លោក ង៉ែត ជូ៖ «យុវជនមួយចំនួនសួរថា ស្រុកយើងគួររកស៊ីអី? ខ្ញុំថារកស៊ីអីក៏បាន សំខាន់យើងមានជំនាញឬអត់?»។

អ្នកខ្លះឃើញគេបើកអាជីវកម្មមួយជោគជ័យ ស្រាប់តែចេញបើកដូចគេដែរ តែមិនយូរប៉ុន្មានក៏ត្រូវបិទទ្វារវិញ ព្រោះតែអាជីវកម្មមិនដំណើរការ។ អ្នកខ្លះបើកមុនគេ តែដំណើរការអាជីវកម្មដើរមិនទាន់អ្នកបើកក្រោយក៏មាន។
រឿងសាមញ្ញៗបែបនេះ មហាជនអាចមើលឃើញនៅតាមកន្លែងលក់ដូរ អាហារដ្ឋាន ឬភោជនីយដ្ឋាននានា។ អាហារដ្ឋានខ្លះមានមនុស្សតម្រង់ជួរចាប់លេខចាំចូល ខណៈដែលហាងនៅជាប់ៗនោះមានអតិថិជនចូលតិចតួចបំផុត បើទោះជាមានលក់ម្ហូបអាហារ ឬផ្តល់សេវាកម្មដូចគ្នាក៏ដោយ។ វាអាចមានហេតុផលច្រើននៅក្រោយនោះ។ អ្នកខ្លះអាចជឿលើរាសី ឬហុងស៊ុយក៏មាន។
មនុស្សអាចមានចំណង់ក្នុងការធ្វើអាជីវកម្មដូចគ្នា ប៉ុន្តែភាពជោគជ័យ ឬមិនជោគជ័យលើអាជីវកម្ម វាអាចស្ថិតនៅលើសមត្ថភាព ចំណេះជំនាញរបស់មនុស្សម្នាក់ៗ។ ក្នុងសម័យកាលនៃការប្រកួតប្រជែង ជាពិសេសក្នុងផ្នែកជំនួញឬអាជីវកម្មនេះ ចំណេះ ជំនាញ បទពិសោធន៍ អាចជាកត្តាកំណត់ពីភាពជោគជ័យសម្រាប់អាជីវកម្ម ប្រហែលជាមិនអាចពឹងលើរាសី ឬហុងស៊ុយតែម្យ៉ាងនោះទេ។
ដូច្នេះ តើមនុស្សម្នាក់ ជាពិសេសសហគ្រិនវ័យក្មេង គួរដឹងអ្វីខ្លះមុននឹងចាប់ផ្តើមអាជីវកម្ម?
សម្រាប់អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ ថាមានកត្តារួមផ្សំសំខាន់ៗមួយចំនួនដែលត្រូវដឹង មុននឹងបើកដំណើរការអាជីវកម្មអ្វីមួយ។
- ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន៖ តើអ្នកជាមនុស្សដែលមានចំណង់ចំណូលចិត្តលើអាជីវកម្មដែលអ្នកប្រុងចាប់ផ្តើមឬទេ ឬអ្នកត្រូវបានគ្រួសារបង្ខំឱ្យដំណើរការវាបើទោះជាអ្នកមិនពេញចិត្តធ្វើ។ នៅកន្លែងនេះ ការជ្រើសរើសអាជីវកម្មដែលអ្នកមានចំណូលចិត្ត គឺប្រៀបដូចនឹងការរើសជំនាញសិក្សាដែលអ្នកពេញចិត្ត។ អ្នកនឹងក្លាយជាសិស្សពូកែក្នុងជំនាញសិក្សាដែលអ្នកស្រឡាញ់បំផុត។
- ចំណេះ និងជំនាញ៖ ត្រូវមានចំណេះដឹងទូលំទូលាយពីមុខជំនួញ ឬអាជីវកម្មដែលប្រុងបង្កើត មានចំណេះដឹងអំពីទីផ្សារ ជំនាញមូលដ្ឋានក្នុងការគ្រប់គ្រងមនុស្ស ការជ្រើសរើសមនុស្ស និងប្រើប្រាស់មនុស្ស ជំនាញប្រើប្រាស់ហិរញ្ញវត្ថុឬប្រាក់កម្ចី និងជំនាញទំនាក់ទំនង។ មិនប្រាកដថាអ្នកត្រូវតែរៀនផ្នែកពាណិជ្ជកម្មនោះទេ ឱ្យតែអ្នកមានចំណេះដឹងទូលំទូលាយអំពីអាជីវកម្មដែលអ្នកចង់ធ្វើ គឺអ្នកអាចចាប់ផ្តើមបាន។
- នីតិវិធី៖ យល់ពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធអាជីវកម្មរបស់ខ្លួន នីតិវិធីនៃការចុះបញ្ជីពាណិជ្ជកម្ម ការបង់ពន្ធ សេវាសាធារណៈ ដូចជាពាក្យស្នើសុំវិនិយោគ តម្លៃសេវាកម្ម ឯកសារពាក់ព័ន្ធ ឬសេចក្តីប្រកាសនានា។ល។
- អនុវត្ត និងស្វែងរកបទពិសោធន៍ការងារ៖ បើអ្នកចង់រកស៊ីបើកភោជនីយដ្ឋាន អ្នកគួរស្វែងរកធ្វើការងារនៅតាមភោជនីយដ្ឋានដើម្បីទទួលបានបទពិសោធន៍ទាក់ទងនឹងជំនួញនោះឱ្យដឹងថា ទីផ្សារក្នុងវិស័យនោះយ៉ាងដូចម្តេចដែរ ឥរិយាបថរបស់អតិថិជនបែបណា គួរផ្តល់សេវាយ៉ាងដូចម្តេច តើវាមានផលលំបាកអ្វីខ្លះក្នុងការបើកអាជីវកម្មមួយហ្នឹង? ត្រូវខិតខំប្រមូលបទពិសោធន៍ក្នុងផ្នែកផ្សេងៗតាមដែលអាចធ្វើបាន មិនថាខាងចុងភៅ ផ្នែករត់តុ ដឹងពីរបៀបគណនាថ្លៃដើម ការកំណត់តម្លៃទំនិញ។ល។
- ស្វែងរកការប្រឹក្សាយោបល់ ឬការណែនាំពីអ្នកមានបទពិសោធន៍ពីអាជីវកម្ម៖ បើអ្នកគ្រាន់តែមានប្រាក់ តែគ្មានបទពិសោធន៍ គ្មានចំណេះជំនាញ ឱកាសនៃភាពជោគជ័យរបស់អ្នក គឺទាប។ អ្នកគួរស្វែងរកការតម្រង់ទិសឱ្យបានច្រើនពីអ្នកដែលមានបទពិសោធន៍។
- បង្កើតបណ្ដាញជាមួយអ្នករកស៊ី៖ តាមរយៈបណ្ដាញ អ្នកអាចទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ បញ្ហា ឬហានិភ័យផ្សេងៗអំពីអាជីវកម្មអ្នកកំពុងធ្វើ។ ជាទូទៅ ការដែលមានបណ្ដាញវាប្រសើរជាងអ្នកធ្វើតែឯង បើទោះជាអ្នកមានប្រាក់ច្រើនក៏ដោយ។
- ឈ្វេងយល់ពីឥរិយាបថរបស់អតិថិជន និងទីតាំងឬតំបន់ដែលចង់បើក៖ តើបើកនៅតំបន់ណា? តើអ្នករស់នៅតំបន់នោះអាចមានលទ្ធភាពទិញ ឬប្រើប្រាស់ផលិតផលអ្នកឬទេ? តើស្តង់ដារនៃការរស់នៅរបស់គេយ៉ាងណា? តើផលិតផលអ្វីដែលអ្នកគិតថាអ្នកនៅតំបន់នោះត្រូវការច្រើន តែមិនសូវមានអ្នកផ្គត់ផ្គង់។ល។
- ត្រូវគិតថាបង្កើតអាជីវកម្ម គឺដូចជាវិស្វករដែលយល់ពីការងារសំណង់ទាំងមូលអ៊ីចឹង៖ ត្រូវដឹងថាត្រូវទិញសម្ភារៈមកពីណា រកកម្មករមកពីណា តទឹក តភ្លើងពីកន្លែងណា គូរប្លង់ទៅរកអ្នកណា។ល។ គឺវាត្រូវមានការផ្គុំគ្នាច្រើន។ ទាល់តែយល់ពីគោលគំនិតរួម ទើបអាចធ្វើទៅជោគជ័យបាន។
- សិក្សាពីហានិភ័យ៖ តើហានិភ័យធំបំផុតគឺអ្វី? តើអាចទប់ទល់បានឬទេ? តើអ្នកអាចទទួលយកហានិភ័យកម្រិតណា? ត្រូវធ្វើយ៉ាងម៉េចទៀតក្រោយជួបហានិភ័យខ្ពស់ដែលអាចឈានដល់បរាជ័យ? ត្រូវឈប់ធ្វើបន្តទៀត ឬអាចមានទ្រព្យសម្បត្តិលក់ដើម្បីធ្វើបន្ត ឬអាចរកអ្នកណាចូលភាគហ៊ុនដើម្បីស្រោចស្រង់?
- ដឹងពីគោលនយោបាយរបស់រដ្ឋាភិបាល៖ វិស័យខ្លះរដ្ឋាភិបាលមិនចាត់ចូលជាវិស័យអាទិភាពនោះទេ ដូច្នេះការលើកទឹកចិត្ត ឬលទ្ធភាពដែលអាចទទួលប្រភពទុនពីកម្មវិធីរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ អាចមានកម្រិតទាប។
ក្រៅពីនោះ សហគ្រិនវ័យក្មេងក៏គួរតែដឹងដែរអំពីព័ត៌មានជុំវិញបរិយាកាសនៃការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដែលក្នុងនោះរួមមាន៖
- និន្នាការសេដ្ឋកិច្ច (economic trend)៖ ដឹងពីផលិតផលសរុបក្នុងស្រុក (GDP) កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ (annual growth) កំណើនផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (GDP per capita) វិស័យជំរុញកំណើនសេដ្ឋកិច្ច (gross composition)។ល។
- និន្នាការវិនិយោគ (investment trend)៖ តើការវិនិយោគមានការកើនឡើងឬថយចុះ? តើគេវិនិយោគលើវិស័យអ្វីខ្លះ? វិនិយោគជាមួយប្រទេសណាខ្លះ?
- និន្នាការពាណិជ្ជកម្ម (trade trend)៖ ដឹងពីតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម (trade balance) ការនាំចេញ ការនាំចូល តើនាំចេញទំនិញអ្វីខ្លះ និងនាំចូលអ្វីខ្លះ?
- ការវិនិយោគផ្ទាល់ពីបរទេស (FDI)៖ វិនិយោគផ្ទាល់មានពីប្រទេសណាខ្លះ? ប្រទេសណាមានវិនិយោគផ្ទាល់ច្រើនជាងគេ ហើយវិនិយោគលើវិស័យអ្វីខ្លះ?
- ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (General System of Preferential)៖ ពេលប្រទេសមួយទទួលបានប្រព័ន្ធអនុគ្រោះពន្ធ មានន័យថាប្រទេសនោះមិនចាំបាច់បង់ពន្ធនាំចូលដល់ប្រទេសផ្តល់ឱ្យនោះទេ។ គួរដឹងថាកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសឬតំបន់ណាខ្លះ? អនុគ្រោះពន្ធលើផលិតផលអ្វីខ្លះ ឬទទួលការអនុគ្រោះរហូតដល់ពេលណា?
- ដឹងពីថ្លៃចំណាយក្នុងប្រតិបត្តិការធុរកិច្ច ដូចជាថ្លៃចំណាយលើឡូជីស្ទីក (Logistics) អចលនទ្រព្យ កម្លាំងពលកម្ម ការប្រើប្រាស់ទឹកភ្លើង និងសេវាទូរគមនាគមន៍ជាដើម។
នៅកម្ពុជា តើវិស័យអាទិភាពណាខ្លះដែលរដ្ឋាភិបាលកំពុងលើកទឹកចិត្តសម្រាប់ការវិនិយោគ?
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយយោងទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ បានចង្អុលបង្ហាញថា វិស័យអាទិភាពដែលជាឱកាសសម្រាប់ការវិនិយោគនៅកម្ពុជាមានចំនួន ៥វិស័យគឺ៖
- វិស័យឧស្សាហកម្មថ្មីៗដែលមានសមត្ថភាពហក់ចូលក្នុងទីផ្សារថ្មីប្រកបដោយភាពប្រកួតប្រជែង និងការច្នៃប្រឌិតខ្ពស់ រួមមានការផ្គុំគ្រឿងម៉ាស៊ីន ការផ្គុំឧបករណ៍អគ្គិសនី អេឡិចត្រូនិក មេកានិច ការដំឡើងគ្រឿងមធ្យោបាយដឹកជញ្ជូន និងការដំណើរការធនធានធម្មជាតិ។
- សហគ្រាសខ្នាតតូច និងមធ្យមក្នុងគ្រប់វិស័យ ជាពិសេសគឺការផលិតបរិក្ខារវេជ្ជសាស្ត្រ និងថ្នាំពេទ្យ សម្ភារៈសំណង់ សម្ភារៈវេចខ្ចប់សម្រាប់ការនាំចេញ ការផលិតគ្រឿងសង្ហារិម និងឧបករណ៍ឧស្សាហកម្ម។ល។
- ការផលិតផលិតផលកសិឧស្សាហកម្មសម្រាប់ការនាំចេញ និងសម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
- ប្រភេទផ្សេងៗនៃឧស្សាហកម្មសម្រាប់ការគាំទ្រចំពោះវិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យវាយនភណ្ឌ និងសម្រាប់ឧស្សាហកម្មបម្រើដល់សង្វាក់ផលិតកម្មក្នុងតំបន់។
- វិស័យឧស្សាហកម្មដែលបម្រើដល់ខ្សែផលិតកម្មក្នុងតំបន់ និងអ្វីៗដែលមានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ពេលអនាគត ដូចជាបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទំនាក់ទំនង ថាមពលឧស្សាហកម្មធុនធ្ងន់ សិប្បកម្មផលិតសម្ភារៈឆ្លុះបញ្ចាំងពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងបច្ចេកវិទ្យាបៃតង។
ចុចដើម្បីអានអត្ថបទ តើសហគ្រិនវ័យក្មេងអាចស្វែងរកការប្រឹក្សាយោបល់ឬទទួលការបណ្តុះបណ្តាលពីប្រភពណាខ្លះ មុននឹងបើកអាជីវកម្ម?៕
This post is also available in:
EN