ជាមួយតួនាទីដ៏មានឥទ្ធិពលនៅក្នុងវប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា កសិកម្មក៏ជាសសរស្តម្ភនៃការងាររបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជា្រវដើម្បីអភិឌ្ឍន៍កម្ពុជា CDRI ដោយមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្វែរការយកចិត្តទុកដាក់មកលើវិស័យដ៏សំខាន់នេះ។

ស្ថិតនៅក្នុងចំណុចកណ្តាលនៃប្រព័ន្ធទន្លេមេគង្គ វិស័យកសិកម្មប្រទេសកម្ពុជាត្រូវបានជ្រោមជ្រែងដោយដីដែលមានជីជាតិ និងភ្លៀងធ្លាក់តាមរដូវ អស់រយៈពេលជាច្រើនសតវត្សមកហើយ។ មកទល់សព្វថ្ងៃនេះ វាលស្រែដ៏ខៀវស្រងាត់ ចម្ការផ្លែឈើដ៏ធំល្វឹងល្វើយ និងផលនេសាទទឹកសាប នៅតែបន្តផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជារាប់លាននាក់ និងនៅពេលអនាគត។
មានកត្តាជាច្រើននៅពីក្រោយការដែលប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសមួយ ដែលមានអត្រាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងថេរបំផុតមួយក្នុងតំបន់។ ខណៈដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបង្ហាញពីការបញ្ចប់ជម្លោះក្នុងទសវត្សរ៍មុនៗ ជំនួយបរទេសបានហូរចូលមកក្នុងប្រទេសនេះ ហើយកម្ពុជាបានក្លាយទៅជាគោលដៅដ៏ទាក់ទាញយ៉ាងឆាប់រហ័ស សម្រាប់ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ និងការអភិវឌ្ឍន៍សំណង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ទោះជាយ៉ាងណាក៏ដោយ អំឡុងពេលដែលការផ្លាស់ប្តូរទាំងអស់នេះកំពុងកើតឡើង វិស័យកសិកម្មនូវតែជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ចដ្ឋកិច្ចរបស់កម្ពុជា។
“ចំនួនប្រជាជននៅតាមតំបន់ជនបទរបស់យើងនៅមានច្រើន ហើយយើងក៏មានដីកសិកម្មល្អៗច្រើនផងដែរ” នេះបើតាមការពន្យល់របស់ លោក ស៊ឹម សុខចេង ដែលជា នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ Centre for Policy Research in Agriculture and Rural Development ហៅកាត់ថា CPARD នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជា្រវដើម្បីអភិឌ្ឍន៍កម្ពុជា (CDRI)។

“ទោះបីជាវិស័យកសិកម្មមិនបង្កើតចំណូលក្នុងបរិមាណមួយ ដូចវិស័យវាយនភណ្ឌ និងវិស័យផ្សេងៗទៀតក៏ដោយ វានូវតែមានសារៈសំខាន់ ព្រោះប្រជាជនយើងពឹងផ្អែកលើធនធានធម្មជាតិទាំងនេះ”។
ដោយផ្ដោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជា កិច្ចការស្រាវជ្រាវរបស់CPARD គឺផ្តោតទៅលើកង្វះខាតផ្សេងៗនៅក្នុងផលិតកម្មកសិកម្ម
ការសិក្សាពីឆ្នាំ ២០១៨-២០២០ ដែលមានចំណងជើងថា “សុវត្ថិភាពចំណីអាហារនៅកសិដ្ឋានសាកវប្បកម្មនៅកម្ពុជា៖ ករណីកសិកម្មបន្លែ” បានពន្យល់ពីមូលហេតុដែលប្រទេសកម្ពុជាពឹងផ្អែកទៅលើផលិតផលនាំចូល និងបានណែនាំយុទ្ធសាស្រ្តដើម្បីបង្កើនការផ្គត់ផ្គង់ និងលើកកម្ពស់តម្រូវការបន្លែក្នុងស្រុក។ ជាពិសេស ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតត្រូវបានសិក្សាយ៉ាងលម្អិត ដោយសារតែការប្រព្រឹត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ (Good Agricultural Practices – GAP) ដែលគេទទួលស្គាល់ជាអន្តរជាតិ គឺត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រសំខាន់សម្រាប់ការលើកកម្ពស់ភាពប្រកួតប្រជែង របស់ផលិតផលកសិកម្មកម្ពុជា។
ការសិក្សានេះបានបំពេញចន្លោះនៅក្នុងការស្រាវជ្រាវ ដែលមានស្រាប់ និងបានផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីវិធីដើម្បីកែប្រែការយល់ឃើញរបស់កសិករ និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។ ការស្រាវជ្រាវនេះ ក៏បានផ្តល់ដំបូន្មានថា អាជ្ញាធរក៏អាចជួយផ្សព្វផ្សាយចំណេះដឹងអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឲ្យបានល្អបំផុតនៅតំបន់ជនបទបានដែរ។ ដោយសារតែកម្ពុជាមានប្រវត្តិជាសង្គមកសិកម្ម ការជម្រុញផលិតកម្មក្នុងស្រុក គឺជាគោលដៅដ៏សំខាន់សម្រាប់អ្នកពាក់ព័ន្ធគ្រប់ឧស្សាហកម្ម។
លោក ស៊ឹម សុខចេង បានថ្លែងថា៖ “អាហារជាច្រើនដែលយើងបរិភោគគឺនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃ។” “ជម្ងឺរាតត្បាតកូវីដ-១៩ និងផលវិបាកក្នុងការធ្វើដំណើរឆ្លងដែនបានធ្វើឲ្យយើងដឹងច្បាស់ថា យើងត្រូវតែធ្វើឲ្យប្រសើរឡើងនូវវិស័យកសិកម្មរបស់យើង ឲ្យបានយ៉ាងហោចណាស់ឈានដល់កម្រិតដែលអាចទ្រទ្រង់ខ្លួនឯងបាន”។

នៅពេលដែលយើងនិយាយពីវិស័យកសិកម្មរបស់កម្ពុជា បើសិនជាយើងមិនបាននិយាយពីស្រូវនោះទេ កិច្ចសន្ទនានោះហាក់ដូចគ្មានអត្ថន័យ។ ក្នុងនាមជាអាហារចម្បងមួយ ដំណាំស្រូវគឺជាគ្រោងឆ្អឹងនៃរបបអាហាររបស់កម្ពុជាអស់ជាច្រើនសតវត្សមកហើយ ហើយវាក៏នូវតែជាផ្នែកសំខាន់នៃផលិតកម្មដំណាំសរុបរបស់កម្ពុជា។ ដំណាំស្រូវក៏ជាប្រធានបទនៃការស្រាវជ្រាវរបស់ CDRI ផងដែរ។
ដោយមើលទៅលើផលិតកម្មស្រូវ និងបញ្ហាប្រឈមដែលពាក់ព័ន្ធ ជាពិសេសសម្រាប់អ្នកដែលមានកសិដ្ឋានតូចៗ និងជីវភាពក្រីក្រ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានបង្ហាញនូវដំណោះស្រាយដែលអាចប្រើប្រាស់បាន សម្រាប់ផលិតករនៅក្នុងមហាអនុតំបន់មេគង្គ តាមរយៈការស្រាវជ្រាវ “ការសិក្សាបែបប្រៀបធៀបសម្រាប់ការទទួលបានទីផ្សារប្រកបដោយចីរភាព និងភាពល្អប្រសើរនៃវិស័យស្រូវអង្ករថ្នាក់តំបន់៖ ករណីសិក្សាអំពីប្រទេសកម្ពុជា ”។
អ្នកស្រាវជ្រាវនៅ CPARD អ្នកស្រី ខៀវ ភិរម្យបានពន្យល់ថា “យើងបានសិក្សាទៅលើកសិករនៅក្នុងតំបន់បីផ្សេងៗដែលដាំដំណាំស្រូវ ៣ ប្រភេទផ្សេងៗគ្នា៖ ស្រូវរដូវវស្សា ស្រូវរដូវប្រាំង និងស្រូវសរីរាង្គដែលមានតម្លៃខ្ពស់។ កសិករក្នុងខេត្តព្រះវិហារភាគច្រើន គឺដាំស្រូវសរីរាង្គក្នុងគោលបំណងនាំចេញទៅទីផ្សារអន្តរជាតិ។“
កំណើនតម្រូវការសម្រាប់អង្ករដែលមានគុណភាពខ្ពស់នៅក្នុងទីផ្សារ ត្រូវបានកំណត់ជាតំបន់ដែលមានសក្ដានុពលសម្រាប់ផលិតករកម្ពុជា ជាពិសេសនៅពេលមើលទៅតាមបទពិសោធន៍របស់ប្រទេសថៃ ដែលផ្តោតទៅលើការប្រកួតប្រជែងក្នុងទីផ្សារផលិតផលដែលមានតម្លៃខ្ពស់ ជាជាងទៅលើផលិតកម្មសរុប។
ខណៈដែលយុទ្ធសាស្ត្រនេះហាក់មានប្រសិទ្ធភាពសម្រាប់ដំណាំអង្ករស្រូវ បញ្ហាធំៗ និងបញ្ហាបែបប្រព័ន្ធផ្សេងៗទៀតនូវតែបន្តរារាំងដល់វិស័យនេះជាទូទៅ។ កង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការពឹងផ្អែកទៅលើទឹកភ្លៀងសម្រាប់ប្រព័ន្ធធារាសាស្ត្រ តម្លៃនាំចេញ និងតម្លៃអគ្គីសនីថ្លៃជាងបណ្តាប្រទេសជិតខាង សុទ្ធតែចូលរួមចំណែកធ្វើឲ្យវិស័យកសិកម្មកម្ពុជា មិនមានសក្តានុពលពេញលេញ។
ម្តងទៀតដែរ CDRI បានផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាបន្ទាន់បំផុតសម្រាប់វិស័យនេះ។ របាយការណ៍កាលពីឆ្នាំ ២០២១ របស់ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានចំណងជើងថា “ពាណិជ្ជកម្មកសិ-ម្ហូបអាហាររបស់កម្ពុជា – រចនាសម្ព័ន្ធ សក្កានុពលថ្មី បញ្ហាប្រឈម និងផលប៉ះពាល់នៃកូវីដ-១៩” បានផ្តល់ឲ្យអាជ្ញាធរនូវអនុសាសន៍គោលនយោបាយ ដែលអាចអនុវត្តបានដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងទីផ្សារ។
ជាពិសេស CDRI បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលកម្ពុជា ប្តូរពីការពឹងផ្អែកទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Fair trade agreements) ហើយស្វែងរកជម្រើសបន្ថែមនៅទីផ្សារអន្តរជាតិ ដោយការវិនិយោគទៅលើដំណើរការបន្ថែមគុណតម្លៃ (Value-added processing)។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក៏ត្រូវបានលើកឡើងផងដែរ ដូចជាដ្រូន និងបញ្ញាសិប្បនិម្មិត (AI)។ យ៉ាងណាមិញ យុទ្ធសាស្រ្តផ្សេងៗទៀតក៏ត្រូវបានលើកឡើងដោយ CPARD ផងដែរដើម្បីពង្រីកវិស័យមួយនេះ។

ថ្មីនេះ ការសន្ទនាទាក់ទងនឹងការធ្វើកសិកម្មតាមកិច្ចសន្យា (contract farming) មានកំណើនជាងមុន ជាពិសេសនៅពេលដែលនិយាយពី ម្ចាស់អាជីវកម្មតូចៗ ដែលមិនទាន់មានការទាក់ទងគ្នា (disjointed smallholders) ក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលយុទ្ធសាស្រ្តត្រូវបានពិភាក្សាដោយអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញផ្នែកកសិកម្មក៏ដោយ វាមិនទាន់លេចចេញជារូបរាងអ្វីនោះទេ។
“ត្រង់ចំណុចនេះ នៅពេលដែលគេនិយាយពីការធ្វើកសិកម្មតាមកិច្ចសន្យា វាមិនមែនជាការធ្វើកសិកម្មតាមកិច្ចសន្យាពិតប្រាកដនោះទេ” នេះបើតាមការពន្យល់របស់ លោក ស៊ឹម សុខចេង។
ស្រដៀងគ្នាទៅនឹង ការសន្យាកិច្ចព្រមព្រៀង (promissory agreements) រវាងផលិតករ និងឈ្មួញកណ្តាលក្នុងការកំណត់តម្លៃ CDRI បានផ្តល់ការណែនាំដល់អាជ្ញាធរ ពីរបៀបនៃការអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រនេះ ដោយមើលទៅលើទាំងភាពជោគជ័យ និងបរាជ័យរបស់ប្រទេសអ្នកជិតខាងក្នុងតំបន់។ តាមរយៈ ការបោះពុម្ពស្រាវជ្រាវថ្មីស្តីពី ផលិតកម្មកសិកម្មតាមកិច្ចសន្យានៅបណ្តាប្រទេសមេគង្គ៖ ការអនុវត្តល្អៗ និងមេរៀនទទួលបាន បានបង្ហាញពីរបៀបនៃការសម្របយុទ្ធសាស្ត្រនោះទៅនឹងទិដ្ឋភាពក្នុងស្រុក។
ជាការប្រមូលផ្តុំនៃការស្រាវជ្រាវ និងការសហការរវាងប្រទេសចំនួនបួនអស់រយៈពេលពីរឆ្នាំ សៀវភៅនេះបានផ្តល់ឱ្យអាជ្ញាធរនូវការវិភាគមួយ ដែលស្ថិតក្នុងចំណោមការវិភាគដ៏ក្បោះក្បាយបំផុតបើគិតមកដល់បច្ចុប្បន្ន។ ការប្រកាសច្បាប់ថ្មីស្តីពីកសិកម្មតាមកិច្ចសន្យា គឺជាការវិវឌ្ឍន៍ប្រកបដោយជោគជ័យ និងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន។
នៅពេលខាងមុខ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងអ្នកស្រាវជ្រាវដែលមានការប្តេជ្ញាខ្ពស់របស់ខ្លួន នឹងបន្តពិនិត្យមើលយុទ្ធសាស្រ្តសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។
លោក ស៊ឹម សុខចេង បានមានប្រសាសន៍ថា “គោលបំណងចម្បងរបស់យើង គឺពិនិត្យមើលជីវភាពរបស់កសិករតាមរយៈការផ្តោតទៅលើ ផលិតភាព ពិពិធកម្ម និងការចូលក្នុងទីផ្សារ”។ “យើងមានធនធានធម្មជាតិដ៏សម្បូរបែប និងដីដែលល្អសម្រាប់ការដាំដុះដំណាំ ក៏ប៉ុន្តែយើងជួបប្រទះនូវបញ្ហាប្រឈមដែលយើងត្រូវតែជំនះជាមួយការប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗ”៕
អត្ថបទនេះគឺជាផ្នែកមួយនៃភាពជាដៃគូជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលជាការសារទរដល់ដំណើរការរយ:ពេល ៣០ ឆ្នាំរបស់វិទ្យាស្ថាន និងបង្ហាញពីការងាររបស់ពួកគេក្នុងរយៈពេល ៣ទសវត្សរ៍ កន្លងមកនេះ។ អត្ថបទដើមជាភាសាអង់គ្លេសមាននៅលើ Sotheast Asia Globe។ សូមស្វែងយល់បន្ថែមពីការងារស្រាវជ្រាវរបស់ CDRI និងបន្តធ្វើបច្ចុប្បន្នភាពជាមួយគម្រោងរបស់ពួកគេនៅលើទំព័រ Facebook ផ្លូវការរបស់វិទ្យាស្ថាន។ ស្វែងយល់បន្ថែមអំពីភាពជាដៃគូនៅទីនេះ។