តើអ្នកកំពុងរស់នៅជាមួយមិត្តភ័ក្ដិ? តើអ្នកមានគម្រោងធ្វើដំណើរកម្សាន្តជាមួយមិត្តភ័ក្ដិ? តើរាល់ថ្ងៃ អ្នកញ៉ាំបាយជាមួយក្រុមការងារមែនដែរឬទេ? Focus សូមណែនាំកម្មវិធីប្រើប្រាស់លើទូរស័ព្ទមួយ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នារឿងលុយកាក់ គឺនៅទីនេះ។

តើអ្នកធ្លាប់ចាប់អារម្មណ៍ថា តើទូរស័ព្ទដៃទំនើប(ស្មាតហ្វូន)របស់អ្នក អាចប្រើប្រាស់បានដល់កម្រិតណា? ក្រៅពីការថតរូប ប្រើអ៊ីនធឺណិត លេងហ្វេសប៊ុក អ្នកអាចប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នក ដើម្បីទាញយកកម្មវិធីប្រើប្រាស់(app)មួយចំនួន ដែលជាជំនួយដោះស្រាយបញ្ហា នៅក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធីទាំងនោះមានរាប់ចាប់ពី កម្មវិធីជំនួយដល់សុខភាព ហិរញ្ញវត្ថុ ការអប់រំ ឬកម្សាន្តជាដើម។
សូម្បីតែការចែកលុយគ្នា ក៏មានកម្មវិធីសម្រាប់ជួយចែកលុយដែរ ជាពិសេសក្រោយពេលទទួលទានអាហាររួមគ្នា ឬការធ្វើដំណើរកម្សាន្តរួមគ្នា ជាមួយមិត្តភ័ក្ដិ ឬក្រុមការងារ។
អ្នកចេញលុយមុន ច្រើនតែត្រូវចំណាយកម្លាំងនិងទឹកមាត់នៅពេលក្រោយ ដើម្បីតាមទារលុយពីមិត្តភ័ក្ដិវិញ។ ពេលខ្លះនៅពេលគេភ្លេចសង យើងក៏ពិបាកអៀនមាត់ ឆ្គងក្នុងទារលុយគេទៀត។
ជាទូទៅអេបប្រភេទបែបនេះ មានមុខងារសំខាន់ៗដូចជាការកត់ត្រាចំណាយរួម ការបែកចែកចំណាយនីមួយៗ និងមុខងាររំឭកទូទាត់។
លើបណ្ដាញអ៊ីនធឺណិត មានកម្មវិធីទូរស័ព្ទ ឬអេបជាច្រើន សម្រាប់គ្រប់គ្រងលើការចំណាយជាក្រុម។ កម្មវិធីដែលកំពុងពេញនិយមរួមមានកម្មវិធី Settle Up, Plates by Splitwise, Tab, Splid និង Squash Cashជាដើម។ ដោយឡែក សម្រាប់ក្រុមការងារ Focus យើងបានប្រើប្រាស់កម្មវិធីមួយឈ្មោះថា Splitwise សម្រាប់ការកត់ត្រាការចំណាយ នៅពេលទទួលទានអាហារថ្ងៃត្រង់រួមគ្នា។
Splitwise អាចជួយតាមដានការចំណាយផ្សេងៗរួមគ្នា ដូចជាការញ៉ាំអាហារ ការទិញគ្រឿងទេស ឬការធ្វើដំណើរកម្សាន្ត។ គោលការណ៍របស់កម្មវិធី Splitwise រួមមាន ការដាក់បញ្ចូលការចំណាយប្រចាំថ្ងៃ ការរៀបចំការចំណាយ ការតាមដានសមតុល្យ និងការសងលុយទៅឱ្យមិត្តភ័ក្ដិវិញ។
កម្មវិធីនេះ ក៏សង្ខេបទិន្នន័យអំពីការចំណាយ ឱ្យអ្នកប្រើប្រាស់ជារៀងរាល់ចុងខែផងដែរ។ ដូច្នេះអ្នកប្រហែលជាអាចមានម្ចាស់ការគ្រប់គ្រងលើការចំណាយបានប្រសើរជាងមុន ដូចជា ការចំណាយដែលច្រើនហួសហេតុ ឬមិត្តភ័ក្ដិណាដែលមិនទាន់បានសងប្រាក់។
នៅសម័យឧស្សាហូបនីយកម្ម 4.0 បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំង ដែលចាប់ពីការណាត់ជួបគ្នា ការទំនាក់ទំនង និងការគិតបញ្ជីផ្សេងៗសុទ្ធតែប្រើ កម្មវិធីលើទូរស័ព្ទ។ ដូច្នេះ មនុស្សភាគច្រើនព្យាយាមទាញយកប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់ការរវល់ និងផ្ដល់នូវភាពងាយស្រួលសម្រាប់ការរស់នៅនាសម័យកាលនេះ៕