ជារៀងរាល់ថ្ងៃមុនទៅសាលា ឬចេញទៅក្រៅអ្នកតែងគិតថា តើគួរស្លៀកពាក់ខោអាវបែបណា ទើបមើលទៅស្អាត តើគួររើសអាវពណ៌អ្វីទើបសម?

នេះក៏ហៅថាជាការវែកញែកដេញដោល ក្នុងការជ្រើសរើសនូវជម្រើសមួយ ដែលមិនខុសគ្នាឆ្ងាយប៉ុន្មានពីការជជែកដេញដោលនៅលើវេទិកានៅកន្លែងសាធារណៈ ឬនៅក្នុងថ្នាក់រៀន ដែលត្រូវបានគេស្គាល់ថា “ការតស៊ូមតិ (Debating)”។ អំពីប្រធានបទណាមួយនោះដែរ។
ការជជែកវែកញែក មិនថានៅទីកន្លែងសាធារណៈ ឬនៅសាលារៀន នៅផ្ទះ វាពិតជាមានសារសំខាន់ណាស់។ ជាពិសេសវាផ្ដល់ផលប្រយោជន៍ដល់យុវជន នៅក្នុងការអភិវឌ្ឍចំណេះដឹង និង ជួយបង្កើនល្បឿននៃការគិតរបស់ខ្លួន។
យុវជននៅថ្នាក់វិទ្យាល័យភាគច្រើន ពុំហ៊ានធ្វើការបញ្ចេញមតិជជែកវែកញែកគាំទ្រជម្រើសរបស់ខ្លួននោះទេ។ មិនថានៅក្នុងថ្នាក់រៀន ឬជាមួយមិត្តភក្តិ ពួកគេគិតថា វាមិនមានប្រយោជន៍ប៉ុន្មាន ក្នុងការជជែកវែកញែកបែបស៊ីជម្រៅ និងមិនសូវមានទំនុកចិត្តទៅលើគំនិតរបស់ខ្លួន។
មិនខុសគ្នាប៉ុន្មានពីនិស្សិតសាកលវិទ្យាល័យ ដែលភាគច្រើនមិនធ្វើការបញ្ចេញមតិ ជជែកវែកញែកគាំទ្រនូវជម្រើសរបស់ខ្លួន ដោយសារមិនមានភាពជឿជាក់ និងមិនចង់ឲ្យមានបញ្ហាជាមួយនឹងដៃគូម្ខាងទៀតឬអ្នកដែលខ្លួនចង់ឲ្យយល់ស្របមតិជាមួយ។
កង្វះទំនុកចិត្ត និងការខ្វះការឈ្វេងយល់ពីគំនិតរបស់ខ្លួន ជាហេតុផលដែលធ្វើឲ្យយុវជននៅមិនទាន់មើលឃើញថា ជំនាញនៃការជជែកវែកញែកសំខាន់សម្រាប់ខ្លួន ហើយវានឹងជះឥទ្ធិពលទៅដល់ជំនាញទន់របស់យុវជន ដែលនឹងធ្វើឱ្យគ្រប់គ្នាបាត់បង់នូវភាពក្លាហាន ទំនុកចិត្ត និងសមត្ថភាព។

ទាក់ទងនឹងប្រធានបទនេះ Focus បានជួបសម្ភាសន៍ជាមួយយុវតី ឆេង ឧស្សាហ៍ ជាសហស្ថាបនិកនិងជាគ្រូបណ្ដុះបណ្ដាលនៅ Khemara English Debate Society ហើយក៏ជាប្រធានក្រុមគ្រប់គ្រងព្រឹត្តិការណ៍នៅ IFL Debate Club ។
ខាងក្រោមនេះ គឺជាការចែករំលែករបស់យុវតី ឆេង ឧស្សាហ៍ នូវចំណុចសំខាន់ៗមួយចំនួន ដែលជួយឱ្យយុវជនអាចមកប្រើប្រាស់សម្រាប់ពង្រឹងសមត្ថភាពក្នុងការជជែកវែកញែកបាន។
ចេះសង្កេត
សម្រាប់ ឧស្សាហ៍ យល់ឃើញថាដើម្បីពង្រឹងសមត្ថភាព អ្នកគួរចេះសង្កេតមើលនរណាម្នាក់ ដែលតែងតែទទួលបានការយល់ស្របច្រើន នៅពេលដែលគេលើកឡើងពីមតិអ្វីមួយ យកមកជជែកវែកញែក។ អ្នកអាចកត់សម្គាល់មើល ថាតើគេនិយាយបែបណា គេលើកហេតុផលបែបណាមកនិយាយអ្នក និងរបៀបនៃការបញ្ចុះបញ្ចូលហេតុផលរបស់គេ។
ធ្វើការស្រាវជ្រាវរកហេតុផល
បើតាមបទពិសោធន៍របស់ខ្លួនក្នុងការជជែកវែកញែក ឧស្សាហ៍ បានលើកឡើងថា មុននឹងអ្នកធ្វើការលើកឡើងពីមតិរបស់អ្នក អ្នកគួរស្រាវជ្រាវរកហេតុផលមួយចំនួនជាមុន ដែលទាក់ទងទៅនឹងចំនុចដែលអ្នកគិតថាល្អ។ ការធ្វើបែបនេះ វាជួយឱ្យអ្នកមានហេតុផលសមស្រប ក្នុងការនិយាយជជែកវែកញែកគាំទ្រមតិ ដើម្បីឲ្យអ្នកស្ដាប់ទទួលបានហេតុផល ដើម្បីវិភាគគាំទ្រពីមតិរបស់អ្នក។ ការឱ្យហេតុផលច្បាស់លាស់ នឹងធ្វើឲ្យមតិរបស់អ្នកទទួលបានការគាំទ្រ និងការយល់ស្របពីអ្នកជំវិញខ្លួន។
មានភាពក្លាហាន និងជឿជាក់
យុវតី ឧស្សាហ៍ យល់ឃើញថា វាជារឿងសំខាន់ដែលអ្នកត្រូវមានភាពក្លាហានក្នុងការនិយាយ។ ជាមួយនឹងហេតុផលដែលអ្នកមានក្នុងការនិយាយគាំទ្រមតិរបស់អ្នក អ្នកអាចលើកឡើងយកមកនិយាយម្ដងមួយចំណុចៗ និងនិយាយឲ្យច្បាស់ៗ។ ត្រូវចាំថា វាជាការនិយាយជជែកវែកញែក ដែលមានការដេញដោលទៅមក ដូចនេះអ្នកមិនចាំបាច់ដាក់សម្ពាធលើខ្លួនឯងខ្លាំងនោះទេ។ អ្វីដែលអ្នកត្រូវធ្វើនោះ គឺនិយាយឲ្យអ្នកស្ដាប់យល់ពីហេតុផល និងចំណុចដែលអ្នកលើកឡើង ហើយព្យាយាមធ្វើការបកស្រាយឲ្យបានល្អ តាមដែលអ្នកអាចធ្វើទៅបាន៕