ដើម្បីសម្របខ្លួនទៅនឹងតម្រូវការសង្គម និងទំនាក់ទំនងប្រចាំថ្ងៃទាំងការងារ និងការសិក្សានាពេលបច្ចុប្បន្ននេះ ជំនាញទន់ គឺជាទ្រព្យដ៏មានតម្លៃ ដែលអាចជួយអ្នក ក្នុងការសម្រេចគោលដៅ និង បង្កើតនូវផលវិជ្ជមានសម្រាប់ខ្លួនឯង និងសង្គម។

តើអ្នកដឹងទេថា មានជំនាញចំនួន ១០ ដែលដើរតួសំខាន់សម្រាប់ទីផ្សារការងារ ក្នុងសតវត្សទី ២១? នេះបើយោងតាមវេទិកាសេដ្ឋកិច្ចពិភពលោក។
ហើយក្នុងនោះរួមមានជំនាញដូចជា ការគិតវិភាគ និងការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា ការវិភាគទិន្នន័យ ជំនាញគិតពិចារណា និងការដោះស្រាយបញ្ហាជាដើម។ ហេតុនេះយើងឃើញថា ក្រៅពីជំនាញរឹង ដែលជាតម្រូវការទូទៅសម្រាប់ការងារ យើងអាចចាត់ទុកជំនាញទន់ ប្រៀបដូចជាធនធានសំខាន់មួយ សម្រាប់គួបផ្សំជំនាញការងាររបស់អ្នក។
អ្វីជាជំនាញទន់ ?
ជំនាញទន់ ជាជំនាញទាំងឡាយណា ដែលពាក់ព័ន្ធនឹងការគិតវិភាគ ការដឹកនាំ និងការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា វិភាគទិន្នន័យ ហើយជំនាញទន់ទាំងនេះ សុទ្ធតែអាចរៀនបានដោយខ្លួនឯង មិនបាច់តែថ្នាក់រៀននោះទេ។ ជាពិសេស វាក៏ជាតម្រូវការសំខាន់បន្ថែមក្រៅពីជំនាញរឹង។ ឧទាហរណ៍ជាក់ស្តែង ដើម្បីក្លាយជាអ្នកដឹកនាំល្អមួយរូប ក្រៅពីចំណេះដឹងច្បាស់លាស់នៃជំនាញរឹងអ្វីមួយ អ្នកក៏ត្រូវការជំនាញទន់ដូចជា ការដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការទាក់ទងជាមួយ មនុស្សជុំវិញខ្លួនផងដែរ ដើម្បីសម្រេចការងារទៅដោយរលូន។
នៅកម្ពុជា ចំនេះដឹងទាក់ទងនឹងជំនាញទន់ នៅមិនទាន់មានការផ្សព្វផ្សាយទូលំទូលាយនៅឡើយទេ ដោយសារការអប់រំនៅកម្ពុជាមិនទាន់ចាត់ថ្នាក់ជាជំនាញអាទិភាព។
ប៉ុន្តែមែនទែនទៅ ជំនាញទន់មិនសំដៅទៅលើគុណសម្បត្តិសម្រាប់បរិបទការងារប៉ុណ្ណោះទេ។ ប៉ុន្តែវារាប់បញ្ចូលទាំងជីវិតរស់នៅប្រចាំថ្ងៃ ដោយធ្វើឱ្យអ្នកក្លាយជាបុគ្គលគំរូ និងពលរដ្ឋល្អមួយរូប ដែលមានសុភវិនិច្ឆ័យ សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប្រកបដោយប្រសិទ្ធិភាព ភាពច្នៃប្រឌិត និងភាពក្លាហានក្នុងការជំរុញឱ្យមានការបង្កើតថ្មីៗ និងការផ្លាស់ប្ដូរវិជ្ជមានសម្រាប់ខ្លួនឯង និងសង្គមទាំងមូលផងដែរ។
ជំនាញទន់ ធ្វើឱ្យអ្នកមានទំនុកចិត្តជាងមុន
ការចូលរួមសង្គមរបស់យុវជននៅកម្ពុជា នៅមានកម្រិតនៅឡើយ ដោយសារកត្តាពេលវេលា កត្តាចំណេះដឹង និងទំនុកចិត្តលើខ្លួនឯង ជាមូលហេតុចម្បងក្នុងការរារាំងការចូលរួមសង្គមរបស់ពួកគេ។ នេះបើយោងតាមការស្រង់មតិមួយ ដែលធ្វើឡើងដោយ BBC Media Action ហើយចេញផ្សាយកាលពីឆ្នាំ២០២១ កន្លងទៅ។ បន្ថែមទៅទៀត ចំណេះដឹងខាងឌីជីថល ការស្វែងរកព័ត៌មាន និងបញ្ហាទូទៅក៏ជារនាំងឃាំងពួកគេផងដែរ។ ហើយដើម្បីលើកកម្ពស់ និងលើកទឹកចិត្តការចូលរួមរបស់យុវជន របាយការណ៍ស្រាវជ្រាវដដែលនេះ បានរកឃើញថា ជំនាញទន់ គឺជាចលករសំខាន់ដែលអាចបង្កើនទំនុកចិត្តរបស់យុវជន បង្កើតសមត្ថភាពរបស់ពួកគេ។
ការចូលរួមរបស់យុវជន អាចពាំនាំមកនូវផលវិជ្ជមានជាច្រើនដល់សង្គម។ នៅពេលណាសង្គមមួយមាន យុវជនសកម្ម ដោយពួកគេដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវ សង្គមរបស់ពួកគេ វាអាចបង្កើតឱ្យមានការច្នៃប្រឌិត និងក្លាយជាអ្នកដឹកនាំ ដែលកសាងអនាគតដ៏រឹងមាំសម្រាប់សង្គម៕