សំឡេងរួបរួម គឺជាគន្លឹះសំខាន់ក្នុងចងក្រង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការលើកឡើងរបស់កញ្ញា លី ពិសី ជាសហស្ថាបនិក និងប្រធានសម្របសម្រួល របស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា (RoCK)។ ស្ដាប់បទសម្ភាសន៍ Focus ជាមួយពិសី ក្នុងការចងក្រងសហគមន៍ឱ្យបានរឹងមាំមួយ ដើម្បីជាប្រព័ន្ធគាំទ្រ ក្នុងការលើកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នៅកម្ពុជា។

កញ្ញា លី ពិសី គឺជាបុគ្គលមួយរូបដែលជឿយ៉ាងមោះមុត ទៅលើឥទ្ធិពលនៃសំឡេងរួម។ កញ្ញា លី ពិសី គឺជាសហស្ថាបនិកមួយរូបរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ដែលហៅកាត់ថា រ៉ក់។
មានស្រុកកំណើតនៅខេត្តសៀមរាប កញ្ញា លី ពិសី បានមកបន្តការសិក្សានៅរាជធានីភ្នំពេញនៅឆ្នាំ 2002 ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ កញ្ញា លី ពិសី បានធ្វើការសង្គមជាច្រើន លើការកាត់បន្ថយភាពក្រីក្រ សិទ្ធិមនុស្ស និងការអភិវឌ្ឍរបស់ស្ត្រី។ បទពិសោធន៍ការងារនាពេលដំបូងៗទាំងនោះ បានធ្វើឱ្យពិសីយល់ថា ការបង្កើតសហគមន៍ដ៏រឹងមាំ និងការរួបរួមគ្នា គឺជាគន្លឹះក្នុងការផ្ដល់អំណាចដល់អ្នកគ្មានសំឡេង។ ការយល់ឃើញទាំងនោះ បានក្លាយជាឆន្ទៈរបស់ពិសី ដែលកញ្ញាបានពាំនាំយកវាទៅអនុវត្តនៅក្នុងសហគមន៍របស់នាងផ្ទាល់។
ចាប់ពីឆ្នាំ ២០០៩ មក កញ្ញា ពិសី និងអ្នកស្ម័គ្រចិត្តជាមិត្តភ័ក្ដិដទៃទៀត ចាប់ផ្ដើមប្រឡូកការងារ ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា លើកដំបូងនៅក្នុងប្រទេសកម្ពុជា និងបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ដោយចង់បន្លឺសំឡេងនៃសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា កញ្ញា លី ពិសី និង សមាជិកក្រុមដទៃទៀត នៅតែបន្តធ្វើសកម្មភាពជួយទៅដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា រហូតដល់ឆ្នាំ ២០១០ សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)បានលេចចេញជាឈ្មោះ។ ៤ ឆ្នាំក្រោយមក សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ក៏បានចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្ដល់ជាកន្លែង និងឱកាសសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដោយពេញលេញ។
Focus បានសហការជាមួយកម្ពុអ៊ែរ៉ា ធ្វើបទសម្ភាសន៍ជាមួយ កញ្ញា លី ពិសី អំពីកិច្ចការងារផ្តួចផ្តើមចងក្រងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ក៏ដូចជាបទពិសោធន៍ជុំវិញ ការរួមចំណែកក្នុងការគាំទ្រសមភាពសិទ្ធិ និងការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា។

ហេតុអ្វីបានបងចាប់ផ្តើមការងារលើការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក៏ដូចជាចូលរួមក្នុងការផ្ដួចផ្ដើមអង្គការសហគមន៍ឥន្ទធនូកម្ពុជា RoCK?
កើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ឆ្លុះបញ្ចាំងទៅលើសង្គម គ្រួសារ និងអ្វីៗសព្វគ្រប់ហ្នឹង។ ខ្ញុំធ្លាប់ធ្វើការជាមួយស្ត្រីប្រកបរបរផ្លូវភេទ ភាគច្រើនស្ត្រី ប៉ុន្តែក៏មានអ្នកប្ដូរយេនឌ័រដែរប្រកបរបរផ្លូវភេទ។ កាលហ្នឹងនៅជាអ្នកហាត់ការ។ ក្រោយមកទៀត ធ្វើជាមួយកម្មកររោងចក្រ ភាគច្រើនកម្មការិនី អ្នកកាត់ដេរ ហើយនិងកសិករ។ វាបានបណ្ដុះបងឱ្យមើលឃើញឆន្ទៈខ្លួនឯង មើលឃើញអ្នកដែលទាល់ អ្នកដែលក្រ គឺមិនសូវមានសំឡេង សំឡេងដែលគេស្ដាប់ ទឹកមាត់មិនសូវប្រៃ។ ហើយដើម្បីឱ្យប្រៃ ទាល់តែរួមគ្នាឱ្យច្រើន។ អញ្ចឹងបានបងធ្វើការនៅថ្នាក់មូលដ្ឋាន ផ្ដោតលើការចងក្រង ពីព្រោះមានតែការចងក្រងទេ ដែលឱ្យយើងយល់ថា យើងមានទុក្ខធុរៈអ្វី ធ្វើឱ្យចេះឆ្ងល់។
ក្រោយមកទៀត បងស្គាល់មិត្តភ័ក្ដិដែលស្រលាញ់ភេទដូចគ្នា។ ដល់បងធ្វើការលើវិស័យផ្សេងៗ ក៏ជួបគ្នា ហើយក៏បានទំនាក់ទំនងគ្នា ហើយបងផ្ទាល់ជាស្ត្រីស្រឡាញ់ស្ត្រី។ វាជាការសំខាន់ក្នុងការមានក្រុម។ អ៊ីចឹងហើយបានបងចូលស្ម័គ្រចិត្ត បង្កើតក្រុមដំបូង គឺបង្កើតក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានបរទេស មានខ្មែរ ធ្វើជាទិវាអន្តរជាតិប្រឆាំងអំពើរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា លើកទីមួយឆ្នាំ 2009។ ពេលនោះសុទ្ធតែអ្នកស្ម័គ្រចិត្ត។ ហើយអ៊ីចឹងទៅ ថ្ងៃអាទិត្យឡើង យើងទៅណាត់គ្នានៅភោជនីយដ្ឋានទៅពិភាក្សាគ្នា ធ្វើយ៉ាងម៉េចទៅ។ វាកក់ក្តៅជាងមុន ដោយសារតែយើងមានក្រុម។ ដល់យើងធ្វើ 2-3 ឆ្នាំជាប់គ្នាទៅ បានសហគមន៍យើង រកនឹកដាក់ឈ្មោះក្រុមយើងមួយ។
នេះវារំញោចពីឥទ្ធិពលនៃការមានក្រុម វាសំខាន់ព្រោះ វាមិនឲ្យយើងឯកោ។
តើការងាររបស់បងបានផ្លាស់អ្វីខ្លះដល់បងនិងសង្គមជុំវិញខ្លួន?

បងឃើញពីផ្លាស់ប្តូរ ពីបុគ្គល ក្រុម និងសហគមន៍។ បង និងក្រុមដែលស្មគ្រ័ចិត្តដំបូង គឺមានការធ្វើតេស្តថា តើយើងធើ្វការមួយគ្នាបានអត់ ក្នុងភាពជាសហដឹកនាំក្រុម និងសហគមន៍មួយ។ ក្នុងនោះមានចម្រុះ មានអ្នកស្រឡាញ់ភេទដូចគ្នា ស្រឡាញ់ខុសគ្នា ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស អ្នកប្តូរយេនឌ័រ មានវណ្ណៈខុសគ្នា រៀនខុសគ្នា។ អ្នកណាពូកែអ្វី ខ្សោយអ្វី យើងចូលរួមចំណែកផ្លាស់ប្តូរគ្នា។ ទីពីរគឺ អ្នកដែលកៀរគរធនធាន។ ឧទាហរណ៍ colleague ជនជាតិអៀរឡង់ ដែលជាសហស្ថាបនិករបស់ RoCK ម្នាក់ទៀត ដែលគាត់ជួយបណ្ដុះបណ្ដាលពួកបង ឲ្យជួយសម្រុះសម្រួលគ្នា កុំឈ្លក់អំណាច តម្លាភាព ភាពជាអ្នកដឹកនាំ ស្វែងរកជំនួយ។ យកធាតុនឹងដាក់ចូលគ្នា បានក្លាយជាក្រុមមួយ ដែលសម្បូរដោយធនធាន ដែលខ្ញុំមានមោទនភាព។
ខ្ញុំសួរថា តើសាធារណជនមើលឃើញអ្នកស្រឡាញ់ភេទដូចគ្នាច្បាស់ជាងមុនទេ? ឬក៏ស្រពេចស្រពិល បើប្រៀបធៀបនឹង ១២ឆ្នាំមុន។ បងគិតថាមិនមែនសហគមន៍ឥន្ទធនូធ្វើតែម្នាក់ឯងទេ សុទ្ធតែមានបណ្ដាញ ប៉ុន្តែ បើសិនជាមិនមានពួកយើង កាលនោះជួយបន្លឺសំឡេងនៅប្រទេសកម្ពុជា ពួកយើងប្រហែលជានៅកន្លែងស្រពិចស្រពិលនៅឡើយ។ ខ្ញុំគិតថាពួកយើងបានរួមចំណែក ឱ្យឃើញពីភាពច្បាស់ជាងមុនថា យើងមានវត្តមាននៅក្នុងសង្គមខ្មែរ។
តើបងបានជួបប្រទះឧបសគ្គអ្វីខ្លះ ក្នុងការងារបំពេញហ្នឹង ដើម្បីធ្វើឲ្យមនុស្សជុំវិញខ្លួនមើលឃើញបញ្ហាដូចគ្នា?

ផលវិបាកមានមិនចេះចប់ ពេលដែលយើងមិនមែនជាអ្នកស្គាល់គ្នា។ តើធ្វើម៉េចឱ្យយើងទុកចិត្តគ្នា ហើយនិងធ្វើការជាមួយក្រុមចម្រុះដែលមិនស្គាល់គ្នាសោះ។ ធ្វើម៉េចឱ្យយើងមានភាសាតែមួយ ដែលយល់ចិត្តគ្នា។ ហ្នឹងពិបាកមែនទែន។ មុនយើងហ៊ានទៅប្រាប់សាធារណៈ ម្ដាយឪពុកយើង ឬក៏ក្រុមយើងដែលមានភាពដូចគ្នានោះ [យើងត្រូវ]បណ្ដុះឆន្ទៈយ៉ាងម៉េច យល់ចិត្តគ្នាយ៉ាងម៉េច ស្មោះត្រង់ជាមួយគ្នាយ៉ាងម៉េច។ នេះជាផលលំបាកមួយដែលយើងអាចជម្នះបាន គឺរៀនកុំឈ្លក់នឹងអំណាចនេះឯង។ រៀនដាក់លើតុ មានស៊ីអត់ស៊ី យើងដាក់ជាមួយគ្នា យើងយល់ពីទុក្ខធុរៈគ្នា។ ការកសាងទំនុកចិត្តក្រុម នេះជាការលំបាកជាងគេ ហើយស៊ីពេលខ្លាំងមែនទែនមែន។
ទីពីរ គឺឱកាសដែលមានមិនចេះចប់។ ឧទាហរណ៍បងពូកែនិយាយ ហើយសហការីរបស់បងពូកែធ្វើ តើយើងបង្កើតឱកាស និងផ្ដល់ឱកាសឲ្យគ្នាយ៉ាងដូចម្ដេច ហើយរុញនិងលើកទឹកចិត្ត។
លំបាកទី ៣នឹង គឺយើងធ្វើរឿងដែលគេមិនចាប់អារម្មណ៍។ គេតែងតែថាឱ្យយើង ហើយគេហ្នឹង គឺគ្រប់មជ្ឈដ្ឋាន រួមទាំងមិត្តភ័ក្ដិជាទីស្នេហារបស់យើង។ មួយវិញទៀត គឺរឿងវប្បធម៌ សីលធម៌ រឿងអ្នកស្រលាញ់ភេទដូចគ្នាគឺរមាស់ ហាក់ដូចយើងទៅឆ្កឹះឆ្កៀលវប្បធម៌ សីលធម៌សង្គម ដែលគេមិនចូលចិត្ត ឱ្យមានអ្នកស្រឡាញ់ភេទដូចគ្នានោះទេ គេមិនចង់បើកចិត្តទទួល ឃើញ ឮ នឹងស្ដាប់។ ក្រុមយើងបណ្ដុះឱ្យគេយល់ និងចាប់អារម្មណ៍។ យូរហើយ ពិបាកណាស់។ ពេលខ្លះយើងហត់ ហើយក៏ចង់ឈប់ធ្វើដែរ។ ប៉ុន្តែយើងត្រូវមានប្រព័ន្ធគាំទ្រ ដើម្បីឲ្យយើងដើរទៅមុខបាន ហើយរាល់ថ្ងៃចរន្តនៃការគាំទ្រផ្លូវចិត្ត ស្មារតីហើយ និងសតិសម្បជញ្ញៈ គឺក្រុម និងសហគមន៍។
តើបងធ្វើយ៉ាងណា ដើម្បីឲ្យគេឲ្យតម្លៃលើការងាររបស់ខ្លួន និងឱ្យគេចូលរួមលើកកម្ពស់សិទ្ធិទាំងអស់គ្នា?
ខ្ញុំខ្លួនឯង និងសមាជិកសហគមន៍ និយាយនិងរំលឹកគ្នារហូត ហេតុអ្វីបានជាយើងបង្កើតសហគមន៍ឥន្ទធនូកម្ពុជា។ ទី ២ បើគោលដៅរបស់យើងច្បាស់ហើយ ចុះរបៀបធ្វើការរបស់យើងច្បាស់លាស់ដែរឬទេ។ ភាពច្បាស់លាស់នេះហើយ ដែលធ្វើឲ្យសមាជិកសហគមន៍ ជឿលើយើង។ ចំណុចទី 3 យើងត្រូវរំលឹកគ្នាថា គុណតម្លៃខ្មែរជាអ្វី យើងត្រូវតែស្គាល់អោយបានច្បាស់។ គុណតម្លៃខ្មែរ គឺយើងជាមនុស្សដែលចេះគោរពគ្នាទៅវិញទៅមក មានសេចក្តីថ្លៃថ្នូរ ស្មោះត្រង់ និងទទួលខុសត្រូវ។
ទាំងអស់នេះហើយដែលគេឃើញពីក្រុមយើង ហើយគ្មាននរណាដែលមិនគោរពមនុស្សល្អទេ។
តាមរយៈការងារនិងបទពិសោធន៍របស់បង តើយុវជនអាចធ្វើអ្វីបានខ្លះ ក្នុងការបង្កើតឲ្យមានការផ្លាស់ប្ដូរវិជ្ជមានក្នុងសង្គមខ្មែរ?

ពីខ្ញុំ អ្នកជំនាន់ថ្មី និងអ្នកជំនាន់ចាស់ សុទ្ធតែមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គមដូចគ្នា។ ជំនាន់ទាំងពីរសុទ្ធតែមានភាពខ្លាំងនិងខ្សោយ។ អ្វីដែលសំខាន់បំផុត គឺយើងកុំដាក់បន្ទុកលើយុវជន តែផ្ទុយមកវិញ បង្កើតជាកន្លែងឬឱកាស សម្រាប់គ្រប់ជំនាន់ដែលមានតួនាទីសំខាន់ និយាយគ្នា រៀនពីគ្នា ហើយនិងគោរពគ្នា។
ខ្ញុំឃើញថាយុវជន អ្វីដែលល្អគឺគាត់មានវេទិកាច្រើន ដែលអាចរកគ្នាក្នុងការបញ្ចេញគំនិតយោបល់។ អាចនិយាយថា ឥឡូវ យើងពុំមានទំនាក់ទំនងដោយផ្ទាល់ ភាគច្រើនទំនាក់ទំនងនោះចេញពីប្រព័ន្ធសង្គម ហើយខ្ញុំឃើញនៅចន្លោះប្រហោងនៅកន្លែងនេះដែលយើងអាចបំពេញបាន។ ភាពបក់ទៅលឿន គឺបុគ្គលនិយម ភាពល្បីល្បាញនិយម សម្ភារៈនិយម និង អំណាច។ ខ្ញុំមិនសូវចង់ឲ្យយុវជន មានគំនិតទាំងនេះច្រើនពេកទេ ពីព្រោះយើងជាអ្នកដឹកនាំជំនាន់ក្រោយ។
ខ្ញុំជឿលើការរួបរួមគ្នាជាក្រុម ឬសហគមន៍ ពីព្រោះវាឋិតថេរ ដូចរំលឹកពាក្យពីដើមថា «ចង្កឹះមួយបាច់កាច់មិនបាក់»៕
This post is also available in:
EN