នេះគឺជាការឆ្លើយតបទៅនឹងសំណួរមួយចំនួនដែលបានលើកឡើងជាញឹកញាប់ពីការមានផ្ទៃពោះក្នុងអំឡុងពេលជំងឺកូវីដ១៩។

ខាងក្រោមនេះជាអត្ថបទចែករំលែករបស់វេជ្ជបណ្ឌិត ចន យ៉ាម (Dr. John Yam) ដែលជាអ្នកជំនាញផ្នែកសម្ភពនិងរោគស្ត្រីនៅមន្ទីរពេទ្យ Gleneagles ប្រទេសសិង្ហបុរី
ការមានគភ៌អាចជាភាពរីករាយដ៏ធំបំផុតមួយក្នុងជីវិតសម្រាប់ម្តាយនិងឪពុក ដោយពោរពេញទៅដោយការរំភើបនិងការទន្ទឹងរង់ចាំការមកដល់របស់ទារក។
ទោះជាយ៉ាងណា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នៅពាសពេញសកលលោកនេះបានផ្តល់ការរំជើបរំជួល ការថប់បារម្ភ និងភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំងថា តើ «នឹងមានអ្វីកើតឡើង»។
«មានផ្ទៃពោះ តើខ្ញុំមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺដែរឬទេ? តើមេរោគនេះនឹងអាចជះឥទ្ធិពលដល់កូនខ្ញុំយ៉ាងដូចម្តេច? តើខ្ញុំអាចថែរក្សាខ្លួនឯងបានតាមរបៀបណា?»
វេជ្ជបណ្ឌិត ចន យ៉ាម ដែលជាអ្នកជំនាញផ្នែកសម្ភពនិងរោគស្ត្រីនៅមន្ទីរពេទ្យ Gleneagles ប្រទេសសិង្ហបុរី បានឆ្លើយសំណួរមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហានេះដែលឪពុកម្តាយអាចរំពឹងទុកនូវស្ថានភាព និងការយល់ដឹងបន្ថែមពីការមានផ្ទៃពោះនៅក្នុងអំឡុងនៃការគំរាមកំហែងដោយជំងឺកូវីដ១៩។
តើជំងឺកូវីដ១៩ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃបានដែរឬទេ? បើអាច តើអាចបានតាមរបៀបណា?
ជំងឺកូវីដ១៩ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃបាន។
អ្នកជំងឺដែលកំពុងពពោះដែលមានគ្រុនក្តៅខ្លាំង អាចមានហានិភ័យខ្ពស់រហូតដល់ការរលូតកូន។ រហូតមកដល់ពេលនេះ ការស្រាវជ្រាវបានបង្ហាញថា ម្តាយមានផ្ទៃពោះដែលឆ្លងមេរោគកូរ៉ូណារងហានិភ័យទាបតែ ២ភាគរយប៉ុណ្ណោះលើបញ្ហានៃការរលូតកូន។
ទារករបស់ម្តាយដែលឆ្លងជំងឺកូវីដ១៩ ក៏អាចមានទម្ងន់ស្រាលនៅពេលកើត ហើយវាក៏មានឱកាសខ្ពស់នៃការកើតមិនគ្រប់ខែផងដែរ។ ទោះជាយ៉ាងណា ជំងឺកូវីដ១៩ មិនទាន់បានបង្ហាញនូវការបណ្តាលឱ្យមានភាពមិនប្រក្រតីរបស់ទារកនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយក៏មិនមានរបាយការណ៍ណាមួយបញ្ជាក់ពីមរណភាពរបស់ម្តាយដែលឆ្លងទន្លេ ហើយផ្ទុកមេរោគកូរ៉ូណានេះ។
អំឡុងពេលមានផ្ទៃពោះ តើខ្ញុំប្រឈមនឹងហានិភ័យនៃការការពារជំងឺកូវីដ១៩ និងជំងឺផ្លូវដង្ហើមដទៃទៀតដែរឬទេ?
ស្ត្រីមានផ្ទៃពោះនឹងជួបប្រទះនូវការផ្លាស់ប្ដូរប្រព័ន្ធភាពស៊ាំរបស់ពួកគេដែលធ្វើឱ្យពួកគេងាយនឹងឆ្លងមេរោគផ្សេងៗដូចជាជំងឺកូវីដ១៩ និងជំងឺផ្ដាសាយជាដើម។ លើសពីនេះទៅទៀត ដោយអាស្រ័យទៅលើប្រភេទនៃមេរោគ ភាពស្មុគស្មាញផ្សេងៗគ្នាអាចកើតមានលើម្តាយដែលមានផ្ទៃពោះ។
តើមានការប្រុងប្រយ័ត្នអ្វីខ្លះដែលស្ត្រីមានផ្ទៃពោះត្រូវធ្វើដើម្បីការពារខ្លួន?
ក៏ដូចជាការអនុវត្តទូទៅដែលប្រជាជនទាំងអស់គួរប្រតិបត្តិផងដែរ គឺត្រូវលាងដៃឱ្យបានទៀងទាត់ជាមួយសាប៊ូនិងទឹក ឬជូតដៃជាមួយនឹងសារធាតុអាល់កុល ព្រមទាំងការអនុវត្តតាមក្បួនច្បាប់រយៈពេល ២០វិនាទីនៅពេលសម្អាតដៃរបស់អ្នក ដើម្បីចៀសវាងនូវការថ្លោះធ្លោយផ្សេងៗ។
ក្រៅពីនេះ ចូរអនុវត្តនូវការរក្សាអនាម័យល្អ ដូចជាគ្របមាត់និងច្រមុះដោយប្រើកែងដៃរបស់អ្នក ឬក្រដាសជូតមាត់នៅពេលក្អកឬកណ្ដាស់ ដែលនេះនឹងអាចការពារមនុស្សនៅជុំវិញអ្នកពីមេរោគផ្ដាសាយ និងកូរ៉ូណា។ ក្រោយមក ត្រូវបោះចោលក្រដាសជូតមាត់ដែលបានប្រើរួចនោះជាបន្ទាន់។ នៅឱ្យឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន និងកន្លែងដែលមានខ្យល់ចេញចូលមិនសូវល្អ ព្រោះហានិភ័យនៃការឆ្លងមេរោគនៅកន្លែងបែបនេះខ្ពស់ជាងតាមរយៈការទំនាក់ទំនងផ្សេងៗទៅទៀត។
រក្សាគម្លាតសង្គមដោយអនុវត្តតាមគោលការណ៍ណែនាំស្ដីពីការរក្សាចម្ងាយសមស្រប ១ម៉ែត្រ ឬលើសពីនេះ ហើយជាពិសេសពីអ្នកដែលបង្ហាញរោគសញ្ញាដូចជាក្អកឬកណ្ដាស់ ព្រោះតំណក់ទឹកតូចៗចេញពីច្រមុះឬមាត់របស់ពួកគេ អាចផ្ទុកមេរោគ។
តើរោគសញ្ញាមានផ្ទៃពោះទូទៅអ្វីខ្លះដែលអាចត្រូវបានគេយល់ច្រឡំថាជារោគសញ្ញានៃជំងឺកូវីដ១៩?
អត្រានៃការកើតមានការកកស្ទះរន្ធច្រមុះចំពោះស្ត្រីមានផ្ទៃពោះដែលមានសុខភាពល្អមានរហូតទៅដល់ ២០% ដែលនេះអាចត្រូវបានគេយល់ច្រឡំជារោគសញ្ញាជំងឺកូវីដ១៩។ ម៉្យាងវិញទៀត ការកកស្ទះរន្ធច្រមុះនេះក៏អាចបិទបាំងរោគសញ្ញានៃជំងឺកូវីដ១៩ផងដែរ ប្រសិនបើមានហើយ វាក៏អាចបណ្តាលឱ្យមានការកណ្ដាស់ដែលនឹងអាចចម្លងជំងឺដល់មនុស្សនៅជុំវិញខ្លួន។
ការដកដង្ហើមខ្លីៗដោយសារតែការមានផ្ទៃពោះ ក៏ជារោគសញ្ញាចម្បងមួយដែលអាចភាន់ច្រឡំថាជារោគសញ្ញានៃជំងឺកូវីដ១៩ ហើយប្រសិនបើមានការសង្ស័យ សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាប់។
តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំឆ្លងជំងឺផ្ដាសាយ ឬជំងឺកូវីដ១៩ ក្នុងពេលមានផ្ទៃពោះ?
ប្រសិនបើអ្នកក្តៅខ្លួន ក្អក និងពិបាកដកដង្ហើម សូមពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ពីព្រោះវាអាចបណ្តាលឱ្យមានការឆ្លងមេរោគផ្លូវដង្ហើម ឬជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។
តើមេរោគកូរ៉ូណាអាចចម្លងពីម្តាយទៅទារកក្នុងផ្ទៃ ឬពេលកើតបានដែរឬទេ?
រហូតមកដល់ពេលនេះមានចំនួនករណីតិចតួចណាស់ដែលស្ត្រីមានផ្ទៃពោះបានឆ្លងជំងឺកូវីដ១៩ ដូច្នេះការយល់ដឹងរបស់យើងអំពីបញ្ហានេះនៅតែមានកម្រិត និងក្នុងដំណាក់កាលវិវឌ្ឍនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ទារកមិនទទួលរងការប៉ះពាល់ខ្លាំងនោះទេបន្ទាប់ពីកើតចេញពីម្តាយពពោះដែលមានករណីឆ្លងជំងឺកូវីដ១៩។
តើខ្ញុំគួរបន្តបំបៅកូនដោយទឹកដោះឬទេ ប្រសិនបើខ្ញុំទទួលបានបញ្ជាឱ្យស្នាក់នៅផ្ទះឬធ្វើចត្តាឡីស័ក?
ផ្អែកលើចំណេះដឹងបច្ចុប្បន្នរបស់យើងអំពីមេរោគនេះ ការបំបៅកូនដោយទឹកដោះអាចបន្តបាន ទោះបីជាម្តាយធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ សូមពាក់ម៉ាស់នៅពេលអ្នកកាន់កូនរបស់អ្នក និងអនុវត្តវិធានការអនាម័យឱ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដោយតំណក់ទឹកមាត់និងច្រមុះពីម្តាយទៅកូន។
តើទារកមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូរ៉ូណាដែរឬទេ?
ទារកហាក់ដូចជាមានហានិភ័យដូចគ្នាទៅនឹងមនុស្សពេញវ័យក្នុងការឆ្លងមេរោគនេះផងដែរ ប៉ុន្តែជាមួយនឹងស្ថានភាពនៃកម្រិតចំណេះដឹងពីមេរោគនេះ ហានិភ័យនៃជំងឺធ្ងន់ធ្ងរហាក់ដូចជាទាបជាងសម្រាប់ទារក បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ។
តើខ្ញុំអាចការពារទារករបស់ខ្ញុំកុំឱ្យឆ្លងជំងឺកូវីដ១៩ និងស្ថានភាពផ្លូវដង្ហើមផ្សេងៗទៀតបានយ៉ាងដូចម្តេច?
ពាក់ម៉ាស់នៅពេលអ្នកកាន់កូនរបស់អ្នក និងអនុវត្តវិធានការអនាម័យឱ្យបានហ្មត់ចត់ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដោយតំណក់ទឹកមាត់និងច្រមុះពីម្តាយទៅកូន។ ម៉្យាងវិញទៀត គួរទុកទារកឬកុមារនៅផ្ទះ ហើយអនុវត្តការរក្សាគម្លាតសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់រហូតដល់ស្ថានភាពប្រសើរឡើង។
តើខ្ញុំធ្វើដូចម្តេចដើម្បីធានាបាននូវបរិយាកាសសុវត្ថិភាពសម្រាប់កូនៗនៅផ្ទះ និងនៅទីសាធារណៈ?
អ្នកចាំបាច់អនុវត្តអនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងពាក់ម៉ាស់ និងរក្សាគម្លាតសង្គម។ លើសពីនេះទៅទៀត ត្រូវធានាថាវត្ថុនិងផ្ទៃផ្សេងៗទាំងអស់ដែលកូនរបស់អ្នកប៉ះពាល់ ត្រូវបានលាងសម្អាតយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ជាមួយសាប៊ូនិងទឹក។
សម្រាប់ព័ត៌មានបន្ថែមពីការព្យាបាលជំងឺផ្សេងៗ សូមចុចត្រង់នេះ។
