ឈ្វេងយល់ពីវិធីសាស្ត្រសំខាន់ៗដើម្បីបង្កើតភាពលេចធ្លោក្នុងការដាក់ពាក្យសុំការងារ និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកសម្ភាសន៍ការងារ។

កាលពីសប្តាហ៍មុន យើងបានចុះផ្សាយអត្ថបទមួយដែលបង្ហាញពីសារសំខាន់នៃជំនាញទន់នៅកន្លែងធ្វើការ ជាពិសេសសម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សា។ អ្នកដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគ្រប់ៗរូបគួរតែមានជំនាញរឹងក្នុងការស្វែងរកការងារដែលស័ក្តិសមទៅនឹងចំណេះដឹង និងសមត្ថភាពរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ និស្សិតមួយចំនួនបានមើលរំលងពីសារសំខាន់នៃជំនាញទន់ដែលអ្នកមិនអាចរៀនពីសៀវភៅបាន។
ដើម្បីកាន់តែជ្រាបច្បាស់ពីការរៀបចំខ្លួនឱ្យបានល្អសម្រាប់ការសម្ភាសន៍ការងារក៏ដូចជាឈ្វេងយល់ពីអ្វីដែលអ្នកជ្រើសរើសបុគ្គលិកតែងតែស្វែងរកពីបេក្ខជននោះ Focus បាននិយាយជាមួយអ្នកស្រី តាទីយ៉ា ឆៃសាទីផង (Tatiya Chaisatephong) ប្រធានផ្នែកជំនាញ និងការអភិវឌ្ឍនៅក្រុមហ៊ុន Smart Axiata ដែលមានទេពកោសល្យខ្ពស់ និងបទពិសោធន៍ជាង ១០ឆ្នាំនៅក្នុងការគ្រប់គ្រងធនធានមនុស្ស។
ហេតុអ្វីបានជាអ្នកជ្រើសរើសចូលបម្រើការក្នុងផ្នែកធនធានមនុស្ស?
ខ្ញុំសម្រេចចិត្តជ្រើសរើសធ្វើការនៅក្នុងវិស័យនេះ ពីព្រោះអ្វីដែលជំរុញទឹកចិត្តរបស់ខ្ញុំ គឺខ្ញុំចង់ឃើញមនុស្សគ្រប់រូបមានការរីកចម្រើននៅក្នុងអាជីពរបស់ពួកគេ។ ទៀតសោត ឱកាសក្នុងការធ្វើការនៅក្នុងផ្នែកធនធានមនុស្សនេះ ខ្ញុំមានឯកសិទ្ធិនិយាយជាមួយមនុស្សគ្រប់គ្នា និងជួយពួកគេលើកទឹកចិត្តបុគ្គលិកទាំងអស់ក្នុងការបញ្ចេញទេពកោសល្យរបស់ខ្លួនឱ្យអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការងារ។ ហេតុនេះវាជាការជំរុញទឹកចិត្តដ៏សំខាន់មួយរបស់ខ្ញុំ។
ផ្អែកលើបទពិសោធន៍របស់អ្នកក្នុងការជ្រើសរើសបុគ្គលិក តើអ្វីដែលអ្នកតែងតែផ្ដោតសំខាន់ជាងគេក្នុងការជ្រើសរើសបុគ្គលិក?
ក្រៅពីជំនាញរឹងដែលពួកគេត្រូវមាន បេក្ខភាពដែលខ្ញុំស្វែងរកគឺជាអ្នកដែលមានផ្នត់គំនិតស័ក្តិសមនឹងក្រុមហ៊ុនរបស់យើង។ សម្រាប់ខ្ញុំ ផ្នត់គំនិតដែលត្រឹមត្រូវគឺសំដៅទៅលើបុគ្គលដែលយល់ពីតម្លៃសំខាន់ៗនៃក្រុមហ៊ុនរបស់យើង ហើយពួកគេអាចបំពេញការងារដែលត្រឹមត្រូវសម្រាប់ក្រុមហ៊ុនរបស់យើង។
តើតម្លៃដែលអ្នកបានលើកឡើងនោះសំដៅទៅលើអ្វី?
ក្រុមហ៊ុន Smart មានតម្លៃសំខាន់ ៥ចំណុច។ ទីមួយ គឺភាពបើកចំហ និងស្មោះត្រង់។ បុគ្គលនោះគួរតែលើកស្ទួយភាពសុចរិត និងបើកចិត្តក្នុងការស្តាប់មតិយោបល់ពីអ្នកដទៃ ពីព្រោះការផ្តល់យោបល់នឹងជួយឱ្យពួកគេរីកចម្រើន។
ទីពីរ យើងជឿជាក់ថាយើងទទួលជ័យជម្នះជាក្រុម។ យើងបាននិយាយច្រើនអំពីការធ្វើការជាក្រុម ប៉ុន្តែតើអ្វីទៅជាការធ្វើការជាក្រុម? ចំពោះយើងវាមានន័យថា អ្នកយកចិត្តទុកដាក់លើអ្វីដែលអ្នកដទៃធ្វើ មិនត្រឹមតែខ្លួនអ្នកប៉ុណ្ណោះទេ ហើយព្យាយាមសម្រេចឱ្យបាននូវអ្វីដែលអ្នកបានសន្យាដើម្បីសម្រេចបាននូវគោលដៅរួម។
ទីបី គឺភាពក្លាហាន មានន័យថាខ្ញុំត្រូវតែព្យាយាមធ្វើឱ្យប្រសើរជាងអ្វីដែលខ្ញុំបានធ្វើកាលពីម្សិលមិញ។ ខ្ញុំត្រូវហ៊ានប្រកួតប្រជែងនឹងខ្លួនឯង និងអ្នកដទៃ ដើម្បីធ្វើឱ្យមានភាពប្រសើរជាងមុន និងផ្លាស់ប្ដូរ។ គុណតម្លៃនេះនឹងជួយឱ្យមានការរីកចម្រើនដល់ក្រុមហ៊ុនរបស់យើង។ ម្យ៉ាងទៀត យើងត្រូវចេះរៀនពីកំហុស មិនត្រឹមតែពីការសរសើរប៉ុណ្ណោះទេ វាជារឿងធម្មតាក្នុងការមានកំហុស ដូច្នេះយើងត្រូវរៀនពីវាហើយបន្តដើរទៅមុខ។
ចំណុចមួយទៀត គឺចិត្តស្រឡាញ់។ ដើម្បីចូលរួមក្រុមរបស់យើង អ្នកត្រូវមានចិត្តស្រឡាញ់នូវអ្វីដែលអ្នកកំពុងធ្វើ និងខិតខំបំពេញតួនាទីរបស់អ្នកឱ្យអស់ពីសមត្ថភាព គ្រប់កិច្ចការដែលអ្នកបានចាត់ឱ្យធ្វើ។
ចុងក្រោយ គឺត្រូវយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត ព្រោះអតិថិជនរបស់យើងចង់បានភាពច្បាស់លាស់ និងសេវាកម្មល្អពីយើង។ ដូច្នេះជាការតបស្នង យើងគួរតែមានភាពត្រឹមត្រូវ និងច្បាស់លាស់ជានិច្ច។
តើមួយណាដែលអ្នកឱ្យតម្លៃបំផុតរវាងជំនាញរឹង និងជំនាញទន់? ហេតុអ្វី?
វាអាស្រ័យលើមុខតំណែងដែលពួកគេដាក់ពាក្យសុំ ដោយមុខតំណែងខ្លះតម្រូវឱ្យអ្នកមានជំនាញរឹងមួយដែលជាក់លាក់ ដូចជាវិស្វករ អ្នកសរសេរកម្មវិធី គណនេយ្យ ជាដើម។ ប៉ុន្តែអ្នកដែលដាក់ពាក្យសុំមុខតំណែងទាំងនោះក៏ត្រូវមានជំនាញទន់ផងដែរ ហើយវាជៀសមិនផុតទេនៅពេលដែលនិយាយដល់ដំណាក់កាលដែលយើងត្រូវពិចារណា ថាតើយើងនឹងជ្រើសរើសអ្នកណា យើងនឹងមើលជំនាញទន់របស់ពួកគេផងដែរ។
ជំនាញទន់ដែលខ្ញុំឱ្យតម្លៃបំផុត គឺមានផ្នត់គំនិតត្រឹមត្រូវ ហើយចំណុចពិសេសនេះអាចបង្ហាញបានតាមរយៈការបង្ហាញគណនេយ្យភាព (ការទទួលខុសត្រូវ) និងភាពជាម្ចាស់។ ចំណុចមួយទៀតនោះ គឺឆន្ទៈក្នុងការរៀន ព្រោះគ្មាននរណាម្នាក់ក្នុងចំណោមយើងមានចម្លើយទាំងអស់នោះទេ ប៉ុន្តែយើងទាំងអស់គ្នាគួរតែដឹងពីរបៀប និងកន្លែងណាដើម្បីទទួលបានចម្លើយទាំងនោះ។
សម្រាប់ខ្លួនអ្នកផ្ទាល់ សព្វថ្ងៃនេះហេតុអ្វីបានជាជំនាញទន់មានសារសំខាន់នៅក្នុងកន្លែងធ្វើការ?
ជំនាញទន់មានសារសំខាន់ខ្លាំងណាស់ ពីព្រោះជំនាញរឹងអាចបង្រៀនបាន ខណៈពេលដែលជំនាញទន់វាដូចជាឌីអិនអេ (DNA) របស់អ្នកអ៊ីចឹង វាត្រូវតែចេញពីខ្លួនរបស់អ្នក។ លើសពីនេះ វាក៏បង្ហាញថាអ្នកមានផ្នត់គំនិតត្រឹមត្រូវដើម្បីធ្វើការជាមួយមនុស្សផ្សេងទៀតនៅកន្លែងការងារ រួមទាំងអតិថិជនរបស់យើងផងដែរ។ ហេតុនេះ វាជាមូលហេតុដែលជំនាញទន់ដើរតួនាទីយ៉ាងសំខាន់ក្នុងពេលសម្ភាសន៍។
តើជំនាញទន់អាចត្រូវបានបង្ហាញក្នុងអំឡុងពេលសម្ភាសន៍ដែរឬទេ?
ខ្ញុំគិតថាវាពិតជាអាចបង្ហាញបាន ប៉ុន្តែទៅតាមរយៈការរៀបចំឱ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ។ ការត្រៀមរៀបចំមិនអាចធ្វើបានតែប៉ុន្មានថ្ងៃមុនការសម្ភាសន៍ មិនអាចគ្រប់គ្រាន់នោះទេ ព្រោះវាជាជំនាញមួយដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលជាច្រើនឆ្នាំ។ ហេតុនេះមានតែការរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់នោះទេ ដែលអាចធ្វើឱ្យជំនាញទន់ដែលអ្នកមានអាចបង្ហាញតាមបែបធម្មជាតិក្នុងពេលសម្ភាសន៍ ហើយវាក៏ពឹងផ្អែកលើវិធីសាស្ត្រក្នុងការដោះស្រាយសំណួរ ឬស្ថានភាពតឹងតែងក្នុងពេលសម្ភាសន៍ និងរបៀបដែលអ្នកគ្រប់គ្រងស្មារតីរបស់អ្នកក្នុងពេលសម្ភាសន៍ដូចគ្នា។ នៅពេលដែលអ្នកអាចបង្ហាញចំណុចទាំងនេះបាន អ្នកអាចមានប្រៀបជាងបេក្ខជនដទៃទៀត។
ផ្អែកលើបទពិសោធន៍របស់អ្នកសម្ភាសនិស្សិតបញ្ចប់ការសិក្សា តើពួកគេភាគច្រើនមានជំនាញដែលអ្នកកំពុងស្វែងរកឬទេ?
ខ្ញុំសូមនិយាយដោយត្រង់នៅត្រង់ចំណុចនេះ ភាគច្រើនពួកគេមិនបានបំពេញនូវការរំពឹងទុករបស់ខ្ញុំទេ។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាស្រ័យលើតួនាទីដែលយើងកំពុងស្វែងរកដែរ។ ខ្ញុំនឹងចែកវាជាពីរប្រភេទ គឺតួនាទីដែលទាក់ទងទៅនឹងការងារបច្ចេកទេសនៅពេលនិយាយអំពីតួនាទីនេះ ពួកគេចាំបាច់ត្រូវមានជំនាញច្បាស់លាស់។ ឧទាហរណ៍ដូចជា អ្នកអភិវឌ្ឍន៍ គណនេយ្យករ ឬវិស្វករ ពីព្រោះពួកគេត្រូវតែជាអ្នកជំនាញក្នុងវិស័យដែលពួកគេត្រូវធ្វើ។
ប៉ុន្តែជារឿយៗសម្រាប់តួនាទីមិនទាក់ទងទៅនឹងផ្នែកបច្ចេកទេស ជារឿយៗអ្នកដាក់ពាក្យសុំមិនមានជំនាញទន់ដែលយើងកំពុងរកនោះទេ ដោយសារតែទ្រឹស្ដីទាំងអស់ដែលពួកគេរៀនពីសាលា គឺខុសគ្នា បើប្រៀបធៀបទៅនឹងបរិយាកាសការងារជាក់ស្តែង។ មានមនុស្សជាច្រើននៅក្នុងក្រុមហ៊ុន ហើយសំណួរគឺថាតើពួកគេអាចគ្រប់គ្រងទំនាក់ទំនង និងសហការជាមួយបុគ្គលិកផ្សេងទៀតដែលនៅជុំវិញពួកគេយ៉ាងដូចម្តេចខ្លះ? និយាយឱ្យខ្លី ខ្ញុំចង់និយាយថានិស្សិតដែលទើបបញ្ចប់ការសិក្សាភាគច្រើនខ្វះជំនាញក្នុងការធ្វើទំនាក់ទំនង។
តើអ្វីជាកំហុសទូទៅដែលនិស្សិតទើបបញ្ចប់ការសិក្សាតែងតែធ្វើក្នុងពេលសម្ភាសន៍ការងារ?
ពួកគេមិនបានឈ្វេងយល់គ្រប់គ្រាន់អំពីស្ថាប័ន និងតួនាទីដែលពួកគេកំពុងដាក់ពាក្យសុំទាំងដែលវាជាមធ្យោបាយងាយស្រួលបំផុតក្នុងការទាក់ទាញចំណាប់អារម្មណ៍នៅក្នុងបទសម្ភាសន៍ ព្រោះវាងាយស្រួលណាស់ក្នុងការស្វែងរកព័ត៌មានទាំងអស់នោះមាននៅលើអ៊ីនធឺណិតស្រាប់។ ក្នុងនាមជាអ្នកសម្ភាសន៍ យើងមិនរំពឹងថានឹងទទួលបានចម្លើយល្អបំផុតនោះទេ អ្វីដែលយើងចង់ឃើញគឺឆន្ទៈចូលរួមជាមួយក្រុមហ៊ុនរបស់យើង ហើយតើអ្នកមានចំណង់ចំណូលចិត្តខ្លាំងប៉ុនណាក្នុងការធ្វើការឱ្យ Smart។ និស្សិតដែលទើបបញ្ចប់ការសិក្សាភាគច្រើនមិនបានសិក្សាអំពីស្ថាប័នដែលគេស្នើសុំការងារឱ្យបានស៊ីជម្រៅគ្រប់គ្រាន់នោះទេ ទាំងពេលខ្លះយើងអាចប្រាប់បានថា ពួកគេបានមកសម្ភាសដោយដៃទទេស្អាត។
តើពួកគេអាចកែប្រែខ្លួនឯងយ៉ាងដូចម្តេចដើម្បីបំពេញតាមការរំពឹងទុករបស់អ្នក?
ទោះបីពួកគេទើបតែបញ្ចប់ការសិក្សាក៏ដោយ អ្វីមួយដែលពួកគេអាចធ្វើបាន និងងាយស្រួលបំផុត គឺត្រូវសិក្សាពីតួនាទីដែលគេស្នើសុំនោះឱ្យបានហ្មត់ចត់ ព្រោះការពិពណ៌នានោះវាអាចប្រាប់អ្នកច្បាស់អំពីអ្វីដែលអ្នកត្រូវដឹង និងរបៀបរៀបចំខ្លួនសម្រាប់សម្ភាសន៍។
ចំណុចទីពីរ គឺជំនាញភាសាអង់គ្លេស។ ភាសាអង់គ្លេសមានសារសំខាន់ណាស់នៅក្នុងក្រុមហ៊ុន Smart និងសាជីវកម្មពហុជាតិជាច្រើនទៀត (MNC) បែបនេះ ទោះបីមនុស្សភាគច្រើនអាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសឥឡូវក្តី ប៉ុន្តែនៅពេលនិយាយអំពីបរិយាកាសក្នុងការងារ ពួកគេនៅតែខ្វះសមត្ថភាពក្នុងការបង្កើតគំនិត ឬបញ្ចេញគំនិតរបស់ពួកគេនៅឡើយ។
តើអ្វីជាវិធីសាស្ត្រចុងក្រោយសម្រាប់បេក្ខជនសម្ភាសន៍ការងារលើកដំបូង?
ក្នុងនាមជាអ្នកជ្រើសរើសបុគ្គលិកម្នាក់ យើងបានឃើញ និងទទួលប្រវត្តិរូបសង្ខេបជាច្រើនដែលមានជំនាញរឹង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានឱកាសអាចទៅដល់ទីបញ្ចប់ គឺបេក្ខជនដែលមានទាំងជំនាញទន់ និងជំនាញរឹង ហើយនេះគឺជាគន្លឹះមួយដែលខ្ញុំចង់ឱ្យនិស្សិតបញ្ចប់ការសិក្សាថ្មីៗផ្ដោតអារម្មណ៍។
អ្នកស្រី តាទីយ៉ា ឆៃសាទីផង (Tatiya Chaisatephong) ចែករំលែកគន្លឹះសំខាន់ ៥ សម្រាប់និស្សិតទើបបញ្ចប់ការសិក្សាក្នុងការរៀបចំខ្លួនសម្ភាសការងារ និងជំនាញទន់សំខាន់បំផុតចំនួន ៥ ដែលអ្នកគ្រប់គ្រងធនធានមនុស្សតែងតែចង់បាន៕