«បើបុគ្គលិកមានភាពបត់បែន គាត់ស្ម័គ្រចិត្តធ្វើការងារច្រើនជាងមុនទោះបីជាក្រៅពីតួនាទីស្នូលរបស់គាត់ក៏ដោយ កិច្ចការណាអាចជួយគេបាន គឺដាក់ខ្លួនជាអ្នកបម្រើ ជាអ្នកជួយ ហើយចាត់ទុកក្រុមហ៊ុននោះជារបស់ខ្លួន គេនឹងអាចពិចារណាទុកគាត់»។

ក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩ ប្រជាជនខ្មែរមួយចំនួនបានបាត់បង់ការងារធ្វើ ខ្លះត្រូវបានកាត់បន្ថយម៉ោងធ្វើការ ដោយសារតែក្រុមហ៊ុនត្រូវបិទទ្វារ ឬកាត់បន្ថយបុគ្គលិក។ កត្តានេះបានបណ្តាលឱ្យចំណូលរបស់ប្រជាជនដែលទទួលបានពីការងារ និងអ្នកដែលទទួលផលបន្តពីពួកគេធ្លាក់ចុះ។
ធនាគារពិភពលោក (World Bank) ព្យាករថា នៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤ មក ដោយវានឹងថមថយរហូតដល់រវាង -១% និង -២,៩%។
ចំណែកភាពក្រីក្រក្នុងឆ្នាំ២០២០ ធនាគារពិភពលោក ថាអាចនឹងកើនឡើងពី ៣% ទៅ ១១% និងធ្វើឱ្យការងាររបស់មនុស្សយ៉ាងហោចណាស់ជាង ១លាន ៧សែន (១,៧៦លាន) នាក់ ស្ថិតក្នុងហានិភ័យ។
ដោយឡែកការស្រាវជ្រាវរបស់វេទិកាអនាគត (Future Forum) និង Angkor Research Cambodia អំពី «ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយកូវីដ១៩» បង្ហាញថា ប្រជាជនកម្ពុជាបាត់បង់ប្រាក់ចំណូលគ្រួសាររហូតដល់ទៅ ៤០% ក្នុងអំឡុងពេលនៃការរាលដាលជំងឺកូវីដ១៩។
តើអ្នកធ្វើការងារក្នុងវិស័យណាខ្លះអាចប្រឈមនឹងការបាត់បង់ការងារ? តើពួកគេត្រូវរៀបចំខ្លួនដូចម្តេចដើម្បីរក្សាការងាររបស់ខ្លួនកុំឱ្យបាត់បង់? តើពួកគេត្រូវពង្រឹងជំនាញអ្វីខ្លះបន្ថែមទៀត?
ដើម្បីឆ្លើយទៅនឹងសំណួរទាំងនេះ Focus បានជួបសម្ភាសលោក ង៉ែត ជូ ដែលជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច។ លោក ង៉ែត ជូ ក៏ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងការវិនិយោគអស់រយៈពេលជាង ១០ឆ្នាំ និងជាអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងវិនិយោគផងដែរ។
តើជំងឺកូវីដ១៩ ធ្វើឱ្យប៉ះពាល់ដល់វិស័យការងារនៅកម្ពុជាដូចម្តេចខ្លះ?
មានការប៉ះពាល់ច្រើន ជាពិសេសវិស័យកាត់ដេរ និងទេសចរណ៍ មានសណ្ឋាគារជាច្រើនត្រូវបិទទ្វារ ភោជនីយដ្ឋានមួយចំនួនក៏ប្រឈមមុខនឹងការក្ស័យធន សេវាកម្មទេសចរណ៍ទូទៅដូចជាប្រតិបត្តិកររៀបចំកញ្ចប់សេវាទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ក៏រងផលប៉ះពាល់ រោងចក្រជាច្រើនបានព្យួរការងារ ខណៈក្រុមហ៊ុនសហគ្រាសមួយចំនួនចាប់ផ្តើមសិក្សាកាត់បន្ថយថ្លៃដើមទំហំប្រតិបត្តិការរបស់ខ្លួន ដែលវាប៉ះពាល់ទៅដល់ការងាររបស់មនុស្សទូទៅ។
ដោយសារតែកូវីដ មានក្រុមហ៊ុនខ្លះបិទទ្វារ ខ្លះកាត់បន្ថយចំនួនម៉ោងបុគ្គលិកធ្វើការ ខ្លះកាត់បន្ថយបុគ្គលិកតែម្តង តើលោកមើលឃើញថាវាប៉ះពាល់អ្នកធ្វើការលើជំនាញអ្វី ឬវិស័យអ្វីជាងគេ?
ប្រសិនបើយើងនិយាយពីក្រុមហ៊ុនកាត់បន្ថយបុគ្គលិក ធម្មតាបុគ្គលិកសំខាន់ៗមានផ្នែកលក់ ផ្នែកប្រតិបត្តិការទូទៅ បូករួមនឹងបុគ្គលិកដែលជួយប្រតិបត្តិការទូទៅ (Support Staff)។ អ៊ីចឹង Support Staff គេប្រហែលជាពិចារណាកាត់ច្រើន ហើយបុគ្គលិកជំរុញការលក់ដែលជាប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុន គេអាចរក្សាទុក។
ការដែលបុគ្គលិកមួយចំនួនបាត់បង់ ឬអាចបាត់បង់ការងារដោយសារការកាត់បន្ថយបុគ្គលិក តើដោយសារជំនាញគាត់នៅមានកម្រិត ឬយ៉ាងណា?
ភាគច្រើនដោយសារតែរងសម្ពាធទាក់ទងទៅនឹងការធ្លាក់ចុះចំណូលរបស់ក្រុមហ៊ុន។ អ៊ីចឹងម្ចាស់អាជីវកម្ម ឬសហគ្រិនគេតែងពិចារណាមើលថាតើមុខងារណា ឬបុគ្គលិកណាអាចជួយការងារបានច្រើនហើយសំខាន់ដល់ការទ្រទ្រង់ប្រតិបត្តិការអាជីវកម្ម គេនឹងរក្សាទុក បុគ្គលិកណាមើលថាគេអាចកាត់បន្ថយបាន គេនឹងព្យាយាមកាត់បន្ថយ។
ឥឡូវងាកមកនិយាយពីជំនាញវិញ តើជំនាញអ្វីខ្លះដែលអ្នកសិក្សា ឬអ្នកធ្វើការងារគួរពង្រឹងបន្ថែមទៀតដើម្បីរក្សាការងារដែលកំពុងមានស្រាប់កុំឱ្យបាត់បង់ និងងាយរកការងារធ្វើបានផង ទាំងក្នុងអំឡុងពេលនិងក្រោយពេលកូវីដ?
បើយើងពិនិត្យមើលទីផ្សារការងារនៅស្រុកខ្មែរ បើទោះជាមិនមានកូវីដក៏យើងខ្វះអ្នកជំនាញផ្នែកបច្ចេកទេស ខ្វះខាងជួសជុលគ្រឿងយន្តកសិកម្ម ខ្វះខាងគីមីចំណីអាហារ ធ្វើការនៅរោងចក្រ ផលិតនំចំណី ខ្វះអ្នកជំនាញផ្នែកលក់តាមក្រុមហ៊ុនទិញលក់ទំនិញនាំចូលពីបរទេស។
ខ្ញុំសូមបញ្ជាក់ជូនថា បុគ្គលិកទោះធ្វើការក្នុងផ្នែកណាក៏ដោយ ទោះមានជំនាញអ្វីក៏ដោយ អ្វីដែលគេត្រូវការបន្ថែមនោះ គឺជំនាញទំនាក់ទំនងដែលជា Soft Skills (ជំនាញទន់) របស់គាត់ ជំនាញភាសា ជំនាញប្រាស្រ័យទាក់ទងជាមួយក្រុមការងារជាដើម។ ជាទូទៅ បើនិយាយពីការកាត់បន្ថយបុគ្គលិកវិញ បើបុគ្គលិកមានភាពបត់បែន គាត់ស្ម័គ្រចិត្តធ្វើការងារច្រើនជាងមុនទោះបីជាក្រៅពីតួនាទីស្នូលរបស់គាត់ក៏ដោយ កិច្ចការណាអាចជួយគេបាន គឺដាក់ខ្លួនជាអ្នកបម្រើ ជាអ្នកជួយ ហើយចាត់ទុកក្រុមហ៊ុននោះជារបស់ខ្លួនដែរ កន្លែងណាជួយសន្សំសំចៃបានជួយសន្សំសំចៃ កន្លែងណាជួយគិតរកចំណូលបានអ៊ីចឹង យើងចូលរួមគំនិត។ កុំគិតថាវាមិនមែនជាតួនាទីរបស់ខ្ញុំ ខ្ញុំធ្វើការយកតែប្រាក់ខែ នៅក្នុង Job Description (ការពិពណ៌នាតួនាទីការងារ) ខ្ញុំប៉ុនណា ខ្ញុំធ្វើប៉ុណ្ណឹង។ ហ្នឹងយើងអាចប្រឈមនឹងឱកាសបាត់បង់ការងារខ្ពស់។
បន្ថែមពីលើនេះ អ្នកធ្វើការនៅការិយាល័យ ដើម្បីឱ្យគាត់ធានាបាននូវស្ថិរភាពការងារបានកាន់តែខ្ពស់ ហើយកាត់បន្ថយឱកាសនៃការបាត់បង់ការងារ គាត់ក៏ត្រូវប្រឹងប្រែងពង្រឹងជំនាញផ្នែកឌីជីថល (Digital) ផងដែរ។
ចុះសម្រាប់អ្នកដែលមិនសូវចាប់អារម្មណ៍ផ្នែកឌីជីថល ឬព័ត៌មានវិទ្យា (IT) តើលោកផ្តល់ទស្សនៈបែបណាដែរ?
ទោះបីយើងជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជន ឬជាអ្នកធ្វើកិច្ចការសង្គម ឬអង្គការសង្គមស៊ីវិលក៏ដោយ បច្ចេកវិទ្យាវាជួយជំរុញឱ្យប្រសិទ្ធភាពការងារបានកាន់តែខ្ពស់ ចំណាយតិច ហើយក៏ជាចំណែកមួយក្នុងការជំរុញឱ្យមាននវានុវត្តភាព (ការច្នៃប្រឌិត)។ ទោះបីយើងធ្វើកិច្ចការអ្វីក៏ដោយ បច្ចេកវិទ្យាគឺសំខាន់។
តើលោកមើលឃើញយ៉ាងណាអំពីទីផ្សារការងារនៅកម្ពុជាចាប់ពីពេលនេះ និងក្រោយពេលជំងឺកូវីដ១៩?
ពេលបច្ចុប្បន្នឃើញមជ្ឈដ្ឋានជាច្រើនលើកឡើងថា ការបាត់បង់ការងារពីវិស័យកាត់ដេរ វិស័យទេសចរណ៍ ឬវិស័យសេវាកម្សាន្តទូទៅ អាចទៅចាប់យកវិស័យកសិកម្ម។ ប៉ុន្តែយើងត្រូវយល់ថា វិស័យកសិកម្មមួយមុខមិនទាន់អាចស្រូបយកអ្នកបាត់បង់ការងារទាំងអស់បានដែរ។ អ៊ីចឹងយើងគួរផ្តល់ជម្រើសផ្សេងទៀតដល់អ្នកបានបាត់បង់ ឬប្រឈមនឹងការបាត់បង់ការងារ។ ខ្ញុំឱ្យឧទាហរណ៍ជាក់ស្តែង នៅភ្នំពេញមានជិត ៤ម៉ឺនគ្រួសារ យើងគិតថាប្រហែល ១០% នៃចំនួនគ្រួសារទាំងអស់នេះត្រូវការអ្នកនៅជាមួយធ្វើកិច្ចការផ្ទះទូទៅ ឬជួយមើលកូន។ ជាទូទៅ យើងខ្វះអ្នកជួយបែបហ្នឹង។ កន្លែងហ្នឹងវាជាតម្រូវការ ប៉ុន្តែយើងអត់ទាន់មានការផ្គត់ផ្គង់។ អ៊ីចឹងរដ្ឋាភិបាលគួរងាកមកមើលត្រង់ចំណុចហ្នឹង។ គួរមានកម្មវិធីសម្រាប់ការបណ្តុះបណ្តាលអ្នកធ្វើការតាមផ្ទះ។ គាត់ត្រូវការជំនាញអ្វីខ្លះ? ត្រូវការក្រមសីលធម៌អ្វីខ្លះ? គាត់ត្រូវមានអត្តចរិតបែបណាដើម្បីធ្វើការជាមួយគេ ពីព្រោះការធ្វើការងារតាមផ្ទះក៏ជាមុខរបរមួយដែរ។ សម្រាប់ប្រាក់ខែ នៅពេលដែលយើងមានការបណ្តុះបណ្តាលតម្រង់ទិសអ៊ីចឹង យើងអាចតម្រូវឱ្យម្ចាស់ផ្ទះបង់ថ្លៃឈ្នួលក្នុងកម្រិតណាមួយសមរម្យ។ ជាមួយគ្នាហ្នឹង វាក៏កាត់បន្ថយការចំណាយការជួលផ្ទះគេនៅ ការហូបចុកជាមួយម្ចាស់ផ្ទះស្រាប់ ហើយវាអនុញ្ញាតឱ្យម្ចាស់ផ្ទះទៅធ្វើការងារមានប្រយោជន៍ច្រើនទៀត។
តើក្នុងរយៈពេលខ្លី ប្រជាជនកម្ពុជាគួររៀនជំនាញអ្វីខ្លះដើម្បីទទួលបានការងារ ហើយក្នុងរយៈពេលវែងទៅមុខទៀត ប្រជាជនកម្ពុជាគួរមានជំនាញអ្វីខ្លះ?
សម្រាប់រយៈពេលខ្លី ខ្ញុំនៅតែគិតថាជំនាញអ្នកធ្វើកិច្ចការផ្ទះទូទៅគឺសំខាន់ បណ្តុះបណ្តាលត្រឹមតែរយៈពេល ២ ទៅ ៣សប្តាហ៍ ឬក៏មួយខែ គាត់អាចចេញធ្វើការបានហើយ។ មួយទៀតគឺបច្ចេកទេសនៅក្នុងការដាំដុះជាអ្នកជំនាញកសិកម្មតែរយៈពេលខ្លីទៅលើអ្វីមួយច្បាស់លាស់។ ឧទាហរណ៍ថាជំនាញទៅលើការដាំដុះក្រូចឆ្មារ គឺច្បាស់នឹងការដាំដុះក្រូចឆ្មារ។
សម្រាប់រយៈពេលវែង គឺងាកមកជំនាញបច្ចេកទេស ដូចគីមីចំណីអាហារ គ្រឿងយន្តកសិកម្មដែលក្លាយជាអាជីពរបស់គាត់វែងឆ្ងាយ ឬថ្ងៃក្រោយគាត់អាចក្លាយជាសហគ្រិនបើកកន្លែងជួសជុលគ្រឿងចក្រដោយខ្លួនឯង។ យើងចង់ឱ្យក្លាយជាអ្នកបច្ចេកទេសដែលមានស្មារតីសហគ្រិន កុំឱ្យគាត់យល់ថាជាអ្នកបច្ចេកទេសដែលលក់កម្លាំងពលកម្មឱ្យគេ។ អ៊ីចឹង គាត់ជាម្ចាស់អាជីវកម្មរបស់គាត់នៅថ្ងៃអនាគត។
តើតួអង្គណាខ្លះអាចជួយពួកគាត់រៀន ឬពង្រឹងជំនាញទាំងអស់នេះបាន?
តួអង្គដែលរួមចំណែកសំខាន់ជាងគេ គឺរដ្ឋាភិបាល។ បង្កើតនូវស្ថាប័នដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ហ្នឹង។ ត្រូវលើកកម្ពស់បង្កើនការយល់ដឹងអំពីគុណសម្បត្តិ អត្ថប្រយោជន៍នៅក្នុងការចាប់យកជំនាញបច្ចេកទេសបែបហ្នឹង។ ក្រៅពីនេះ ត្រូវមានកម្មវិធីបង្ហាញពីការវិវឌ្ឍនៃអាជីពនៅក្នុងវិស័យការងារបច្ចេកទេស មិនមែនមានន័យថារៀនបច្ចេកទេសគាត់ដឹងត្រឹមថាធ្វើជាង ហើយចប់ប៉ុណ្ណឹងទេ។ គាត់មានដំណើរជីវិតរបស់គាត់រហូតក្លាយជាប្រធានរោងចក្រ ឬក៏ជាអ្នកគ្រប់គ្រងសហគ្រាសផ្នែកខាងផលិតជាដើម។ ទាល់តែយើងមានការបង្ហាញបែបហ្នឹង មានការផ្សព្វផ្សាយទូលំទូលាយ ផ្តល់ឱកាសឱ្យអ្នកមិនសូវមានលទ្ធភាពបានចូលរួមតាមរយៈការផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុ ការស្នាក់នៅ ហើយការផ្សារភ្ជាប់ទៅនឹងកន្លែងការងារជាក់ស្តែង។ ឧទាហរណ៍ថាបើសិនជាអ្នកចុះឈ្មោះរៀនខាងជួសជុលរថយន្ត គឺមានក្រុមហ៊ុនខាងដំឡើងរថយន្តចាំយក ចាំផ្តល់ការងារជាក់ស្តែង ទើបយើងអាចទាក់ទាញយុវជនចាប់អារម្មណ៍ការងារហ្នឹងបានច្រើន៕
This post is also available in:
EN