កសាងលើបទពិសោធន៍ចូលរួមកម្មវិធីស្ម័គ្រចិត្តទាក់ទងនឹងបរិស្ថាន ហុក សុវណ្ណវត្តី បង្កើតសហគ្រាសសង្គម Green Lady Cambodia ផលិតក្រណាត់អនាម័យស្ត្រី ដើម្បីផលប្រយោជន៍បរិស្ថាន និងអប់រំផ្សព្វផ្សាយអំពីវដ្តរដូវ គឺជាមិនមែនជារឿងកេរ្តិ៍ខ្មាស ប៉ុន្តែសំខាន់សម្រាប់សុខភាពបន្តពូជរបស់ស្ត្រី។
ហុក សុវណ្ណវត្តី វ័យ២៦ឆ្នាំ បច្ចុប្បន្នជាស្ថាបនិកសហគ្រិនសង្គម Green Lady Cambodia។ វត្តី បានចាប់ផ្ដើមគម្រោងសហគ្រិននេះ នៅឆ្នាំ២០១៧ ក្រោយពីបានចូលរួមកម្មវិធីស្ម័គ្រចិត្ត ជាមួយនឹងអេកូយុវទូត អំពីការការពារបរិស្ថាន និងវគ្គបណ្ដុះបណ្ដាល ទាក់ទងនឹងបរិស្ថានមួយ ហៅថា «Ecovillage Design Education» នៅក្នុងប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០១៦។

តើអ្វីទៅជាសហគ្រាសសង្គម Green Lady Cambodia
Green Lady Cambodia ជាសហគ្រាសសង្គម ផលិតក្រណាត់ស្ត្រី សម្រាប់ប្រើប្រាស់ពេលមករដូវ។ ក្រៅពីការលក់ផលិតផលអនាម័យស្ត្រី នៅតាមហាងនានាជាដៃគូអាជីវកម្មនិងតាមបណ្តាញសង្គម Green Lady Cambodia ក៏មានដំណើរការគម្រោងបង្រៀនក្មេងស្រី និងស្ត្រី អំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ការបង្រៀននោះ គឺផ្តោតលើប្រធានបទវដ្ដរដូវ ដែលត្រូវសង្គមខ្មែរចាត់ទុក ជារឿងកេរ្ដិ៍ខ្មាសរបស់មនុស្សស្រី និងកម្រយកមកនិយាយជាសាធារណៈ។
ផលិតផលក្រណាត់ស្ត្រី ដែលវត្តី បានណែនាំចូលមកកាន់ទីផ្សារកម្ពុជានោះ គឺក្នុងគោលបំណងចូលរួមកាត់បន្ថយ ការប្រើប្រាស់សំឡីអនាម័យប្លាស្ទិក ជួយគិតគូរដល់បរិស្ថាន។ ក្រៅពីនោះផលិតផលបែបនេះ ក៏ត្រូវបានមើលឃើញថា ជាការផ្ដល់ជម្រើសដែលមានផាសុកភាព ក្នុងតម្លៃសមរម្យមួយ ទៅដល់ស្រ្តីក្នុងការប្រើប្រាស់ប្រចាំខែផងដែរ។

« ខ្ញុំអត់ដែលបង្ខំ ឬនិយាយថា ក្រណាត់ស្រី្តល្អណាស់ ត្រូវតែប្រើទេ។ ខ្ញុំព្យាយាមនិយាយ និងចែករំលែកពីរឿងសុខភាពច្រើន ដូច្នេះស្ត្រីគាត់ជាអ្នកសម្រេចចិត្តខ្លួនគាត់ថាគួរប្រើឬអត់។ » នេះជាអ្វីដែល វត្តី ប្រាប់ Focus ក្នុងបទសម្ភាសន៍មួយ កាលពីចុងខែតុលាកន្លងទៅ។
ការណែនាំផលិតផលអនាម័យស្ត្រី ដែលប្រើប្រាស់ឡើងវិញ
ពីដំបូងឡើយ វត្តីមិនបានគិតថានឹងធ្វើគម្រោងឱ្យធំដុំ ទៅជាសហគ្រាសសង្គមនោះទេ។ វត្តីគ្រាន់តែចង់ធ្វើវាជាកូនគម្រោងតូចមួយ ដើម្បីផ្សព្វផ្សាយទៅដល់ស្រី្ត និងក្មេងស្រីឲ្យបានដឹងថា ក្រៅពីសំឡីអនាម័យ គឺពួកគេនៅមានជម្រើសផ្សេងៗទៀតដូចជា ក្រណាត់ស្រី្តដែលអាចបោកទឹកបាន ឬក៏ប្រើប្រាស់ពែងរដូវ ដែលចំណាយក្នុងតម្លៃសមរម្យមួយ ប៉ុន្តែអាចប្រើប្រាស់បានក្នុងរយៈពេលយូរ។
វត្តី ដែលជាអ្នកប្រើប្រាស់ក្រណាត់ស្រ្តីខ្លួនឯងផ្ទាល់ ហើយឃើញថា វាបានផ្លាស់ប្ដូរជីវិតរបស់ខ្លួន មានសុខភាពល្អជាងមុន មករដូវទៀងទាត់ជាងមុន។ វត្តី យល់ឃើញថា ការចែករំលែកចំណេះដឹងទាក់ទងទៅនឹងសុខភាពផ្លូវភេទ វដ្ដរដូវ និងសុខភាពស្រ្តី មិនមែនជារឿងអាក្រក់ ឬមិនល្អនោះទេ។
ចាប់ផ្ដើមគម្រោងដំបូងនៅក្នុងឆ្នាំ ២០១៧ វត្តីប្រើប្រាស់ថវិកាផ្ទាល់ខ្លួន និងមានការជួយឧបត្ថម្ភជាក្រណាត់ពីសិស្សច្បង។ បន្ទាប់ពី២ខែនៃការចាប់ផ្ដើមផលិត ទើបវត្តីទទួលបានប្រាក់ឧបត្ថម្ភពីអង្គការ Flexibility Resources Inclusivity Diversity Action (Frida) ដែលខ្លួនស្នើបាន ដើម្បីបន្តគម្រោងទៅមុខទៀត រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងការងារផ្សព្វផ្សាយទាក់ទងនឹងវដ្តរដូវស្ត្រីនេះ វត្តីមិនទទួលបានការគាំទ្រពីក្រុមគ្រួសារឡើយ នាពេលដំបូង។ «ដំបូងម៉ាក់ប៉ាគាត់អត់សូវយល់ថា ខ្ញុំធ្វើវាចង់បានអ្វី? តែក្រោយមកគាត់ចាប់ផ្ដើមយល់ ពីអ្វីដែលខ្ញុំកំពុងធ្វើ។ គាត់ដឹងថា កូនគាត់មិនទៅធ្វើអ្វីមិនល្អទេ។ »

«ធ្លាប់ចង់បោះបង់វាចោលដែរ ក៏ប៉ុន្តែពេលគិតនឹកឃើញដល់ពេលទៅបង្រៀនក្មេងៗម្ដងៗ ឃើញគាត់សប្បាយចិត្តចឹងទៅវាធ្វើឲ្យខ្ញុំអត់ដាច់ចិត្ត។» រាល់ពេលដែលវត្តី មានឱកាសទៅបណ្ដុះបណ្ដាលនៅតាមខេត្ត ជាមួយក្មេងស្រីៗនៅតាមជនបទម្ដងៗ វាបានធ្វើឱ្យវត្តី មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ ក្មេងស្រីៗទាំងនោះ ទទួលបានការបង្រៀន អំពីរបៀបដេរដោយដៃផ្ទាល់ និងប្រើប្រាស់ក្រណាត់ស្រី្ត ពីវត្តី។ ហើយឱកាសនោះ វត្តីប្រៀបប្រដូចជាជូនកាដូរមួយ ទៅកាន់ក្មេងៗទាំងនោះ។
ជាមួយនឹងភាពសប្បាយរីករាយ ដែលវត្តី បានឃើញពីក្មេងស្រី នៅពេលខ្លួនចុះទៅបង្រៀននៅតាមវិទ្យាល័យ វាបានក្លាយជាគ្រឿងជំរុញលើកទឹកចិត្តវត្តី ឲ្យបន្តការធ្វើគម្រោងទាំងនេះ។
សំណាង
វត្តី គិតថា សំណាងមិនមែនបានមកដោយឯងៗ ឬដោយមិនបានធ្វើអ្វីសោះនោះទេ។ «យើងគឺជាអ្នកកំណត់ជោគជ័យឲ្យខ្លួនឯង មិនមែននរណាម្នាក់មកកំណត់ជោគជ័យរបស់យើងនោះទេ »
វត្តី ជឿជាក់ថា យុវជនក្នុងសម័យថ្មីនេះនឹងមានឱកាសច្រើនជាងមុន ក្នុងការសម្រេចនូវអ្វីដែលពួកគេចង់ធ្វើ។ យុវជន ឥឡូវមានភាពក្លាហាន និងខ្នះខ្នែងជាងពីមុនៗ ដូច្នេះវត្តីលើកទឹកចិត្តឲ្យយុវជនបង្កើតអ្វីដែលអាចចែករំលែកឧកាស ឬបទពិសោធន៍ទៅអ្នកដ៏ទៃ ជាពិសេសគឺអ្នកនៅតាមជនបទដែលកំពុងស្វែងរកឧកាសសម្រាប់ខ្លួនដែរ។
«ខ្ញុំសង្ឃឹមថាក្មេងជំនាន់ក្រោយ នឹង ជ្រើសរើសធ្វើអ្វីដែលអាចឱ្យគាត់មានអារម្មណ៍ថាជាខ្លួនឯង ជាជាងធ្វើអ្វីដែលគាត់គិតថាត្រូវបានកំណត់ដោយសង្គម»
សម្រាប់វត្តី អ្វីដែលខ្លួនបានធ្វើទាក់ទងទៅនឹងគម្រោង The Green Lady Cambodia គឺជាជោគជ័យមួយ។ នាថ្ងៃអនាគត វត្តីក៏នៅតែបន្តគម្រោងបង្រៀនស្រ្តី និងក្មេងស្រីទាក់ទងទៅនឹងសុខភាពផ្លូវភេទ វដ្ដរដូវ និងសុខភាពស្រ្តីទៅមុខទៀតជានិច្ច។
វត្តី លើកទឹកចិត្តឲ្យមនុស្សស្រីសាកល្បងមកប្រើក្រណាត់ស្រ្តី ក៏ដូចជាការចូលរួមជាមួយ The Green Lady Cambodia ក្នុងការផ្លាស់ប្ដូរទំលាប់នៃការប្រើប្រាស់សំឡីអនាម័យប្លាស្ទិក ដើម្បីជួយការពារបរិស្ថាន។
វត្តីសង្ឃឹមថាមនុស្សស្រីនឹងបើចិត្តនិយាយអំពីបញ្ហាសុខភាពផ្លូវភេទ និងវដ្ដរដូវឲ្យបានទូលាយជាងមុន ព្រោះវាជាបញ្ហាសុខភាពដែលស្រ្តី និងក្មេងស្រីគួរយល់ដឹងឲ្យបានច្បាស់ និងច្រើនជាងមុន៕

កំណត់សម្គាល់៖ នេះគឺជាកម្រងអត្ថបទជាមួយដៃគូផ្សព្វផ្សាយ KampumEra ដែលរាយការណ៍អំពីរឿងរ៉ាវរបស់យុវជនខ្មែរវ័យក្មេងដែលបានបង្កើតភាពជោគជ័យដោយខ្លួនឯង
This post is also available in:
EN