ទីក្រុងភ្នំពេញដែលធ្លាប់ត្រូវបានគេដាក់ឈ្មោះថាគជ់នៅអាស៊ី បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទីក្រុងវប្បធម៌ចម្រុះ ហើយចំណុចសម្គាល់ដ៏ល្បីរបស់ទីក្រុងនេះ គឺចំណុចប្រសព្វនៃទន្លេទាំងបួន (ទន្លេចតុមុខ) នៅចំចំណុចកណ្តាលបេះដូងនៃប្រទេសកម្ពុជា។
អត្ថបទដោយ CRISTYN LLOYD
ទីក្រុងភ្នំពេញមានភោជនីយដ្ឋាន និងរង្គសាលដ៏ប្រណិតៗនៅតាមដងវិថីនានាដែលមាននៅក្នុងអគារស្ថាបត្យកម្មសម័យអាណានិគម និងរចនាបថបែបព្រះពុទ្ធសាសនាមួយចំនួនមានតាំងពីព្រះបរមរាជវាំងរហូតទៅដល់អគារវឌ្ឍនៈ ដែលមានរូបរាងយ៉ាងប្រណិតបែបទំនើប។
Focus នឹងចែករំលែកព័ត៌មានអំពីភោជនីយដ្ឋានល្បីៗនៅក្នុងក្រុងភ្នំពេញដែលអ្នកអាចទទួលទានអាហារបែបផ្សេងៗគ្នាជាមួយមិត្តភក្ដិ និងគ្រួសារនាពេលចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
Sundown Social Club
អ្វីដែលវិសេសវិសាលជាងស្រាបៀត្រជាក់ៗនោះ គឺទេសភាពនៃផ្សារទួលទំពូងពេលរសៀល។ ប្រសិនបើអ្នកមិនបានចាប់អារម្មណ៍ អ្នកប្រហែលជារកមិនឃើញរង្គសាលលើដំបូល (rooftop bar) ពីព្រោះនៅមុខច្រកចូលមានអ្នកលក់បន្លែផ្លែឈើត្រីសាច់ជាច្រើននៅបាំងពីមុខ។ រង្គសាលមួយនេះតុបតែងតាមបែបអាមេរិកនៅទសវត្សរ៍៥០ នៅក្បែរផ្សារទួលទំពូង ជាតំបន់សម្បូរទៅដោយភាពចម្រុះ និងភោជនីយដ្ឋានជាច្រើន។ នៅពេលដែលកុម្ម៉ង់ម្ហូបដែលមានជម្រើសម្ហូបបួសពីបុគ្គលិករួសរាយរាក់ទាក់ អ្នកក៏អាចទទួលបាននូវទស្សនីយភាពស្រស់ស្អាតពីអ្នកលក់គ្រឿងទេស អ្នកលក់សាច់ និងត្រីនៅតាមដងផ្លូវដែលមានសភាពអ៊ូអរគួរឱ្យចាប់អារម្មណ៍។
Oskar Bistro
រង្គសាលនេះមានទីតាំងនៅមាត់ទន្លេដែលមានសភាពអ៊ូអរខ្លាំង ប៉ុន្តែកន្លែងនេះបានរក្សាតុល្យភាពរវាងភាពអ៊ូអរ និងភាពស្ងប់ស្ងាត់។ ទន្ទឹមនឹងនេះ រង្គសាល Oskar Bistro ក៏ផ្តល់ជូនម្ហូបបែបបារាំងពិសេសៗទៅកាន់ទាំងជនជាតិខ្មែរ និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា អមជាមួយស្រាក្រឡុកឬស្រាក្រហមដែលបានជ្រើសរើសដោយអ្នកជំនាញពីជុំវិញពិភពលោក។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺថារង្គសាល Oskar Bistro មានឌីជេ (DJ) ល្បីៗប្រចាំទីក្រុងភ្នំពេញដែលនឹងបង្វែរអារម្មណ៍របស់អតិថិជនឱ្យកាន់តែកន្ត្រាក់អារម្មណ៍នាពេលរាត្រីដោយមានការលេងភ្លេងបែបញាក់ៗ Hip Hop និងភ្លេងកំដរអារម្មណ៍ផ្សេងៗទៀត។
ប្លុក Bassac Lane
ទោះបីជាតំបន់នេះមានរាងតូចចង្អៀតក៏ដោយ ក៏ប្លុកផ្លូវ ៣០៨ មានរង្គសាលនិងភោជនីយដ្ឋានតូចៗជាច្រើនដែលសម្បូរទៅដោយយុវវ័យខ្មែរ និងជនបរទេសជាច្រើន។ ពេលជិះចូលតាមបណ្តោយផ្លូវលេខ៣០៨ ដែលនៅខាងត្បូងវិមានឯករាជ្យ នៅពេលរាត្រីតំបន់មានសភាពអ៊ូអរ និងសប្បាយ។ នៅពេលដែលអ្នកមកដល់ហាងនានាតាមផ្លូវ ៣០៨ អ្នកអាចកុម្ម៉ង់នូវភេសជ្ជៈដ៏ពិសេសជាច្រើនដែលពិបាករកក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកឃ្លាននៅពេលយប់ អ្នកក៏មានជម្រើសរាប់មិនអស់សម្រាប់អាហារនៅតាមតំបន់ និងប្រទេសផ្សេងៗគ្នាជុំវិញពិភពលោកដែលមានការរចនាម៉ូដថ្មីប្លែកៗដ៏គួរឱ្យចាប់អារម្មណ៍។ នៅទីនេះ អ្នកអាចចូលរួមជាមួយភ្ញៀវបរទេសដ៏ច្រើនកុះករ ហើយសាកល្បងរសជាតិក្រឡុក Martini លាយកាហ្វេ Expresso នៅឯហាង Red Bar ហើយអង្គុយគយគន់បរិយាកាសជុំវិញខ្លួន។ ខណៈមេឃកាន់តែងងឹត សាកល្បងភ្លក់រសជាតិនៅហាងជុំវិញតំបន់នេះ ដូចជាប្រភេទស្រាក្រឡុកផ្សេងៗនៅហាងហិប ដែលដើមឡើយហាងនេះមានប្រវត្តិជាបារចល័តតាមតុកតុក។ ឃ្លានមែនទេ? សាក់ភ្លក់ស៊ុបមី នៅឯហាង Mama Wong’s។
Sora Skybar
Sora Skybar ស្ថិតនៅជាន់ទី៣៧ នៃអគារវឌ្ឍនៈ ដែលអ្នកអាចគយគន់សម្រស់ដ៏អស្ចារ្យនៅទីក្រុងភ្នំពេញ ជាពិសេសនាពេលរាត្រីដែលហាក់ដូចជាមើលពីលើយន្តហោះ។ យ៉ដែលនៅក្រៅអគារវឌ្ឍនៈបានរចនាដើម្បីផ្តល់អារម្មណ៍សម្រាកលំហែ ប៉ុន្តែមានលក្ខណៈថ្លៃថ្នូរទាន់សម័យដែលផ្តល់នូវស្រាក្រឡុកឆ្ងាញ់ និងស្រាបៀល្អដែលផ្តល់ជូននូវរសជាតិពិសេសទៅដល់អតិថិជនបូករួមជាមួយនឹងទេសភាពដ៏អស្ចារ្យនៅទីនោះផងដែរ។ មិនតែប៉ុណ្ណោះ Sora Skybarក៏មានលក់អាហារបន្ទាប់បន្សំបែបជប៉ុនដែលផ្តល់នូវរសជាតិស៊ីគ្នាជាមួយស្រាក្រហម ឬស្រាក្រឡុក។
រង្គសាល Bouchon
រង្គសាល Bouchon មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារម្ហូបបែបបារាំង និងស្រាក្រហមមានទីតាំងនៅក្បែរផ្សារធំថ្មីក្នុងអគារស្ថាបត្យកម្មរចនាបថសម័យអាណានិគមបារាំង។ រង្គសាល Bouchon មានកន្លែងទទួលទានអាហារ និងយ៉ដែលមានលក្ខណៈថ្លៃថ្នូរ ហើយផ្តល់ជូននូវមុខម្ហូបដ៏ប្រណីតដែលបំពេញរសជាតិគ្នាជាមួយស្រាក្រហម និងស្រាក្រឡុក។ អាហារប្រចាំរង្គសាលនេះ គឺជាសាច់អាំង ឬភ្លៅទាដុតដែលរៀបចំដាក់ចានបានយ៉ាងប្រណីតគួបផ្សំជាមួយភាពមមាញឹករបស់ទីក្រុង៕
កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅក្នុងទស្សនាវដ្ដី Discover ឆ្នាំ២០២០-២០២១ និងត្រូវបានធ្វើបច្ចុប្បន្នភាព។