ការរក្សាគម្លាតពីគ្នាមានន័យថា កាត់បន្ថយនូវការជួបជុំគ្នាក្នុងសង្គម និងគ្រួសារ ព្រមទាំងជៀសវាងនូវការប៉ះពាល់គ្នាដូចជាការចាប់ដៃ ឬការឱប ជាដើម ហើយត្រូវទុកចន្លោះឱ្យគ្នាយ៉ាងហោចណាស់ ២-៤ម៉ែត្រនៅទីសាធារណ:។
តើអ្វីទៅជាការរក្សាគម្លាតពីគ្នា?
មនុស្សគ្រប់គ្នាសុទ្ធតែមានតួនាទីសំខាន់រៀងៗខ្លួនក្នុងការកាត់បន្ថយ និងរារាំងការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តការរក្សាគម្លាតពីគ្នា។ ការរក្សាគម្លាតពីគ្នាមានន័យថា កាត់បន្ថយនូវការជួបជុំគ្នាក្នុងសង្គម និងគ្រួសារ ព្រមទាំងជៀសវាងនូវការប៉ះពាល់គ្នាដូចជាការចាប់ដៃ ឬការឱប ជាដើម ហើយត្រូវទុកចន្លោះឱ្យគ្នាយ៉ាងហោចណាស់ ២-៤ម៉ែត្រនៅទីសាធារណ: ដូចជាកន្លែងធ្វើការ សាលារៀន កន្លែងទិញអីវ៉ាន់ ឬនៅកន្លែងផ្សេងទៀតនៅក្នុងសហគមន៍របស់អ្នក។
នេះជាការអនុវត្តដ៏សំខាន់បំផុត ជាពិសេសក្នុងអំឡុងពេលនៃការរីករាតត្បាតជំងឺកូវីដ១៩ ដើម្បីការពារអ្នកដែលមានហានិភ័យខ្ពស់ពីការធ្លាក់ខ្លួនឈឺខ្លាំងដោយសារជំងឺកូវីដ១៩ ដូចជាអ្នកមានបញ្ហាសុខភាព មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ។ ការធ្វើបែបនេះ នឹងអាចជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសង្គម។
តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាដែលអាចកើតមានឡើងដោយការរក្សាគម្លាតពីគ្នាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩?
ការអនុវត្តការរក្សាគម្លាតពីគ្នាអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ឯកោក្នុងសង្គម ដែលអាចបណ្តាលឱ្យមានការធុញថប់ ការបាក់ទឹកចិត្ត និងសុខភាពចុះខ្សោយ។ វាចាំបាច់ណាស់ក្នុងការប្រើមធ្យោបាយផ្សេងទៀតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្ដិ ដូចជាការផ្ញើលិខិត ការហៅតាមទូរស័ព្ទ ការហៅទូរស័ព្ទជជែកគ្នាដែលអាចមើលរូបគ្នាឃើញ (តាមវីដេអូ) ឬប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ជាជាងការជួបជុំគ្នាដោយផ្ទាល់។ ជាមួយគ្នានេះផងដែរ ការធ្វើលំហាត់ប្រាណនៅផ្ទះ ឬទីធ្លាជិតៗផ្ទះ ការអង្គុយលេងនៅមុខផ្ទះក៏អាចជួយកាត់បន្ថយភាពស្មុគស្មាញផងដែរ។
ការរក្សាគម្លាតពីគ្នាបានយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព គឺការផ្អាកការអនុវត្តពិធីបុណ្យប្រពៃណី និងសាសនាមួយចំនួន។ នេះអាចពាក់ព័ន្ធជាពិសេសសម្រាប់សហគមន៍ជនជាតិភាគតិច និងក្រុមសាសនាទាំងអស់ ប៉ុន្តែការធ្វើបែបនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយការរីករាលដាល។
ខាងក្រោមនេះជាវិធីមួយចំនួនដើម្បីដោះស្រាយនូវបញ្ហាដែលអាចកើតមានឡើងដោយការរក្សាគម្លាតពីគ្នា និងភាពតានតឹងដែលជំងឺកូវីដ១៩ អាចបង្កឱ្យមាន៖
- កាត់បន្ថយការមើល អាន ឬការស្តាប់រឿងរ៉ាវព័ត៌មានពីជំងឺកូវីដ១៩ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ពីព្រោះការទទួលព័ត៌មានជាបន្តបន្ទាប់អាចបណ្តាលឱ្យមានភាពតានតឹងផ្លូវចិត្ត។
- ថែរក្សារាងកាយ និងផ្លូវចិត្តរបស់អ្នកដោយធ្វើការដកដង្ហើមវែងៗ ធ្វើសមាធិ និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
- ព្យាយាមបរិភោគអាហារដែលមានសុខភាពល្អ។
- គេងឱ្យបានគ្រប់គ្រាន់ពី ៧-៨ម៉ោងក្នុងមួយថ្ងៃ។
- ជៀសវាងការសេពគ្រឿងស្រវឹង និងគ្រឿងញៀន។
- ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងៗទៀតតាមអ៊ីនធឺណិត ឬតាមទូរស័ព្ទ ហើយពិភាក្សាអំពីកង្វល់ និងអារម្មណ៍របស់អ្នកជាមួយមនុស្សដែលខ្លួនអាចទុកចិត្តបាន។
- គួរមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងសម្រាកខ្លះ និងព្យាយាមធ្វើសកម្មភាពណា ឬរកចំណង់ចំណូលចិត្តណាដែលអាចធ្វើបាន ព្រមទាំងអាចអនុវត្តការរក្សាគម្លាតពីគ្នាផងដែរ។
អ្នកដែលត្រូវការជំនួយ ឬស្គាល់នរណាម្នាក់ដែលត្រូវការជំនួយក្នុងការដោះស្រាយអារម្មណ៍តានតឹង ឬភាពធុញថប់ អាចទាក់ទងទៅកាន់គ្រូពេទ្យផ្នែកផ្លូវចិត្តដែលលោកអ្នកស្គាល់ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយដែលផ្តល់សេវាលើផ្នែកនេះ។
សម្រាប់សុខភាពផ្លូវចិត្ត សូមទំនាក់ទំនងទៅកាន់ TPO កម្ពុជា លេខទូរស័ព្ទ 023 63 66 992 / 095 666 826
សម្រាប់ព័ត៌មានបន្ថែមសូមចុចទីនេះ https://tpocambodia.org/contact-us ឬតាមរយ:ហ្វេសប៊ុក (Facebook) https://www.facebook.com/tpocambodia
ការបង្ការមេរោគកូរ៉ូណាក្នុងគ្រួសារ
សហគមន៍ដែលមានគ្រួសារមានសមាជិកច្រើនរស់នៅជុំគ្នា ឬអ្នករស់នៅតំបន់ជនបទ ឬជនជាតិដើមភាគតិច អាចជួបប្រទះនឹងការលំបាកផ្សេងៗគ្នាលើការអនុវត្តការរក្សាគម្លាតពីគ្នា ការទិញម្ហូបអាហារ និងសេវាកម្មសុខភាពផ្សេងៗក្នុងតំបន់។
ទោះជាយ៉ាងណាក៏ដោយ មានវិធីមួយចំនួនដែលបុគ្គលម្នាក់ៗអាចធ្វើដើម្បីឱ្យផ្ទះស្អាត និងគ្រួសារមានសុវត្ថិភាព៖
- លាងដៃឱ្យបានញឹកញាប់ និងត្រឹមត្រូវតាមជំហានដូចខាងក្រោម៖
- បន្សើមដៃរបស់អ្នកជាមួយនឹងទឹកស្អាត ហើយដាក់សាប៊ូ។
- ត្រដុសបាត និងខ្នងដៃរបស់អ្នករហូតដល់ចេញពពុះសាប៊ូ ហើយសូមកុំភ្លេចលាងចន្លោះម្រាមដៃ និងក្រោមក្រចករបស់អ្នកយ៉ាងហោចណាស់ ២០វិនាទី។
- លាងជម្រះដៃរបស់អ្នកឱ្យស្អាតជាមួយទឹកស្អាត។ ប្រសិនបើអ្នកមិនមានទឹកស្អាតអ្នកត្រូវប្រាកដថា ប្រភពទឹករបស់អ្នកមានអនាម័យ។
- សម្ងួតដៃរបស់អ្នកដោយប្រើកន្សែងស្អាត ឬខ្យល់។
- ប្រសិនបើអ្នកមិនអាចលាងសម្អាតជាមួយសាប៊ូ និងទឹក អ្នកអាចប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០% ដោយបន្តក់ ៣-៤តំណក់ដាក់ក្នុងបាតដៃរបស់អ្នក ហើយញីជូតពេញដៃ រួមមានទាំងម្រាមដៃ និងក្រចកដៃរហូតទាល់តែស្ងួត។
- សូមរំលឹកសមាជិកគ្រួសារពីការជៀសវាងការប៉ះមុខ និងខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រណាត់ជូតមាត់ ហើយបន្ទាប់មកបោះចោលឱ្យបានត្រឹមត្រូវ។
- សម្អាត តុ ទ្វារ កុងតាក់ បង្គន់ ក្បាលបើកបិទ (រ៉ូប៊ីណេ) ទឹក និងគ្រឿងអេឡិចត្រូនិកផ្សេងៗជាមួយនឹងសាប៊ូ ឬថ្នាំបាញ់សម្លាប់មេរោគឱ្យបានញឹកញាប់។ សូមមានការប្រុងប្រយ័ត្ន និងធ្វើតាមការណែនាំក្នុងការប្រើប្រាស់ផលិតផលសម្អាតដោយពាក់ស្រោមដៃ និងត្រូវប្រាកដថាមានខ្យល់ចេញចូលបានល្អក្នុងពេលប្រើផលិតផលមួយចំនួន។
- វាជាប្រការសំខាន់ដែលត្រូវចំណាយពេលកាន់តែតិចកាន់តែល្អនៅក្រៅផ្ទះសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ពីការធ្លាក់ខ្លួនឈឺខ្លាំងដោយជំងឺកូវីដ១៩ រួមមានអ្នកមានបញ្ហាសុខភាព មនុស្សចាស់ អ្នកដែលមានប្រព័ន្ធការពារខ្សោយ និងអ្នកដែលរស់នៅកន្លែងថែទាំ ឬមណ្ឌលចាស់ជរារយៈពេលវែង។
- មានការប្រយ័ត្នខ្ពស់សម្រាប់មនុស្សគ្រប់វ័យទាំងអស់មានបញ្ហាសុខភាពរួមមាន៖
- អ្នកជំងឺសួតរ៉ាំរ៉ៃ ឬជំងឺហឺតពីកម្រិតមធ្យមទៅដល់ធ្ងន់ធ្ងរ។
- អ្នកមានស្ថានភាពបេះដូងធ្ងន់ធ្ងរ។
- អ្នកដែលកំពុងទទួលការព្យាបាលជំងឺមហារីក ការប្តូរខួរឆ្អឹងខ្នង ឬការប្តូរសរីរាង្គ ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកបានប្រើប្រាស់ថ្នាំផ្សះរយ:ពេលយូរ និងថ្នាំពង្រឹងប្រព័ន្ធភាពស៊ាំផ្សេងៗទៀត។
- អ្នកមានជំងឺធាត់ខ្លាំង។
- អ្នកជំងឺទឹកនោមផ្អែម។
- អ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ និងអ្នកដែលកំពុងទទួលការលាងឈាម។
- អ្នកជំងឺថ្លើម។
- គេមិនដឹងច្បាស់នោះទេថា តើស្ត្រីមានផ្ទៃពោះងាយនឹងធ្លាក់ខ្លួនឈឺពីជំងឺកូវីដ១៩ ឬមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប៉ុន្តែគេដឹងថា ជាធម្មតាស្ត្រីមានផ្ទៃពោះមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរជាមួយនឹងការឆ្លងមេរោគផ្លូវដង្ហើមដទៃទៀតដោយមិនចាំបាច់មានជំងឺកូវីដ១៩។ ដូច្នេះ យើងត្រូវមានការការពារខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះដើម្បីការពារខ្លួនពីជំងឺ។
- តម្រូវការលើការទិញគ្រឿងទេស ម្ហូបអាហារ ទឹក និងសេវាថែទាំសុខភាពផ្សេងៗ តម្រូវឱ្យយើងធ្វើដំណើរទៅក្រៅជាញឹកញាប់។ ប្រសិនបើអាចធ្វើបាន អ្នកដែលមិនសូវមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំងដោយជំងឺកូវីដ១៩ គួរទៅទិញអីវ៉ាន់ប្រើប្រាស់ដោយពាក់ម៉ាស់ ឬរបាំងមុខនៅតាមទីសាធារណៈដូចជា ផ្សារ ហាងលក់គ្រឿងទេស និងឱសថស្ថាន។ល។
ព័ត៌មានបន្ថែមសម្រាប់គ្រួសារដែលមានសមាជិករស់នៅជុំគ្នាច្រើន
១- សម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃការវិវឌ្ឍទៅជាជំងឺធ្ងន់ធ្ងរពីមេរោគកូរ៉ូណា៖
- នៅផ្ទះ និងឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន។
- ត្រូវប្រាកដថាមានថ្នាំ និងរបស់របរប្រើប្រាស់គ្រប់គ្រាន់សម្រាប់រយៈពេល ២-៣សប្តាហ៍ ដោយពុំចាំបាច់ចេញក្រៅផ្ទះច្រើនដង។
- នៅទីសាធារណៈ ត្រូវរក្សាចម្ងាយពីគ្នាយ៉ាងតិច ២-៤ម៉ែត្រ និងជៀសវាងទៅកន្លែងដែលមានមនុស្សឈឺ។
- លាងដៃឱ្យបានញឹកញាប់តាមការណែនាំដូចបានរៀបរាប់ខាងលើ។
២- ប្រសិនបើសមាជិកគ្រួសារណាម្នាក់កើតជំងឺកូវីដ១៩៖
- ត្រូវអនុវត្តវិធីលាងដៃឱ្យបានត្រឹមត្រូវតាមការណែនាំដូចបានរៀបរាប់ខាងលើ។
- សម្អាត និងសម្លាប់មេរោគកន្លែងផ្សេងៗដូចជាបង្កាន់ដៃ ទ្វារ និងផ្ទៃដែលប៉ះពាល់ញឹកញាប់ជាមួយនឹងសាប៊ូ ឬថ្នាំសម្លាប់មេរោគ។
- សូមរំលឹកសមាជិកគ្រួសារពីការជៀសវាងការប៉ះមុខ និងខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ដោយប្រើកែងដៃ ឬក្រណាត់ជូតមាត់ ហើយបន្ទាប់មកបោះចោលឱ្យបានត្រឹមត្រូវ។
- ប្រសិនបើអាចធ្វើទៅបាន សូមដាក់អ្នកជំងឺកូវីដ១៩ ឱ្យនៅក្នុងបន្ទប់គេង និងបន្ទប់ទឹកដាច់ដោយឡែកពីអ្នកដទៃ។
- ត្រូវថែរក្សាសុខភាពផ្លូវចិត្តរបស់គ្រួសារអ្នករួមទាំងខ្លួនអ្នកផង។
- ជៀសវាងការចែករំលែករបស់របរប្រើប្រាស់ផ្ទាល់ខ្លួនដូចជាទូរស័ព្ទ ចាន គ្រែគេង ប្រដាប់ប្រដាក្មេងលេង។ល។
៣- ប្រសិនបើអ្នកកំពុងធ្វើការថែទាំសមាជិកគ្រួសារដែលកើតជំងឺកូវីដ១៩៖
- តាមដានរោគសញ្ញាសំខាន់ៗដូចជា៖
- ពិបាកដកដង្ហើម
- ឈឺ ឬថប់ៗទ្រូង
- មានភាពច្របូកច្របល់ថ្មី
- បបូរមាត់ ឬមុខឡើងស្រអាប់ខៀវ
- ការពារការរីករាលដាលនៃមេរោគ៖
- ជៀសវាងការចែករំលែករបស់របរប្រើប្រាស់ក្នុងផ្ទះដូចជាចាន កន្សែង និងពូក ជាដើម
- ឱ្យអ្នកជំងឺពាក់ម៉ាស់ ឬរបាំងមុខ ហើយប្រសិនបើអ្នកជំងឺមិនអាចពាក់ម៉ាស់ ឬរបាំងមុខបាន សូមអ្នកដែលថែទាំអ្នកជំងឺគួរពាក់ម៉ាស់ក្រណាត់ ឬរបាំងមុខពេលប៉ះពាល់ជាមួយអ្នកជំងឺ
- ឱ្យអ្នកជំងឺប្រើបន្ទប់ទឹកមួយដាច់ដោយឡែក បើសិនជាអាច
- ជៀសវាងមានភ្ញៀវមកលេងដែលមិនចាំបាច់
- ព្យាបាលរោគសញ្ញា៖
- ឱ្យអ្នកជំងឺកូវីដ១៩ ទទួលទានទឹកឱ្យបានច្រើន និងសម្រាកនៅផ្ទះ
- ប្រើថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីជួយកាត់បន្ថយរោគសញ្ញា
- សម្រាប់មនុស្សភាគច្រើន រោគសញ្ញាមានរយៈពេលពីរបីថ្ងៃ ហើយនឹងមានសភាពធូរស្បើយវិញបន្ទាប់ពីមួយសប្តាហ៍៕