ការហាត់យោហ្គាមិនត្រឹមតែជាធ្វើការលំហាត់ប្រាណ ដែលជំនួយសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តនោះទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ពេលខ្លះការហាត់យោហ្គា អាចជួយផ្លាស់ប្តូរជីវិតរបស់មនុស្សថែមទៀតផង។

ជាក់ស្តែងដូចជាបទពិសោធន៍ជីវិតពិតរបស់ លោក វ៉ាត គឹមលី ដោយបច្ចុប្បន្ននេះ លោកគឺជាគ្រូបង្វឹកយោហ្គាឯករាជ្យមួយរូប ដែលផ្លាស់ប្តូរខ្លួនពីអ្នកបញ្ហាចង្កេះធ្ងន់ធ្ងរស្ទើរ តែមិនធ្វើចលនារាងកាយបាន ទៅជាគ្រូបង្វឹកយោហ្គាបន្ទាប់ពីព្យាបាលបញ្ហាឈឺសន្លាក់របស់ខ្លួន តាមរយៈការហាត់យោហ្គាជាប្រចាំ។
Focus បានជួបជាមួយនឹងអ្នកជំនាញរូបនេះ ដែលមានបទពិសោធន៍ជាង១០ឆ្នាំ នៅក្នុងការបង្ហាត់បង្រៀន ដើម្បីឈ្វេងយល់កាន់តែច្បាស់ពីសារសំខាន់ៗនៃយោហ្គា។
១. តើលោកស្គាល់ពីយោហ្គាដំបូងតាមរយៈអ្វី?
ដំបូងឡើយនៅដើមឆ្នាំ ២០១០ ខ្ញុំបានជួបនឹងគ្រូយោហ្គាម្នាក់មកពីអូស្រ្តាលីម្នាក់ឈ្មោះ Isabella Skaburskie នៅសាលាក្តីខ្មែរក្រហម នៅពេលដែលលោកស្រីទៅបង្រៀនយោហ្គាដល់បុគ្គលិក សាលាក្តីខ្មែរក្រហម។ បន្ទាប់ពីសម្រាកពីកម្មវិធីនោះខ្ញុំនឹងលោកស្រីបានជជែកគ្នាអំពីការប្រៀបធៀបទ្រឹស្តីទស្សនៈវិទ្យាពុទ្ធសាសនា និងយោហ្គាព្រមទាំងទ្រឹស្តីរបស់សាសនាផ្សេងៗទៀត។
ពេលនោះលោកស្រី Isabella Skaburskie គឺជាគ្រូបង្ហាត់យោហ្គា និងជាបង្កើតស្ថាប័នក្រមាយោហ្គាកម្ពុជា ដំបូងបង្អស់នៅ កម្ពុជាក្នុងឆ្នាំ២០០៤ ។ បន្ទាប់ពីនោះមកនៅក្នុងឆ្នាំ២០១០ ដដែលខ្ញុំក៏បានៅធ្វើការជាមន្រ្តីធនធានមនុស្ស នៅក្នុងអង្គការក្រមាយោហ្គាកម្ពុជានោះ ក្នុងនាមជាគ្រូបង្រៀនអំពីទ្រឹស្តី ប្រៀបធៀបរវាងទ្រឹស្តីព្រះពុទ្ធ នឹងយោហ្គា ហើយខ្ញុំក៏បានសិក្សាអំពីក្បាច់យោហ្គាពីគ្រូបង្គោលនៅទីនោះបន្តបន្ទាប់មក។ រហូតតៗមកខ្ញុំក៏បានសិក្សា ជាមួយគ្រូយោហ្គាបរទេសផ្សេងៗទៀតដែលមកពីអាមេរិក ឥណ្ឌាជាដើម។
២. តើសម្រាប់លោក យោហ្គាជាអ្វី? ហេតុអ្វីលោកមានគំនិតចង់បង្កើតសហគមន៍យោហ្គា?

និយមន័យនៃយោហ្គាមានច្រើនបែបទៅតាមគ្រូបង្រៀននីមួយៗ សម្រាប់ខ្ញុំយោហ្គាជាធម៌មួយនាំមនុស្ស ទៅរកសេចក្តីសុខផ្លូវកាយ និងចិត្ត ហើយជាឱសថដ៏ពិសេសម្រាប់ព្យាបាលផ្លូវកាយ និងចិត្ត។ មែនទែន ទៅវាក៏ជាឱសថពិសេសសម្រាប់ជីវិតមនុស្ស ព្រោះវាជួយការពារជំងឺជាច្រើននិង ពង្រឹងសុខភាព ដែលជួយមនុស្សមិនឲ្យងាយចាញ់បរិយាយកាសប្រែប្រួល។
សម្រាប់ខ្ញុំផ្ទាល់យោហ្គា មានសារៈប្រយោជន៍ណាស់ ព្រោះវាតែងតែជួយខ្ញុំជាពិសេសបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលខ្ញុំបានជួបប្រទះកន្លងមក។ ជាពិសេសនៅពេលដែលខ្ញុំឈឺចង្កេះឬផ្នែកណាមួយនៃសន្លាក់ខ្ញុំដឹងពីរបៀបធ្វើក្បាច់ដើម្បីបន្ធូនៃភាពឈឺចាប់នោះ។សម្រាប់បញ្ហាផ្លូវចិត្តវិញ នៅពេលដែលខ្ញុំមានបញ្ហាស្រ្តេសមួរម៉ៅណាមួយ ដែលទាក់ទងនឹង ការសម្រេចចិត្ត ឬគិតច្រើនយោហ្គា តែងជួយសម្រួលដល់ខ្ញុំបានច្រើន ដោយវាបានជួយសម្រួលឲ្យខ្ញុំ មានគំនិតវិជ្ជមានឡើងមកវិញ ហើយអាចរកដំណោះស្រាយបានលឿន។
៣. ហេតុអ្វីលោកគិតថា យោហ្គាវាសំខាន់សម្រាប់សុខភាព?
យោហ្កាជាឧបករណ៍សម្រាប់ជួយសុខភាពនិង អាចជួយព្យាបាលជំងឺផ្សេងៗជាច្រើន ជាពិសេសបញ្ហាផ្លូវចិត្ត។ ហើយខ្ញុំមើលឃើញថា នៅសង្គមខ្មែរយើង ប្រសិនបើពិសេសយុវជននិយមចូលចិត្តហាត់យោហ្កាបានច្រើន នោះបញ្ហាសុខភាពរបស់ពួកគេនឹងអាចកាត់បន្ថយ។ ការហាត់យោហ្គាអាចបង្រៀនឲ្យយើងកាន់តែមានការបើកចិត្តទូលាយ អារម្មណ៍ស្រស់ស្រាយ ដូច្នេះវាក៏អាចជួយសម្រួលដល់បរិស្ថាននៃការធ្វើការងារពួកគេ បានទួលបានផលល្អថែមទៀតផង។
៤. តើភាគច្រើនអ្វី ដែលគេតែងតែយល់ខុសពីការហាត់យោហ្គា?
សម្រាប់ខ្ញុំៗមើលឃើញថា នៅកម្ពុជាការយល់ដឹងអំពីយោហ្គាហាក់មិនទាន់ទូលំទូលាយទេ។ ហើយអ្នកហាត់យោហ្គាមួយចំនួននៅតែមានគំនិតយល់ខុសថា ការហាត់យោហ្គា ហាត់បានតែស្រ្តី និងហាត់ដើម្បីយករាងឲ្យស្អាតជាដើម ដែលជាការយល់ឃើញមិនទាន់ត្រឹមត្រូវ។ មែនទែនទៅការ ហាត់យោហ្គា ជាការឈ្វេងយល់អំពីរាងកាយ និងចិត្ត ហើយការហាត់ទៀតសោតដើម្បី បង្កើតភាពបត់បែនប្រព័ន្ធសរសៃប្រសាទឆ្អឹងខ្នង ដែលប្រព័ន្ធនេះដើរតួរនាទីយ៉ាងសំខាន់សម្រាប់ ទ្រទ្រង់ជីវិតមនុស្សម្នាក់ៗ។
ពាក់ព័ន្ធនឹងការទទួលទានអាហារ និងដំណេក សម្រាប់អ្នកដែលហាត់យោហ្គា បានទៀងទាត់ ជាមួយនឹងការទទួលបានអាហារត្រឹមត្រូវ ខ្ញុំជឿថាយោហ្គា បានជួយច្រើន ព្រោះវាអាចឲ្យរំងាប់អារម្មណ៍ឆេវឆាវ ដាស់សតិបញ្ញាស្មារតីឲ្យគិតវិជ្ជមាន ដែលអាចឲ្យយើងឆាប់ទទួលទាន ដំណេកបានលឿនដែលកាត់បន្ថយដល់បញ្ហាការគេងមិនលក់៕