តើយើងគ្រប់គ្នាធ្លាប់សុខចិត្តចុះចាញ់ ព្រោះតវ៉ាគេមិនបានសម្រេចទេ? ហើយចុះបើយើងចង់ឱ្យគេយល់ពីគំនិតយើង និងយល់ស្របតាមយើង តើយើងគួរតែនិយាយយ៉ាងដូចម្ដេច? នៅក្នុងភាគទី៣ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈគន្លឹះនិងបទពិសោធន៍នៃការបង្ហាញជំហររបស់ខ្លួនក្នុងការតវ៉ាមតិ វែកញែកពីប្រធានបទអ្វីមួយ។

ស្វាគមន៍មកកាន់ ផតខាស់«គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ សម្រាប់ភាគទី៣ «ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?» យើងនឹងពិភាក្សាពីប្រធានបទមួយ ដែលពេញនិយមទាក់ទិនការជជែកដេញដោលនៅក្នុងការប្រាស្រ័យទាកទងគ្នាប្រចាំថ្ងៃ ក៏ដូចជាការបង្ហាញនូវគោលជំហររបស់ខ្លួនទៅអ្នកដទៃ។
នៅក្នុងប្រធានបទនេះ អ្នកនឹងបានស្តាប់ការពិភាក្សាគ្នា រវាងពិធីការីរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី រួមជាមួយអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focusមួយរូប គឺ កញ្ញា មុនី ស្រីនាថ។ អ្នកទាំងពីរបានពិភាក្សាដោយលើកយកបទពិសោធន៍ផ្ទាល់ខ្លួនមកចែករំលែក ក៏ដូចជាចំណេះដឹង និងការស្រាវជ្រាវពីអ្នកជំនាញ ដើម្បីពិភាក្សាពីប្រធានបទនេះ ឱ្យកាន់តែស៊ីជម្រៅ។
ពាក្យថា «ជជែកដេញដោល» ជាធម្មតាតែងតែត្រូវបានគេមើលឃើញនៅក្នុងការងារវិជ្ជាជីវៈដែលមានភាគីពីរ មកបង្ហាញនូវមតិក៏ដូចជាជំហរផ្ទាល់ខ្លួន។ ជាក់ស្ដែង ការជជែកដេញដោលគឺជាជំនាញទន់ នៃការបញ្ចេញទស្សនៈរបស់អ្នកលើប្រធានបទមួយ។ ហើយវាបង្រៀនយើងពីរបៀបទទួលយកទស្សនៈផ្សេងគ្នារបស់ពួកគេនិងអ្នកដទៃទៀតក្នុងប្រធានបទតែមួយ។ ពួកគេរៀនយល់ស្រប មិនយល់ស្រប អាចរកវិធីដោះស្រាយបញ្ហា រៀនសម្របសម្រួលជាមួយអ្នកដទៃ។
នៅក្នុងកិច្ចពិភាក្សានោះដែរ អ្នកហាត់ការវ័យក្មេងរបស់យើង កញ្ញា មុនី ស្រីនាថ បានចែករំលែកអំពីបទពិសោធន៍ ដែលបានជួបប្រទះក្នុងការសិក្សា និងជីវិតរស់នៅប្រចាំថ្ងៃសង្គម។
ជាមួយគ្នានេះដែរ កញ្ញា បូរិន្ទ សុភាវុទ្ធតី ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួននូវទំនោរការជជែកដេញដោលអំពីបញ្ហាអ្វីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយដោយគ្មានព័ត៌មានគ្រប់គ្រាន់ និង ហេតុផលសមរម្យ ដែលផ្ទុយទៅវិញបានអាចបង្កឱ្យមានការយល់ច្រឡំ និង ជម្លោះដល់ភាគីដែលចូលរួម។
ក្នុងនោះ អ្នកហាត់ការណ៍ព័ត៌មានដ៏មានប្រជាប្រិយរបស់យើង ក៏បានរិះរករកគន្លឹះពីវាគ្មិនមួយរូបកញ្ញា ឆេង ឧស្សាហ៍ ជាស្ថាបនិកនិងគ្រូបណ្ដុះបណ្ដាលនៅ Khemara English Debate Society និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការដេញដោលពិភាក្សា។
តើអ្នកជំនាញរូបនេះ នឹងចែករំលែកអ្វីខ្លះក្នុងប្រធានបទនេះ?
ក្រោយពីស្តាប់ផតខាសភាគនេះចប់ អ្នកទាំងអស់គ្នានឹងអាចស្វែងយល់បន្ថែមពីចំណុច ដែលរារាំងអ្នកក្នុងការបង្ហាញនូវគោលជំហររបស់ខ្លួនដើម្បីឲ្យគេយល់ស្រប។ លើសពីនេះទៀត អ្នកស្ដាប់ក៏អាចពង្រឹងនូវការជជែកដេញដោលដោយគន្លឹះផ្សេងៗ ដើម្បីយកមកអនុវត្តនៅជីវិតប្រចាំថ្ងៃ។
ប្រសិនបើអ្នកចង់ឈប់អះអុញក្នុងការបង្ហាញជំហររបស់ខ្លួន និងមានទំនុកចិត្តក្នុងការជជែកដេញដោលគ្នា៕
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទី៣ របស់យើងគឺដែលនិយាយអំពី៖ «ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT
🔗Google Podcast៖ https://bit.ly/3jOEVb8
🔗Hubhopper៖ https://bit.ly/3Jf9Nvz