
ត្រង់ចំណុចនេះ លោក ហេង វ៉ាន់ដា ទទូចបន្ថែមថា៖ «ការជួបការលំបាកហិរញ្ញវត្ថុវាពិតជាពិបាកហើយ ណាមួយចំណូលបានមកពីការបង្រៀនតាមអនឡាញមិនអាចទប់បានយូរដែរ អ្វីដែលយើងចង់បានខាងធនាគារ សមាជិកភាគច្រើនចង់បាន គឺការពន្យារឥណទាន។ នៅក្នុងរដូវកាលកូវីដសុទ្ធតែពិបាកដូចគ្នា យើងក៏ពិបាក ម្តាយឪពុក (សិស្ស) ក៏ពិបាក ម្ចាស់ផ្ទះជួលក៏ពិបាក ហើយធនាគារក៏ពិបាក ប៉ុន្តែគួរតែមានការខាតបង់ម្នាក់បន្តិចៗ។ អ៊ីចឹងហើយសមាគមស្នើសុំធនាគារបន្ថយអត្រាការប្រាក់ ហើយកាលណាយើងសុំគេពន្យារ គេទម្លាក់ក្រេឌីតយើង។ កាលណាយើងមានបញ្ហាទាក់ទងរឿងសំណង វាប្រាកដជាគេវាយតម្លៃទម្លាក់ក្រេឌីតហើយ»៕
This post is also available in:
EN