ទម្លាប់នៃការគិត ដោយប្រើតក្តវិជ្ជា ឬការត្រិះរិះពិចារណាល្អិតល្អន់ នឹងអាចជួយយើងឲ្យក្លាយជាបុគ្គលម្នាក់ ដែលអាចវិភាគទៅលើបញ្ហា ឬព័ត៌មានអ្វីមួយ ដោយភាពច្បាស់លាស់ មិនលំអៀង។ ជាពិសេសវា អាចនាំមកនូវសារៈប្រយោជន៍ចំពោះ ការរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងការចូលរួមនៅក្នុងសង្គមផងដែរ។

យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា នៅកម្ពុជាហាក់នៅមានកម្រិតចំពោះសមត្ថភាពផ្នែកខាងការត្រិះរិះពិចារណាល្អិតល្អន់ហើយជាលទ្ធផលវាជះឥទ្ធិពលដល់ការពិចារណារកហេតុផលឲ្បបានស៊ីជម្រៅរបស់ពួកគេ។
ជាក់ស្តែង ការរិះគន់ទៅលើនរណាម្នាក់ឬសាច់រឿងអ្វីមួយ នៅតាមបណ្តាញសង្គមព័ត៌មាន តាមរយៈអារម្មណ៍ពុំមានសុភវិនិច្ឆ័យច្បាស់លាស់ត្រឹមត្រូវអាចបណ្តាលឲ្យបុគ្គលនោះងាយប្រឈមនូវហានិភ័យផ្សេងៗណាមួយដល់ខ្លួន។
ប៉ុន្តែអ្នកក៏អាចចាប់ផ្តើមដុសខាត់ និងពង្រឹងចំណេះដឹងរបស់អ្នកបន្ថែមទៀតផងដែរ ដោយគ្រាន់តែធ្វើការឈ្វេងយល់ងាយៗ ជាមួយអត្ថបទនេះទាំងអស់គ្នា។
អ្វីជាការត្រិះរិះពិចារណាល្អិតល្អន់?
Embed from Getty Imagesជាសង្ខេបខ្លីការការត្រិះរិះពិចារណាល្អិតល្អន់គឺជាការគិតឬការពិចារណាអ្វីមួួយដោយមាន ហេតុផលឬតាមគន្លងសុភវិនិច្ឆ័យ។ នេះបើយោងទៅតាមសៀវភៅពុម្ភសិក្សាសម្រាប់ថ្នាក់ មហាវិទ្យាល័យដែលមានចំណងជើងថា“criticalThinking” ដែលត្រូវបានគេយកមក សិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក។
តើអ្វីទៅជាការគិតដោយមានហេតុផល ឬគន្លងសុភវិនិច្ឆ័យនោះ?
យោងតាមលោកស្រីHelenLeeBouygues ដែលជាអ្នកនិពន្ធសៀវភៅដ៏ពូកែ និងល្បីល្បាញមួយរូប មកពីសហរដ្ឋអាមេរិក ដោយស្នាដៃរបស់គាត់ត្រូវបានគេទទួលស្គាល់ និងយកមកសិក្សាជាច្រើនទូទាំងសកលលោក។
តាមរយៈការចុះផ្សាយអត្ថបទមួយរបស់លោកស្រី នៅសាកលវិទ្យាល័យហាតវើតបានពីពេលកន្លងទៅនេះ បានផ្តល់ដំបូន្មាននូវវិធីសាស្រ្តងាយៗ៣យ៉ាងដើម្បីអភិវឌ្ឍន៍ខ្លួនឈានទៅរកគន្លងនៃការគិតបែបតក្កវិជ្ជានេះ។
1. ការបង្កើតសំណួរបែបវិភាគ (Question assumptions)
Embed from Getty Imagesជាធម្មតាមនុស្សយើងតែងចូលចិត្តបង្កើតសំណួរណាដែលងាយៗដើម្បីកុំឲ្យមានអារម្មណ៍ថាឈឺក្បាលដូចជាសំណួរ “Yes and No” ដែលជាញឹកញាប់វាហាក់ដូចជាសាមញ្ញ និងមិនអាចទទួលបានព័ត៌មានច្រើន។ ហេតុដូច្នេះ លោកស្រី Helen Lee Bouygues ផ្តល់យោបល់ថា ពេលខ្លះយើងគួរតែបង្កើតសំណួបែបរវិភាគថា ឬសំណួរបើក ដែលអ្នកអាចទទួលបានព័ត៌មានច្រើនជុំវីញប្រធានបទអ្វីមួួយ តាមរយៈការបង្កើតសំណួរងាយៗដូចជា ពេលណា? នរណាខ្លះ? បែបណា? និងហេតុអ្វី? ឱ្យបានច្រើន។
2. បង្កើតហេតុផលឱ្យសមហេតុផល(Reason through logic)
ហេតុផលមួយ ដែលសមរម្យនិងសមហេតុផល គួរតែអាចឆ្លើយតបនឹងបរិបទច្រើនជុំវិញខ្លួន ដោយមិនផ្អែកលើជ្រុងតូចមួយនៃបញ្ហា និងមិនបានធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ។
លោកស្រី ហេលែន បានលើកជាឧទាហរណ៍ជាក់ស្តែងមួយថាមានក្រុមហ៊ុនមួយបានបង្កើតអាវទ្រនាប់ក្នុងរចនាបទមដូចគ្នា សម្រាប់គ្រប់ហាងនៅទូទាំងទ្វីបអឺរ៉ុប និងអាសុី ដោយពួកគេយល់ថា អតិថិជនអន្តរជាតិទាំងអស់របស់ពួកគេមានចំណូលចិត្តដូចគ្នា។
ប៉ុន្តែជាលទ្ធផល គេរកឃើញថាការយល់ឃើញនេះមិនត្រឹមត្រូវនោះទេ។
ការណ៍នេះ បានបង្ហាញថា មុននឹងធ្វើការសន្និដ្ឋានទៅលើអ្វីមួយ អ្នកធ្វើការសិក្សា និងវិភាគឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។ ហើយត្រូវចេះរៀនក្នុងការ បង្កើតសំណួរ ដោយសួរខ្លួនឯងថា៖ តើការសន្និដ្ឋានរបស់យើងពិតជាត្រូវ បានសិក្សាគ្រប់ចំណុចដែលទាក់ទងដែរឬទេ? តើភស្តុតាងទាំងអស់ត្រូវបានបង្កើតឡើងដើម្បីបង្កើតការសន្និដ្ឋានត្រឹមត្រូវជាដើម?
3. ការឈ្វេងរកភាពចម្រុះនៃគំនិត និងការសហការ(Seek out diversity of thought and collaboration)
ជាធម្មតានៅពេលដែលមនុស្សចាប់ផ្តើមបង្កើតក្រុម ពួកគេតែងចូលចិត្តទៅរកបុគ្គលផ្សេង ដែលមានគំនិតដូចគ្នា។ ក៏ប៉ុន្តែលោកស្រីហែលេនយល់ឃើញថាការប្រើប្រាស់ វិធីសាស្រ្តបែបនេះជា បញ្ហាដែលមិននាំឲ្យយើងទទួលបានគំនិតចម្រុះនោះទេ។
ហេតុនេះ អ្នកគប្បីចេះបើកចិត្ត និងបើកត្រចៀក រៀនចាប់យកនូវគំនិតថ្មីៗឱ្យបានច្រើន ព្រោះភាពចម្រុះនៃចំណេះដឹងទាំងនេះ អាចជួយអ្នកគិតកាន់តែសុីជម្រៅជាងមុន និងមើលឃើញពីអ្វីៗ ដែលកើតមានជុំវិញខ្លួនកាន់តែច្រើន។
ម៉្យាងវិញទៀត ការគិតបែបសុីជម្រៅ អាចជួយឱ្យអ្នកអភិវឌ្ឃន៍ចំណេះដឹងរបស់ខ្លួន កាន់តែប្រសើរ ហើយជំនាញនេះជាជំនាញមួយដ៏មានតម្លៃ ដែលត្រូវបានគេកំណត់ថាជាជំនាញសំខាន់មួយនៅសត្ថវត្សន៍ទី២១។ ជាពិសេស អ្នកអាចប្រើប្រាស់ជំនាញនេះ ក្នុងការចូលរួមចំនែកនៅក្នុងសង្គម និងដើរតួជាប្រជាពលរដ្ឋពេញលេញមួយរូបផងដែរ៕