តើអ្វីទៅជានិយមន័យនៃការធ្វើបាបបៀតបៀន? តើអ្វីទៅជាចលករក្នុងការបែងចែកការធ្វើបាបបៀតបៀន និងការចំអកញ៉ោះលេង?

យោងតាមរបាយការណ៍របស់អង្គការយូណេស្កូ (UNESCO) ស្តីអំពី «ក្រោយពីចំនួន៖ បញ្ចប់អំពើហិង្សានៅសាលារៀន និងការធ្វើបាបបៀតបៀន» បានឱ្យដឹងថា សិស្សមួយនាក់ក្នុងចំណោមសិស្ស ៣នាក់ដែលប្រហែលជា ៣២% ទទួលរងការធ្វើបាបបៀតបៀនពីមិត្តភក្ដិរបស់ពួកគេនៅសាលារៀនយ៉ាងហោចណាស់ម្តង។ របាយការណ៍នេះក៏បានលើកឡើងផងដែរថា សិស្សច្រើនជាងមួយនាក់ក្នុងចំណោមសិស្ស ៣នាក់ដែលប្រហែលស្មើនឹង ៣៦% បានចូលរួមការវាយតប់គ្នាផ្នែករាងកាយ។ ផ្អែកលើរបាយការណ៍មួយរបស់យូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៨ បានបង្ហាញថាចំនួន ៥០% នៃសិស្សសរុបដែលមានអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំនៅជុំវិញពិភពលោកបានទទួលរងការធ្វើបាបបៀតបៀនពីមិត្តរួមសាលាឬថ្នាក់ នៅក្នុងឬក្បែរសាលារៀន។
ខណៈដែលពិភពលោកកំពុងយកចិត្តទុកដាក់ខ្ពស់លើការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងរយៈពេលថ្មីៗនេះការទទួលរងធ្វើបាបក្នុងសាលារៀនមិនគួរត្រូវទទួលបានការព្រងើយកន្តើយ ព្រោះវានៅចោទជាបញ្ហាចម្បងនៅឡើយដែលមនុស្សខ្លះពិបាកក្នុងការបែងចែកភាពខុសគ្នារវាងការធ្វើបាប និងការចំអកញ៉ោះលេង។ នេះក្លាយជារឿងធម្មតាទេដែលមនុស្សធ្វើបាបអ្នកដទៃអាចគេចខ្លួនបានដោយគ្រាន់តែនិយាយថា «ខ្ញុំញ៉ោះលេង ឬលេងសើចទេ»។
កញ្ញា អ៊ុង ដាណេ អាយុ ២១ឆ្នាំរស់នៅទីក្រុងភ្នំពេញ យល់ថានិយមន័យនៃការសម្លុតធ្វើបាប គឺមានលក្ខណៈពិបាកក្នុងការកំណត់។ ទោះបីជាមាននិយមន័យច្បាស់លាស់សម្រាប់ការសម្លុតធ្វើបាបនេះពីអង្គការ ឬវចនានុក្រមផ្សេងៗក៏ដោយ កញ្ញាថាមានតែបុគ្គលខ្លួនឯងប៉ុណ្ណោះដែលអាចកំណត់ថាអ្វីទៅជាការសម្លុតធ្វើបាប និងអ្វីទៅគ្រាន់តែជាការចំអកញ៉ោះលេង។
កញ្ញាបាននិយាយថា៖ «ពេលខ្លះគេចង់ញ៉ោះមិត្តរបស់គេលេងទេ ហើយពួកគេគ្មានចេតនាធ្វើបាបផ្លូវចិត្តនោះទេ។ ប៉ុន្តែមិត្តរបស់ពួកគេប្រហែលជាអាចអាក់អន់ស្រពន់ចិត្តដោយសកម្មភាព ហើយចាត់ទុកថាវាជាការសម្លុត។ វាពិតជាអាស្រ័យ»។
យុវជន ចាន់ សុខម៉េង ដែលជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានកំណត់យ៉ាងច្បាស់អ្វីទៅដែលខ្លួនគាត់ចាត់ទុកថាជាការសម្លុតធ្វើបាប និងអ្វីទៅជាការញ៉ោះលេងសើចនោះ។
គាត់បានសម្ដែងមតិថា៖ «ខ្ញុំកំណត់ថាជាការលេងសើចនៅពេលដែលពួកគេឈប់ធ្វើ ឬនិយាយបង្អាប់បន្តទៀតបន្ទាប់ពីខ្ញុំបានប្រាប់ថាខ្ញុំមិនចូលចិត្តវានោះទេ។ ឧទាហរណ៍ដូចជានៅពេលដែលខ្ញុំបានប្រាប់ពួកគេឱ្យឈប់និយាយថាខ្ញុំធាត់។ ប្រសិនបើពួកគេមិនឈប់ទេ ខ្ញុំចាត់ទុកថាវាជាការធ្វើបាបបៀតបៀន»។
វចនានុក្រមភាសាអង់គ្លេស Cambridge បានកំណត់ថាការសម្លុតធ្វើបាប ឬភាសាអង់គ្លេសហៅថា Bullying ជា «អាកប្បកិរិយារបស់បុគ្គលណាមួយដែលអាចធ្វើឱ្យអ្នកតូចជាង ឬអ្នកមានអំណាចតិចឈឺចាប់ ឬបំភ័យពួកគេ ហើយជាធម្មតាបង្ខំឱ្យពួកគេធ្វើអ្វីមួយដែលពួកគេមិនចង់ធ្វើ»។ ជាមួយគ្នានេះ វចនានុក្រមនេះបានកំណត់ពាក្យចំអកញ៉ោះលេងសើច ឬភាសាអង់គ្លេសហៅថា Teasing ថាជា «ការលេងសើចជាមួយនរណាម្នាក់ ឬការនិយាយញ៉ោះពួកគេលេង ព្រោះចង់ឌឺដងឬបង្អាប់លេង»។
កញ្ញា ដាណេ បានលើកឡើងថា៖ «ពេលខ្ញុំធំឡើងហើយគ្រប់ពេលដែលខ្ញុំបានឮពាក្យធ្វើបាប ខ្ញុំគិតពីសកម្មភាពនៅពេលដែលមិត្តភក្ដិ ឬមនុស្សមួយក្រុមសម្លុតនរណាម្នាក់នៅក្នុងសាលាយកលុយ និងរបស់របរផ្សេងៗទៀតដូចបានបង្ហាញជាញឹកញាប់នៅក្នុងខ្សែភាពយន្តអាស៊ី។ ចំណែកឯខ្សែភាពយន្តរបស់ប្រទេសប៉ែកខាងលិចវិញ សិស្សដែលមើលទៅរាងចូលចិត្ត ឬខំប្រឹងរៀនសូត្រ ជាធម្មតាត្រូវគេធ្វើបាប»។
មជ្ឈមណ្ឌលជាតិប្រឆាំងនឹងការធ្វើបាបបៀតបៀននៅប្រទេសអូស្ត្រាលី (National Center Against Bullying) បានពន្យល់ថាការសម្លុតធ្វើបាបជាលំដាប់លំដោយនៃការប្រើប្រាស់អំណាចក្នុងទំនាក់ទំនងណាមួយតាមរយៈពាក្យសម្ដី រាងកាយ ឬអាកប្បកិរិយានៅក្នុងសង្គម។ ការធ្វើបាបបៀតបៀនត្រូវបានកំណត់ថាជាសកម្មភាពដែលបុគ្គលម្នាក់សម្លុតធ្វើបាបបុគ្គលផ្សេងទៀតដោយចេតនា ហើយបង្កឱ្យមានផលប៉ះពាល់ដល់ផ្នែករាងកាយ ផ្លូវចិត្ត ឬទំនាក់ទំនងក្នុងសង្គមរបស់ជនរងគ្រោះ។ វាអាចពាក់ព័ន្ធនឹងបុគ្គលមួយរូប ឬមនុស្សមួយក្រុមដែលប្រើអំណាចរបស់ខ្លួនមិនត្រឹមត្រូវទៅលើមនុស្សណាម្នាក់ ឬក្រុមណាមួយដែលមិនអាចបញ្ឈប់សកម្មភាពទាំងអស់មិនឱ្យកើតឡើងបាន។
អង្គការនេះបានលើកឡើងថា ឧប្បត្តិហេតុដែលបានកើតឡើងតែម្តង ជម្លោះឬការវាយតប់គ្នាតែម្តងដោយសារការបដិសេធ ឬការមិនចូលចិត្ត សកម្មភាពមិនល្អមួយពេល ខឹងឬការគំរាមកំហែងឬការឈ្លោះប្រកែកគ្នា ឬការខ្វែងគំនិតគ្នាដោយឥតព្រៀងទុក គឺមិនត្រូវបានចាត់ទុកជាការសម្លុតធ្វើបាបនោះទេ។ ការសម្លុតធ្វើបាបនេះ ត្រូវបានគេបែងចែកជា ៤ប្រភេទ គឺការធ្វើបាបបៀតបៀនរាងកាយ ការបៀតបៀនដោយពាក្យសម្ដី ការធ្វើបាបបៀតបៀនបែបសង្គម និងការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត។
សកម្មភាពរាប់បញ្ចូលទាំងការវាយតប់ ការទាត់ធាក់ ការដាល់មុខ ការរុញច្រានឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាចត្រូវបានចាត់ទុកថាជាការធ្វើបាបបៀតបៀនរាងកាយ។ សកម្មភាពផ្សេងៗដូចជាការហៅឈ្មោះ ការជេរប្រមាថ ការនិយាយចំអក ការគំរាមកំហែង ការប្រើពាក្យសម្ដីស្អប់ខ្ពើមលើអ្នកស្រឡាញ់ភេទដូចគ្នា ការរើសអើងជាតិសាសន៍ ការប្រើពាក្យសម្ដីអាក្រក់ផ្សេងៗទៀតត្រូវបានគេចាត់ទុកថាជាការបៀតបៀនដោយពាក្យសម្ដី។ ការធ្វើបាបបៀតបៀនបែបសង្គមរួមមានការនិយាយកុហក ការនិយាយដើមអំពីនរណាម្នាក់ ការញុះញង់ឱ្យអ្នកដទៃឈប់រាប់រកបុគ្គលណាម្នាក់ ការបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាមួយ ការបង្អាប់អាម៉ាស់មុខនរណាម្នាក់ ការលេងសើចអាក្រក់ និងការធ្វើត្រាប់តាមនរណាម្នាក់ក្នុងលក្ខណៈមាក់ងាយ។ ចំណែកឯការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតវិញ បានកំណត់ដោយមជ្ឈមណ្ឌលស្រាវជ្រាវលើការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិតថាជាការបង្កគ្រោះថ្នាក់ដោយចេតនា និងជាច្រើនលើកច្រើនសាតាមរយៈកុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។
ទិន្នន័យនៃការរំលោភបំពានលើសកលលោករួមបញ្ចូលទិន្នន័យពីការស្ទង់មតិអន្តរជាតិចំនួន ៦ ស្ដីពីភាពទូទៅនៃការធ្វើបាបបៀតបៀនទៅលើកុមារវ័យជំទង់អាយុចន្លោះពី ១១ ទៅ ១៥ឆ្នាំនៅក្នុងប្រទេសចំនួន១៤៥ ហើយបានរកឃើញថាអ្វីដែលមនុស្សយល់ថាការធ្វើបាបបៀតបៀនមានភាពខុសគ្នា។ ក្នុងចំណោមការស្ទង់មតិទាំង៦នេះ មានការស្ទង់មតិខ្លះរាប់បញ្ចូលទាំងការចំអកលេងសើចជាផ្នែកមួយនៃការបៀតបៀនធ្វើបាបដោយបន្ថែមទៅលើការធ្វើបាបផ្នែករាងកាយ ហើយចំណែកឯការស្ទង់មតិខ្លះទៀតគ្រាន់តែរាប់បញ្ចូលការគំរាមកំហែងផ្នែករាងកាយ និងអំពើហិង្សាថាជាការធ្វើបាបបៀតបៀន។
កញ្ញា ហឿង សត្យា អាយុ ២៣ឆ្នាំ និយាយថាកញ្ញាដឹងតិចតួចពីការធ្វើបាបបៀតបៀន។ កញ្ញាថាទើបតែដឹងពីបញ្ហានេះនៅក្រោយពេលចូលរៀនថ្នាក់សិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យប៉ុណ្ណោះ។ កញ្ញាបានឱ្យដឹងថានាងត្រូវបានមិត្តភក្ដិរបស់នាងមួយចំនួនធ្វើបាបក្នុងអំឡុងពេលសិក្សានៅថ្នាក់វិទ្យាល័យ។ នាងនិយាយថា នៅពេលណាដែលនាងគេងលក់នៅក្នុងថ្នាក់រៀន មិត្តរួមថ្នាក់ខ្លះរបស់នាងបានយកក្រណាត់លុបក្តារខៀន ឬក្រណាត់ជូតឥដ្ឋមកដណ្តប់លើនាង។
កញ្ញាបាននិយាយបន្តទៀតថា៖ «នៅពេលដែលខ្ញុំដឹងខ្លួនឡើង ក្រណាត់នៅលើក្បាលរបស់ខ្ញុំ ហើយគេសើចចំអកពេញថ្នាក់។ បើគិតពីពេលទាំងនោះ ខ្ញុំខឹងនឹងពួកគេខ្លាំងណាស់រហូតដល់ថ្នាក់រកពាក្យមិនឃើញក្នុងការពណ៌នាពីសកម្មភាពនោះទេ។ ហើយខ្ញុំក៏បានគិតថាហេតុអ្វីបានជាខ្ញុំគួរខឹងនឹងពួកគេ គ្រាន់តែពួកគេលេងសើចតែប៉ុណ្ណោះ។ ឥឡូវខ្ញុំដឹងថាវាជាការធ្វើបាបបៀតបៀន»។
អ្នកស្រី ហង្ស សុភារីន មានកូនអាយុ ១០ឆ្នាំម្នាក់បានសម្ដែងមតិថា កូនប្រុសរបស់គាត់ត្រូវបានមិត្តភក្ដិធ្វើបាបខាងផ្នែករាងកាយកាលពីមុន។
បច្ចុប្បន្ន អ្នកស្រីនៅតែមានភាពភ័យខ្លាចថារឿងរ៉ាវបែបនេះអាចនឹងកើតឡើងម្តងទៀតនាពេលអនាគត ហើយគាត់តែងតែប្រាប់កូនគាត់ថាឱ្យរាយការណ៍ប្រាប់គាត់ភ្លាមៗនៅពេលដែលមាននរណាម្នាក់ធ្វើបាបនៅឯសាលារៀន ពីព្រោះគាត់ប្រាកដច្បាស់ថាគ្រូនៅសាលារៀនមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ចៀសការសម្លុតធ្វើបាបពីមិត្តរួមថ្នាក់បានទេ។
អ្នកស្រីបានថ្លែងអំពាវនាវថា៖ «ឪពុកម្តាយទាំងអស់ ខ្ញុំសូមលើកទឹកចិត្តឱ្យពួកគាត់ឧស្សាហ៍និយាយសួរសុខទុក្ខកូនៗរបស់ខ្លួន មិនថាទោះបីជារវល់យ៉ាងណានោះទេ។ ឪពុកម្តាយអាចសួរ ឬនិយាយជាមួយពួកគេក្នុងសំឡេងស្រាល ឬត្រួតពិនិត្យមើលរាងកាយរបស់ពួកគេឱ្យបានញឹកញាប់។ ខ្ញុំពិតប្រឆាំងដាច់ខាតចំពោះឪពុកម្តាយណាដែលឱ្យកូនៗរបស់ពួកគេសម្លុតធ្វើបាបទៅពួកអ្នកធ្វើបាបកូនគាត់វិញ»៕