អ្នកជំនាញផ្នែកអប់រំ៖ «រៀនយកសញ្ញាបត្រ (Degree) តែមួយបានហើយ យកពេលវេលាទៅធ្វើជាអ្នកហាត់ការ (Intern) ការងារស្ម័គ្រចិត្ត ដើម្បីតម្រង់ទិសយើងទៅរកអ្វីដែលមានប្រសិទ្ធភាពសម្រាប់រយៈពេលវែង»។

ការកើនឡើងចំនួនសិស្ស-និស្សិត ការកើនឡើងចំនួនគ្រឹះស្ថានឧត្ដមសិក្សា ការមានជម្រើសច្រើនក្នុងការជ្រើសរើសជំនាញសិក្សា ការប្រកួតប្រជែងគ្នាផ្នែកចំណេះដឹងនិងការងារ និងកត្តាកិត្យានុភាព អាចត្រូវបានគេមើលឃើញថាជាការជំរុញឱ្យនិស្សិតមួយចំនួនចាប់យកការសិក្សាលើសពីមួយមហាវិទ្យាល័យក្នុងពេលតែមួយ។ អ្នកខ្លះទៀតសិក្សារហូតដល់ទៅបីមហាវិទ្យាល័យក្នុងពេលតែមួយក៏មាន។
ការជ្រើសរើសសិក្សាតែមួយមហាវិទ្យាល័យឬច្រើន គឺអាស្រ័យទៅតាមស្ថានភាពសង្គមជាក់ស្តែង ឬទៅតាមធនធានទ្រព្យសម្បត្តិ និងបញ្ញារបស់និស្សិតនីមួយៗ។ ទោះជាយ៉ាងណា អ្នកជំនាញក្នុងវិស័យអប់រំហាក់មិនសូវលើកទឹកចិត្តឱ្យនិស្សិតចាប់យកជំនាញសិក្សាច្រើននៅក្នុងពេលតែមួយនោះឡើយ ព្រោះយល់ថា ការសិក្សារបៀបនេះធ្វើឱ្យនិស្សិតមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីដុសខាត់ជំនាញរបស់ខ្លួនឱ្យបានល្អ។
លោក ឆាំ ប៊ុនថេត អ្នកជំនាញអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានប្រសាសន៍ថា និស្សិតមួយចំនួនរៀនពីរមហាវិទ្យាល័យដោយសារតែពេលខ្លះពួកគេត្រូវបានឪពុកម្តាយបង្ខំ ដូច្នេះគេត្រូវរៀនជំនាញមួយដែលខ្លួនពេញចិត្ត និងជំនាញមួយទៀតដែលឪពុកម្តាយចង់ឱ្យរៀន។ លោកថាករណីបែបនេះបានកើតឡើងស្ទើរតែពាក់កណ្តាលទៅហើយទៅលើសិស្សរបស់លោកដែលលោកធ្លាប់បានសាកសួរ ហើយជាទូទៅនិស្សិតទាំងនេះភាគច្រើនចេញពីគ្រួសារមានជីវភាពមធ្យម។
ក្រៅពីនោះ ភាពមិនច្បាស់លាស់របស់និស្សិតខ្លួនឯងក្នុងការចាប់យកជំនាញពិតប្រាកដសម្រាប់ជីវិត និងការពង្រីកទីផ្សារការងារសម្រាប់ខ្លួនឯងនៅពេលខាងមុខ ក៏ជាកត្តាជំរុញឱ្យនិស្សិតសិក្សាច្រើនមហាវិទ្យាល័យនៅក្នុងពេលតែមួយដែរ។ លោក ប៊ុនថេត សង្កេតឃើញថា និស្សិតខ្លះរៀនច្រើនមហាវិទ្យាល័យ ប៉ុន្តែមិនសូវឃើញខំប្រឹងរៀននោះទេ។ ការរៀនរបៀបនេះលោកហៅថាគ្រាន់តែរៀនដើម្បីឱ្យអស់ម៉ោងប៉ុណ្ណោះ។ ចំណែកឯលទ្ធផល ឬប្រសិទ្ធភាពនៃការសិក្សាវិញ គឺមានតិចតួចខ្លាំងណាស់។
លោក ប៊ុនថេត កត់សម្គាល់បន្ថែមថា៖ «មានការសិក្សាស្រាវជ្រាវច្រើនណាស់ដែលគេរកឃើញថា និស្សិតដែលរៀនចេញពីសាលាមានប្រសិទ្ធភាព ហើយយកទៅធ្វើការងារបានក្នុងចំណោម ១០០% នៃសមត្ថភាពការងារ គឺមិនបាន ១៥% ផង។ ជាទូទៅ លទ្ធភាពដែលគាត់អាចយកជំនាញទៅធ្វើការឱ្យមានប្រសិទ្ធភាពគឺមានតិចតួចមែនទែន។ ដូច្នេះអ្នករៀនច្រើនមហាវិទ្យាល័យ មិនប្រាកដថាគាត់រៀនបានច្រើនពូកែជាងអ្នករៀនតែមួយមហាវិទ្យាល័យនោះទេ»។
លោក ប៊ុនថេត បានបន្ថែមថា៖ «និស្សិតរៀនច្រើនមហាវិទ្យាល័យគ្មានពេលវេលាដើម្បីយកជំនាញដែលគាត់បានរៀន ឬចំណេះដឹងដែលគាត់បានរៀនយកទៅអនុវត្តផ្ទាល់ប្រចាំថ្ងៃ គឺអត់សូវមានទេ ព្រោះថាពេលគាត់រៀន ៤ម៉ោងនៅសាលាមួយនៅពេលព្រឹក រៀន ៤ម៉ោងនៅសាលាមួយទៀតនៅពេលរសៀល ល្ងាចឡើងគាត់ដង្ហើមលែងចេញបាត់ហើយ អស់កម្លាំងបាត់ហើយ ដូច្នេះឱកាសនៃការយកក្បួនឬវិធីពីមហាវិទ្យាល័យទៅអនុវត្ត គឺអត់មានតែម្តង»។
បញ្ហាដែលគេមើលឃើញសម្រាប់និស្សិតសិក្សាច្រើនជាងមួយមហាវិទ្យាល័យនៅក្នុងពេលតែមួយ គឺពួកគេមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការស្រាវជ្រាវមេរៀន ឬឯកសារ ឬអានសៀវភៅនៅផ្ទះ និងមិនមានពេលធ្វើការងារផ្សេងៗដើម្បីបង្កើនចំណេះដឹង ឬបទពិសោធន៍ការងារសម្រាប់ពង្រឹងជំនាញរបស់ខ្លួននៅពេលខាងមុខ ដូចជាធ្វើការងារជាអ្នកហាត់ការ ធ្វើការងារក្រៅម៉ោង ការងារសង្គមស្ម័គ្រចិត្ត ឬចូលរួមសកម្មភាពសហគមន៍ដែលជាឱកាសបង្កើតនូវបណ្ដាញទំនាក់ទំនងទទួលបានចំណេះដឹង បទពិសោធន៍ការងារ និងបទពិសោធន៍សម្រាប់ជីវិត។
លោក ឆាំ ប៊ុនថេត កត់សម្គាល់ថា ជាទូទៅនិស្សិតដែលរៀនតែមួយមហាវិទ្យាល័យហើយចំណាយពេលវេលាធ្វើការងារស្ម័គ្រចិត្ត ឬធ្វើការងារហាត់ការ ឱកាសនៃភាពជោគជ័យនៅក្នុងជីវិតមានច្រើនជាងនិស្សិតដែលរៀនច្រើនមហាវិទ្យាល័យ ដោយសារពួកគេមានឱកាសយកអ្វីដែលបានរៀននៅសាលាទៅអនុវត្តជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។
លើសពីនេះ លោកថាការរៀនច្រើនមហាវិទ្យាល័យ ឬការរៀនយកសញ្ញាបត្រច្រើនធ្វើឱ្យចំណាយពេលវេលាច្រើន ហើយនៅពេលចូលធ្វើការងារគេមិនដែលសួររកសញ្ញាបត្រតិច ឬច្រើននោះទេ គឺគេសួររកបទពិសោធន៍ការងារ និងចំណេះជំនាញពិតប្រាកដ។
ស្រដៀងគ្នានេះដែរ លោកវេជ្ជបណ្ឌិត គួច ម៉េងលី នាយកវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង និងជាវាគ្មិនសាធារណៈម្នាក់ដែលច្រើនត្រូវបានគេអញ្ជើញឱ្យផ្តល់ទស្សនៈអប់រំដល់យុវជន សិស្ស និស្សិត អំពីការសិក្សា ឬភាពជោគជ័យនៃជីវិត។ លោកបានថ្លែងណែនាំនិស្សិតនៅក្នុងពិធីជួបជុំមួយក្នុងពេលកន្លងទៅថា និស្សិតគួររៀនតែមួយមហាវិទ្យាល័យបានហើយ។ លោកថានៅប្រទេសគេរីកចម្រើន និស្សិតគេមិនរៀនច្រើនមហាវិទ្យាល័យនោះទេ។ លោកថាការរៀនរបៀបនេះគ្មាននរណាកោតសរសើរនោះឡើយ។
លោកផ្តល់ដំបូន្មានថា៖ «រៀនតែមួយឱ្យច្បាស់ ហើយសល់ពេលទៅរៀនភាសា…ហើយធ្វើការហាត់ការនៅឆ្នាំទី១ ទី២ ទី៣ ដល់ឆ្នាំទី៤ ពេលរៀនចប់ដាក់ពាក្យធ្វើការ គេតែងសួររកបទពិសោធន៍ការងារបីបួនឆ្នាំ។ ហ្នឹងហើយជាបទពិសោធន៍ការងារ។ អ៊ីចឹងសល់ពេលមួយល្ងាចទៀត ទៅរៀនភាសាអង់គ្លេស ESL (English as Second Language)»។
តួលេខក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា ប្រទេសកម្ពុជាមានគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ (Tertiary Institution Public) ចំនួន ៤៤គ្រឹះស្ថានឧត្ដមសិក្សាឯកជន (Tertiary Institution Private) ចំនួន ៧៧ និងគ្រឹះស្ថានក្រោយឧត្ដមសិក្សា (Post Tertiary Institution) ចំនួន ៣៨ នៅទូទាំងប្រទេសដែលមាននិស្សិតសិក្សាសរុបជាង ២សែន ៣ម៉ឺននាក់ (២៣២.៩៧៨) គិតត្រឹមឆ្នាំសិក្សា ២០១៧-២០១៨។ ក្នុងនោះ និស្សិតដែលសិក្សានៅតាមគ្រឹះស្ថានឧត្ដមសិក្សាឯកជនមានជិត ៦០% (៥៨%) នៃចំនួននិស្សិតសរុប។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ដើម្បីឱ្យការសិក្សាទទួលបានជោគជ័យ អ្នកសិក្សាមិនត្រូវប្រើផ្លូវកាត់នោះទេ។ មានន័យថា ត្រូវសិក្សាតាមដំណើរ មិនត្រូវមានការតក់ក្រហល់ និងចង់បានសញ្ញាបត្រច្រើនមកទុកផ្អូមដែលគេអត់ត្រូវការ ឬអាចយកមកប្រើប្រាស់បាន។ លោកថាអ្នកជោគជ័យ គឺគេយកពេលវេលាក្នុងវ័យសិក្សាដើម្បីសន្សំការស្រឡាញ់ ការរាប់អាន សន្សំចំណេះដឹង បទពិសោធន៍ សន្សំការយល់ដឹងឱ្យបានទូលំទូលាយតាមរយៈការអាន ការស្តាប់ ការចូលរួមការបណ្តុះបណ្តាល ឬកម្មវិធីផ្សេងៗ។
លោកផ្តល់ការណែនាំដល់សិស្ស និស្សិត បន្ថែមថា៖ «បើសិនជាប្រឡងជាប់ (បាក់ឌុប) មិនគួរមានមោទនភាពជ្រុលទេ។ វាគ្រាន់តែជាវគ្គទី១ នៅក្នុងឆាកជីវិតសម្រាប់បួនដប់ម្ភៃវគ្គទៅក្រោយទៀត ខំរកមហាវិទ្យាល័យណាល្អមួយរៀន ហើយរៀនមុខវិជ្ជាណាមួយឱ្យច្បាស់។ អ្នកជោគជ័យលើលោកនេះសុទ្ធតែជាអ្នករៀនពិត អ្នករៀននូវអ្វីដែលគេចូលចិត្តបំផុតចេញពីក្រអៅបេះដូងរបស់គេដែលដក់ក្នុងខួរក្បាលតាំងពីតូចមក ហើយដែលគេតែងតែស្រមៃថាចង់ធ្វើ។ សូម្បីតែអ្នកណាមកជំរុញ ម៉ែឪមកបង្ខំយ៉ាងណាក៏ដោយ យើងនៅតែលួចមកធ្វើអាហ្នឹង អានអាហ្នឹង ស្រាវជ្រាវអាហ្នឹង មើលអាហ្នឹង។ ដូច្នេះហើយ អ្នកមហាជោគជ័យគេតែងតែរៀន តែងតែធ្វើ»៕
This post is also available in:
EN