ការរក្សាចម្ងាយរបស់អ្នកដើម្បីកាត់បន្ថយការរាលដាល៖ ការមិនសូវជួបជុំគ្នា គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។
តើអ្វីទៅគឺជាការរក្សាគម្លាតពីគ្នា?
ការរក្សាគម្លាតពីគ្នាមានន័យថាការរក្សាចន្លោះរវាងគ្នានិងគ្នា ឬការឈរនៅឱ្យឆ្ងាយពីគ្នានៅទីសាធារណ:។
ដើម្បីអនុវត្តការរក្សាគម្លាតពីគ្នា យើងត្រូវ៖
- ស្ថិតនៅចម្ងាយយ៉ាងហោចណាស់ ២–៤ម៉ែត្រពីមនុស្សផ្សេងទៀត
- កុំប្រមូលផ្ដុំគ្នាជាក្រុមនៅកន្លែងផ្សេងៗ
- នៅឆ្ងាយពីកន្លែងដែលមានមនុស្សច្រើន និងជៀសវាងការជួបជុំគ្នា
បន្ថែមពីលើការការពារប្រចាំថ្ងៃលើការឆ្លងជំងឺកូវីដ១៩ ការរក្សាចន្លោះរវាងគ្នានិងគ្នា គឺជាវិធីសាស្ត្រដ៏ល្អបំផុតមួយដែលធ្វើឱ្យយើងអាចជៀសវាងពីការឆ្លងមេរោគនេះ និងបន្ថយល្បឿននៃការរីករាលដាលនៅតាមមូលដ្ឋាន និងទូទាំងប្រទេស និងទូទាំងពិភពលោក។
ប្រសិនបើជំងឺកូវីដ១៩ កំពុងសាយភាយនៅក្នុងតំបន់ដែលអ្នករស់នៅ អ្នកគួរតែកាត់បន្ថយការប្រាស្រ័យទាក់ទងជាមួយបុគ្គលផ្សេងៗក្រៅពីគ្រួសាររបស់អ្នកនៅក្នុងផ្ទះផ្ទាល់ និងទីសាធារណ:។ ដោយសារតែមេរោគនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមុនពេលចេញរោគសញ្ញា ដូច្នេះវាសំខាន់ណាស់ដែលយើងត្រូវនៅឆ្ងាយពីអ្នកដទៃតាមដែលអាចធ្វើទៅបាន។ ការរក្សាគម្លាតពីគ្នា គឺមានភាពចាំបាច់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំង ដូចជាអ្នកមានជំងឺប្រចាំកាយ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ។
១- ហេតុអ្វីបានជាចាំបាច់អនុវត្តការរក្សាគម្លាតពីគ្នា?
ជំងឺកូវីដ១៩ អាចរីករាលដាលខ្លាំងសម្រាប់អ្នកដែលនៅជិតគ្នា ឬមានទំនាក់ទំនងជិតស្និទ្ធគ្នា (ក្នុងចម្ងាយប្រហែលជា ២ម៉ែត្រ)។ ជំងឺនេះអាចឆ្លងបាននៅពេលអ្នកដែលមានមេរោគ ក្អក កណ្ដាស់ ឬនិយាយ ហើយតំណក់ទឹកចេញពីមាត់ ឬច្រមុះរបស់ពួកគេធ្លាក់លើអ្នកដែលនៅក្បែរនោះ។ ក្រោយមក មេរោគទាំងនោះក៏អាចស្រូបចូលក្នុងសួតបានដែរ។ ការសិក្សាស្រាវជ្រាវថ្មីៗនេះបង្ហាញថា អ្នកដែលឆ្លងជំងឺប៉ុន្តែមិនមានរោគសញ្ញាជាអ្នកចម្លងចម្បង និងបណ្តាលឱ្យមានការរីករាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ១៩។
ការសិក្សាក៏បង្ហាញដែរថា មនុស្សយើងអាចឆ្លងមេរោគកូរ៉ូណាតាមរយ:ការប៉ះពាល់លើផ្ទៃវត្ថុដែលមានមេរោគទំនៅលើវា ហើយយកដៃមកប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេផ្ទាល់។ ប៉ុន្តែនេះមិនត្រូវបានគេគិតថាជាការចម្លងចម្បងនោះទេ។ មេរោគនេះអាចរស់នៅបានរាប់ម៉ោង ឬច្រើនថ្ងៃលើផ្ទៃវត្ថុអាស្រ័យលើកត្តាមួយចំនួនដូចជា ពន្លឺព្រះអាទិត្យ និងសំណើមនៃតំបន់។ ការរក្សាគម្លាតពីគ្នាជួយកាត់បន្ថយការទាក់ទងការឆ្លងតាមវិធីនេះបាន។
ទោះបីជាហានិភ័យនៃការវិវដ្ដទៅជាជំងឺធ្ងន់ធ្ងរមានលក្ខណ:ខុសៗគ្នាសម្រាប់បុគ្គលម្នាក់ៗក៏ដោយ អ្នកណាក៏ដោយក៏អាចឆ្លង និងចម្លងជំងឺកូវីដ១៩ នេះបានដែរ។ មនុស្សគ្រប់ៗគ្នាសុទ្ធតែមានតួនាទីរៀងៗខ្លួនក្នុងការបន្ថយការរីករាលដាល និងការពារខ្លួនក្រុមគ្រួសារ និងសហគមន៍របស់ពួកគេពីជំងឺនេះ។
២- គន្លឹះក្នុងការអនុវត្តការរក្សាគម្លាតពីគ្នា
- ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរក្នុងតំបន់។
- ប្រសិនបើអ្នកត្រូវការទិញម្ហូបអាហារ ឬថ្នាំពេទ្យនៅហាងលក់គ្រឿងទេស ឬផ្សារ ឬឱសថស្ថាននានា សូមនៅឱ្យឆ្ងាយពីអ្នកដទៃយ៉ាងតិច ២–៤ម៉ែត្រ។
- ប្រើការបញ្ជាទិញ (កុម្ម៉ង់) តាមអនឡាញប្រសិនបើអាច។
- ប្រើប្រាស់សេវាកម្មការដឹកជញ្ជូនទំនិញ ឬម្ហូបអាហារដែលលោកអ្នកពេញចិត្ត ឬមានទំនុកចិត្ត។ នៅកម្ពុជា មានក្រុមហ៊ុនផ្តល់សេវាកម្មបែបនេះកាន់តែច្រើនដែលលោកអ្នកអាចស្វែងរកបាន។
- ពាក់ម៉ាស់ ឬគ្របមាត់ និងច្រមុះរបស់អ្នកជាមួយនឹងក្រណាត់ពេលនៅជិតអ្នកដទៃនៅទីសាធារណៈដូចជាពេលទៅផ្សារ ឬហាងលក់គ្រឿងទេសផ្សេងៗ។
- ស្ថិតនៅចម្ងាយយ៉ាងតិច ២–៤ម៉ែត្រពីគ្នាសូម្បីតែពេលអ្នកពាក់ម៉ាស់ ឬក្រណាត់គ្របមុខក៏ដោយ។
- ជៀសវាងការជុំគ្នាតូចធំនៅកន្លែងឯកជន និងទីសាធារណៈដូចជាផ្ទះមិត្តភក្ដិ សួនច្បារ ភោជនីយដ្ឋាន ឬកន្លែងផ្សេងៗទៀត។ ការណែនាំនេះអនុវត្តចំពោះមនុស្សគ្រប់វ័យរួមទាំងក្មេងជំទង់ និងមនុស្សវ័យក្មេងផងដែរ។ ហើយកុមារៗក៏មិនគួរទៅលេងជាមួយគ្នានៅតាមផ្ទះផងដែរ។ ព័ត៌មានបន្ថែមសម្រាប់គន្លឹះក្នុងការរក្សាសុខភាពឱ្យបានល្អដល់កុមារ សូមចុចទីនេះ។
- ធ្វើការពីចម្ងាយដូចជាពីផ្ទះបើសិនអាចធ្វើទៅបាន។
- គួរចៀសវាងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈផ្សេងៗដូចជារថយន្តក្រុង ឬតាក់ស៊ីជាដើម។
- សម្រាប់សិស្សានុសិស្សគួររើសជម្រើសការសិក្សាតាមប្រព័ន្ធឌីជីថល (Digital) ឬពីចម្ងាយ។
ទោះបីជាពេលនៅឆ្ងាយពីមិត្តភក្ដិ ឬគ្រួសារក៏ដោយ វាសំខាន់ខ្លាំងណាស់ក្នុងការរក្សាទំនាក់ទំនងពួកគេតាមរយៈទូរស័ព្ទ ការជជែកតាមទូរស័ព្ទដែលអាចមើលរូបគ្នាឃើញ (Video Call) ឬបណ្ដាញសង្គម អ៊ីនធឺណិតផ្សេងៗ ដូចជា Facebook, Telegram, Tiktok, Instagram –ល–។ ត្រូវចងចាំថា មនុស្សម្នាក់ៗមានប្រតិកម្មខុសៗគ្នាទៅលើស្ថានភាពស្មុគស្មាញធុញថប់ ហើយការឃ្លាតឆ្ងាយពីសង្គម និងមនុស្សដែលអ្នកស្រឡាញ់ គឺពិតជាពិបាក ប៉ុន្តែវាអាចជួយឱ្យយើងរក្សាជីវិតរស់រានបាន។ ព័ត៌មានបន្ថែមសម្រាប់ដំណោះស្រាយលើភាពតានតឹង និងស្មុគស្មាញធុញថប់ សូមចុចទីនេះ។
ការដាក់ឱ្យនៅដាច់ដោយឡែក
ការដាក់ឱ្យនៅដាច់ពីគេមានន័យថា ការទុកអ្នកណាម្នាក់ដែលប្រហែលជាបានប៉ះពាល់ផ្ទាល់ ឬប្រយោលនឹងអ្នកជំងឺកូវីដ១៩ ឱ្យនៅដាច់ពីអ្នកដទៃ។ អ្នកដែលដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ត្រូវនៅឱ្យឆ្ងាយពីគេ និងមិនត្រូវចេញទៅក្រៅផ្ទះ ឬទីសាធារណ:ឡើយ ពីព្រោះអាចចម្លងឱ្យអ្នកដទៃដោយមិនដឹងខ្លួន។ ការមិនចេញទៅក្រៅផ្តេសផ្តាស គឺសំខាន់ណាស់ ព្រោះថាអ្នកខ្លះអាចមានមេរោគដោយមិនមានចេញរោគសញ្ញាផងដែរ ហើយនេះអាចជួយកាត់បន្ថយការរីករាលដាលបន្ថែមនៃជំងឺកូវីដ១៩។
ការនៅតែឯង
ការនៅតែឯងមានន័យថា ការបែងចែកអ្នកឈឺ និងអ្នកដែលមានសុខភាពល្អនៅក្នុងផ្ទះអ្នក។ អ្នកដែលឈឺគួរតែញែកខ្លួនចេញ ឬនៅផ្សេងពីអ្នកដទៃដោយស្នាក់នៅក្នុងបន្ទប់ខ្លួន ឬកន្លែងណា ហើយត្រូវប្រើប្រាស់បន្ទប់ទឹកផ្សេងបើអាច។
តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំមានអារម្មណ៍ថាឈឺ ឬបានបញ្ជាក់ថាមានជំងឺកូវីដ១៩?
ប្រសិនបើអ្នកឬសមាជិកណាម្នាក់ក្នុងគ្រួសារគិតថាអាចកើតជំងឺកូវីដ១៩ សូមអានរោគសញ្ញា។
១- ប្រសិនបើអ្នកឬសមាជិកណាម្នាក់ក្នុងគ្រួសារគិតថាអាចបានប៉ះពាល់ជាមួយអ្នកមានមេរោគកូរ៉ូណា៖
- តាមដាន និងត្រួតពិនិត្យដោយខ្លួនឯង៖ មើលរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម។
- វាស់សីតុណ្ហភាពរបស់អ្នកប្រសិនជាចេញរោគសញ្ញាណាមួយ។
- អនុវត្តការរក្សាគម្លាតពីគ្នាដោយរក្សាចម្ងាយ ២–៤ម៉ែត្រពីអ្នកដទៃ និងជៀសវាងកន្លែងដែលមានមនុស្សច្រើន។
- អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានរោគសញ្ញាណាមួយលេចឡើង ឬទូរស័ព្ទទៅកាន់លេខ ១១៥ ដើម្បីសាកសួរ ឬផ្តល់ព័ត៌មានពីស្ថានភាពរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមចុចទីនេះ http://cdcmoh.gov.kh ឬតាមគេហទំព័រហ្វេសប៊ុក (Facebook) របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង https://www.facebook.com/cdcmohcam
២- ប្រសិនបើអ្នកគិតថាខ្លួនមានសុខភាពល្អ ប៉ុន្តែថ្មីៗនេះបានប៉ះពាល់ផ្ទាល់ ឬដោយប្រយោលជាមួយអ្នកដែលមានជំងឺ ឬបានធ្វើដំណើរទៅក្រៅប្រទេសហើយវិលត្រឡប់មកវិញ៖
- ពិនិត្យសីតុណ្ហភាពពីរដងក្នុងមួយថ្ងៃ និងតាមដានរោគសញ្ញា។
- នៅផ្ទះរយៈពេល ១៤ថ្ងៃ និងតាមដានដោយខ្លួនឯង។
- បើអាចធ្វើបាន សូមនៅឱ្យឆ្ងាយពីមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺខ្លាំងពីជំងឺកូវីដ១៩ ដូចជាអ្នកមានជំងឺប្រចាំកាយ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយ។
៣- ប្រសិនបើអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ ឬកំពុងរង់ចាំលទ្ធផលតេស្ដ ឬមានរោគសញ្ញាដូចជា ក្អក គ្រុនក្តៅ ឬពិបាកដង្ហើម៖
- អ្នកត្រូវនៅតែឯង
- ត្រូវស្នាក់នៅក្នុង “បន្ទប់ខ្លួន” ឬកន្លែងជាក់លាក់មួយ ហើយនៅឱ្យឆ្ងាយពីអ្នកដទៃ ឬសត្វផ្សេងៗទៀតរួមទាំងសត្វចិញ្ចឹម។ បើអាចធ្វើបាន សូមប្រើបន្ទប់ទឹកដាច់ដោយឡែក៕