«ប្រសិនបើអ្នកស្រឡាញ់ និងចង់ធ្វើកិច្ចការអ្វីមួយ សូមកុំឱ្យការគិតរបស់អ្នកដទៃប៉ះពាល់ដល់ក្តីស្រមៃខ្លួនឯង»។
«ខំប្រឹងធ្វើអី បានអីមកវិញ»? នេះជាសំណួរដែលកញ្ញា យិន ពិសី តែងត្រូវបានគេសួរក្នុងអាជីពជាកីឡាការិនីជម្រើសជាតិឡើងជញ្ជាំងម្នាក់នៅក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាស្ត្រី ជាសិស្ស និងជាកីឡាការិនីជម្រើសជាតិម្នាក់ ខ្សែជីវិតរបស់ ពិសី នៅក្នុងវិថីកីឡាដែលទើបតែចាប់កំណើតនៅក្នុងប្រទេសកម្ពុជាមួយនេះ មានបញ្ហាប្រឈម និងមេរៀនជីវិតជាច្រើនដែលកញ្ញាបានទទួល។
កញ្ញា យិន ពិសី បានប្រឡូកក្នុងវិស័យកីឡាឡើងជញ្ជាំងអស់រយៈពេលជាងបីឆ្នាំមកហើយ។ ចាប់ផ្តើមដំបូង យុវតីរូបនេះបានចាប់ផ្តើមលេងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ ដោយសារតែកញ្ញាបានបម្រើការងារនៅក្លឹបកីឡាឡើងជញ្ជាំងមួយដែលមានឈ្មោះថា Phnom Climb Community នេះស្រាប់។
ដោយមានការជំរុញពីរៀមច្បង និងក្តីស្រឡាញ់ចំពោះកីឡានេះផងដែរនោះ ពិសី ក៏បានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតថ្នាក់ជាតិកាលពីឆ្នាំ២០១៧។ ដោយសារការខិតខំប្រឹងប្រែង និងស្មារតីជាអ្នកកីឡាផងនោះ ពិសី ក៏ទទួលបានពានរង្វាន់លេខបីក្នុងការប្រកួតថ្នាក់ជាតិជាលើកដំបូង និងទទួលបានឱកាសទៅចូលរួមប្រកួតថ្នាក់អាស៊ីនៅក្រៅប្រទេសផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីជើងខ្លាំងមួយរូបនេះក៏មានក្តីស្រមៃចង់ចូលរួមប្រកួតនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត ដើម្បីទទួលយកជ័យជម្នះជូនប្រទេសជាតិ និងចង់ក្លាយខ្លួនជាយុវជនគំរូម្នាក់ដែលអាចលើកទឹកចិត្ត និងជំរុញឱ្យយុវជនជំនាន់ក្រោយចូលរួមលេងកីឡានេះផងដែរ។
តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យអ្នកចាប់យកកីឡានេះជាអាជីព?
អ្វីដែលជំរុញខ្ញុំឱ្យលេងកីឡានេះ ទីមួយដោយសាររូបខ្ញុំផ្ទាល់ចូលចិត្តលេងកីឡាតាំងតែពីក្មេង។ កាលពីក្មេងគឺខ្ញុំចូលចិត្តហាត់ការ៉ាត់តេ ប៉ុន្តែខ្ញុំមានពេលវេលាមិនគ្រប់គ្រាន់។ ដំបូងឡើយខ្ញុំក៏បានសម្រេចចិត្តសាកចូលលេងកីឡានេះ ព្រោះគិតថាវាមានភាពងាយស្រួលក្នុងការបត់បែនពេលវេលា ប៉ុន្តែនៅពេលដែលខ្ញុំចូលលេងកីឡាឡើងជញ្ជាំងនេះទើបខ្ញុំដឹងថាខ្ញុំចូលចិត្តកីឡានេះខ្លាំងមែនទែន។
ចំណែកឯចំណុចសំខាន់ទី២ ដោយសារការចូលរួមលេងកីឡានេះបានធ្វើឱ្យខ្ញុំមានឱកាសពង្រឹងសមត្ថភាពខ្លួនឯងបានចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ក៏ដូចជាការប្រកួតនៅក្រៅប្រទេសចំនួនពីរលើកក្នុងការប្រកួតជម្រើសជើងឯកអាស៊ានឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ចំណុចសំខាន់ចុងក្រោយ គឺខ្ញុំចង់ឱ្យកីឡាឡើងជញ្ជាំងនេះមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ព្រោះវាជាកីឡាមួយដែលល្អ ហើយជាពិសេសខ្ញុំចង់ឱ្យក្មេងៗជំនាន់ក្រោយបានយល់ដឹង និងខិតខំប្រឹងហ្វឹកហាត់ និងពង្រឹងសមត្ថភាពដើម្បីប្រកួតក្នុងឆាកអន្តរជាតិ និងទទួលបានជ័យជម្នះដល់កម្ពុជា។
តើអ្នកទទួលបានបទពិសោធន៍អ្វីខ្លះពីការប្រឡូកក្នុងវិស័យកីឡានេះ?
ការលេងកីឡានេះបានជួយឱ្យខ្ញុំបានយល់ច្បាស់ពីសារសំខាន់ក្នុងការលេងកីឡា ដោយអាចជួយឱ្យខ្ញុំអាចបន្ធូរបន្ថយភាពតានតឹង និងការនឿយហត់ពីកន្លែងការងារ និងសាលារៀនបានយ៉ាងមានប្រសិទ្ធភាព ហើយមិនត្រឹមតែប៉ុណ្ណោះ វាពិតជាអាចឱ្យរាងកាយខ្ញុំមានភាពមាំមួន និងស្វាហាប់ជាងមុនពេលខ្ញុំចូលលេងកីឡានេះ។ លើសពីនេះ វាបានផ្តល់បទពិសោធន៍សម្រាប់ខ្ញុំក្នុងការទទួលបានឱកាសរៀនសូត្រ និងហ្វឹកហាត់នៅក្រៅប្រទេសជាមួយអ្នកដែលស្រឡាញ់វិស័យកីឡាដូចគ្នា ហើយបានចែករំលែកពីចំណេះដឹង និងបទពិសោធន៍អំពីប្រទេសឱ្យគ្នាទៅវិញទៅមក ក៏ដូចជាបង្កើតទំនាក់ទំនងល្អជាមួយគ្នា។
ចំណុចសំខាន់ចុងក្រោយ គឺខ្ញុំអាចបង្ហាញទៅកាន់មនុស្សជុំវិញខ្លួនថា មនុស្សប្រុសនិងមនុស្សស្រីមានឱកាសដូចគ្នាក្នុងការធ្វើការងារអ្វីមួយដូចគ្នាទៅនឹងការលេងកីឡា ប្រសិនបើអ្នកស្រឡាញ់ និងចង់ធ្វើកិច្ចការអ្វីមួយ សូមកុំឱ្យការគិតរបស់អ្នកដទៃប៉ះពាល់ដល់ក្តីស្រមៃខ្លួនឯង ជាពិសេសការគិតថាអ្នកជាមនុស្សស្រីមិនអាចធ្វើអ្វីបានដូចបុរស ជាពិសេសក្នុងវិស័យកីឡានេះតែម្តង។
តើក្នុងការចូលរួមលេងកីឡានេះ អ្នកបានជួបបញ្ហាប្រឈមអ្វីខ្លះ?
ខ្ញុំគិតថាកីឡានីមួយៗមានបញ្ហាប្រឈមខុសៗពីគ្នា។ សម្រាប់កីឡាឡើងជញ្ជាំង បញ្ហាប្រឈមសំខាន់គឺកង្វះធនធាន ដោយសារកីឡានេះជាកីឡាមួយដែលថ្មីសម្រាប់កម្ពុជា បើប្រៀបធៀបជាមួយប្រទេសដទៃគឺយើងដើរក្រោយគេ។ ក្នុងនោះដែរ នៅពេលដែលមានការប្រកួតសំខាន់ៗទាំងក្នុងនិងក្រៅប្រទេសម្តងៗ គឺយើងមិនមានគ្រូបង្វឹកគ្រប់គ្រាន់ដែលចាំជួយគាំទ្រ ដូចជារៀបចំកាលវិភាគ របៀបរបបក្នុងការហាត់ និងការទំនុកបម្រុងឧបត្ថម្ភសម្រាប់ការប្រកួតកីឡានេះនៅឡើយទេ។
បញ្ហាចម្បងមួយទៀត គឺពេលវេលា ដោយសារតែរូបខ្ញុំផ្ទាល់នៅជាសិស្ស និងត្រូវធ្វើការផងដើម្បីផ្គត់ផ្គង់ខ្លួនឯងជារៀងរាល់ថ្ងៃ ខ្ញុំមានពេលតែពីរម៉ោងប៉ុណ្ណោះដើម្បីធ្វើការហ្វឹកហាត់ ដូចនេះមានបញ្ហាចម្បងទាក់ទងនឹងពេលវេលាខ្លាំងដែរ។ ប៉ុន្តែខ្ញុំត្រូវតែដាក់ចិត្តក្នុងការហាត់ឱ្យបាន ៥ថ្ងៃក្នុងមួយសប្តាហ៍ ទោះបីជាមានការរវល់យ៉ាងណាក៏ដោយ។
តើអ្វីដែលជាចំណុចវិជ្ជមាន និងអវិជ្ជមានដែលអ្នកធ្លាប់ទទួលបានពីអ្នកនៅជុំវិញខ្លួន?
ក្នុងនាមជាមនុស្សស្រីម្នាក់ដែលចូលលេងកីឡាឡើងជញ្ជាំងនេះ ពេលខ្លះខ្ញុំទទួលបានទាំងភាពវិជ្ជមាននិងអវិជ្ជមានពីសំណាក់អ្នកនៅជុំវិញខ្លួន។ ចំណុចវិជ្ជមាននោះគឺខ្ញុំតែងតែទទួលបានការលើកទឹកចិត្ត និងការកោតសរសើរពីសំណាក់ក្រុមគ្រួសារ និងមិត្តភក្ដិដែលចូលចិត្តលេងកីឡាដូចគ្នា ជាពិសេសក្នុងពេលដែលខ្ញុំមានការប្រកួតម្តងៗ វាជាការជំរុញមួយយ៉ាងសំខាន់ដែលឱ្យខ្ញុំមានទឹកចិត្តក្នុងការបន្តលេងកីឡានេះ។
ទន្ទឹមនឹងនេះក៏មានមនុស្សមួយចំនួនដែលចូលចិត្តនិយាយលេងសើចពីរូបរាងកាយ និងនិយាយសម្ដីឥតប្រយោជន៍មកកាន់រូបខ្ញុំ ដូចជាខំប្រឹងហាត់ធ្វើអី សាច់ដុំធំៗចឹងមាននរណាយកធ្វើប្រពន្ធ។ ប្រហែលមកពីពួកគេគិតថាកីឡានេះមិនមែនជាកីឡាដែលស័ក្ដិសមនឹងមនុស្សស្រី។ ប៉ុន្តែសម្រាប់ខ្ញុំ ពាក្យសម្ដីដែលគេនិយាយទាំងនោះគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ ខ្ញុំមិនយកសម្ដីអវិជ្ជមានទាំងនោះដាក់ក្នុងចិត្តនោះទេ។ ម្យ៉ាងទៀត កីឡានេះជាអ្វីដែលខ្ញុំស្រឡាញ់ ទោះបីជាយ៉ាងណាខ្ញុំនៅតែបន្តលេងកីឡានេះ និងខិតខំហាត់ដើម្បីយកជ័យជម្នះសម្រាប់ខ្លួនឯង និងមុខមាត់របស់ប្រទេស។
តើអ្នកមានវិធីសាស្ត្រ និងដំបូន្មានអ្វីខ្លះសម្រាប់អ្នកដែលចង់លេងកីឡានេះ?
ខ្ញុំពិតជាលើកទឹកចិត្តអ្នកទាំងអស់គ្នាដែលចង់លេងកីឡានេះ ព្រោះវាមិនត្រឹមតែអាចជួយដល់សុខភាពផ្លូវកាយរបស់អ្នកឱ្យមានភាពរឹងមាំ និងរហ័សរហួនប៉ុណ្ណោះទេ តែវាក៏អាចជួយដល់សុខភាពផ្លូវចិត្តអ្នកឱ្យមានភាពស្រស់ថ្លា និងកាត់បន្ថយអារម្មណ៍មួម៉ៅច្រើន ហើយតាមបទពិសោធន៍ខ្ញុំផ្ទាល់ វាអាចជួយឱ្យការផ្ចង់អារម្មណ៍របស់ខ្ញុំកាន់តែមានភាពប្រសើរឡើង។
ចំពោះវិធីសាស្ត្រក្នុងការលេងកីឡានេះវិញ វាមិនតម្រូវឱ្យមានការរៀបចំអ្វីច្រើនខ្លាំងនោះទេ ដោយអ្នកគ្រាន់តែត្រៀមកាយនិងចិត្ត ដោយរៀបចំខ្លួនឱ្យបានសមរម្យ រួចដាក់ចិត្តក្នុងការលេងកីឡានេះជាការស្រេច ហើយខ្ញុំជឿជាក់ថាអ្នកនឹងចូលចិត្តកីឡានេះនៅពេលដែលអ្នកសាកល្បងលេងវា៕