ឈ្វេងយល់អំពីការសិក្សាថ្មីៗមួយចំនួន ដែលអ្នកអាចមិនដឹងពីយោហ្គា។ ជាពិសេសអំពីអត្ថប្រយោជន៍សំខាន់ៗរបស់ យោហ្គាចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តសម្រាប់យុវវ័យ។
ការយកចិត្តទុកដាក់ចំពោះសុខភាពរាងកាយ និងផ្លូវចិត្ត ជារឿងសំខាន់ចំពោះមនុស្សគ្រប់វ័យ។ សាកស្រមៃមើលថា បើអ្នកអង្គុយធ្វើការនៅក្នុងការិយាល័យរាប់ម៉ោង ជាមួយនឹងការប្រើខួរក្បាលច្រើន ដោយផ្តោតលើការវិភាគត្រិះរិះ ស្ទើរតែរៀងរាល់ថ្ងៃ នោះអ្នកនឹងប្រឈមនឹងបញ្ហាអ្វីខ្លះ។

ការសិក្សាជាច្រើនបានបង្ហាញថា បញ្ហាស្រេ្តស និងឈឺឆ្អឹងខ្នងអាចជាកត្តាប្រឈមសម្រាប់អ្នកអង្គុយធ្វើការយូរ។ ការអង្គុយលើសពី៧ម៉ោង អាចធ្វើឱ្យការប្រឈមនឹងបញ្ហាឈឺឆ្អឹងខ្នង មានអត្រាខ្ពស់ ហើយបញ្ហាស្រេ្តសក៏កើតឡើងជារឿយៗសម្រាប់ អ្នកអង្គុយធ្វើការយូរម៉ោង (ដូចជា ៥០ ម៉ោង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍)។
បុគ្គលល្បីៗដូចជា កីឡាករបាល់ទាត់លោក David Beckham តារាចម្រៀងកូរ៉េ IU និងអ្នកដឹកនាំសំខាន់ៗក្នុងពិភពលោកជាច្រើនរូបលោក Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិជាដើម សុទ្ធតែបានចំណាយពេលវេលារបស់ខ្លួនសម្រាប់ការហាត់យោហ្គា។ តើអ្វីជាចំណុចសំខាន់នៅពីក្រោយយោហ្គា? តោះទៅស្វែងរកចម្លើយទាំងអស់គ្នា។
អ្វីជាយោហ្គា ?
យោហ្គា គឺជាដំណើរនៃការស្វែងយល់អំពី ទំនាក់ទំនងរវាងចិត្តទៅនឹងរាងកាយ។ នេះបើយោងតាមលោកស្រី Ann Swanson គឺជាអ្នកអប់រំផ្នែកចិត្តសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅ “Science of Yoga” ល្បីមួយរូប បានកំណត់និយមន័យយោហ្គានៅក្នុងបទសម្ភាសន៍មួយ កាលពីឆ្នាំ២០២០កន្លងមកនេះ។ ន័យរួមយូហ្គា គឺជាការប្រតិបត្តិអប់រំចិត្ត-រាងកាយ ដែលត្រូវបានគេយកមកអនុវត្តនៅក្នុងសង្គមឥណ្ឌាតាំងពីបូរាណដែលភស្តុតាងប្រវត្តិសាស្ត្រនៃយូហ្គាត្រូវបានគេឃើញនៅសម័យ pre-vedic (២៧០០ មុនគស) ហើយវាក៏បន្តផ្សព្វផ្សាយ ទូទាំងសកលលោករហូតដល់សព្វថ្ងៃនេះ។
អត្ថប្រយោជន៍នៃការហាត់យោហ្គា
យោហ្គាគឺជាវិធីសាស្រ្តហាត់ប្រាណឬការព្យាបាលមួួយប្រភេទដែលផ្តោតលើក្បាច់និងការពិនិត្យលើការដកដង្ហើមចេញចូលឲ្យស្របនឹងក្បាច់ដើម្បីស្វែងយល់អំពីរាងកាយ និងលំនឹងចិត្តខ្លួនឯង។ យោងតាមការស្រាវជ្រាវ ដោយក្រុមអ្នកវិទ្យាសាស្ត្រ យោហ្គាមិនត្រឹមតែជាវិធីសាស្រ្តហាត់ប្រាណនោះទេ តែវាវិធីព្យាបាលបញ្ហា ឈឺចាប់ក្នុងរាងកាយ និងផ្លូវចិត្តផងដែរ។
ការហាត់យោហ្គាជាប្រចាំ អាចដោះស្រាយបញ្ហាឈឺឆ្អឹងខ្នង និងចង្កេះ តាមរយៈការជួយសម្រួលសាច់ដុំទ្រទ្រង់ខ្នង និងឆ្អឹងខ្នងមួយចំនួន ដូចជាសាច់ដុំparaspinalដែលជួយពត់ឆ្អឹងខ្នង សាច់ដុំmultifidus ដែលធ្វើអោយឆ្អឹងខ្នងរបស់អ្នកមានលំនឹង និង សាច់ដុំនៅក្នុងពោះtransverse abdominis ដែលអាចជួយធ្វើឱ្យឆ្អឹងខ្នងរបស់អ្នកមានស្ថេរភាព។
ចំណែកឯសុខភាពផ្លូវចិត្តវិញ យោហ្គា ជាឱសថដ៏មានប្រសិទ្ធិភាពសម្រាប់ព្យាបាលបញ្ហាថប់បារម្មណ៍ ស្រេ្តស និងការគេងមិនសូវស្កប់។ ការស្រាវជ្រាវមួយបានរកឃើញថា យូហ្គាអាចបជួយង្កើនទំនុកចិត្តនិង កាត់បន្ថយជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD)។
លើសពីនេះទៅទៀត យោហ្គាអាចជួយកាត់បន្ថយអារម្មណ៍ស្រើបស្រាលផ្សេងៗ ដែលជាមូលហេតុនាំឲ្យ មានការគេងមិនលក់។ ការសិក្សាមួយបានបង្ហាញថា បន្ទាប់ពីបានហាត់យោហ្គាបានរយៈពេល៨សប្តាហ៍ មនុស្សអាចមានភាពងាយស្រួលក្នុងការទទួលទានដំណេកជាងមុនប្រមាណ ៣៧%។ ហើយបើធៀបទៅនឹងការទទួលបានដំបូន្មានក្នុងការកាត់បន្ថយបញ្ហានៃការគេងមិនលក់ វាបានជួយត្រឹមតែ២៨%ប៉ុណ្ណោះ។
យោហ្គាមិនត្រឹមជាការហាត់ប្រាណ ដែលអាចជួយដល់សុខភាពរាងកាយនោះទេ តែវាក៏អាចជួយដល់សុខភាពផ្លូវចិត្តសម្រាប់មនុស្សគ្រប់វ័យ ទាំងស្រីទាំងប្រុស។ ជាពិសេសយុវជន ដែលកំពុងជួបប្រទះនឹងបញ្ហាស្រ្តេស គួរតែចំណាយពេលដើម្បីសិក្សា និងហាត់ជាមួយនឹងអ្នកជំនាញ ឬអាចចំណាយពេលដើម្បីហាត់នៅតាមគេហដ្ឋានរបស់ពួកគេ ទៅតាមក្បួនក្បាច់ដែលអ្នកជំនាញបានណែនាំ។ ពិតណាស់វាអាចជារឿងលំបាកសម្រាប់អ្នកហាត់ដំបូង ប៉ុន្តែវាជាលំហាត់ប្រាណមួយដែលមានប្រសិទ្ធិភាពផ្លូវកាយ និងផ្លូវចិត្ត ដោយមិនបាច់ចំណាយពេលវេលា និងប្រាក់កាសច្រើន៕