ការសម្របខ្លួនទៅនឹងបរិបទនៃការសិក្សាបែបស្វ័យភាព និងទំនើប គឺជារបត់នៃបែបផែនសិក្សាថ្មីដែលបានធ្វើឱ្យនិស្សិតវ័យក្មេងទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងបន្ថែមដើម្បីអភិវឌ្ឍខ្លួនពីការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់មកជាការសិក្សាតាមប្រព័ន្ធអនឡាញទាំងស្រុង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
គៀត សុរិទ្ធធាវី ជានិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិមួយរូបនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កំពុងសិក្សាតាមរយៈប្រព័ន្ធអនឡាញជារៀងរាល់ថ្ងៃ បានរៀបរាប់ប្រាប់ Focus ពីចំណាប់អារម្មណ៍ និងបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ក្នុងការសិក្សាតាមបែបទំនើបកម្មនាពេលកន្លងមកនេះ។
តើអ្នកយល់យ៉ាងណាចំពោះការសិក្សាតាមរយៈប្រព័ន្ធអនឡាញនេះ?
ខ្ញុំគិតថាការសិក្សាតាមប្រព័ន្ធអនឡាញនេះជាជម្រើសដ៏ល្អមួយសម្រាប់សាលារៀនរបស់ខ្ញុំ ក៏ដូចជាសាលារៀនផ្សេងទៀត ព្រោះក្នុងកាលៈទេសៈនៃការរក្សាគម្លាតសង្គមនេះ យើងមិនអាចបន្តការសិក្សាជុំគ្នានោះទេ ដូចនេះដើម្បីកុំឱ្យខាតពេលវេលា សាលានីមួយៗគឺត្រូវជ្រើសការសិក្សាតាមអនឡាញនេះ ដើម្បីបន្តផ្តល់ការសិក្សាដល់សិស្សទាំងអស់គ្នា។ នៅក្នុងនោះដែរ ការសិក្សាបែបនេះ គឺតម្រូវឱ្យខ្ញុំមានការប្ដេជ្ញាចិត្តខ្លាំងមែនទែន ពីព្រោះក្នុងការសិក្សានេះ គឺដោយគ្រូនៅដោយគ្រូ និងសិស្សនៅដោយសិស្ស គឺយើងនៅផ្ទះរៀងៗខ្លួន។
ហេតុនេះ ការចំណាយពេលបីម៉ោងក្នុងការអង្គុយសិក្សាតែម្នាក់ឯងនៅផ្ទះ ជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ និងសិស្សដទៃទៀត ទោះពេលខ្លះខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ និងងងុយគេងខ្លះដែរ ព្រោះត្រូវរៀនម្នាក់ឯងដោយមិនអាចពិភាក្សា និងនិយាយជាមួយមិត្តភក្ដិដូចនៅក្នុងថ្នាក់រៀនបាន ប៉ុន្តែវាបានជំរុញឱ្យខ្ញុំអនុវត្តស្វ័យសិក្សាខ្លាំងជាងការសិក្សាក្នុងថ្នាក់ផ្ទាល់ដែលជាគុណសម្បត្តិនៃការផ្លាស់ប្ដូរនេះ។
តើអ្នកបានត្រៀមលក្ខណៈអ្វីខ្លះដើម្បីចូលរួមថ្នាក់រៀនតាមប្រព័ន្ធអនឡាញនេះ?
ដើម្បីត្រៀមលក្ខណៈក្នុងការសិក្សាតាមបែបអេឡិចត្រូនិកនេះ អ្វីដែលសំខាន់បំផុតគឺប្រព័ន្ធអ៊ីនធឺណិតដែលមានសេវាគ្រប់គ្រាន់ក្នុងការទទួលបានសំឡេង និងរូបភាពច្បាស់ ការរៀបចំសម្ភារសិក្សាដូចជា សៀវភៅសរសេរ ប៊ិក សាកថ្មកុំព្យូទ័រឱ្យបានពេញ និងទឹកសម្រាប់ផឹកដើម្បីកុំឱ្យមានការអាក់ខានក្នុងពេលកំពុងសិក្សា។
លើសពីនេះទៅទៀត គឺការត្រៀមខ្លួនឱ្យរួចជាស្រេចសម្រាប់ការសិក្សាទាំងផ្លូវកាយ និងចិត្ត ពីព្រោះការរៀនបែបនេះដើម្បីទទួលបាននូវចំណេះដឹងឱ្យអស់ពីលទ្ធភាព គឺតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់និស្សិតខ្លួនឯងផ្ទាល់ ព្រោះនៅក្នុងកាលៈទេសៈនេះ គ្រូបានត្រឹមជាអ្នកពន្យល់បន្ថែមពីក្រោយប៉ុណ្ណោះ។
ដូចនេះខ្ញុំយល់ថា ការប្រុងប្រៀបខ្លួនមុនថ្នាក់សិក្សានីមួយៗដូចជាការរំលឹកមេរៀនមុនក៏ដូចជាការរៀបចំខ្លួន និងទីកន្លែងសម្រាប់ការរៀន ពិតជាដើរតួសំខាន់ដើម្បីស្រូបយកចំណេះដឹងឱ្យបានគ្រប់គ្រាន់ក្នុងរយៈកាលនៃស្វ័យសិក្សានេះ។
តើអ្នកបានជួបបញ្ហាប្រឈមអ្វីខ្លះក្នុងការសិក្សាពីចម្ងាយនេះ?
បញ្ហាភាគច្រើនដែលខ្ញុំជួបប្រទះញឹកញាប់ ទីមួយគឺសេវាអ៊ីនធឺណិតមិនល្អគ្រប់គ្រាន់ ដោយពេលខ្លះសេវាអ៊ីនធឺណិតមានភាពរអាក់រអួលដែលធ្វើឱ្យមានការរំខានក្នុងការរៀន និងការលំបាកក្នុងការចូល (access) ទៅរៀនបាន ប្រសិនបើអ៊ីនធឺណិតខ្សោយ ដូចនេះយើងត្រូវការសេវាអ៊ីនធឺណិតខ្លាំងមែនទែន។
ចំណុចទីពីរ គឺគ្រូមួយចំនួននៅមានកង្វះខាតចំណេះដឹង និងបច្ចេកទេសក្នុងការបង្រៀនអនឡាញ ដូចជាការប្រើប្រាស់កុំព្យូទ័រនៅពេលបង្រៀន ដូចជាការបង្ហាញស្គ្រីន (share screen) ហើយពេលខ្លះនៅពេលមានបញ្ហាកើតឡើងពេលកំពុងបង្រៀន វាបានធ្វើឱ្យមានការខាតបង់ពេលវេលាច្រើនក្នុងម៉ោងបង្រៀន និងការសិក្សាមិនបានគ្រប់ជ្រុងជ្រោយដូចបង្រៀនក្នុងថ្នាក់ផ្ទាល់។
ចំណែកឯបញ្ហាទីបីដែលខ្ញុំជួបប្រទះស្ទើរតែគ្រប់ម៉ោងសិក្សា គឺសិស្សមួយចំនួនមិនបានយល់ដឹងនូវការបិទសំឡេង (mute) នៅក្នុងពេលកំពុងរៀនតាមអនឡាញ ដែលធ្វើឱ្យមានសំឡេងរំខាន និងប៉ះពាល់ដល់បរិយាកាសក្នុងថ្នាក់រៀន។
រីឯចំណុចមួយទៀត គឺចំពោះម៉ោងរៀនខ្លះខ្ញុំអវត្តមានច្រើន និងរៀនមិនបានពេញលេញ ដោយសារមានការរវល់ និងមិនបានដាក់កំហិតខ្លួនឯងក្នុងការចូលរៀនឱ្យបានទៀងទាត់ដូចជាការរៀននៅសាលាផ្ទាល់។
ចំណុចចុងក្រោយវិញ គឺផលវិបាកក្នុងការទំនាក់ទំនងរវាងគ្រូ និងសិស្ស។ ជាក់ស្តែងនៅពេលដែលសិស្សនៅក្នុងថ្នាក់មានចំនួនច្រើន ហើយរយៈពេលដែលគ្រូបង្រៀនមានរយៈពេលខ្លី វាបានបណ្តាលឱ្យមានការលំបាកក្នុងការសួរសំណួរ ព្រោះសិស្សមានចំនួនច្រើន ដូចនេះវាត្រូវការរយៈពេលវែងក្នុងការពន្យល់ និងផ្តល់ចម្លើយភ្លាមៗដល់សិស្សទាំងដែលពេលខ្លះមានការរអាក់រអួល និងបញ្ហាបច្ចេកទេសថែមទៀត។
តើអ្នកទទួលបានបទពិសោធន៍វិជ្ជមាន និងអវិជ្ជមានអ្វីខ្លះពីការសិក្សាបែបថ្មីនេះ?
រយៈពេលពីរខែជាងដែលបានរៀនតាមអនឡាញកន្លងមកនេះ អ្វីដែលល្អគឺខ្ញុំបានធ្វើការស្រាវជ្រាវច្រើនជាងមុន ដោយសាររៀនតាមអនឡាញគ្រូបានដាក់ការងារ (assignment) ឱ្យច្រើនជាងមុន ដើម្បីឱ្យសិស្សមានការស្រាវជ្រាវខ្លួនឯង។ កាលរៀននៅក្នុងថ្នាក់ គ្រូមិនសូវបានដាក់ការងារឱ្យច្រើនដូចពេលនេះទេ។
លើសពីនេះ ខ្ញុំមានភាពឯករាជ្យជាងមុនក្នុងការសិក្សា ដោយអាចជួយខ្លួនឯងក្នុងការដោះស្រាយបញ្ហា និងឈ្វេងយល់ពីមេរៀនដោយខ្លួនឯងឱ្យបានច្រើន និងច្បាស់លាស់ជាងមុន ព្រោះពេលរៀននៅក្នុងថ្នាក់ ពេលខ្លះយើងត្រូវធ្វើការ និងរៀនជាក្រុម ចឹងពេលខ្លះខ្ញុំច្បាស់តែចំណុចគោលៗ និងផ្នែកដែលខ្ញុំទទួលខុសត្រូវប៉ុណ្ណោះ ហើយមិនបានឆ្លៀតរៀនបន្ថែមខ្លួនឯង។ ហេតុនេះបើនៅតែពឹងផ្អែកទៅលើគ្រូ និងក្រុមដូចពេលមុន ខ្ញុំមិនអាចទទួលនូវចំណេះដឹងឱ្យគ្រប់ជ្រុងជ្រោយនោះទេ។
ចំណែកឯបទពិសោធន៍ដែលអាក្រក់វិញ វាមិនសូវខ្លាំងប៉ុន្មាននោះទេ ទាស់ត្រង់ថាយើងត្រូវចំណាយពេលយូរជាងមុនដើម្បីយល់ច្បាស់ពីចំណុចនីមួយៗ ប្រសិនបើវាជាលក្ខណៈស៊ីជម្រៅ ព្រោះបើស្តាប់គ្រូពន្យល់ផ្ទាល់វាអាចនឹងឆាប់ចាប់បាន និងងាយយល់ជាងការទំនាក់ទំនងតាមអនឡាញ។
ក្រៅពីនេះ ពេលខ្លះខ្ញុំមានអារម្មណ៍ថារំខានដោយសារសិស្សខ្លះគាត់មិនបានត្រៀមលក្ខណៈឱ្យបានសមស្រប និងត្រឹមត្រូវពេលដែលគ្រូកំពុងបង្រៀន ដោយពួកគាត់បានធ្វើសកម្មភាពផ្សេងៗដែលអាចមានសំឡេងរំខាន និងប៉ះពាល់ផ្ដោតអារម្មណ៍របស់សិស្សដទៃ។
អ្វីមួយទៀតដែលខ្ញុំគិតថាវាសំខាន់ដែរ គឺទំនាក់ទំនងរវាងគ្រូ និងសិស្ស។ គ្រូមិនសូវមានភាពជិតស្និទ្ធដូចរៀនក្នុងថ្នាក់ផ្ទាល់ និងការមិនបានជួបមិត្តភក្ដិថ្មីៗ ឬធ្វើការរួមគ្នាផ្ទាល់ដូចរាល់ដង ព្រោះយើងធ្វើការប្រាស្រ័យទាក់ទងតែតាមអេក្រង់ប៉ុណ្ណោះ។
តើអ្នកពេញចិត្តនឹងការបង្រៀនបែបថ្មីនេះកម្រិតណា?
រូបខ្ញុំផ្ទាល់ពេញចិត្តការបង្រៀននេះប្រហែលជា ៧០% ពីព្រោះខ្ញុំមិនបាច់ចំណាយពេលច្រើនក្នុងការធ្វើដំណើរទៅសាលា និងត្រឡប់មកផ្ទះវិញនៅពេលយប់ជ្រៅដូចរាល់ដង ហើយខ្ញុំអាចសម្រាកនៅផ្ទះបាន និងរៀនពីគ្រូបានដូចធម្មតា។ ម្យ៉ាងទៀត ខ្ញុំគិតថាវាអាស្រ័យទៅលើចំណូលចិត្តរបស់សិស្សម្នាក់ៗទៅលើវិធីសាស្ត្រក្នុងការសិក្សា និងមុខវិជ្ជាដែលខ្លួនកំពុងរៀន ហើយសម្រាប់ខ្ញុំគិតថាការរៀនបែបនេះវាល្អម្យ៉ាង ដើម្បីអភិវឌ្ឍចំណេះដឹងបន្ថែមពីអ៊ីនធឺណិតស្របជាមួយនឹងលក្ខណៈស្វ័យសិក្សា និងរៀនសម្របខ្លួនទៅនឹងសម័យកាលថ្មី។
ចំណែកឯ ៣០% ទៀតដែលមិនពេញចិត្ត មកពីបញ្ហាអ៊ីនធឺណិត ព្រោះពេលខ្លះអ៊ីនធឺណិតគ្រូអត់សូវល្អ ធ្វើឱ្យប៉ះពាល់ដល់គុណភាពបង្រៀន ហើយពេលខ្លះសេវាអ៊ីនធឺណិតខ្ញុំក៏មានបញ្ហាដូចគ្នា ដែលបង្កឱ្យការទទួលយកព័ត៌មានមានការខ្វះខាត។ ក្រៅពីនេះទៀត គឺបណ្តាលមកពីចំណុចផ្សេងៗដែលខ្ញុំបានលើកឡើងនៅបញ្ហាប្រឈមខាងលើដូចជា កត្តាពេលវេលា និងសិស្សខ្លួនឯងផ្ទាល់
តើអ្នកដឹងទេថា សាលារបស់អ្នកនឹងបើកដំណើរការវិញនៅពេលណា? តើអ្នកមានសំណូមពរអ្វីខ្លះដើម្បីឱ្យការបង្រៀនបែបទំនើបកម្មនេះឱ្យកាន់តែប្រសើរ?
ចំពោះបញ្ហានេះ ខ្ញុំមិនដឹងច្បាស់នៅឡើយទេ ព្រោះនៅចាំការប្រកាសព័ត៌មានពីសាលា និងក្រសួងអប់រំសិន ប៉ុន្តែពេលនេះខ្ញុំក៏ចូលចិត្តការសិក្សាតាមអនឡាញនេះដែរ ព្រោះឃើញថាមានភាពងាយស្រួលមួយបែប។ បើនិយាយពីសំណូមពរដើម្បីធ្វើការបង្រៀននេះឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ខ្ញុំគិតថាសាលាគួរតែមាននរណាដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស (Technical problem) ដល់គ្រូនៅពេលដែលគាត់បង្រៀន។
ឧទាហរណ៍ពេលខ្លះគ្រូមានបញ្ហានៅពេលបង្រៀនដូចជាការបង្ហាញស្គ្រីន (share screen) ឬសំឡេងអត់ច្បាស់ គ្រូខ្លះគាត់មិនអាចធ្វើអ្វីបាននោះទេ ចឹងពេលខ្លះគាត់ក៏បញ្ឈប់ការបង្រៀនត្រឹមហ្នឹងទៅ តែបើសិនមាននរណាអាចជួយពួកគាត់ពីក្រោយ ខ្ញុំគិតថាការរៀននឹងដំណើរការល្អជាងមុន។
ទន្ទឹមនឹងគ្នានេះដែរ ការបង្កើតវិន័យ និងច្បាប់នៅក្នុងការរៀនតាមប្រព័ន្ធអនឡាញនេះឱ្យបានតឹងរ៉ឹងជាងមុន ក៏ដូចជាចំណុចសំខាន់ដែលគួរកែតម្រូវ បូកផ្សំនឹងការអនុវត្តនូវការគោរពពេលវេលាឱ្យបានទៀងទាត់ទាំងគ្រូ និងជាពិសេសអវត្តមានរបស់សិស្សឱ្យបានទៀងទាត់ និងសំណូមពរឱ្យគ្រូបង្កើតឱ្យមានការសួរសំណួរផ្ទាល់មាត់ច្រើនជាងមុន និងពង្រឹងកម្មវិធីសិក្សាឱ្យកាន់តែប្រសើរជាងមុន៕