តើអ្នកចង់កាត់បន្ថយការចំណាយ និងចូលរួមសន្សំសំចៃថាមពលអគ្គិសនីនៅកម្ពុជាដែរឬទេ? អ្នកអាចធ្វើវាបាន បើអ្នកអនុវត្តតាមការណែនាំរបស់អ្នកជំនាញ។

តម្រូវការថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ទីក្រុង និងទីប្រជុំជនមានការកើនឡើងជាបន្តបន្ទាប់ដោយសារកំណើនប្រជាជន ក្រុមហ៊ុន សហគ្រាស សំណង់អគារ និងរោងចក្រឧស្សាហកម្ម។
របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មានចំណងជើងថា «ប្រសិទ្ធភាពថាមពល» ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា បង្ហាញថា វិស័យសំណង់រួមជាមួយវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតកម្មអង្ករ និងវិស័យទេសចរណ៍ជាសសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍បន្តថា វិស័យសំណង់អគារគឺជាអ្នកប្រើប្រាស់ថាមពលចុងក្រោយធំបំផុតបន្ទាប់ពីវិស័យដឹកជញ្ជូន និងឧស្សាហកម្ម ដោយមានចំណែកប្រមាណ ៤០%។ ការប្រើប្រាស់ថាមពលរបស់វិស័យសំណង់អគារត្រូវបានព្យាករថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៤០។
ទាក់ទងនឹងការប្រើប្រាស់ថាមពលក្នុងគ្រួសារវិញ របាយការណ៍រកឃើញថាការប្រើប្រាស់ថាមពលនៅក្នុងអគារលំនៅឋានភាគច្រើនគឺសម្រាប់ភ្លើងបំភ្លឺ ចម្អិនអាហារ ទូទឹកកក និងម៉ាស៊ីនត្រជាក់។ គេរំពឹងថានឹងមានការផ្លាស់ប្ដូរ ពីព្រោះមនុស្សនឹងទិញឧបករណ៍អគ្គិសនីកាន់តែច្រើននៅពេលកម្រិតប្រាក់ចំណូលកើនឡើង។
របាយការណ៍ស្រាវជ្រាវឃើញថា អ្នកដែលមានម៉ាស៊ីនត្រជាក់នៅប្រទេសកម្ពុជាប្រើវាជាមធ្យម ១៤ម៉ោងក្នុងមួយថ្ងៃ ភាគច្រើននៅពេលយប់។ របាយការណ៍ព្យាករថា ម៉ាស៊ីនត្រជាក់ និងទូទឹកកកទំនងជាកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារកម្រិតប្រាក់ចំណូលកើនឡើង។
របាយការណ៍ដដែលឱ្យដឹងថា ឧបករណ៍អគ្គិសនីដែលប្រជាជនខ្មែរប្រើប្រាស់នៅតាមផ្ទះមានកង្ហារ ទូរទស្សន៍ ចង្ក្រានអគ្គិសនី ទូទឹកកក ឆ្នាំងអ៊ុត ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ ទូរស័ព្ទដៃ កុំព្យូទ័រផ្ទាល់ខ្លួន ឧបករណ៍កម្ដៅទឹកអគ្គិសនី។ល។
ថាមពលដែលប្រជាជនខ្មែរប្រើប្រាស់ច្រើនជាងគេនៅក្នុងគ្រួសារនៅទូទាំងប្រទេសកម្ពុជា គឺទៅលើការចម្អិនអាហារ (៤៥%) ទូទឹកកក (១៧%) កង្ហារ (១៣%) ម៉ាស៊ីនត្រជាក់ (១២%) ភ្លើងបំភ្លឺ (៩%) និងឧបករណ៍ផ្សេងៗទៀត (៤%)។
របាយការណ៍កត់សម្គាល់ថា ភ្លើងបំភ្លឺ ទូទឹកកក និងម៉ាស៊ីនត្រជាក់ គឺជាឧបករណ៍ប្រើប្រាស់អគ្គិសនីដ៏សំខាន់នៅក្នុងគ្រួសារវណ្ណៈកណ្តាលនៅទីក្រុងក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា របាយការណ៍ថា តាមរយៈការជំនួសឧបករណ៍ទាំងអស់នៅក្នុងប្រភេទទាំងនេះដោយបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពបំផុត គ្រួសារខ្មែរនីមួយៗអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់ ៣.០០០គីឡូវ៉ាត់ម៉ោង និង ៥៤៥ដុល្លារអាមេរិក គិតជាថ្លៃថាមពលរៀងរាល់ឆ្នាំ។
តើអ្នកអាចកាត់បន្ថយការចំណាយលើថាមពលនៅផ្ទះរបស់អ្នកដោយវិធីណា?
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបង្ហាញគន្លឹះមួយចំនួនដែលអ្នកអាចយកទៅអនុវត្តដើម្បីសន្សំសំចៃថាមពលនៅផ្ទះ និងកាត់បន្ថយការចំណាយទៅលើផ្នែកនេះ។
- បិទកុងតាក់៖ បិទអំពូលភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ និងកុំព្យូទ័រនៅពេលមិនប្រើ។ បើកដំណើរការឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមិនចាំបាច់។ ចៀសវាងដោតឌុយទុកឱ្យទូរទស្សន៍ និងឧបករណ៍ផ្សេងទៀតនៅលើរបៀបរង់ចាំដែលអាចនៅស៊ីភ្លើង។ វាជាការយល់ច្រឡំដែលអ្នកនឹងប្រើថាមពលតិចដោយបើកម៉ាស៊ីនត្រជាក់ទុកចោល ខណៈដែលអ្នកមិននៅផ្ទះ។ អ្វីដែលអ្នកកំពុងធ្វើ គឺខ្ជះខ្ជាយថាមពល។
- ប្រើអំពូលមានប្រសិទ្ធភាព៖ ដូរអំពូលភ្លើងពងមាន់ទាំងអស់ជាមួយអំពូលអិលអ៊ីឌី (LED) ដែលមានគុណភាពល្អ។ ប្រសិនបើអ្នកកំពុងប្រើអំពូលស៊ីអេហ្វអិល (CFL) សូមជំនួសវាដោយអំពូលអិលអ៊ីឌីនៅពេលដែលវាខូច។
- ផ្លាស់ប្ដូរបរិក្ខារអគ្គិសនីចាស់ៗមិនមានប្រសិទ្ធភាព៖ តើទូទឹកកក ឬម៉ាស៊ីនត្រជាក់នៅផ្ទះមានអាយុលើសពី ៥ឆ្នាំមែនទេ? អ្នកអាចសន្សំសំចៃថាមពលបានច្រើននៅពេលផ្លាស់ប្ដូរវាជាមួយបរិក្ខារថ្មីដែលមានប្រសិទ្ធភាពថាមពល។ រកមើលបរិក្ខារណាដែលមានស្លាកសញ្ញាថាមពល និងទិញតែទូទឹកកក ទូក្លាសេ ម៉ាស៊ីនត្រជាក់ដែលមានផ្កាយ៥។
ក្រៅពីនេះ អ្នកក៏អាចអនុវត្តតាមវិធីសាស្ត្រមួយចំនួនដើម្បីធ្វើឱ្យផ្ទះរបស់អ្នករក្សាភាពត្រជាក់។
- ធ្វើឱ្យត្រជាក់ដែលចំណាយតិច៖ បើកបង្អួចឱ្យខ្យល់ត្រជាក់ដើម្បីធ្វើឱ្យផ្ទះរបស់អ្នកត្រជាក់នៅពេលព្រឹកព្រលឹម ឬពេលល្ងាចដែលត្រជាក់។ ការប្រើប្រាស់កង្ហារមានការចំណាយទាប ដើម្បីដំណើរការ និងងាយថែទាំជាងម៉ាស៊ីនត្រជាក់។ ប៉ុន្តែសូមបិទកង្ហារនៅពេលអ្នកចេញពីបន្ទប់។
- ធ្វើឱ្យត្រជាក់ឆ្លាតជាងមុន៖ អ្នកអាចសន្សំសំចៃបាន ៣% ដោយបង្កើនសីតុណ្ហភាពម៉ាស៊ីនត្រជាក់ ១អង្សាសេ។ ក្នុងអំឡុងខែត្រជាក់ អ្នកប្រហែលជាមិនត្រូវការម៉ាស៊ីនត្រជាក់ទេ។ នៅពេលអ្នកចូលគេង សូមប្រើមុខងារកំណត់ពេលវេលាដែលអាចបិទបន្ទាប់ពី ២ ទៅ ៣ម៉ោង។
- រក្សាខ្យល់ក្តៅនៅខាងក្រៅ និងខ្យល់ត្រជាក់នៅខាងក្នុង៖ បិទទ្វារ និងបង្អួចនៅពេលម៉ាស៊ីនត្រជាក់របស់អ្នកដំណើរការ។ បិទចន្លោះប្រហោងខ្យល់នៅជុំវិញទ្វារ និងបង្អួច ដើម្បីកាត់បន្ថយការលេចធ្លាយខ្យល់។ ដំឡើងកញ្ចក់ការពារពន្លឺព្រះអាទិត្យ បិទរបារឬវាំងននដើម្បីចៀសវាងពន្លឺព្រះអាទិត្យចាំងចូលដោយផ្ទាល់ទៅក្នុងផ្ទះរបស់អ្នក។ ដំបូលទទួលខុសត្រូវមួយផ្នែកធំដែលទទួលពន្លឺព្រះអាទិត្យនៅពេលអាកាសធាតុក្តៅ។ លាបលើដំបូលជាមួយពណ៌ស្រាល អ្នកនឹងសន្សំសំចៃថាមពលបាន។ ការបន្ថែមស្រទាប់អ៊ីសូឡង់នៅក្រោមដំបូល ឬនៅលើពិដាននៅក្រោមដំបូលនឹងរក្សាកម្ដៅនៅខាងក្រៅ។
- ថែរក្សាម៉ាស៊ីនត្រជាក់របស់អ្នកឱ្យស្អាតជានិច្ច៖ អនុវត្តតាមកាលវិភាគសម្អាតដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំអំពីម៉ាស៊ីនត្រជាក់របស់អ្នក។ ការសម្អាតប្រចាំខែនៃតម្រងខ្យល់ខាងក្នុង ធ្វើឱ្យប្រព័ន្ធដំណើរការប្រកបដោយប្រសិទ្ធភាព។ ត្រូវតែសម្អាតម៉ាស៊ីនត្រជាក់ដោយអ្នកបច្ចេកទេសរៀងរាល់ ៦ខែម្តងប្រសិនបើអ្នកប្រើវាជាប្រចាំ៕
This post is also available in:
EN