នៅក្នុងខេត្តស្ទឹងត្រែង ក្រុមយុវជនកំពុងតែការពារសហគមន៍របស់ពួកគេពីការរុករករ៉ែខុសច្បាប់
មានព្រំប្រទល់ជាប់នឹងប្រទេសឡាវ និងជាខេត្តមួយដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងជាភូមិសាស្ត្រសំបូរទៅដោយព្រៃឈើ និងទន្លេដែលជាប្រភពទឹកសាបដ៏សំខាន់សម្រាប់សហគមន៍ ក៏ដូចជាវត្តមានរបស់សត្វព្រៃ។ ខេត្តស្ទឹងត្រែងក៏ជាខេត្តដែលសំបូរទៅដោយសកម្មភាពជីករករ៉ែដ៏ច្រើន ដែលគំរាមកំហែងដល់ធម្មជាតិ និងប្រជាជនរបស់សហគមន៍ផងដែរ។
ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមហ៊ុនខាងលើនេះ យុវជនមួយក្រុមដែលត្រូវបានគេស្គាល់ថា ជាក្រុមយុវជនសមាគមន៍ថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) បាននិងកំពុងការពារសហគមន៍ពីសកម្មភាពខាងលើ។ តាមរយៈកម្មវិធីគាំទ្រដល់ចីរភាពរស់នៅតាមរយៈការពង្រឹងសេដ្ឋកិច្ចសហគមន៍ យុវជនមកពីសហគមន៍កំពុងបោះជំហានទៅរកការច្របាច់បញ្ចូលគ្នានូវសេដ្ឋកិច្ច និងបរិស្ថានល្អ។ ក្នុងន័យនេះ គេចង់មានន័យថា ល្អទាំងសេដ្ឋកិច្ច ទាំងបរិស្ថាន។ ក្រុមការងាររបស់យើង បានធ្វើការសម្ភាសជាមួយនឹងយុវតី រៀម ស្រីរ៉ាត់ មានអាយុ ២២ ឆ្នាំ និងជាអ្នកដឹកនាំយុវជន ដែលកំពុងបន្តអប់រំយុវជនដទៃទៀត និងផ្តល់ភាពអង់អាចដល់យុវជនការពារបរិស្ថានជំនាន់ក្រោយ។
មានកន្លែងអភិរក្សជាច្រើនក្នុងខេត្តស្ទឹងត្រែង។ ក្នុងនាមជាអ្នកដឹកនាំយុវជនសហគមន៍ តើសកម្មភាពការងារសហគមន៍របស់ស្រីរ៉ាត់មានអ្វីខ្លះ?
ចា៎! សកម្មភាពរបស់ខ្ញុំគឺការដឹកនាំយុវជន និងកុមារក្នុងសហគមន៍។ ខ្ញុំធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំទៅកាន់ពួកគាត់ ដើម្បីឱ្យពួកគាត់ក្លាយជាយុវជនគំរូរបស់សហគមន៍ មានឆន្ទៈក្នុងការការពារបរិស្ថាន ស្រលាញ់ធម្មជាតិនៅក្នុងសហគមន៍របស់ពួកគាត់ និងសកម្មភាពជាច្រើនផ្សេងទៀតទាក់ទងនឹងសហគមន៍។
សម្រាប់កុមារវិញ ខ្ញុំបង្រៀនភាសាអង់គ្លេសដល់ពួកគាត់ និងបង្រៀននូវចង្វាក់រាំតាមបែបប្រពៃណីខ្មែរដើម្បីថែរក្សាវប្បធម៌របស់យើង។ ចំណែកឯយុវតីវិញ ខ្ញុំចង់ផ្តល់ភាពអង់អាចទៅកាន់ពួកគាត់ ដើម្បីឱ្យពួកគាត់ក្លាយជាអ្នកដឹកនាំក្នុងសហគមន៍។
ការការពារប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានគឺជាការងារដ៏សំខាន់។ តើស្រីរ៉ាត់បានចាប់ផ្តើមធ្វើវាដោយរបៀបណា? ហើយអ្វីទៅដែលជម្រុញឱ្យស្រីរ៉ាត់ ចូលរួមក្នុងសកម្មភាពទាំងនេះ?
មូលហេតុដែលខ្ញុំចាប់ផ្តើមការពារ និងខ្វល់ខ្វាយដល់បរិស្ថាន គឺដោយសារតែខ្ញុំឃើញប៉ារបស់ខ្ញុំ។ កាលពីអាយុ ១២ឆ្នាំ ប៉ារបស់ខ្ញុំមានតួនាទីជាមន្ត្រីល្បាត ប៉ុន្តែនៅពេលនោះខ្ញុំមិនពេញចិត្តនឹងការងាររបស់គាត់ទេ។ ខ្ញុំក៏ធ្លាប់ចង់ឱ្យគាត់ឈប់ធ្វើការបែបនេះដែរ ពីព្រោះខ្ញុំពេលនោះខ្ញុំគិតថា គ្មាននរណាឱ្យតម្លៃការងាររបស់គាត់ទេ។
ក្រោយពីបានបញ្ចប់វិទ្យាល័យ ខ្ញុំបានចុះកិច្ចសន្យាធ្វើជាគ្រូបង្រៀន។ បន្ទាប់មកខ្ញុំចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តនៅអង្គការដែលទាក់ទងនឹងបរិស្ថាន និងវប្បធម៌។ ការងាររបស់អង្គការ ផ្តោតទៅលើការអភិរក្សជលផល និងព្រៃឈើ។ បន្ទាប់ពីខ្ញុំបានចូលរួមជាមួយអង្គការនេះរួច ខ្ញុំបានស្វែងយល់ច្រើន ហើយក៏ធ្លាប់ប្រាប់ប៉ារបស់ខ្ញុំថា ខ្ញុំមិនគួរណាប្រាប់ឱ្យគាត់លាលែងពីការងាររបស់គាត់សោះ ពីព្រោះការងារនោះ មិនមែនសម្រាប់ផលប្រយោជន៍របស់គាត់តែម្នាក់ឯណា ប៉ុន្តែវាជាការងារការពារផលប្រយោជន៍របស់យើងគ្រប់គ្នាក្នុងសហគមន៍ ជាពិសេសសម្រាប់អ្នកជំនាន់ក្រោយ។
ក្រៅពីធនធានព្រៃឈើ និងជីវចម្រុះ ស្ទឹងត្រែងជាខេត្តមួយសម្បូរទៅដោយធនធានរ៉ែដ៏មានតម្លៃដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសចង់បាន។ តើស្រីរ៉ាត់ធ្លាប់ប្រទះការជីករ៉ែនៅក្នុងសហគមន៍ដែរទេ?
កាលពីលើកមុនមានជនជាតិចិនជិត ១០ នាក់ ដែលម្នាក់ជាអ្នកបើកគ្រឿងចក្រ ហើយពួកគាត់ធ្លាប់ចូលមកសហគមន៍របស់ពួកខ្ញុំ។ ពេលនោះពួកគាត់ក៏បានយកគ្រឿងចក្រ ហើយចូលមកនៅក្នុងសហគមន៍របស់ពួកខ្ញុំប្រមាណ ៣ ខែ។ ក្រោយមកទៀតខ្ញុំឃើញមានសាឡង់ ចូលមកសហគមន៍របស់ពួកខ្ញុំកាលពីខែមករា និងខែកុម្ភះ នៅឆ្នាំ ២០២៣ ក្នុងភូមិរបស់ខ្ញុំ។ ពួកគាត់បានធ្វើសកម្មភាពខួងនៅមាត់ទន្លេនៅខាងមុខភូមិកោះខនឌិន។
ពួកគាត់ធ្លាប់ស្វែងកន្លែងដែលមានរ៉ែនៅក្នុងភូមិចំនួនបី ភូមិកោះខនឌិន ភូមិខាំផាន់ និងភូមិថ្មី ប៉ុន្តែក្រុមហ៊ុនបានធ្វើការខួងនៅភូមិរបស់ខ្ញុំមុនគេ។ ប្រហែលជានៅក្នុងខែធ្នូ ឆ្នាំ ២០២២ គ្រឿងចក្របានចូលមកភូមិរបស់ខ្ញុំ។
ការរុករករ៉ែត្រូវបានគេកត់សម្គាល់ថា បង្កផលប៉ះពាល់ដល់អេកូឡូស៊ី និងបរិស្ថាន។ តើសកម្មភាពដែលពួកគាត់បានជីកនៅជិតភូមិរបស់ស្រីរ៉ាត់ន្លងមក បានបង្កផលប៉ះពាល់អ្វីខ្លះ?
ការប៉ះពាល់ហ្នឹងគឺការបង្កឱ្យមានសម្លេងរំខាន។ ពួកគាត់ខួងទាំងថ្ងៃទាំងយប់នៅក្នុងខែកុម្ភៈ ហើយសម្លេងរំខានហ្នឹងចេញមកពីម៉ាស៊ីនគ្រឿងចក្រ។
សម្លេងរំខានជារឿងមួយ ហើយផលប៉ះពាល់មួយទៀតវិញគឺ ចាប់តាំងពីពួកគាត់ចាប់ផ្តើមសកម្មភាពខួងមក ប៉ារបស់ខ្ញុំចាប់ត្រីមិនសូវបានដូចមុនទេ។ កាលពីមុនគាត់ធ្លាប់ចាប់បានច្រើនគីឡូក្នុងមួយយប់ ប៉ុន្តែឥលូវវិញចំនួនត្រីបានធ្លាក់ចុះ។
ម្ល៉ោះហើយការខួងនេះ គឺជាមូលហេតុដែលធ្វើឱ្យបាត់បង់ត្រី។
តើប្រជាជនក្នុងសហគមន៍របស់ស្រីរ៉ាត់ មានប្រតិកម្មបែបណាចំពោះសកម្មភាពរុករករ៉ែនេះ?
សម្រាប់យុវជនក្នុងសហគមន៍ ពួកគាត់មិនបានធ្វើការលើកបដាដើម្បីតវ៉ាអ្វីនោះទេ។ ពួកគាត់គ្រាន់តែឃ្លាំមើល និងធ្វើការសាកសួរទៅកាន់អាជ្ញាធរពាក់ព័ន្ធ ពីព្រោះវាពាក់ព័ន្ធនឹងការងាររបស់ពួកគាត់។ ខ្ញុំតែងតែដើរទៅមើលការខួងហ្នឹងរហូត។ សូម្បីតែពេលខ្ញុំលឺសម្លេងប្លែកៗក៏ខ្ញុំដើរទៅដែរ។ ខ្ញុំអង្គុយមើលសកម្មភាពខួងនៅទីនោះ ហើយក៏បានថតរូបផងដែរ។ សកម្មភាពរុករករ៉ែបានចាប់ផ្តើមនៅខែកុម្ភៈ ហើយគេក៏ផ្អាកវិញនៅខែមីនា ២០២៣។ សកម្មភាពនេះប្រព្រឹត្តទៅក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។