ការស្តាប់អាចជួយអ្នកឱ្យទទួលបានសារ និងព័ត៌មានថ្មីៗពីការប្រាស្រ័យទាក់ទងជាមួយនឹង មនុស្សជុំវិញខ្លួន។ ហើយប្រសិនបើអ្នកមានជំនាញកាន់តែប្រសើរក្នុងការស្តាប់សកម្ម វាជាកូនសោរសំខាន់ ដែលអ្នកអាចប្រើប្រាស់ក្នុងការទាញយប្រយោជន៍ជាច្រើនទាំងការងារ និងការរស់នៅប្រចាំថ្ងៃ ។

បើនិយាយឱ្យងាយស្រួលយល់ ការស្តាប់សំដៅទៅលើការចាប់យកសំឡេងដោយប្រើត្រចៀក។ ប៉ុន្តែមែនទែនទៅការស្តាប់ គឺមានន័យធំទូលំទូលាយជាងនេះ ព្រោះការស្តាប់តែសំឡេងតែមួយមុខដោយមិនបាន ចាប់យកអត្ថន័យនៃសារ ក៏ដូចជាការឆ្លើយតបទៅវិញទៅមក មិនអាចទទួលបានផ្លែផ្កា និងការយល់ច្បាស់គ្រប់ជ្រុងជ្រោយនោះទេ។ ហេតុនេះ ការអនុវត្តទម្លាប់នៃការស្តាប់សកម្ម ដែលរួមបញ្ចូលទាំង កាយវិការ សំឡេង និងពាក្យពេចន៍។
យ៉ាងណាមិញ បើតាមការស្រាវជ្រាវរបស់ វេជ្ជបណ្ឌិត ណាលីជ ដែលទាក់ទងនឹង គោលការណ៍ណែនាំមធ្យោបាយប្រាស័យទាក់ទង និងទំនាក់ទំនង បានលើកឡើងថាការនិយាយ ដើរតួសំខាន់ប្រមាណ ៥០%នៃក្នុងការទំនាក់ទំនង ហើយ៥០%ទៀតគឺ ពឹងផ្អែកលើការស្តាប់។ ហេតុនេះហើយការស្តាប់ និងការនិយាយដើរទន្ទឹមគ្នា។ ហើយបើយោងតាមការសិក្សាពី Harvard Business Review អ្នកស្តាប់អាចចាំបានតែ ២៥% ប៉ុណ្ណោះនៃការនិយាយបន្ទាប់រយៈពេល២ខែក្រោយ ដោយនេះបណ្តាលមកពី ជំនាញនៃការស្តាប់នូវមានកម្រិត។ តើធ្វើដូចម្តេច ដើម្បីធ្វើឱ្យការស្តាប់កាន់តែប្រសើរ? បើអ្នកពូកែស្តាប់ តើអ្នកនឹងទទួលបានគុណប្រយោជន៍អ្វីខ្លះ?
តោះ! នៅចាំអីទៀត មករៀនចំណុចសំខាន់ខ្លីៗ ដែលទាក់ទងពីជំនាញនៃការស្តាប់ជាមួយ Focus ទាំងអស់គ្នា!
កាត់បន្ថយការយល់ច្រឡំ
នៅពេលដែលអ្នកធ្វើការប្រាស្រ័យទាក់ទង អ្នកគួរយកចិត្តទុកដាក់ខ្ពស់ក្នុងការស្តាប់ ព្រោះការភ័ន្តច្រឡំច្រើនជាលទ្ធផលនៃការស្តាប់មិនបានល្អ។ ជាពិសេសមុននឹងធ្វើការសន្មត់រឿង អ្នកគួរយល់ច្បាស់ពីព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន។ ក្នុងករណីអ្នកគិតថាខ្លួនមិនមែនជាអ្នកស្តាប់សកម្ម អ្វីដែលអ្នកធ្វើបានគឺសួរសំណួរ ឬផ្តល់មតិដោយការបរិយាយជាពាក្យសម្តី ឬកាយវិកាយ។ ឧទាហរណ៍ អ្នកអាចប្រើ “បាទឬ ចាស! ខ្ញុំយល់ពីវា” សម្រាប់មតិពាក្យសម្ដី។ ហើយសម្រាប់ការបរិយាយជាពាក្យសម្តីឆ្លើយតប កាយវិកាយ អ្នកអាចងក់ក្បាល និងការបញ្ចេញទឹកមុខសមរម្យផ្សេងទៀតជាដើម។
យល់ពីគ្នាបានច្រើនជាងមុន
ការស្តាប់ គឺចាំបាច់ដើម្បីឲ្យមានភាពយល់ចិត្តគ្នានិងបង្កើនភាពចិត្តស្និទ្ធិ។ ដូច្នេះ វានឹងល្អបំផុតប្រសិន បើអ្នកអាចឆ្លុះបញ្ចាំងពីអារម្មណ៍ដែលអ្នកនិយាយមាន ព្រោះបើសិនជាអ្នកស្តាប់បានច្រើន អ្នកនឹងយល់បានច្រើនដូចគ្នា។ ឧទាហរណ៍ ប្រសិនបើភាគីម្ខាងទៀតបង្ហាញទឹកមុខសោកសៅ ឬភាពរីករាយ ក្នុងបរិបទនេះ អ្នកគួរតែបង្ហាញទឹកមុខនិងពាក្យសម្ដីស្រដៀងគ្នាផងដែរ។ ការធ្វើបែបនេះ អាចធ្វើបែបនេះអាចធ្វើឱ្យការសន្ទនាឬទំនាក់ទំនង មានភាពជិតស្និទ្ធិ និង ងាយស្រួលក្នុងការចែករំលែកសារឱ្យគ្នា ទៅវិញទៅមក។
កាត់បន្ថយការវិនិច្ឆ័យខុស
ខណៈដែលកំពុងស្តាប់នរណាម្នាក់ដោយសកម្មនិងយកចិត្តទុកដាក់ អ្នកគួរផ្តោតអារម្មណ៍ទាំងស្រុងរបស់អ្នកនៅតែស្ថិតនៅក្នុងការសន្ទនា ជៀសជាងស្វែងរកចំណុចណាមួយដើម្បីធ្វើការវិនិច្ឆ័យ។ ជាលទ្ធផល អ្នក ព្យាយាមអស់ពីសមត្ថភាពដើម្បីយល់ពីអ្នកដទៃ ហើយដកគំនិតវិនិច្ឆ័យចេញ។ ដូច្នេះ អ្នកស្តាប់ដោយមានគំនិតបើកចំហ ព្រោះគេកំពុងបញ្ចេញទស្សនៈរបស់គេដល់អ្នក។
បង្កើនផលិតភាពការងារ
មិនថា អ្នកនៅកន្លែងធ្វើការ ឬផ្ទះទេនោះទេ ការស្តាប់គឺជាជំនាញដ៏មានតម្លៃ។ មនុស្សភាគច្រើនគិតថា ពួកគេត្រូវនិយាយច្រើនដើម្បីរួមចំណែក ប៉ុន្តែការស្តាប់គឺសំខាន់ដូចគ្នា។ បើមនុស្សគ្រប់គ្នាស្តាប់គ្នាទៅវិញទៅមក វាអាចកាត់បន្ថយកំហុស និងការយល់ច្រឡំច្រើន ព្រោះពេលដែលអ្នកធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ បើសិនមានអ្នកនិយាយ ហើយគ្មានអ្នកស្តាប់នោះ វាអាចមានផលពិបាកក្នុងការសម្រេចគោលដៅរួមមួយ។ ហេតុនេះ ការស្តាប់អាចចូលរួមចំណែកបានច្រើនក្នុងការទំនាក់ទំនង ក៏ដូចជាការបង្កើនផលិតភាពការងារជាអាទ៌ផងដែរ។
បង្កើនជំនាញក្នុងភាពជាអ្នកដឹកនាំ
ដើម្បីក្លាយអ្នកដឹកនាំល្អម្នាក់ ការស្តាប់សកម្មជាធាតុផ្សំមួយសំខាន់។ ជំនាញស្តាប់នឹងជួយអ្នកឱ្យភ្ជាប់គំនិតរបស់ក្រុមការងាររបស់អ្នកជាមួយនឹងទស្សនៈផ្សេងៗ និងការពារមិនឱ្យមានការយល់ច្រឡំ។ មិនតែប៉ុណ្ណោះ អ្នកដឹកនាំក្រុមដ៏ល្អម្នាក់ អាចធានាបានថា សមាជិកគ្រប់រូបនឹងមានអារម្មណ៍ថាពួកគេនឹងទទួលបានការគោរព និងត្រូវគេឱ្យតម្លៃ ដែលមានន័យថារាល់គំនិតរបស់់គេត្រូវបានស្តាប់។ ជាពិសេស នៅពេលបញ្ហាប្រឈមកើតមានឡើង ហើយយើងមានចេះស្តាប់គ្នា វាអាចជួយឱ្យអ្នកមានងាយស្រួលក្នុងការស្វែងរកដំណោះស្រាយផងដែរ៕
«គួរក្រៅម៉ោង» គឺជាផតខាស់របស់គេហទំព័រព័ត៌មាន Focus កម្មវិធីនេះត្រូវបានផលិតដោយឯករាជ្យ។ Podcast នេះ ត្រូវបានគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្ដល់មូលនិធិពីទីភ្នាក់ងារប្រទេសស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំង ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។
អត្ថបទនេះជាផ្នែកមួយនៃគម្រោងផតខាស់«គួរក្រៅម៉ោង»ភាគទីមួយរបស់យើងគឺដែលនិយាយអំពី៖ «ម៉េចបានអត់ហ៊ានសួរ?»។ បច្ចុប្បន្ននេះ អ្នកអាចស្តាប់”ផតខាស់គួរក្រៅម៉ោង”បានតាមរយ:តំណភ្ជាប់ខាងក្រោម។ ហើយកុំភ្លេចចុច Follow ឬ Subscribe ផតខាស់របស់ពួកយើងផងណ៎ា ដើម្បីទទួលបានព័ត៌មានអំពីភាគបន្តបន្ទាប់របស់ពួកយើង៖
🔗Youtube៖ https://bit.ly/3r2m9RK
🔗Spotify៖ https://spoti.fi/3NVegr4
🔗Apple Podcasts៖ https://apple.co/3NNXOIT