អាហារប្រៀបបានទៅនឹង កំពូលស្រួចរបស់ភ្នំទឹកកកអុីចឹង។ ពេលយើងក្រលៀកមើលមួយភ្លេតយើងអាចមិនអាចមើលឃើញពីទំររបស់កំពូលនោះភ្លាមនោះទេ។ ដូចនេះ វាចាំបាច់ឲ្យមានការគិតលើចំណីអាហារលើសពីអ្វីដែរយើងឃើញនៅលើតុបាយរបស់យើង។

នៅកម្ពុជា មនុស្សគ្រប់គ្នាខិតខំធ្វើការ ដើម្បីមានចំណីអាហារដើម្បីទទួលទាន។ ហើយពេលមនុស្សដំណាលដល់ម្ហូបអាហារ ភាគច្រើន អ្វីដែលយើងនឹកឃើញមុនគេ ប្រហែលជាអាហារដែលចម្អិន ហើយនៅក្នុងចានស្រាប់។ ប៉ុន្តែ ប្រហែលមិនមែននឹកដល់ថា តើ ប្រភពរបស់ម្ហូបនោះពីកន្លែងណា? អ្នកណាជាអ្នកដាំដុះបន្លែ ផ្លែឈើ ឬចិញ្ចឹមសត្វនោះ? ហើយ ជីវភាពរបស់កសិករមានលក្ខណៈដូចម្តេច? ការណ៍ពិតទៅសំណួរទាំងនេះ ទាក់ទងទៅនឹងប្រធានបទសន្តិសុខស្បៀង។ ហើយ ពួកគាត់សុទ្ធតែមានតួរនាទីសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារ។
អង្គការសហប្រជាជាតិ បានកំណត់និយមន័យរបស់ សន្តិសុខស្បៀង នៅក្នុង កិច្ចប្រជុំអំពីអាហារទូទាំងពិភពលោកឆ្នាំ១៩៩៦។
សន្តិសុខស្បៀងសំដៅលើ «ស្ថានភាពដែលមនុស្សគ្រប់រូប មានលទ្ធភាពផ្នែករូបវន្ត សង្គម និងសេដ្ឋកិច្ច ក្នុងការទទួលបាននូវអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងប្រកបដោយអាហាររូបត្ថម្ភ នៅគ្រប់ពេលវេលាទាំងអស់ ដើម្បីឲ្យស្របទៅនឹងសេចក្តីត្រូវការផ្នែកចំណីអាហារ និងចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ពួកគេ ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ពួកគេមានសុខភាពល្អ និងមានផលិតភាពខ្ពស់។»
សន្តិសុខស្បៀង មានឥទ្ធិពលលើប្រជាជនគ្រប់រូប។ ហើយការយល់ដឹងទូលំទូលាយអំពីប្រធានបទមួយនេះ ក្នុងចំណោមមនុស្សគ្រប់មជ្ឈដ្ឋាន គឺជាជំហានទី១ ដើម្បីឆ្ពោះទៅការសម្រេចបាននូវផែនការដ៏សំខាន់មួយនេះ។ ក៏ប៉ុន្តែ អ្នកជំនាញបង្ហាញកង្វល់ លើការដែលមានប្រជាជនកម្ពុជាតិចណាស់ ដែលយល់ដឹងពីគោលគំនិតសំខាន់មួយនេះ។

«យើងត្រូវបង្កើតសារឱ្យត្រូវ និងរិះរកវិធីបញ្ចូនសារ ឱ្យទៅដល់ពួកគេ។»
«សន្តិសុខស្បៀង មានភាពស្មុគស្មាញណាស់។ សូម្បីតែពួកយើងផ្ទាល់ ក៏មានការលំបាកក្នុងការធ្វើឲ្យវាស្រួលយល់ដែរ។» នេះបើតាមការលើកឡើងរបស់ លោកអ៊ាន រ៉ូសែល ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយ ប្រចាំអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិកម្ពុជា (FAO Cambodia)។
លោកបានបន្ថែមថា៖ «យើង [អ្នកជំនាញ] ត្រូវតែធ្វើឱ្យវាងាយស្រួលយល់សម្រាប់អ្នករាល់គ្នា។ ប៉ុន្តែពេលខ្លះ វាពិតជាពិបាកយល់មែនសម្រាប់មនុស្សទូទៅ។»
ក្រៅពីកង្វះការយល់ដឹងពីសន្តិសុខស្បៀង។ យោងតាម គោលនយោបាយកសិកម្មរួម Common Agricultural Policy (CAP) ការគំរាមកំហែងចម្បងចំពោះសន្តិសុខស្បៀងគឺ៖ កំណើនប្រជាជនពិភពលោក ការកើនឡើងនៃតម្រូវការស្បៀងអាហារ តម្លៃស្បៀង ការបាត់បង់នៃប្រភេទរុក្ខជាតិកសិកម្មមួយចំនួន ការកើនឡើងនៃតំបន់ខ្វះខាតទឹក ក៏ដូចជា ការបាត់បង់ដី និងការខ្ជះខ្ជាយការហារ (Food Waste)។
ហើយបើសម្រាប់យុវជនវិញ ដែលជាសសរស្តម្ភ និងក្រុមស្នូលនៃប្រទេសកម្ពុជាវិញ លោកគិតថា៖ «យើងត្រូវបង្កើតសារឱ្យត្រូវ និងរិះរកវិធីបញ្ចូនសារ ឱ្យទៅដល់ពួកគេ។»
ដោយមើលឃើញពី សារសំខាន់របស់បណ្តាញសង្គម ដែលកាន់តែមានឥទ្ធិពលលើ ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ជាពិសេសក្នុងចំណោមយុវជន យុទ្ធនាការឌីជីថលមួយ ត្រូវបានបង្កើតឡើង ដើម្បីទាញចំណាប់អារម្មណ៍មកលើប្រធានបទសន្តិសុខស្បៀងនេះ។
«ម្ហូប MHOPe»ត្រូវបានបង្កើតឡើងដោយ Heinrich Boell Stiftung (HBS) មូលនិធិអាល្លឺម៉ង់ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សង្គមស៊ីវិល សិទ្ធិមនុស្ស ការយល់ដឹងអន្តរជាតិ និង បរិស្ថាន។
គោលបំណងរបស់ ម្ហូប-MHOPe គឺ ការលើកកម្ពស់ការយល់ដឹង ទៅលើវដ្តនៃចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃ ដោយរំលេចឲ្យឃើញពីបុគ្គលម្នាក់ៗ ដែលធ្វើការដើម្បីឲ្យមានអាហារទាំងនោះ នូវគ្រប់ជំហានទាំងអស់។ ជំហានទាំងនោះ រាប់ចាប់ពីការដាំដុះ រហូតបានជាចំណីអាហារបរិភោគ និងកាកសំណល់ត្រឡប់មកវិញ។
យុទ្ធនាការម្ហូប-MHOPe នេះ មានគម្រោងសម្រេចគោលបំណងរបស់ខ្លួនក្នុងបង្កើនការយល់ដឹងនេះ តាមរយៈការបង្ហាញអំពីទិដ្ឋភាព ស្ថានភាព សេដ្ឋកិច្ចសង្គម អាហារូបត្ថម្ភ សន្តិសុខស្បៀង និងវដ្ដអាហារ។ជាពិសេស គឺតួនាទីស្ត្រី នៅក្នុងវិស័យចំណីអាហារ តាមរយៈមុខម្ហូបប្រពៃណីខ្មែរមួយគឺ «សម្លកកូរ»។
សម្លកកូរ គឺជាមុខម្ហូបប្រពៃណីដែលមានប្រជាប្រិយភាពមួយ ទាំងសម្រាប់ប្រជាជនខ្មែរ និងបរទេស។ សម្លកកូរនេះ មានគ្រឿងផ្សំផ្សេងៗដូចជា៖ បន្លែចម្រុះ ប្រហុក គ្រឿង និងសាច់ផ្សេងៗ តាមចំណង់ចំណូលចិត្តរបស់អ្នកចម្អិន។ ភាគច្រើនប្រជាជននិយមប្រើប្រាស់ត្រី។
រូបភាពដោយ៖ MHOPe/Miguel Jeronimo
«នៅកម្ពុជា យើងមានម្ហូបអាហារច្រើនណាស់។ ប៉ុន្តែ សម្រាប់ខ្ញុំបើវាមិនមានជីវជាតិ និងមានសុវត្ថិភាព វាមិនមែនជាម្ហូបនោះទេ។ ដូចនេះ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវតែគិតគូរដំណាលគ្នា។»
ពេលចូលទៅកាន់បណ្តាញសង្គមហ្វេសប៊ុកករបស់ ម្ហូប-MHOPe អ្នកនឹងឃើញមានមាតិកាផ្សព្វផ្សាយជាច្រើនក្នុងទម្រង់ វីដេអូ កម្រងរូបភាព អត្ថបទ និង គំនូរឌីជីថល។ ហើយក្នុងនោះ កម្មវិធីវីដេអូមួយរបស់ម្ហូប-MHOPe មានឈ្មោះថា «១០០១ វិធីនៃការចម្អិនសម្លកកូរ»។ កម្មវិធីនេះបង្ហាញពី Chef Nak ទៅនិយាយជាមួយស្ត្រីផ្សេងៗគ្នា ពីវិធីចម្អិនសម្លកកូរ និងអាហាររូបត្ថម្ភរបស់សម្លរមួយនេះ។ ការណ៍សាកសួរពួកគាត់ធ្វើឲ្យយើងដឹងពីជម្រើសគ្រឿងផ្សំ ដែលត្រូវបានកំណត់ឡើងដោយកត្តាតម្លៃ (Addordability)។
មាជិករបស់ ម្ហូប-MHOPe ម្នាក់ ដែលអ្នកគូរគំនូររបស់យុទ្ធនាការនេះ បានលើកឡើងថា៖ «តាមរយៈការយល់ដឹងពីជំហានទាំងអស់នៃម្ហូបអាហារ [វដ្តចំណីអាហារ] យើងនឹងរៀនឲ្យតម្លៃនូវអ្វីដែលយើង [កសិករ]ផលិត និងអាហារដែលយើងទទួលទាន។ យើងនឹងចេះឲ្យតម្លៃ និងការខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់រូបលើគ្រប់ជំហានទាំងអស់។»
ក្នុងនាមជាអ្នកធ្វើការ ដើម្បីពង្រឹងសន្តិសុខស្បៀងនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ លោករ៉ូសែល ជឿជាក់ថា ការលើកកម្ពស់ការយល់ដឹង ជុំវិញប្រធានបទនេះគឺជាជំហានដំបូង។ ពេលនិយាយពីសន្តិសុខស្បៀង លោកបានឱ្យយោបល់ថា យើងគួរតែផ្តោតលើលទ្ធភាពក្នុងការទទួលបានស្បៀង និងការដែលមានថវិការក្នុងការទិញ ស្បៀង ដែលមានគុណភាព សំបូរដោយអាហារូបត្ថម្ភ និងមានសុវត្ថិភាព ជាងការមានស្បៀងស្តុកទុក។
លោកបានសង្កត់ធ្ងន់ថា៖ «នៅកម្ពុជា យើងមានម្ហូបអាហារច្រើនណាស់។ ប៉ុន្តែ សម្រាប់ខ្ញុំបើវាមិនមានជីវជាតិ និងមានសុវត្ថិភាព វាមិនមែនជាម្ហូបនោះទេ។ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវតែគិតគូរដំណាលគ្នា។»
យកសម្លរកកូរជាឧទាហរណ៍ លោក រ៉ូសែល គិតថាម្ហូបខ្មែរភាគច្រើន ប្រើប្រាស់ត្រី ដែលផ្តល់ជីវជាតិល្អសម្រាប់អ្នកបរិភោគ ច្រើនជាងការប្រើប្រាស់សាច់ជ្រូក និងសាច់គោ ។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺវិធីចម្អិនរបស់យើងនៅពេលបច្ចុប្បន្ន។
«ពេលចម្អិនឥលូវយើងចូលចិត្តថែមប៊ីចេង និងស្ករ ច្រើនជាងរូបមន្តដើម។ ការចម្អិនរបស់យើងមិនសូវល្អដូចកាលពីមុននោះទេ។»
ដើម្បីសម្រេចឱ្យបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា រួមទាំងលើកទឹកចិត្តឱ្យមានតុល្យភាពរវាងសេដ្ឋកិច្ចសង្គម និងបរិស្ថានប្រកបដោយចរីភាព ត្រូវបានកំណត់ក្នុង ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចរីភាពនៅកម្ពុជាឆ្នាំ២០៣០។
សម្រាប់យុទ្ធនាការ ម្ហូប-MHOPe ជឿជាក់ថា ការពង្រឹងការយល់ដឹងរបស់ប្រជាជន មានសារៈសំខាន់ណាស់ ក្នុងការជួយឲ្យសម្រេចបានផែនការនេះ។
ការធ្វើឲ្យប្រជាជនយល់ដឹងពីបញ្ហាផ្សេងៗ ជុំវិញម្ហូបអាហារ គឺជារឿងដ៏លំបាកមួយ។ ប៉ុន្តែសម្រាប់យុទ្ធនាការម្ហូប-MHOPeនេះ ការណ៍ដែលធ្វើឲ្យមនុស្សគ្រប់រូបដឹងពីបញ្ហានេះ មានសារៈសំខាន់ណាស់សម្រាប់អនាគតប្រទេសជាតិ។
ក្រុមការងារម្ហូប-MHOPeបានពន្យល់ថា៖ «ដើម្បីសម្រេចបាននូវផែនការនេះ ចាំបាច់ត្រូវមានការបង្កើនការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋជុំវិញ ប្រព័ន្ធអាហារ អាហារមិនល្អ និងគ្មាននិរន្តរភាព ក៏ដូចជាគំរូអាហារូបត្ថម្ភនៅក្នុងសង្គមកម្ពុជាផងដែរ៕