សព្វថ្ងៃនេះនៅខេត្តស្ទឹងត្រែងមានអង្គការមួយដែលកំពុងតែបំពេញបេសកកម្មដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងកំពុងចូលរួមលើកកម្ពស់នូវជីវភាពរបស់ប្រជាជនក្នុងសហគមន៍។

មានរយៈចម្ងាយឆ្ងាយពីភាពអ៊ូអរ និងចរាចរណ៍ដ៏មមាញឹកនៅទីក្រុងភ្នំពេញ គេក្រឡេកឃើញថានៅភាគឦសាននៃប្រទេសកម្ពុជា ខេត្តស្ទឹងត្រែងជាខេត្តមួយដែលមានភូមិសាស្ត្រសំបូរទៅដោយភ្នំ និងទន្លេទ្រទ្រង់ដល់សត្វ រុក្ខជាតិជាច្រើនប្រភេទ ព្រមទាំងអ្នករស់នៅក្នុងសហគមន៍ផងដែរ។ ធនធានធម្មជាតិទាំងនេះក៏ទាក់ទាញការចាប់អារម្មណ៍តិចជាងការស្វាគមន៍ផងដែរ។ ថ្វីត្បិតតែវាបានផ្តល់ផលប្រយោជន៍ដល់មជ្ឈដ្ឋានជុំវិញក៏ពិតមែន ប៉ុន្តែធនធានធម្មជាតិមិនសូវទទួលបាននូវចំណាប់អារម្មណ៍នោះទេ។
ការនេសាទ ការកាប់ឈើ ការរុករករ៉ែខុសច្បាប់សុទ្ធសឹងតែជាបញ្ហាដែលជះឥទ្ធិពលទៅដល់ជីវភាពប្រជាជន និងជីវិតសត្វព្រៃ។ ទោះជាយ៉ាងណាក៏ដោយ គេឃើញមានក្រុមជាច្រើនកំពុងការពារសហគមន៍របស់ពួកគេពីការគំរាមកំហែងទាញយកធនធានធម្មជាតិ។ ក្នុងខេត្តស្ទឹងត្រែងមានអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាមួយមានឈ្មោះថា សហគមន៍ថែរក្សាបរិស្ថាន និងវប្បធម៌ (ឬហៅកាត់ថា CEPA) កំពុងសហការជាមួយនឹងសហគមន៍ដើម្បីជម្រុញឱ្យមានការរស់នៅប្រកបដោយចីរភាព និងការពារនូវការបំផ្លិចបំផ្លាញបរិស្ថាន។
ចាប់តាំងពីឆ្នាំ ១៩៩៦ អង្គការនេះបាននិងកំពុងសហការជាមួយនឹងប្រជាជនក្នុងតំបន់ និងសហគមន៍ជនជាតិដើមភាគតិចដើម្បីធានានូវកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ គម្រោងរបស់អង្គការ CEPA លើកកម្ពស់ការបង្កើតនូវរបៀបរស់នៅប្រកបដោយចីរភាពតាមរយៈកម្មវិធីរបស់អង្គការ ហើយកម្មវិធីទាំងនេះផ្តោតលើការលើកកម្ពស់ការអភិរក្សព្រៃឈើ ជលផល និងចែករំលែកចំណេះដឹងអំពីសារៈសំខាន់នៃការទាញយកធនធានពីព្រៃឈើប្រកបដោយចីរភាព។

គម្រោងចម្បងរបស់អង្គការ CEPA នៅក្នុងខេត្តស្ទឹងត្រែង គឺការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសបទល្មើសនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន។ កម្មវិធីភាពជាដៃគូដើម្បីគាំទ្រសហគមន៍ព្រៃឈើ និងនេសាទនេះមានគោលបំណងជួយសហគមន៍ និងជនជាតិដើមភាគតិចក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឱ្យមានចីរភាព ដែលជួយការពារប្រព័ន្ធអេកូឡូស៊ី និងការពារធនធានធម្មជាតិរបស់សហគមន៍។ បច្ចប្បន្នអង្គការ CEPA កំពុងគាំទ្រដល់សហគមន៍នេសាទទាំង ២៥ និងគាំទ្រដល់គំនិតផ្តួចផ្តើមក្នុងការចងជាបណ្តាញរវាងសហគមន៍នេសាទនីមួយៗ។ កម្មវិធីនេះផ្តោតសំខាន់លើការបង្កើតច្បាប់ ការគ្រប់គ្រងជលផលសហគមន៍ ការអភិវឌ្ឍផែនការ និងការអនុវត្ត។
អង្គការ CEPA ក៏បានធ្វើការបង្កើតផែនការគ្រប់គ្រងព្រៃសហគមន៍ ដែលជាមធ្យោបាយក្នុងការការពារ ដែលមានសារៈសំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ តាមរយៈគម្រោងនេះ ខាងសហគមន៍អាចប្រើប្រាស់ព្រៃឈើដើម្បីទាញយកភោគផលពីធម្មជាតិ ប៉ុន្តែត្រូវផ្អែកលើគោលការណ៍ប្រកបដោយចីរភាព។
សម្រាប់សហគមន៍ដែលពឹងផ្អែកលើធម្មជាតិ អង្គការ CEPA ក៏មានគម្រោងសម្រាប់តំបន់អេកូទេសចរណ៍នាពេលថ្មីៗនេះផងដែរ។ ក្នុងនោះមានទីតាំងមួយចំនួនកំពុងតែត្រូវបានគេរៀបចំ។ ផែនការទាំងបីដែលស្ថិតនៅតាមបណ្តោយទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែងនេះ ភ្ញៀវទេសចរក៏អាចទស្សនាតំបន់ទេសចរណ៍ជាច្រើន មានចាប់ពីសត្វព្រៃដ៏ស្រស់ស្អាតក្នុងតំបន់រហូតដល់ទីតាំងភូមិសាស្ត្រ ដែលអំណោយផលពីធម្មជាតិដូចជាព្រៃលិចទឹក និងកោះខ្សាច់ទន្លេដ៏សក្បុស។ គោលបំណងនៃគម្រោងនេះ គឺជាការជួយជ្រោមជ្រែងដល់ជីវភាពរបស់សហគមន៍ និងបង្កើតជាមូលនិធិសម្រាប់អភិរក្ស និងបណ្តុះគំនិតដល់យើងគ្រប់គ្នាឱ្យយល់អំពីសារៈសំខាន់នៃសម្បត្តិធម្មជាតិដ៏មានតម្លៃ។

ក្រៅពីផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ជាពិសេសការប្រើប្រាស់ឧបករណ៍ឆក់ត្រីក្នុងការនេសាទ និងការកាប់ឈើទុកសម្រាប់ប្រើប្រាស់ជាអុស គេឃើញថាមានកត្តាផ្សេងៗទៀតដែលកើតឡើងនៅខេត្តស្ទឹងត្រែង។ ការរុករករ៉ែលួចលាក់ត្រូវបានគេសង្កេតឃើញថា ជាកង្វល់របស់ប្រជាជនសហគមន៍ និងបង្កផលជាផលប៉ះពាល់ដល់ការនេសាទ។ ខណៈដែលអ្នកស្រុកបានចូលរួមក្នុងសកម្មភាពតាមដាន និងរាយការណ៍អំពីសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុន អង្គការ CEPA ដើរតួជាអ្នកសម្របសម្រួលទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។
អស់រយៈកាលជិត ២ ទសវត្សរ៍មកនេះ អង្គការ CEPA បាននិងកំពុងការពារប្រព័ន្ធអេកូឡូស៊ីដែលត្រូវរងផលប៉ះពាល់ទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាអង្គការដែលមានសកម្មភាពយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព គោលការណ៍របស់អង្គការ គឺផ្តោតសំខាន់ទៅលើការទទួលស្គាល់នូវសារៈសំខាន់ក្នុងតំបន់ ដែលជាការចូលរួមស្វែងរកដំណោះស្រាយពីសហគមន៍ ដើម្បីដោះស្រាយបញ្ហារបស់សហគមន៍។ បេសកកម្មរបស់អង្គការ CEPA និងសកម្មភាពដ៏ក្លៀវក្លារបស់អ្នកចូលរួមបានបង្ហាញឱ្យឃើញអំពីលទ្ធភាពដែលអាចសម្រេចបាន។ ការសម្រេចបានទាំងនោះ ទាមទារឱ្យមានការចូលរួមពីសហគមន៍ និងសេចក្តីស្រលាញ់ អភិរក្សធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។