Focus
Focus – ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក គឺជាសហគ្រាសសង្គមមួយ ដែលបង្កើតខ្លឹមសារព័ត៌មាន ដើម្បីជំរុញឱ្យមានការពិភាក្សា ពីសំណាក់បុគ្គលដែលមានតួនាទីជាអ្នកផ្លាស់ប្ដូរដ៏សំខាន់មួយ នាពេលថ្ងៃអនាគត។ ពួកគេគឺជាយុវជនជំនាន់ក្រោយ ដែលហ៊ុំព័ទ្ធទៅដោយការរីកចម្រើនជឿនលឿនមួយ ដូច្នេះពួកគេគឺជាគន្លឹះដ៏សំខាន់ ដើម្បីឆ្ពោះទៅកាន់អនាគតដ៏ឧត្តុង្គឧត្តមសម្រាប់សង្គម។
យើងគឺជាវេទិកាផ្សព្វផ្សាយអំពីបែបផែននៃការរស់នៅ។ មាតិការបស់យើង មានគោលបំណងបង្កើតកិច្ចសន្ទនា ក៏ដូចជាបង្កើនផលវិជ្ជមានប្រកបដោយចីរភាព ក្នុងសង្គមទៅថ្ងៃអនាគត។ យើងបណ្ដុះបណ្ដាលឱ្យមាន អ្នកជំនាញវ័យក្មេងដែលប្រកបទៅដោយការតាំងចិត្តខ្ពស់ លើវិស័យប្រព័ន្ធផ្សព្វផ្សាយ ដោយជ្រើសយកប្រធានបទដែលមានសារសំខាន់ សម្រាប់ការជជែកវែកញែក មកផ្សព្វផ្សាយក្នុងទម្រង់ជាវីដេអូ សំឡេង និងអត្ថបទ។
ក្នុងនាមជាសហគ្រាសសង្គម យើងបានប្រើប្រាស់រាល់ប្រាក់ចំណេញទាំងអស់ ដើម្បីវិនិយោគឡើងវិញចូលស្ថាប័ន ដូច្នេះយើងអាចបន្តរាយការណ៍ព័ត៌មានសំខាន់ៗ និងបន្តបណ្ដុះបណ្ដាលអ្នកជំនាញជំនាន់ថ្មីនៃវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
ការសិក្សាពេញមួយជីវិត
ពួកយើងបន្តរៀននិងបន្តកែលម្អ
ភាពស្មោះត្រង់
ពួកយើងមានការបើកចំហនិងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ
ភាពសុចរិត
ពួកយើងទុកចិត្តបាននិងប្តេជ្ញាខ្ពស់
ការយល់ចិត្ត
ពួកយើងគាំទ្រសហគមន៍
Focus គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយមួយសម្រាប់ប្រជាជនកម្ពុជាដែលបង្កើតឡើងដោយ Globe Media Asia អ្នកបោះពុម្ភផ្សាយក្នុងស្រុកនូវគេហទំព័រនិងអត្ថបទល្បីល្បាញមួយចំនួនដូចជា ៖
ការបោះពុម្ពផ្សាយអត្ថបទពីអតិថិជននៅក្នុងតំបន់និងការបង្កើតគេហទំព័រផ្ទាល់ខ្លួនរបស់អតិថិជន ។
នូវ ពៅលក្ខិណានិពន្ធនាយក
កញ្ញា នូវ ពៅលក្ខិណា មានបទពិសោធន៍ធ្វើការ នៅក្នុងវិស័យសារព័ត៌មានបែបឌីជីថល ជាងរយៈពេលជាង ៥ឆ្នាំមកហើយ ដោយចាប់ផ្តើមពីការរាយការណ៍បែបពហុព័ត៌មាន និងចុងក្រោយបង្អស់ជាអ្នកគ្រប់គ្រងមាតិកាអនឡាញ។ លក្ខិណាបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន ពីសាកលវិទ្យាល័យហុងកុង នៅក្នុងឆ្នាំ ២០១៧ និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ ២០១៣។ កញ្ញាមានចំណាប់អារម្មណ៍ពិសេស នៅក្នុងជំនាញអភិវឌ្ឍទស្សនិកជន នៅជុំវិញប្រព័ន្ធផ្សព្វផ្សាយតាមអ៊ិនធឺណិតនៅកម្ពុជា ហើយចូលចិត្តតាមដានទំនោរនៃវិស័យសារព័ត៌មានឌីជីថល នៅក្នុងពេលទំនេររបស់គាត់។
តូច ធីណាការីនិពន្ធ
ការចូលរួមការងារស្ម័គ្រចិត្តនៅក្នុងអង្គការក្នុងស្រុកនិងក្រៅស្រុកបានផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃក្នុងការសិក្សារៀនសូត្រនិងចែករំលែកនូវចំណេះដឹងរបស់ខ្លួន។ នាងក៏បានសម្រេចចិត្តក្លាយជាអ្នកសារព័ត៌មានមួយរូប ព្រោះនាងយល់ថាការសរសេរអត្ថបទ វាលើសពីការងារ ប៉ុន្តែវាជាសិល្បៈក្នុងការចែករំលែកនូវព័ត៌មានដែលកំពុងកើតមានឡើង ហើយប្រយោគនីមួយៗគឺពោរពេញទៅដោយខ្លឹមសារនៃសាច់រឿង។ លើសពីនេះ ការផ្តល់ព័ត៌មានដែលមានភាពច្បាស់លាស់ និងមានសារប្រយោជន៍ទៅដល់អ្នកអានគឺជាការជម្រុញទឹកចិត្តដ៍សំខាន់របស់អ្នកសរសេររូបនេះ។
ឌិប ណាសាអ្នកគ្រប់គ្រងគម្រោង
ណាសាបានចូលរួមជាមួយ Focus – ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក ក្នុងនាមជាអ្នកហាត់ការ ហើយបានបន្តដំណើររបស់នាងជាអ្នកគ្រប់គ្រងគម្រោង។ នាងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសរសេរអត្ថបទ និងជឿជាក់លើអំណាចរបស់វាក្នុងការជះឥទ្ធិពលដល់សង្គម។ ប្រធានបទទាក់ទងនឹងកិច្ចការពិភពលោក និន្នាការសង្គមនិងបញ្ហា និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី គឺជាចំណង់ចំណូលចិត្តរបស់នាង។ ចំពោះនាង មនុស្សវ័យក្មេងជំនាន់ក្រោយ គឺជាអ្នកផ្លាស់ប្តូរអនាគត។
រ៉ូ គីមឡុងអ្នករាយការណ៍ព័ត៌មាន
គីមឡុង គឺជានិស្សិតផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយម្នាក់។ គាត់ចូលចិត្តការស្វែងរកអ្វីថ្មីៗ ហើយគាត់ក៏ចូលចិត្តវិស័យសារព័ត៌មានដែរ។ គាត់គិតថាសារព័ត៌មាន គឺជាផ្នែកមួយដ៏ធំមហាសាល ដែលអាចអោយគាត់រៀនពីរឿងថ្មីៗ និងអ្វីដែលគេមិនសូវចាប់អារម្មណ៍។ មិនតែប៉ុណ្ណោះ វាក៏ជាឱកាសដែលអនុញ្ញាតអោយគាត់ស្វែងយល់ពីពិភពលោកខាងក្រៅបានកាន់តែច្រើនផងដែរ ស្របពេលដែលផ្តល់ប្រយោជន៍ដល់សង្គម។ គាត់ក៏ចាប់អារម្មណ៍ផងដែរ លើបញ្ហាអនក្ខរកម្មលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ របស់ប្រជាជនកម្ពុជា ពីព្រោះគាត់គិតថា ការប្រើប្រាស់ប្រព័ន្ធផ្សាយ អាចជាអាវុធមុខពីរ បង្កជាគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ។
សុខ ម៉ូលីនណាអ្នកហាត់ការ
សុខ ម៉ូលីនណា ជានិស្សិតរៀននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ ចំណង់ចំណូលចិត្តរបស់នាងចំពោះប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានផ្គូផ្គងដោយបំណងប្រាថ្នាក្នុងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែប្រសើរ។ ពីមួយថ្ងៃទៅមួយថ្ងៃ នាងប្រឺងប្រែងស្រូបចំណេះដឹងជាច្រើន តាមតែអាចធ្វើទៅបានពីអ្នកជុំវិញខ្លួន ដែលមានសមត្ថភាព និងចំណង់ចំណូលចិត្តចំពោះស្ត្រី និងលទ្ធភាពទទួលបានសុខភាព។ លីនណាសង្ឃឹមថា ខ្លួននាងនឹងអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាមធ្យោបាយមួយ ដោះស្រាយតម្រូវការសង្គម និងសមភាពការអប់រំសម្រាប់ទាំងអស់គ្នា។
តាប ណាវេតអ្នករចនា
ណាវេតធ្វើការជាមួួយ Globe Media Asia ជាអ្នករចនាក្រាហ្វិកអស់រយៈពេល ៦ ឆ្នាំមកហើយ។ ភាពច្នៃប្រឌិតប្រកបដោយចក្ខុវិស័យខ្ពស់របស់ ណាវេត បានជួយធ្វើឱ្យអត្ថបទផ្សេងៗបស់ក្រុមការងារកាន់តែទាក់ទាញព្រមទាំងរចនាវេបសាយរបស់ Focus បានកាន់តែល្អប្រសើរ។ ណាវេត គឺជាធនធានដ៏ល្អដែលបានចូលរួមចំណែកនូវការបង្កើនកេរ្តិ៍ឈ្មោះរបស់ទស្សនាវដ្តី Discover Cambodia ។
ថុន វាសនាអ្នកហាត់ការ
វាសនា គឺជានិសិ្សតឆ្នាំទី២ នៃដេប៉ាតឺម៉ង ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនគមន៍។ លោកចូលចិត្តចូលរួមជាចំណែកក្នុងកិច្ចការងារសង្គម ដូចជាការស្ម័គ្រចិត្ត ការចូលរួមសកម្មភាពជាមួយសហគមន៍ និងការចែករំលែកចំណេះដឹងនៅតាមរយៈ multimedia ជាដើម។ លោកក៏ចូលចិត្តក្នុងការសិក្សាស្វែងយល់អំពី បញ្ហាបរិស្ថាន ការអប់រំ ប្រវត្តិសាស្រ្ត និងជាពិសេស វប្បធម៌។ វាសនាជឿជាក់ថា ការសរសេរគឺជាផ្នែកយ៉ាងសំខាន់មួយ នៅក្នុងការបង្ហាញពីរឿងរ៉ាវអ្វីមួយ ដែលយើងគួរដឹង ជាពិសេសរឿងរ៉ាវដែលបានកើតឡើងនៅក្នុងសង្គម។
អ៊ុន វឌ្ឍនាអ្នកហាត់ការ
វឌ្ឍនា គឺជានិសិត្សឆ្នាំទី៣ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្ដេជ្ញាចិត្តរបស់គាត់គឺចង់ក្លាយជាអ្នកសារព័ត៌មានវ័យក្មេង ដែលពោរពេញដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការបំបែកបញ្ហានៅក្នុងសង្គម។ គាត់ចង់ក្លាយជាអ្នកសារព័ត៌មានជំនាន់ក្រោយ ដែលមានសំឡេង និងលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ ក្នុងវិស័យសារព័ត៌មាន។ ក្នុងនាមជាអ្នកនិយាយរឿងរ៉ាវ គាត់មានអារម្មណ៍ថាមានការលើកទឹកចិត្ត ឱ្យចូលរួមយ៉ាងជិតស្និទ្ធជាមួយមនុស្ស និងសង្គម។ សម្រាប់គាត់ ការសរសេរមិនត្រឹមតែនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិធីដែលយើងប្រាប់រឿងរ៉ាវទៅកាន់មនុស្សជុំវិញពិភពលោក។
ជា សំអៀង អ្នកហាត់ការ
សំអៀង គឺជានិស្សិតទំនាក់ទំនងអន្តរជាតិម្នាក់។ គាត់មានចំណាប់លើវិស័យសារព័ត៌មានបន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សាខ្លី និងមានបទពិសោធន៍ខ្លះលើវិស័យនេះ។ គាត់ក៏ធ្លាប់បានសរសរអត្ថបទវិចារណកថាមួយចំនួនដែលផ្សាយលើគេហទំព័រកាហ្វេនយោបាយ និងអ្នកគិតកម្ពុជា។ សព្វថ្ងៃគាត់ក៏ជាអ្នកស្រាវជ្រាវវ័យក្មេងនៅវេទិកាអនាគត និងជាអ្នកហាត់ការនៅ The Focus-ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក តាមរយះ មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ ជាមួយនឹងកម្មវិធី Young Journalist Traineeship ។ លោកយល់ថា វិស័យព័ត៌មាន គឺជាកញ្ចក់សម្រាប់ឆ្លុះពីសង្គម នឹងជាកន្លែងនាំសារដល់អ្នកអាននូវអ្វីដែលខ្វះចន្លោះនៅសង្គមដែលពួកគេរស់នៅ។
This post is also available in: EN