ផ្អែកលើភស្តុតាងដែលយើងមាន កុមារមិនមានហានិភ័យខ្ពស់ជាងមនុស្សពេញវ័ញក្នុងការកើតជំងឺកូវីដ១៩ ធ្ងន់ធ្ងរនោះទេ។ ក៏ប៉ុន្តែយើងឃើញមានកុមារ និងទារកខ្លះបានឆ្លងជំងឺកូវីដ១៩ ទោះបីជាមកដល់ពេលបច្ចុប្បន្ន អត្រានៃអ្នកឆ្លងភាគច្រើនជាមនុស្សពេញវ័យក្តី។
កុមារអាចបង្ហាញរោគសញ្ញាស្រាល។ កុមារ និងមនុស្សពេញវ័យអាចបង្ហាញរោគសញ្ញាស្រដៀងគ្នា។ ក៏ប៉ុន្តែ ជាទូទៅកុមារដែលកើតជំងឺកូវីដបង្ហាញរោគសញ្ញាស្រាល។ យោងតាមរបាយការណ៍ កុមារមានរោគសញ្ញាដូចជា ក្តៅខ្លួន ហៀរសំបោរ និងក្អក។ យើងក៏មានឃើញមានក្អួត និងរាករូសនៅក្នុងរបាយការណ៍ផងដែរ។
យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា កុមារដែលមានជំងឺប្រចាំកាយ ឬកុមារដែលត្រូវការជំនួយ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺកូវីដធ្ងន់ធ្ងរនៅឡើយទេ។ យើងមានរឿងជាច្រើនទៀតដែលត្រូវសិក្សាពីផលប៉ះពាល់របស់ជំងឺនេះមកលើកុមារ។
វិធីចូលរួមបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩
១- ការចូលរួមជួយកុមារនិងអ្នកដទៃមិនឲ្យឆ្លងជំងឺកូវីដ១៩
អ្នកអាចជួយកាត់បន្ថយការរីករាលដាលដោយបង្រៀនឲ្យកូនអនុវត្តតាមការណែនាំដោយ៖
- លាងដៃជាមួយទឹក និងសាប៊ូ ឬ ទឹកអាល់កុលលាងដៃ
- ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺដែលក្អក និងកណ្តាស់
- លាងសម្អាតនិងសម្លាប់មេរោគលើសម្ភារក្នុងផ្ទះដែលប៉ះពាល់ញឹកញាប់ ដូចជា តុ កៅអី ដៃទ្វារ កុងតាក់ភ្លើង តេឡេ តុធ្វើការ បង្គន់ និង អាងលាងចាន
- សម្រាប់ការបោកគក់ត្រូវធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវ។ ប្រសិនបើអាចទៅរួច អ្នកគួរកំណត់សីតុណ្ហភាពទឹកឱ្យក្តៅសម្រាប់បោកខោអាវ ហើយត្រូវហាលឲ្យស្ងួត។ សម្លៀកបំពាក់កខ្វក់របស់អ្នកជំងឺអាចបោកជាមួយសម្លៀកបំពាក់របស់អ្នកផ្សេងបាន។
២- កាត់បន្ថយពេលនៅជាមួយកូនរបស់អ្នក
- ត្រូវចូលរួមរក្សាគម្លាតសង្គម៖
កត្តាចម្បងក្នុងការចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ គឺការកាត់បន្ថយការប៉ះពាល់ជាមួយអ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ក្នុងករណីដែលក្មេងចេញទៅលេងក្រៅផ្ទះ ត្រូវប្រាប់ឲ្យពួកគេរក្សាគម្លាតពីអ្នកដទៃឲ្យបានយ៉ាងហោចណាស់២ម៉ែត្រ។ - លាងដៃឲ្យបានញឹកញាប់៖
ត្រូវធ្វើឲ្យប្រាកដថា កូនរបស់អ្នកអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូក្នុងរយៈពេល២០វិនាទី។
កុំអនុញ្ញាតឱ្យកុមារធ្វើដំណើរជាក្រុមឬឋិតក្នុងចំណោមហ្វូងមនុស្សច្រើនព្រោះអាចធ្វើឱ្យកុមារប្រឈមហានិភ័យ។
៣- កុំអនុញ្ញាតឱ្យកុមារនៅស្និទ្ធស្នាលជាមួយមនុស្សចាស់ឬអ្នកដែលមានជំងឺប្រចាំកាយ
មនុស្សចាស់ដែលមានជំងឺប្រចាំកាយមានហានិភ័យខ្ពស់ក្នុងការកើតជំងឺកូវីដ១៩ធ្ងន់ធ្ងរ៖
- ប្រសិនបើមានមនុស្សចាស់នៅក្នុងផ្ទះ អ្នកគួរតែឱ្យពួកគាត់នៅដាច់ដោយឡែកពីកុមារ
- អ្នកត្រូវកាត់បន្ថយការប៉ះពាល់ស្និទ្ធស្នាលរវាងកុមារនិងមនុស្សចាស់ដូចជា ជីដូនជីតា
- គួរលើកការជួបជុំជាមួយបងប្អូន ជីដូនជីតាទៅពេលក្រោយ។ អ្នកអាចផ្លាស់ប្ដូរដោយការសួរសុខទុក្ខគ្នាតាមរយៈការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិត (Internet) ឬអនឡាញ (Online) វិញ
៤- កុមារដែលមានអាយុលើសពី២ឆ្នាំគួរតែពាក់ម៉ាស់ក្រណាត់
កុមារដែលមានអាយុលើសពី២ឆ្នាំគួរតែពាក់ម៉ាស់ក្រណាត់ខ្ទប់មាត់ និងច្រមុះពេលចេញទៅក្រៅ។ ការធ្វើបែបនេះ គឺជាការណែនាំមួយក្នុងចំណោមការណែនាំផ្សេងទៀតរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។ ការណែនាំផ្សេងៗទៀតរួមមាន ការរក្សាគម្លាតសង្គម និងការលាងដៃឱ្យបានញឹកញាប់។ ការពាក់ម៉ាសមិនមែនមានន័យថាសុទ្ធតែជួយអ្នកពាក់មិនឱ្យឆ្លងជំងឺនោះទេ។ ក៏ប៉ុន្តែវាជួយកុំឱ្យអ្នកពាក់ចម្លងជំងឺនេះទៅអ្នកដទៃ ព្រោះយើងមិនដឹងថាអ្នកណាផ្ទុកឬមិនផ្ទុកមេរោគនោះទេ។
ការរក្សាសុខភាពរបស់កុមារ
១- ត្រូវអង្កេតមើលរោគសញ្ញារបស់កុមារ
- ប្រសិនបើកុមារបង្ហាញរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬដកដង្ហើមខ្លី ថប់ៗ អ្នកត្រូវទាក់ទងទៅពេទ្យ ហើយកុំអនុញ្ញាតឱ្យកូនរបស់អ្នកចេញក្រៅ
២- អង្កេតមើលសញ្ញានៃភាពតានតឹងរបស់កូនអ្នក
- ប្រសិនបើកូនលោកអ្នកមើលទៅមានការកង្វល់ មិនសប្បាយចិត្ត មិនឃ្លានបាយ ឬមានការពិបាកពេលគេង អ្នកត្រូវយកចិត្តទុកដាក់លើពួកគេឱ្យខ្លាំងជាងមុន។
៣- ត្រូវបង្រៀននិងឱ្យកូនអនុវត្តពីរបៀបការពារខ្លួន
- អាណាព្យាបាល ឬអ្នកថែទាំត្រូវណែនាំឱ្យកុមារលាងដៃឱ្យបានញឹកញាប់។ លោកអ្នកត្រូវប្រាប់ពួកគេឱ្យបានដឹងថា ការធ្វើដូចនេះអាចជួយកាត់បន្ថយការរីករាលដាលនៃមេរោគ។ ម្យ៉ាងទៀត វាអាចជួយការពារពួកគេមិនឱ្យឆ្លងក៏ដូចចម្លងទៅអ្នកដទៃផងដែរ។
- ត្រូវធ្វើជាគំរូល្អដល់ពួកគេ ដោយការលាងដៃរបស់អ្នកឱ្យបានញឹកញាប់។
៤- ជួយជំរុញឱ្យពួកគេធ្វើសកម្មភាពផ្សេងៗ
- លើកទឹកចិត្តពួកគេធ្វើសកម្មភាពឱ្យបានច្រើន ឬហាត់ប្រាណ ដូចជា ជិះកង់
- លើកទឹកចិត្តឱ្យពួកគេឧស្សាហ៍ពត់ពេនខ្លួន
៥- ជួយជំរុញឱ្យពួកគេរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ
- អាចឱ្យពួកគេនិយាយទូរស័ព្ទ ឬ ទូរស័ព្ទជាវីដេអូមើលឃើញរូបភាពជាមួយមិត្តភក្ដិ និងសមាជិកគ្រួសារដែលមិនរស់នៅជាមួយគ្នា
ព្យាយាមដាស់តឿនឱ្យកុមាររៀនសូត្រ
១- រក្សាទំនាក់ទំនងជាមួយសាលារៀន
- ធ្វើការទាក់ទងទៅសាលារបស់កូនដើម្បីឱ្យដឹងថាខាងសាលាមានរៀបចំការសិក្សាតាមអនឡាញឬទេ។ បើមាន ត្រូវធ្វើឱ្យប្រាកដថា កុមារបានចូលរៀន ហើយជួយត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកុមារធ្វើកិច្ចការផ្ទះ
- ត្រូវរាយការណ៍ទៅសាលា ប្រសិនបើអ្នកមានការលំបាកក្នុងការប្រើប្រាស់អ៊ីនធឺណិត ឬពេលកុមារមានការលំបាកក្នុងការធ្វើកិច្ចការផ្ទះ
២- បង្កើតឲ្យមានកាលវិភាគសិក្សាច្បាស់លាស់
- កំណត់ម៉ោងចូលគេង និងក្រោកពីគេងឱ្យច្បាស់លាស់សម្រាប់កុមារ និងត្រូវឱ្យពួកគេអនុវត្តជាទម្លាប់
- កំណត់ពេលវេលាឱ្យច្បាស់ថា ពេលណាគួររៀន សម្រាក ទទួលទានអាហារ និងហាត់ប្រាណ
- អ្នកអាចផ្លាស់ប្ដូរកាលវិភាគនោះបានតាមភាពជាក់ស្តែង
៣- អ្នកគួររកវិធីសាស្ត្រណាដែលអាចជួយឱ្យកុមារសប្បាយចិត្តក្នុងការរៀន
- អ្នកអាចដាក់បញ្ចូលសកម្មភាពមួយចំនួនដូចជា ល្បែងរៀបរូប ឬការគូរគំនូរជាដើម
- ជួយបង្ហាត់កុមារក្នុងការសរសេរអក្សរ ព្រោះវាអាចធ្វើឱ្យអ្នកមានពេលនៅជាមួយកូនផ្ទាល់៕