ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នេះ មនុស្សម្នាក៏កំពុងជួបនឹងបញ្ហាប្រឈមថ្មីមួយដែរនោះគឺ តើខ្លួនគេគួរចេញទៅខាងក្រៅដូចជា ទៅផ្សារ ទៅទិញថ្នាំពេទ្យ និងទៅធនាគារ ដើម្បីដកប្រាក់ ឬយ៉ាងណា?
ខាងក្រោម គឺជាដំបូន្មានមួយចំនួនអំពីការចេញទៅក្រៅដើម្បីបំពេញតម្រូវការក្នុងផ្ទះប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ។
ការចេញទៅទិញម្ហូប និងសម្ភារត្រូវការចាំបាច់ក្នុងផ្ទះ
១- ប្រសិនបើឈឺ អ្នកគួរតែនៅផ្ទះ
- ជៀសវាងការចេញទៅផ្សារ ប្រសិនបើអ្នកឈឺ ឬមានរោគសញ្ញាកូវីដ១៩ ដែលមានដូចជា ក្តៅខ្លួន ក្អក ឬដកដង្ហើមខ្លី។
២- ទិញរបស់តាមប្រព័ន្ធអនឡាញ
- បញ្ជាទិញ ឬកុម្ម៉ង់ម្ហូបអាហារ និងសម្ភារផ្សេងៗតាមអនឡាញ ហើយឱ្យគេដឹកជញ្ជូនដល់ផ្ទះ។
- គួរចេញទៅផ្សារ ឬទិញសម្ភារត្រូវការចាំបាច់ក្នុងផ្ទះផ្ទាល់ក្នុងពេលណាដែលចាំបាច់ខ្លាំងប៉ុណ្ណោះ។ ការធ្វើបែបនេះ នឹងជួយកាត់បន្ថយអ្នកពីការប្រឈមនឹងអ្នកដទៃ និងមេរោគដែលបង្កឲ្យមានជំងឺកូវីដ១៩។
៣- ការការពារខ្លួនអ្នកពេលទៅផ្សារ
- ត្រូវរក្សាគម្លាតពីអ្នកដទៃពេលទិញរបស់ និងពេលតម្រង់ជួរចាំគិតលុយយ៉ាងហោចណាស់ឲ្យបាន ២ម៉ែត្រ។
- ត្រូវពាក់ម៉ាស់នៅពេលចេញទៅទីសាធារណៈ។
- ប្រសិនបើអ្នកមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនៅពេលឆ្លងមេរោគ អ្នកត្រូវស្វែងរកថាមានផ្សារ ឬហាងណាដែលមានម៉ោងបើកដំណើរការពិសេសសម្រាប់អ្នកដែរឬទេ។ ប្រសិនបើមាន អ្នកគួរទៅនៅពេលនោះ។ អ្នកមានហានិភ័យខ្ពស់រួមមានមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើង និងមនុស្សដែលមានជំងឺប្រចាំកាយ (ជំងឺរ៉ាំរ៉ៃ) ស្រាប់។
- ធ្វើការសម្អាតដោយការប្រើក្រណាត់សើមសម្លាប់មេរោគលើរទេះរុញ។
- ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់អ្នក។
- ប្រសិនបើអាចធ្វើបាន អ្នកគួរចាយលុយតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកដោយអ្នកមិនចាំបាច់ប៉ះពាល់លុយ។ ប្រសិនបើអ្នកចាយលុយសុទ្ធ ឬចាយតាមកាត អ្នកត្រូវតែលាងដៃជាមួយទឹកសម្លាប់មេរោគដៃភ្លាមៗ។
៤- ប្រើទឹកសម្លាប់មេរោគដៃពេលនៅក្រៅផ្ទះ ហើយត្រូវលាងដៃពេលមកដល់ផ្ទះ
- លាងដៃរបស់អ្នកជាមួយទឹកសម្លាប់មេរោគដៃ ក្រោយពេលចេញពីផ្សារ ឬហាង ហើយត្រូវលាងដៃរបស់អ្នកជាមួយទឹកនិងសាប៊ូយ៉ាងហោចណាស់ឲ្យបាន ២០វិនាទីពេលមកដល់ផ្ទះ។
- ពេលនៅផ្ទះ ត្រូវធ្វើតាមការណែនាំអំពីសុវត្ថិភាពម្ហូបអាហារ ដោយការសម្អាត និងចម្អិនម្ហូបឱ្យឆ្អិនល្អ។ មកដល់ពេលនេះ យើងមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាអាហារ ឬការវេចខ្ចប់អាហារអាចបង្កឲ្យមានជំងឺកូវីដ១៩នៅឡើយទេ។
ពេលទទួលអីវ៉ាន់ ឬអាហារកុម្ម៉ង់ដឹកជញ្ជូនដល់ផ្ទះ
១- ប្រសិនបើធ្វើបាន កំហិតការជួបមនុស្សដោយផ្ទាល់
- ប្រសិនបើអាចធ្វើទៅបាន ចាយលុយតាមអនឡាញ ឬតាមទូរស័ព្ទនៅពេលអ្នកកុម្ម៉ង់។
- ប្រសិនបើអាចធ្វើទៅបាន ទទួលការដឹកជញ្ជូននោះដោយមិនចាំបាច់ចេញទៅជួបផ្ទាល់ ប្រាប់ឱ្យអ្នកដឹកជញ្ជូនដាក់អីវ៉ាន់ទុកនៅកន្លែងមានសុវត្ថិភាពណាមួយនៅក្រៅផ្ទះ ដោយមិនចាំបាច់មានការជួបផ្ទាល់។ បើមិនដូចនេះទេ អ្នកត្រូវរក្សាគម្លាតឱ្យបានប្រហែល ២ម៉ែត្រពីអ្នកដឹកជញ្ជូន។
២- លាងដៃ ឬប្រើទឹកសម្លាប់មេរោគដៃក្រោយពេលទទួលរបស់ហើយ
- ក្រោយពេលទទួលរបស់ដែលអ្នកកុម្ម៉ង់ និងពេលយកវាចូលផ្ទះ អ្នកត្រូវលាងដៃរបស់អ្នកជាមួយទឹកនិងសាប៊ូឲ្យបាន ២០វិនាទី។ ប្រសិនបើមិនមានទឹកនិងសាប៊ូ ត្រូវប្រើទឹកសម្លាប់មេរោគដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០%។
អំពីការទៅធនាគារ
ពេលណាក៏ដោយ ប្រសិនជាអាចធ្វើទៅរួច អ្នកគួរប្រើប្រាស់ប្រព័ន្ធធនាគារអនឡាញ៖
- ប្រសិនបើអ្នកចាំបាច់ត្រូវទៅធនាគារដើម្បីដកលុយពីទូ ឬម៉ាស៊ីនអេធីអឹម (ATM) អ្នកត្រូវសម្អាតក្ដារចុចជាមួយក្រដាសសើមសម្លាប់មេរោគមុននឹងប្រើប្រាស់។
- ពេលប្រើប្រាស់រួចរាល់ហើយ អ្នកត្រូវលាងដៃដោយទឹកសម្លាប់មេរោគដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០%។
- ត្រូវលាងដៃរបស់អ្នកជាមួយទឹកនិងសាប៊ូឱ្យបាន ២០វិនាទីពេលទៅដល់ផ្ទះវិញ។
អំពីការចាក់សាំង
- ត្រូវរក្សាគម្លាតពីអ្នកចាក់សាំង ហើយត្រូវពាក់ម៉ាស់ពេលនិយាយ។
- ឲ្យលុយដោយមិនចាំបាច់ប៉ះពាល់គ្នា។
- ពេលរួចរាល់ហើយ អ្នកត្រូវលាងដៃដោយទឹកសម្លាប់មេរោគដៃដែលមានអាល់កុលយ៉ាងហោចណាស់ ៦០%។
អំពីពេលទៅជួបគ្រូពេទ្យ ឬពេលទៅទិញថ្នាំ
១- និយាយជាមួយគ្រូពេទ្យតាមអនឡាញ ឬតាមទូរស័ព្ទ
- មុនពេលទៅ ត្រូវនិយាយជាមួយគ្រូពេទ្យតាមអនឡាញ ឬតាមទូរស័ព្ទជាមុនសិន។
- ប្រសិនបើមានការណាត់ជួបជាមួយគ្រូពេទ្យសម្រាប់ត្រួតពិនិត្យផ្សេងៗ អ្នកគួរតែពិចារណាប្តូរថ្ងៃ បើវាមិនសូវជាចាំបាច់។
២- ការការពារខ្លួនអ្នក និងអ្នកដទៃក្នុងករណីដែលអ្នកត្រូវទៅពេទ្យដោយផ្ទាល់
- ប្រសិនបើអ្នកគិតថាខ្លួនឯងមានផ្ទុកជំងឺកូវីដ១៩ អ្នកត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។
- ពាក់ម៉ាស់នៅពេលដែលអ្នកត្រូវចេញទៅទីសាធារណៈ។
- ជៀសវាងការប៉ះពាល់ភ្នែក ច្រមុះ និងមាត់របស់អ្នក។
- ត្រូវធ្វើការសម្លាប់មេរោគលើផ្ទៃនៃវត្ថុដែលអ្នកប៉ះពាល់ញឹកញាប់ ដូចជាគន្លឹះទ្វារ ឬក្ដារចុចនានា (បើមាន)។
- ត្រូវរក្សាគម្លាតពីអ្នកដទៃឲ្យបាន ២ម៉ែត្រ ពេលនៅក្នុងមន្ទីរពេទ្យ និងពេលតម្រង់ជួរ។
- ប្រសិនបើអាចធ្វើបាន អ្នកគួរចាយលុយតាមរយៈការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដោយអ្នកមិនចាំបាច់ប៉ះលុយ។ ប្រសិនបើអ្នកចាយលុយសុទ្ធ ឬចាយតាមកាត អ្នកត្រូវតែលាងដៃរបស់អ្នកជាមួយទឹក និងសាប៊ូយ៉ាងហោចណាស់ឲ្យបាន ២០វិនាទីពេលទៅដល់ផ្ទះវិញ។
៣- កាត់បន្ថយការជួបផ្ទាល់ពេលទៅឱសថស្ថាន
- បញ្ជាក់ជាមួយវេជ្ជបណ្ឌិត និងឱសថការីរបស់អ្នក ដើម្បីដឹងថាពួកគេមានថ្នាំច្រើនឱ្យអ្នកទិញទុកឬទេ។ ការធ្វើបែបនេះ វានឹងជួយកាត់បន្ថយការចេញទៅក្រៅរបស់អ្នក៕