បន្ទាប់ពីការស្វែងរកខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំ ស៉ីន សេដ្ឋសុជ្ឈតា សមាជិកក្មេងជាងគេ បំផុតនៃគ្រួសារអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត បានសម្រេចចិត្តបន្តដំណើរក្នុងវិថីសិល្បៈដូចក្រុមគ្រួសាររបស់ខ្លួន ហើយបង្កើតជាស្នាដៃចម្រៀងថ្មីៗ ដែលរំលេចពីអត្តសញ្ញាណរបស់ខ្លួនក្នុងនាមជាសិល្បការិនីជំនាន់ថ្មីមួយរូប។

ដំបូងឡើយ សុជ្ឈតា មិនបានដឹងច្បាស់ទេថាឈ្មោះ “ស៊ីន ស៊ីសាមុត” ដែលលេចចេញក្នុងសៀវភៅ ដែលគេស្គាល់ថា “Elvis Persley របស់កម្ពុជា” គឺជាជីតាបង្កើតរបស់នាងនោះទេ។ តាមរយៈសៀវភៅសិក្សាសង្គមថ្នាក់ទី៤ ដែលខ្លួនបានសិក្សានៅកម្រិតបឋមសិក្សានេះ បានបង្ហាញកាន់តែច្បាស់ដល់សុជ្ឈតាថា នាងជាចៅស្រីម្នាក់របស់ អ្នកចម្រៀងល្បីល្បាញមួយរូបនៅទស្សវត្ថន៍ទី៦០និង៧០ ដែលនៅតែបន្តដក់ជាប់នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា។
សុជ្ឈតា ចូលចិត្តការច្រៀងតាំងពីកញ្ញាអាយុ ៧ឆ្នាំមកម្ល៉េះ។ ប៉ុន្តែដោយមើលឃើញពីភាពរដាក់រដុបនៃដំណើរជីវិតសិល្បៈ របស់លោកឪពុក គឺលោក ចាន់ឆាយា តាំងពីក្មេង។ យុវត្តីរូបនេះបានសម្រេចចិត្តថា មិនដើរតាមគន្លងឪពុក ហើយប្ដេជ្ញាថានឹងមិនដាក់ខ្លួនក្នុងវិស័យសិល្បៈនោះទេ។

ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរ នៅពេលដែលក្មេងស្រីរូបនេះធំដឹក្តីឡើង ហើយបានឆ្លងកាត់ព្យុះភ្លៀង និងភាពរីករាយនៅក្នុងជីវិត។ ហើយតាមរយៈបទពិសោធន៍ទាំងនេះ បានធ្វើឱ្យគាត់ដឹងកាន់តែច្បាស់ថា តន្ត្រីតែងតែជាផ្នែកសំខាន់មួយនៃជីវិតរបស់ខ្លួន ហើយវាមានឥទ្ធិពល ដែលអាចជួយមនុស្សឆ្លងកាត់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

កន្លងមកសិល្បការិនីវ័យក្មេងរូបនេះ បានបង្ហាញសមត្ថភាពទាំងការច្រៀង និងការនិពន្ធចម្រៀងជាច្រើន។ ក្នុងនោះ “Trilogy” គឺជាគម្រោងមួយដែល សុជ្ឈតា បានធ្វើកាលដើមឆ្នាំ ២០២១ ហើយចងក្រងជាបទចម្រៀងចំនួនបី គឺ ទទួលការពិត ជឿជាក់ និង មិនស្ដាយក្រោយ។ បទចម្រៀងទាំងនេះ ជាកញ្ចក់ឆ្លុះបញ្ចាំង អំពីជីវិតគ្រួសារ ស្នេហា និងការលំបាករបស់នាងក្នុងនាមជាអ្នកសិល្បៈនិងបទពិសោធន៍ដ៏សោកសង្រេង បន្ទាប់ពីការបាត់បង់ឪពុក និងបងប្រុសជាទីស្រឡាញ់។
វិឌីអូចម្រៀងដែលផ្អែកលើជីវិតពិតរបស់ សុជ្ឈតា បានផលិតឡើងក្រោមផលិតកម្ម KlapYaHandz (ក្លាបយ៉ាហ៊ែន)។ បទពិសោធន៍នៃការថតបទចម្រៀងទាំងបីនេះ គឺជាការបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាសិល្បការិនីដ៏មានទេពកោសល្យ ម្នាក់នេះក្នុងវិស័យចម្រៀង និងជាការបោះជំហានកាន់តែឆ្ងាយក្នុងវិស័យសិល្បៈ។

យ៉ាងណាមិញ ការបោះជំហាននេះ ក៏ជាចំណុចសំខាន់នៃការបន្តកេរដំណែលពីជំនាន់លោកតា និងឪពុករបស់ខ្លួនផងដែរ។ ប៉ុន្តែវាជាអង្រែកមួយដ៏ធ្ងន់លើស្មារបស់អ្នកចម្រៀងរូបនេះ ដោយសារមានបញ្ហាច្រើនក្នុងការបង្កើតស្នាដៃថ្មីៗ ដែលអាចបង្ហាញពីអត្តសញ្ញាណ និងស្នាដៃរបស់ខ្លួន ជាជាងអ្វីដែល មនុស្សភាគច្រើន ស្គាល់ខ្លួនថាអ្នកចម្រៀងជំនាន់ទី ៣នៃគ្រួសារ ត្រកូល ស៊ីន ឬចៅស្រីបង្កើតរបស់អធិរាជសម្លេងមាស។
យ៉ាងណាមិញ ដោយមានទេពកោសល្យ និងឈាមជ័រជាអ្នកសិល្បៈ។ សម្រាប់ដំណើរការនិពន្ធ និង ច្រៀងចម្រៀង កញ្ញា សុជ្ឈតា បានរៀបរាប់ថា “ខ្ញុំបានរៀនដោយប្រយោល តាមរយៈបទភ្លេងបុរាណខ្មែរ។ ពីអ្វីដែលខ្ញុំបានដាក់ចេញមកវាមិនមានឧបករណ៍ឬ សំឡេងខ្មែរបែប ប្រពៃណីណាមួយនោះតែគឺជារបៀបសរសេរ។ ខ្ញុំបានធំឡើងស្ដាប់តន្ត្រីខ្មែរភាគច្រើនជំនាន់ទស្សវត្សរ៍ទី៦០ និង៧០ ដែល ប្រើប្រាស់មេតាផរច្រើន។ ខ្ញុំក៏ប្រើប្រាស់បែបនឹងដែរ”។
ក្នុងនោះ កញ្ញា សុជ្ឈតា ក៏បានចែករំលែកពីបញ្ហាទូទៅដែលសិល្បករតែងតែជួបប្រទះ គឺកង្វះការគាំទ្រផ្នែកផ្លូវចិត្ត។
ទោះបីជាត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងណាក៏ដោយ កញ្ញានៅតែមានភាពក្លាហានក្នុងការដើរតាមក្តីស្រម៉ៃរបស់ខ្លួន ដោយប្រើប្រាស់វាជាកម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខ។

ភ្ជាប់មកជាមួយនូវបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងនាមជាអ្នកសិល្បៈនាពេលបច្ចុប្បន្ននេះទៅនឹងជំនាន់ជីតានាង កញ្ញាតែងតែឆ្ងល់ថាតើពួកគាត់ប្រឈមមុខនឹងឧបសគ្គដូចគ្នាដែរឬទេ? ហើយគាត់តែងសួរខ្លួនឯងថា “តើពេលលោកសរសេរចម្រៀងគាត់ប្រើអារម្មណ៍មួយណា? ហើយតើគាត់ត្រូវបានទទួលបានការគាំទ្រផ្លូវចិត្ត ផ្លូវអារម្មណ៍បែបម៉េច?”
ខណៈកំពុងបន្តដំណើរអាជីពចម្រៀងរបស់ខ្លួន ក្នុងពេលតែមួយនេះដែរ កញ្ញាកំពុងធ្វើការដើម្បីរក្សាស្នាដៃរបស់ជីតាខ្លួន ដោយជឿជាក់អស់ពីចិត្តថា ស្នាដៃរបស់លោកគួរតែត្រូវបានការថែរក្សា និងការពារ។
នៅក្នុងឆ្នាំ ២០០៦ ឪពុករបស់កញ្ញាបានបង្កើត “សមាគមស៊ីន ស៊ីសាមុត” ដើម្បីរក្សាកេរ្តិ៍មរតករបស់ លោកតា ស៊ីន ស៊ីសាមុត។ សមាគមនេះបានបង្រៀនតន្ត្រីដល់សិស្សានុសិស្ស ដែលមានចិត្តចង់បន្តធ្វើជាអាជីពជា អ្នកចម្រៀងដើម្បី ជួយលើកស្ទួយវិស័យតន្ត្រី សំខាន់ជាងគេគឺរក្សាសំឡេងគ្មានពីររបស់អធិរាជសម្លេងមាសគឺលោកតា ស៊ីន ស៊ីសាមុត ក្នុងបេះដូងរបស់យុវជនកម្ពុជា។
ជាចុងក្រោយក្នុងនាមជាអ្នកចម្រៀង និងជាសមាជិកនៃគ្រួសារអ្នកតន្ត្រី កញ្ញាជឿជាក់ថា «តន្រ្តី គឺជាការឆ្លុះបញ្ចាំងពីវប្បធម៌»។ កញ្ញាចង់ចូលរួមបន្តថែរក្សាស្នាដៃគ្រួសាររបស់ខ្លួន ហើយវាក៏ជាផ្នែកមួយនៃវប្បធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជាជារៀងរហូតផងដែរ។
សម្លឹងមើលទៅអនាគតភ្លឺស្វាង កញ្ញា សុជ្ឈតា នៅក្នុងបទចម្រៀង “មិនស្តាយក្រោយ” បានច្រៀងថា “ជីវិតខ្ញុំ អ្នកអាចគ្រប់គ្រងគឺមានតែខ្ញុំ។ ជីវិតខ្ញុំ គ្មានអ្នកណាអាចបង្ខំ។ ជីវិតខ្ញុំ ទំនួសខុសត្រូវគឺជារឿងធំ។ ជីវិតខ្ញុំ No regret។” អត្ថន័យចម្រៀងនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់នាងក្នុងការកសាងកេរ្តិ៍ដំណែលផ្ទាល់ខ្លួន ចៀសជាងការរស់នៅក្រោមស្រមោល នៃកេរ្តិ៍ឈ្មោះរបស់គ្រួសារនាង៕
This post is also available in:
EN