សម្រាប់អ្នកចូលចិត្តទទួលទានកាហ្វេ កាហ្វេប្រៀបបីដូចជាម៉ោងរោទ៍សំខាន់ ដែលអាចដាស់ស្មារតី និងចាប់ផ្តើមថ្ងៃថ្មីដោយអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែទម្លាប់នេះ ជាការចំណាយ ដែលខ្ជះខ្ជាយប្រាក់កាស និងអាចប៉ះពាល់ដល់សុខភាពមែនទេ?

កន្លងមកធ្លាប់មានការសិក្សាជាច្រើនបានបង្ហាញ ថាការផឹកកាហ្វេច្រើននាំបញ្ហាដល់សុខភាព ឬអាចបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែថ្មីៗនេះ មានឯកសារជ្រាវជាច្រើន បានរកឃើញថា ការផឹកកាហ្វេអាចផ្តល់សារៈប្រយោជន៍ដល់សុខភាព ជាពិសេសអាចជួយកាត់បន្ថយជំងឺបេះដូងផងដែរ ។
ការទទួលទានកាហ្វេកម្រិតមធ្យមប្រមាណ ២-៥ ពែងក្នុងមួយថ្ងៃ អាចចូលរួមចំណែកកាត់បន្ថយហានិភ័យ នៃជំងឺជាច្រើនប្រភេទដូចជា ទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង មហារីកថ្លើមនិងស្បូន ជំងឺParkinson និងជំងឺធ្លាក់ទឹកចិត្តផងដែរ។ នេះបើយោងតាមការស្រាវជ្រាវរបស់លោក Frank Hu អ្នកស្រាវជ្រាវអំពីអាហារូបត្ថម្ភ និងជំងឺទឹកនោមផ្អែម និងជាប្រធាននាយកដ្ឋានអាហារូបត្ថម្ភនៃសាកលវិទ្យាល័យ Harvard T.H. នៃសហរដ្ឋអាមេរិក។
ការស្រាវជ្រាវធំៗចំនួនពីរលើកត្រូវបានធ្វើឡើង ដើម្បីទទួលបានលទ្ធផលនេះ ។
ការស្រាវជ្រាវលើកទីមួយបានផ្អែកលើទិន្នន័យនៃការតាមដានរយៈពេល១០ឆ្នាំ ទៅលើបុគ្គលចំនួន ៣៨២,៥៣៥ រូបដែលគ្មានជំងឺបេះដូង ដើម្បីមើលថាតើការផឹកកាហ្វេមានតួនាទីក្នុងការវិវត្តនៃជំងឺបេះដូង ឬជំងឺដាច់សរសៃឈាមដែរឬទេ។ ជាលទ្ធផល គេរកឃើញថាការទទួលទានកាហ្វេពី ២ទៅ៣ ពែងក្នុងមួយថ្ងៃ បានជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមក្នុងបេះដូង ខ្សោយបេះដូង បញ្ហាចង្វាក់បេះដូង។
ការសិក្សាមួយផ្សេងទៀត បានពិនិត្យទៅលើមនុស្សចំនួន ៣៤,២៧៩នាក់ ដែលជាប់ទាក់ទងនឹងជំងឺសរសៃឈាម បេះដូងនៅកម្រិតមូលដ្ឋាន។ ការទទួលទានកាហ្វេពីរទៅបីពែងក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្រា នៃការស្លាប់ទាបជាង បើធៀបនឹងអ្នកមិនទទួលទានកាហ្វេ។
ការទទួលកាហ្វេ ជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ ឬភេសជ្ជៈផ្សេងទៀតដូចជាសូដា ឬទឹកផ្លែឈើ ផ្តល់ផលវិជ្ជមានដល់សុខភាព។ ទោះបីយ៉ាងណាក៏ដោយ ការទទួលទានកាហ្វេច្រើន ដែលជាតិកាហ្វេអ៊ីនច្រើនពេក អាចបណ្តាលឱ្យមានអាការៈជំងឺថប់បារម្ភ និងញ័រទ្រូង។ ជាពិសេស អ្នកអាចនឹងកើតមានអារម្មណ៍ញៀន បន្ទាប់ពីទទួលទានកាហ្វេច្រើនឆ្នាំ។
ហេតុនេះ អ្នកគួរទទួលទានក្នុងកម្រិតមួយសមរម្យ និងស្គាល់ច្បាស់ពីសុខភាពខ្លួនឯង ហើយធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ទើបធ្វើឱ្យសុខភាពរបស់អ្នកកាន់តែល្អប្រសើរ៕