ផ្តើមចេញពីការនេសាទខុសច្បាប់ រហូតដល់ការបំពុលបរិស្ថានដោយសំណល់ប្លាស្ទិក [កញ្ញា ម៉ាន យូវ៉ៃ] ជាអ្នករស់នៅក្នុងសហគមន៍នេសាទត្រពាំងសង្កែ កំពុងប្រើប្រាស់យុទ្ធនាការផ្សព្វផ្សាយ និងប្រតិបត្តិការជួយស្រោចស្រង់សម្រស់ធម្មជាតិសហគមន៍របស់គាត់។
ចូលរួមប្រយុទ្ធដើម្បីសុខមាលភាព និងអនាគតសហគមន៍របស់គាត់។ ចិត្តរបស់កញ្ញា ម៉ាន យូវ៉ៃ បានចាក់ឬសជាប់នឹងដីស្ទឹងដ៏មានជីជាតិ និងព្រៃកោងកាងនៅក្នុងសហគមន៍ត្រពាំងសង្កែយូវ៉ៃបានចាប់កំណើត និងធំដឹងក្តីក្នុងសហគមន៍ ដែលជាប់ឈូងសមុទ្រកំពត។ ក្រោយបានយល់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់ដងស្ទឹងទឹកប្រៃ យុវតីវ័យ ៣៤ ឆ្នាំរូបនេះ បានចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីភាពចាំបាច់ក្នុងកិច្ចការពាររុក្ខជាតិ និងសត្វដែលអាស្រ័យក្រោមដើមកោងកាង។
ចាប់តាំងពីសហគមន៍ត្រពាំងសង្កែត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដែលជាការឆ្លើយតបនឹងការនេសាទខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍដែលគ្មានចីរភាព ភូមិនេសាទរបស់គាត់បានប្រែក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅប្រទេសកម្ពុជា។ ពួកយើងបានអង្គុយពិភាក្សាជាមួយ ម៉ាន យូវ៉ៃ អំពីការគំរាមគំហែងដែលកំពុងកើតឡើងក្នុងសហគមន៍របស់គាត់ និងកិច្ចការដែលគាត់បានធ្វើដើម្បីការពារប្រព័ន្ធអេកូឡូស៊ី សម្រាប់ក្មេងជំនាន់ក្រោយ។
ស្ថិតចំកណ្តាលសហគមន៍ត្រពាំងសង្កែ មានដើមកោងកាងជាច្រើនបានដុះឡើងព្រមគ្នា បង្កើតបានជាទីនេសាទ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅទីនេះ។ ដើមកោងកាងទាំងនេះ ក៏ស្ថិតក្រោមការគំរាមគំហែងពីការអភិវឌ្ឍផងដែរ។ ដោយបានស្តាប់ការពិពណ៌នាអំពីសហគមន៍របស់គាត់រួច ក្រុមការងារបានចាប់ផ្តើមសួរសំណួរទៅកាន់គាត់ថា តើសហគមន៍របស់អ្នកបានធ្វើកិច្ចការអ្វីខ្លះ ដើម្បីដោះស្រាយនូវផលប៉ះពាល់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ?
កាលមុនព្រៃកោងកាងត្រូវបានកាប់បំផ្លាញស្ទើរទាំងស្រុង ប៉ុន្តែចាប់តាំងពីសហគមន៍បានបង្កើតឡើង គ្មានការកាប់ព្រៃឈើទៀតនោះទេ។ ឥលូវ ត្រពាំងសង្កែ គឺជាសហគមន៍ដែលមានព្រៃកោងកាងច្រើនជាងគេ។ ដោយមានការចូលរួមយ៉ាងច្រើនពីនិស្សិតសកលវិទ្យាល័យ ភ្ញៀវទេសចរ និងស្ថាប័ននានា។ យើងមិនត្រឹមតែការពារនោះទេ យើងក៏បានដាំកូនឈើបន្ថែមដែរ។
ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានក្រុមស្ម័គ្រចិត្តមកពីបណ្តាប្រទេសផ្សេងៗផងដែរ។ ពេលពួកគាត់មកដល់ទីនេះ ពួកគាត់បានចូលរួមក្នុងការបណ្តុះ ការដាក់ដាំកូនឈើកោងកាង និងបានស្នាក់នៅក្នុងសហគមន៍ដល់ទៅប៉ុន្មានសប្តាហ៍ឯណោះ។
ការអភិវឌ្ឍរបស់វិស័យឯកជន គឺជាកត្តាចម្បងដែលញ៉ាំងឱ្យមាននូវការកាប់បំផ្លាញព្រៃឈើ ហើយវានៅតែជាបញ្ហាដែលបន្តបង្ហិនបង្ហោចដល់អេកូឡូសុីនៅប្រទេសកម្ពុជា។ តើមានគម្រោងអភិវឌ្ឍន៍គ្មានចីរភាពស្ថិតនៅក្បែរសហគមន៍របស់កញ្ញាដែរ ឬទេ?
កាលពីមុនគឺមាន សាឡង់ដឹកខ្សាច់មួយ បានមកចតក្បែរសហគមន៍របស់យើង។ ពេលហ្នឹងពួកគេបានជីកដីព្រៃកោងកាងនៅខាងមុខដែនសហគមន៍របស់យើង។ សហគមន៍យើងពិតជាមានក្តីបារម្ភយ៉ាងខ្លាំង រហូតដល់មានស្រ្តីដ៏មានអំណាចម្នាក់ មានទំនាក់ទំនងជាមួយថ្នាក់លើ បានដឹងឮអំពីបញ្ហានេះ ហើយគាត់បានជួយធ្វើការអន្តរាគមន៍ដល់ការដាក់ពាក្យបណ្តឹង រហូតទាល់តែដំណើរការនេះបានសម្រេច ហើយអ្នកសារព័ត៌មានបានចុះមកយកព័ត៌មានពីបញ្ហារបស់យើង ដើម្បីធ្វើជាសេចក្តីរាយការណ៍។
សម្រាប់ក្រុមអ្នកបើកសាឡង់ ក្រោយមកពួកគេបានប្រាប់យើងថា គេគ្រាន់តែពូនដីដើម្បីធ្វើជារបាំងការពារស្រែអំបិល ពីការជន់ជោរនៃទឹកសមុទ្រប៉ុណ្ណោះ។ សម្រាប់ភ្ញៀទេសចរណ៍វដែលបានមកលេងសហគមន៍របស់យើង ពួកគាត់បាននិយាយថា ពំនូកខ្សាច់នេះ មើលទៅដូចជាភ្នំខ្សាច់មកបិទបាំងនូវទស្សនីយភាពដ៏ស្រស់ស្អាតរបស់ភ្ញៀវទេសចរណ៍នៅក្នុងសហគមន៍របស់ពួកយើង ដែលធម្មជាតិបានផ្តល់ឱ្យយ៉ាងអញ្ចឹង។ ការលើកពំនូកដីនេះបានផ្អាកដំណើរការ ក្រោយពេលពួកយើងបានអញ្ជើញភាគគីធ្វើស្រែអំបិលមកពិភាក្សាអំពីការកំណត់ព្រំដីរបស់គាត់។ ទីបំផុត តាមរយៈការពិភាក្សា និងការគាំទ្រពីក្រសួងពាក់ព័ន្ធ ទើបយើងអាចបញ្ឈប់សកម្មភាពរបស់គាត់។
ស្តាប់ទៅ វាហាក់ដូចជាសហគមន៍របស់អ្នកបានឆ្លងកាត់បញ្ហាគម្រោងអភិវឌ្ឍន៍ច្រើនគួរសម។ តើមានគម្រោងអភិវឌ្ឍន៍ថ្មីៗណាទៀត ដែលគំរាមគំហែងដល់សហគមន៍ ត្រពាំងសង្កែដែរទេ?
ចាស! មានគម្រោងអភិវឌ្ឍន៍ឯកជនមួយឈ្មោះ ស្តេច ៣ ដែលបញ្ចុះបញ្ចូលឱ្យប្រជាសហគមន៍ អនុញ្ញាតឱ្យពួកគេធ្វើការអភិវឌ្ឍ ព្រោះពួកគេបានអះអាងថា នឹងអភិវឌ្ឍសហគមន៍របស់យើង។ ប៉ុន្តែពួកយើងមិនបានយល់ព្រមឡើយ។ ហើយពេលយើងនៅតែមិនយល់ព្រម ខាងក្រុមហ៊ុនបានអញ្ជើញពួកយើងទៅចរចារនៅសាលាឃុំ អំពីគម្រោងសាងសង់បឹងហ្កាឡូរបស់គេនៅក្នុងសហគមន៍របស់ពួកយើង។ យើងបានតបទៅពួកគេថា៖ «ចុះបឹងហ្កាឡូរបស់យើងវិញ? យើងមានបឹងកាឡូដែរតើ!»
ពួកគេបានអះអាងបន្ថែមថា ពួកគេចង់ប្រែក្លាយឆ្នេរសមុទ្រនេះឱ្យទៅជាឆ្នេរដែលមានការអភិវឌ្ឍន៍ខ្លាំងជាងនេះទៅទៀត។ ហើយយើងក៏បានតបទៅវិញថា៖ «តើអ្នកគិតថា ឆ្នេររបស់ពួកយើងមិនមានការអភិវឌ្ឍមែនទេ?»
ពួកគេបានអះអាងថា៖ «បើអ្នកមិនប្រគល់ឲ្យ យើងនឹងយកឆ្នេរនេះ»។ បន្ទាប់មក យើងបានហៅប្រជាជនរបស់យើងមកប្រជុំ ហើយបានប្រាប់ពួកគាត់ថា មានក្រុមហ៊ុនឯកជនមួយចង់បានដីសហគមន៍របស់យើងទៀតហើយ។
ពេលប្រឈមមុខជាមួយក្រុមហ៊ុនឯកជនធំៗដែលមានអំណាច និងមានឥទ្ធិពលខ្លាំងក្នុងផ្ទាំងសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើម៉េចទើបអ្នកអាចការពារសហគមន៍របស់អ្នកបាន? តើទំនាស់ដីធ្លីដោះស្រាយបានយ៉ាងម៉េច?
ពួកយើងបានជម្រាបជាដំណឹងដល់អ្នកភូមិថា ដីសហគមន៍មិនមែនជាកម្មសិទ្ធិរបស់តំណាងសហគមន៍ឡើយ។ សហគមន៍នេះគឺជារបស់យើងទាំងអស់គ្នា។ វាជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ ពួកយើងនិយាយហើយថា មិនអនុញ្ញាតឲ្យក្រុមហ៊ុនមកអភិវឌ្ឍលើដីរបស់យើងទេ ពីព្រោះ ពួកយើងជាសហគមន៍នេសាទ។ ពួកយើងមិនបណ្តោយឲ្យអ្នកអភិវឌ្ឍអ្វីដែលប៉ះពាល់ដល់ដែននេសាទរបស់យើងជាដាច់ខាត។
ទីបំផុតលទ្ធផលជោគជ័យបានកើតឡើងនៅពេលឯកឧត្តម ម៉ៅ ធនិន ឡើងកាន់តំណែងជាអភិបាលខេត្តកំពត។ ប្រមុខសហគមន៍របស់យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហើយយើងបានជម្រាបជូនលោកអភិបាលខេត្តអំពីកង្វល់របស់ប្រជាជនក្នុងសហគមន៍។ លោកបានអញ្ជើញពួកយើងទៅប្រជុំនៅសាលាខេត្ត ប៉ុន្តែយើងមិនបានដឹងមុនទាល់តែសោះថា លោកក៏បានអញ្ជើញក្រុមហ៊ុននោះឱ្យមកចូលរួមផងដែរ។
យើងមិននឹកស្មានថា លោកបានអញ្ជើញក្រុមហ៊ុន ស្តេច ៣ មកជួបយើងទាល់តែសោះ។ ប្រធានសហគមន៍របស់យើងក៏បានអញ្ជើញពួកយើងឱ្យចូលរួមផងដែរ។ បន្ទាប់មកនៅពេលដែលកំពុងអង្គុយនៅតុពិភាក្សាជាមួយក្រុមហ៊ុននៅសាលប្រជុំ លោក [ឯកឧត្តមម៉ៅ ធនិន] បានមានប្រសាសន៍ថា៖ «សូមកុំប៉ះពាល់ត្រពាំងសង្កែ។ ត្រពាំងសង្កែ គឺជាបេះដូងខ្ញុំ»។
ប្រជាជនក្នុងសហគមន៍របស់ពួកយើងទាំងអស់ សម្តែងការពេញចិត្តយ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់ឯកឧត្តមអភិបាលខេត្ត