ជំងឺកូវីដ១៩ ត្រូវបានគេគិតថារីករាលដាលខ្លាំងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់។ អ្នកដែលឆ្លងមេរោគនេះ ភាគច្រើនចេញរោគសញ្ញា ហើយអ្នកឆ្លងខ្លះមិនបង្ហាញរោគសញ្ញា ដែលប្រហែលជាអាចចម្លងមេរោគដល់អ្នកដទៃបានយ៉ាងរហ័ស។
ការរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
មេរោគនេះត្រូវបានគេគិតថាបានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ៖
- ទំនាក់ទំនងជិតស្និទ្ធនឹងគ្នា (ឋិតនៅជិតគ្នាក្នុងចម្ងាយប្រហែល ២ម៉ែត្រ)
- តំណក់ទឹកមាត់ចេញពីអ្នកដែលឆ្លងនៅពេលក្អក កណ្ដាស់ ឬនិយាយ
- តំណក់ទឹកមាត់ទាំងនេះអាចធ្លាក់ចូលក្នុងមាត់ ឬច្រមុះរបស់អ្នកដែលនៅក្បែរ ឬអាចស្រូប ចូលទៅក្នុងសួត
- ការសិក្សាថ្មីៗមួយចំនួនបានលើកឡើងថា ជំងឺកូវីដ១៩អាចរីករាលដាលខ្លាំងតាមអ្នកឆ្លងដែលមិនបង្ហាញរោគសញ្ញា
ការរក្សាចម្ងាយពីគ្នា (ប្រហែល ២-៤ម៉ែត្រ) គឺគួរតែប្រកាន់ខ្ជាប់ក្នុងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ការរាលដាលដោយសារការប៉ះពាល់ជាមួយផ្ទៃ ឬវត្ថុដែលមានមេរោគ
មនុស្សម្នាក់អាចឆ្លងជំងឺកូវីដ១៩ដោយសារបានប៉ះពាល់លើផ្ទៃ ឬវត្ថុដែលមានជាប់មេរោគ ហើយបន្ទាប់មកយកដៃទៅប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេផ្ទាល់។
អ្នកត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក។ ប្រសិនបើគ្មានសាប៊ូ និងទឹក ត្រូវប្រើទឹកលាងដៃដែលមានជាតិអាល់កុលយ៉ាងតិច ៦០%។ ក្នុងពេលជាមួយគ្នា ក៏ត្រូវសម្អាតផ្ទៃដែលប៉ះពាល់ឲ្យបានញឹកញាប់ផងដែរ។
ភាពរាលដាលយ៉ាងងាយនៃមេរោគ
សមត្ថភាពនៃការរាលដាលរបស់មេរោគពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតមានលក្ខណៈផ្សេងគ្នា។ មេរោគខ្លះងាយឆ្លងខ្លាំងដូចជាមេរោគជំងឺកញ្ជ្រិល។ ចំណែកមេរោគខ្លះទៀតមិនរាលដាលលឿនរហ័សនោះទេ។ មេរោគកូរ៉ូណាដែលបណ្តាលឱ្យកើតជំងឺកូវីដ១៩នេះ អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានយ៉ាងងាយតាមវិធីផ្សេងៗ ដោយសារតែធម្មជាតិ និងភាពអត់ធន់របស់វាក្នុងបរិយាកាស។
ការស្រាវជ្រាវពីជំងឺរាតត្បាតបង្ហាញថា មេរោគនៃជំងឺកូវីដ១៩ អាចរីកសាយភាយងាយជាងមេរោគគ្រុនផ្ដាសាយទៅទៀត ប៉ុន្តែវាមិនសាយភាយខ្លាំងដូចមេរោគជំងឺកញ្ជ្រិលនោះទេ៕