ខណៈមនុស្សជាច្រើនបានជួបទុក្ខលំបាក ក្នុងអំឡុងពេលជំងឺកូវីដ ១៩ វាយលុកខ្លាំងនាដើមឆ្នាំ២០២១ យុវជន តាំងហួង ហាវ បានសង្កេតឃើញក្រុមអ្នករត់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ និងរស់នៅតាមដងផ្លូវ ជួបទុក្ខលំបាកយ៉ាងខ្លាំង។ ពួកគាត់សឹងតែគ្មានចំណូល។ ហាវ បានបង្កើតគម្រោងសប្បុរស Local4Local ជាមធ្យោបាយមួយ ដើម្បីជួយដល់អ្នកដែលកំពុងត្រូវការជំនួយ។
យុវជន តាំង ហួងហាវ នៅតែចងចាំអនុស្សាវរីយ៍ជិះស៊ីក្លូទៅទិញអាហារ និងដើរលេង ជាមួយជីដូនរបស់ខ្លួន។ នោះជាការចងចាំដ៏ល្អមួយ ចំពោះជីដូនដែលបានចែកឋានអស់រយៈពេល៣ឆ្នាំមកហើយ។
អនុស្សាវរីយ៍ទាំងនេះ ដែលធ្វើឲ្យយុវជនវ័យ២១ឆ្នាំរូបនេះ នឹកនាដល់អ្នករត់ស៊ីក្លូ ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនៅក្នុងអំឡុងពេលមានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ជីវភាព និងប្រាក់ចំណូលរបស់អ្នកធាក់ស៊ីក្លូ មានការធ្លាក់ចុះនិងកំពុងជួបនឹងផលលំបាកយ៉ាងខ្លាំង នាពេលនោះ។

នោះគឺជាការចាប់ផ្តើម Local4Local ដែលបានចាប់ផ្ដើមឡើងនៅដើមខែមេសា ឆ្នាំ២០២១។
«បើយើងមានគំនិតចង់ជួយសង្គម មិនចាំបាច់ថាទាល់តែជួយ ១០០នាក់នោះទេ។ ចាប់ផ្ដើមឡើងយើងអាចជួយមនុស្សម្នាក់ ជួយម្នាក់ក៏ជាការជួយសង្គម ជួយពីរនាក់ក៏ជាការជួយសង្គម។ ចាប់ផ្ដើមពីអ្វីដែលតូចមួយ ដែលយើងអាចធ្វើបាន ទើបយើងអាចពង្រីកទៅអ្វីធំមួយ។» នេះបើតាមការលើកឡើងរបស់លោក តាំង ហាវ ក្នុងបទសម្ភាសន៍ជាមួយ Focus តាមរយៈ Zoom ពីសហរដ្ឋអាមេរិក។
តើអ្វីទៅជាគម្រោងសប្បុរស Local4Local?
នាចុងឆ្នាំ ២០២០ ហាវ ត្រូវបំពេញកិច្ចការសាលា ដែលទាក់ទាងទៅនឹង ការថតរូបបង្ហាញ អំពីមនុស្សដែលមានជីវភាពកម្រិតទាប ប៉ុន្តែសប្បាយចិត្តទៅនឹងអ្វីដែលខ្លួនកំពុងធ្វើ។ ហើយក្រុមដែលហាវ ជ្រើសរើសគឺជាអ្នករត់ស៊ីក្លូ។ កិច្ចការនោះបានផ្តល់ឱកាសឱ្យ ហាវ បានជិះស៊ីក្លូ និងសំណេះសំណាលស៊ីជម្រៅជាមួយអ្នកធាក់ស៊ីក្លូ។
«ពេលហ្នឹងខ្ញុំជិះស៊ីក្លូនៅម្ដុំមាត់ទន្លេ និងផ្សារកណ្ដាល ហើយអ៊ំស៊ីក្លូក៏និយាយប្រាប់ថា នេះកន្លែងអ៊ំគេង នេះកន្លែងអ៊ំងូតទឹក។ ខ្ញុំគិតឃើញថាការរស់នៅរបស់គាត់ គឺលំបាកជាងយើងឆ្ងាយណាស់ អ៊ីចឹងហើយក៏រកគំនិតចង់ជួយ ធ្វើយ៉ាងណាអាចជួយគាត់បាន។» នេះបើតាមការលើកឡើងរបស់ ហាវ ក្នុងបទសម្ភាសន៍មួយ នាពេលទើបផ្តួចផ្តើម Local4Local។
ហាវ មានគំនិតចង់រកវិធីសាស្ត្រ ធ្វើយ៉ាងណាជួយអ្នកធាក់ស៊ីក្លូ ក្នុងពេលលំបាកនៃការរីករាលដាលជំងឺកូវីដ១៩។
ហាវ បានបង្កើតគម្រោងសប្បុរសអាហារ Local4Local ដែលទ្រទ្រង់ដល់ជីវភាពរបស់អ្នកធាក់ស៊ីក្លូ ដែលមានវ័យចំណាស់នៅទីក្រុងភ្នំពេញ ដោយប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម។ គម្រោងសប្បុរសនេះ មានផ្ដល់ជាគ្រឿងសម្ភារៈ គ្រឿងឧបភោគបរិភោគផ្សេងៗ ជូនទៅដល់អ្នកខ្វះខាតនៅតាមផ្លូវ និងបានចែកជាបាយ ម្ហូប សម្លក្ដៅៗ បាន២៧០០០កញ្ចប់ ហើយមកទល់ពេលនេះ។

តាំងពីគម្រោងសប្បុរសបានចាប់ផ្ដើមរហូតមកដល់ឥឡូវ Local4Local បានទទួលប្រាក់ឧបត្ថម្ភពីក្នុងស្រុក និងក្រៅស្រុកបានសរុប ៦៥០០០ដុល្លារ ហើយ។ បច្ចុប្បន្ន ក្រុមស្ម័គ្រចិត្តរបស់ Local4Local ក៏កំពុងរៀបចាំជា « Cyclo Tour » ដែលមានជា coffee day cyclo tour ដែលនឹងនាំអ្នកដំណើរទៅតាមកន្លែងដើរលេងផ្សេងៗនៅទីក្រុងភ្នំពេញ។
ជោគជ័យមកជាមួយការលះបង់
ហាវ ទទួលបានការគាំទ្រពីគ្រួសារ និងអ្នកនៅជុំវិញខ្លួនជាច្រើន ប៉ុន្តែគ្រួសាររបស់ ហាវ ក៏មានការព្រួយបារម្ភទៅលើសុខភាព និងការសិក្សាដែលមិនអាចចោលបានដែរ ដោយសារខ្លួន ត្រូវរៀនតាមប្រព័ន្ធអនឡាញនៅពេលយប់ ដើម្បីឱ្យត្រូវតាមម៉ោងអាមេរិកផង ហើយកាន់គម្រោងសប្បុរសជាការងារពេញម៉ោងនៅពេលថ្ងៃផង។

ពេលចាប់ផ្ដើមគម្រោង Local4Local ដំបូង ហាវ ធ្វើតែម្នាក់ឯងប៉ុណ្ណោះ។ គាត់ជាអ្នករ៉ាប់រងក្នុងការអង្គាសប្រាក់ កាន់ប្រព័ន្ធផ្សព្វផ្សាយ ជាអ្នកគ្រប់គ្រងផង អ្នកទំនាក់ទំនង អ្នករចនា និងជាអ្នកកាន់ខាងហិរញ្ញវត្ថុរបស់ Local4Local ផ្ទាល់ផងដែរ។ បន្ថែមលើសពីនេះ ហាវ ក៏មានការងារជា junior marketing manager នៅក្រុមហ៊ុនឯកជនមួយទៀតផងដែរ។
ដោយឡែក វាក៏ជាអ្វីដែលថ្មីមួយសម្រាប់ ហាវ ផងដែរ។ ដោយសារខ្លួននៅជានិស្សិតនៅឡើយ ហើយក៏មិនមែនជាមនុស្សដែលមានប្រជាប្រិយភាពអ្វីដែរនោះ ក៏មានការចោទសួរ មិនទុកចិត្ត និងចម្ងល់ទាក់ទងទៅនឹង ហាវ ក៏ដូចជាគម្រោង ពីសំណាក់មនុស្សជាច្រើននាក់។ ហាវ ក៏ធ្លាប់មានការបាក់ទឹកចិត្តខ្លះដែរកន្លងមក ដោយសារវាជាអ្វីដែលខ្លួនខំធ្វើអស់ពីសមត្ថភាព។
ដំបូងឡើយ ហាវ មិនមានផែនការបង្កើតជាគម្រោងធំនោះទេ ដោយគិតថាលុយដែលរៃអង្គាសបាន នឹងយកទៅជូនដល់អ្នកធាក់ស៊ីក្លូតែប៉ុណ្ណោះ ព្រោះដឹងថា ខ្លួននឹងមិននៅស្រុកខ្មែរយូរ ហើយគ្រាន់តែចង់រកវិធីណាមួយដើម្បីជួយអ្នកធាក់ស៊ីក្លូ ក្នុងពេលដែល ហាវ ជាប់គាំងនៅកម្ពុជា។
«ខ្ញុំមិនបានគិតថាគម្រោងនេះនឹងត្រូវរីកធំមកដល់ឥឡូវនោះទេ។ ដោយមានអ្នកគាំទ្រ និងបរិច្ចាគបន្តរហូតមក ក៏មានជាគម្រោងថ្មីៗ ច្រើនដូចជាគម្រោងច្នៃប្រឌិតថ្មីៗ ការលើកស្ទួយតាមរយៈសិល្បៈគំនូរនិងអីផ្សេងៗហ្នឹង»
ពេលខ្លះ ហាវក៏មានសម្ពាធលើខ្លួនឯង ក្នុងការគិតពីជំហានបន្តបន្ទាប់ទៀតសម្រាប់គម្រោងសប្បុរស និងកិច្ចការផ្សេងៗទៀត ដែលការណ៍នេះធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ ប៉ុន្តែ ហាវ ក៏មានជាដំណោះស្រាយសម្រាប់បញ្ហាដែលខ្លួនជួបប្រទះដែរ។ ហាវ ផ្ដល់ពេលវេលាដល់ខ្លួនឯងជារៀងរាល់ពេលល្ងាច លេងកីឡា សមាធិ និងព្យាយាមផ្ដល់ពេលវេលាដល់ខ្លួនឯង ជាមួយនឹងគ្រួសារ ហើយដាក់គម្លាតខ្លួនពីការប្រើប្រាស់បណ្តាញសង្គមតាមរយៈទូរស័ព្ទដៃ នៅពេលដែលស្ត្រេស។
«ខ្ញុំជឿទៅលើសំណាង ប៉ុន្តែសំណាងដែលខ្ញុំជឿលើ គឺជាសំណាងដែលចេញមកពីការខិតខំប្រឹងប្រែង។ សំណាងមិនបានមកដោយងាយនោះទេ លុះត្រាណាតែមានការលះបង់។»
តាំង ហួងហាវ – ស្ថាបនិក Local4Local – លូខលហ្វរលូខល
ហាវ ជឿជាក់ថា យុវជនជាអ្នកដែលមានគំនិតច្នៃប្រឌិតច្រើន ហើយក៏ចូលរួមក្នុងសង្គមបានច្រើន។ ដូចនេះអ្វីដែលយុវជនមានគំនិតធ្វើ គឺនឹងមានឱកាស ពេលវេលាច្រើនក្នុងការសាកល្បង និងធ្វើឲ្យគំនិតនោះចេញជារូបរាង។
គម្រោងថ្មីជាងគេរបស់ Local4Local ក្នុងពេលឥឡូវនេះគឺ «cyclo pantry» ដែលជាធុងសហគមន៍ចល័តស្ថិតក្រោមពាក្យស្លោកមួយ «អ្នកមានដាក់ អ្នកខ្វះដក» ហើយក៏ជាការជំរុញ មិនថាតិចក្ដីចច្រើនក្ដី អ្នកគ្រប់គ្នាអាចចូលរួមបរិច្ចាកបានទាំងអស់ ដើម្បីចែកជូនបន្តដល់អ្នកនៅតាមផ្លូវ។
ទោះបីខ្លួនកំពុងបន្តការសិក្សានៅអាមេរិក ហាវ ក៏នៅតែគ្រប់គ្រងគម្រោងសប្បុរសមួយនេះដដែល និងទំនាក់ទំនងជាមួយលោកអុំស៊ីក្លូយ៉ាងជិតដិត តាមប្រព័ន្ធអនឡាញ ហើយក៏នឹងមានគម្រោងថ្មីជាច្រើនទៀត សម្រាប់អភិវឌ្ឍលើគម្រោង Local4Local នៅថ្ងៃអនាគត។
ក្នុងនោះរួមមាន «Local4Local station» ដែលជាសាខារបស់ Local4Local នៅតាមខេត្តដើម្បីបន្តជួយទៅដល់អ្នកតាមខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។ ហាវ ក៏សង្ឃឹមថា នឹងមានគម្រោងសម្រាប់គម្រោងសប្បុរសតាមខេត្តជា «តុកតុក pantry» ដែលអាចជួយទៅអ្នកតាមខេត្តបាន។
គម្រោងមួយទៀតនោះគឺ Art competition ការប្រកួតសិល្បៈគំនូរ ដែលអាចបង្ហាញពីរបៀបផ្សេងៗនៃការកែច្នៃស៊ីក្លូឲ្យទៅជារូបរាងថ្មី ឬអ្វីដែលថ្មី។ «តាមពាក្យស្លោកដែលគេហៅថា Take what you need, donate what you can ។ ដែលយើងជួយនឹង មិនបានជួយបានគ្រប់គ្នារហូតតែម្ដងនោះទេ តែវាជាការបណ្ដុះគំនិតមួយ ក្នុងវប្បធម៌ចែករំលែក។»
តើអ្នកអាចចូលរួមជាមួយ ហាវ ក្នុងការគាំទ្រអ៊ំៗប្រកបរបរធាក់ស៊ីក្លូ ដោយរបៀបណា?
អ្នកអាចចូលរួមគម្រោងសប្បុរស Local4Local បានតាមរបៀប ២យ៉ាង គឺ៖
- របៀបទី១ ៖ ការបរិច្ចាគជាថវិកាតាមរយៈធនាគារ ABA ទៅទ្រទ្រង់កម្មវិធីចំនួន៤ របស់ Local4Local ក្នុងរួមមាន៖ កម្មវិធីទី១ ការផ្ដល់ប្រាក់[ឧបត្ថម្ភ]ប្រចាំសប្ដាហ៍ សម្រាប់លោកអុំស៊ីក្លូ ដែលកាន់ធុងសហគមន៍ចល័តនីមួយៗ។ កម្មវិធីទី២ ឧបត្ថម្ភលើកម្មវិធីចែកអាហារពិសា ដល់លោកអុំស៊ីក្លូ តាមរយៈប័ណ្ណពិសាអាហារ (cyclo food coupon)។ កម្មវិធីទី៣ គឺសម្រាប់ទ្រទ្រង់ផ្នែករដ្ឋបាល សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។ កម្មវិធីទី៤ គឺការពង្រីកក្រុមស្ម័គ្រចិត្ត Local4Local និងបន្តទ្រទ្រង់ធុងសហគមន៍ រួមមានអាហារ របស់របរ សម្ភារៈផ្សេងៗ។
- របៀបទី២ ៖ ក្រៅពីថវិកា អ្នកក៏អាចបរិច្ចាគជា ម្ហូបអាហារ សំលៀកបំពាក់ ជាអ្វីក៏បានឲ្យតែអាចប្រើប្រាស់បាន លើកលែងតែជារបស់ខូចខាត ឬ ម្ហូបផ្អូម នៅតាមធុងសហគមន៍ចល័តទាំង ១០កន្លែង ដែលមាននៅបរិវេណមាត់ទន្លេ, ផ្សារអូឫស្សី, ផ្សារថ្មី, ផ្សាររាត្រី ស្តុបក្ដាន់ពីរ ស្ពានជ្រោយចង្វារ សួនវត្តបុទុម បឹងកេងកង ទួលទំពូង និងផ្សារដេប៉ូ ជារៀងរាល់ម៉ោង ៩:៣០ ដល់ ១០:៣០ព្រឹក និងម៉ោង ៤ ដល់ ៥ល្ងាច ។
ក្រៅពីនេះ សូមតាមដានផេកហ្វេសប៊ុក Local4Local – លូខលហ្វរលូខល ដើម្បីផ្តល់ការគាំទ្រលើកម្មវិធីនានា ដែលផ្ដួចផ្ដើមដោយគម្រោងសប្បុរសមួយនេះ។
កំណត់សម្គាល់៖ នេះគឺជាកម្រងអត្ថបទជាមួយដៃគូផ្សព្វផ្សាយ KampumEra ដែលរាយការណ៍អំពីរឿងរ៉ាវរបស់យុវជនខ្មែរវ័យក្មេងដែលបានបង្កើតភាពជោគជ័យដោយខ្លួនឯង
This post is also available in:
EN